អានតួអត្ថបទ
ចិន-ជប៉ុន

ការ​លក់​ឡាន​តូយ៉ូតា​នៅ​ចិន​កំពុង​ធ្លាក់ដាំដូង បន្ទាប់ពី​ផ្ទុះ​ជម្លោះ​ដណ្តើម​កោះ

ការលក់​ឡាន​តូយ៉ូតា និង​ឡាន​ម៉ាករបស់​ជប៉ុន​ផ្សេងទៀត នៅ​ក្នុង​ទីផ្សារ​ចិន បាន​ធ្លាក់​ដាំដូង កាល​ពី​ខែ​កញ្ញា​កន្លងទៅនេះ ក្រោយ​ពី​​​ផ្ទុះ​ជម្លោះ​ដណ្តើម​កោះ​រវាង​ចិន និង​ជប៉ុន។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។ ក្នុងពេល​​ដែល​ឡាន​ជប៉ុន​លក់​មិន​សូវ​ដាច់ ការ​លក់​ឡានផ្សេងទៀត ក្រៅពី​ម៉ាក​របស់​ជប៉ុន បាន​កើនឡើង។

កម្មករចិន​កំពុង​ដំឡើង​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​តូយ៉ូតា នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០០៣ (រូបថតឯកសារ)
កម្មករចិន​កំពុង​ដំឡើង​ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​តូយ៉ូតា នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាល​ពី​ឆ្នាំ​២០០៣ (រូបថតឯកសារ) REUTERS/Claro Cortes IV/Files
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ផ្ទុះមាន​ជម្លោះ​ដណ្តើមកោះ​ នៅ​​ពាក់​កណ្តាល​ខែ​កញ្ញា​មក នៅចិន កន្លែង​តាំង​លក់​ឡាន​ជប៉ុន​ក៏​លែង​សូវមាន​មនុស្ស​មក​មើល ហើយ​ការ​លក់​ដូរ​ក៏​ធ្លាក់​ចុះខ្លាំង។

នៅ​ក្នុង​ខែ​កញ្ញា​នេះ ការលក់​ឡាន​តូយ៉ូតា​នៅ​ចិន​បាន​ធ្លាក់ចុះ​ប្រមាណ​ជា ៣៥% បើ​ប្រៀបធៀប​នឹង​ខែ​សីហា មុន​ពេល​ផ្ទុះជម្លោះដណ្តើម​កោះ ហើយ​បើ​ធៀប​នឹង​ខែ​កញ្ញា​ឆ្នាំ​មុនវិញ គឺ​ធ្លាក់ចុះ​ប្រមាណ​ជា ៤០%។ ក្រៅពីតូយ៉ូតា ឡាន​ជប៉ុន​ផ្សេងទៀត ដូចជា Mazda, Honda និង Nissan ជាដើម ក៏​សុទ្ធតែ​ពិបាកលក់​ចេញ​ដូចគ្នា​​ដែរ។ កាលពី​ម្សិលមិញ ក្រុមហ៊ុន Mazda បាន​ប្រកាស​ឲ្យដឹង​ថា ការ​លក់​ឡាន Mazda នៅ​ចិន សម្រាប់​ខែ​កញ្ញា​កន្លងទៅនេះ បាន​ធ្លាក់ចុះ​ជាង ១ភាគ៣ បើធៀប​នឹង​ខែកញ្ញា ឆ្នាំទៅមិញ។

ក្នុងអំឡុង​ពេល​នេះ ឡាន​ម៉ាកផ្សេង​ កំពុងតែ​​ទាញយក​ផលចំណេញពីការ​ធ្លាក់ចុះ​របស់​ឡាន​ជប៉ុន។ ឡាន​អាល្លឺម៉ង់ រួមមាន​ Volkswagen, Audi, BMW និង Mercedes សុទ្ធតែ​លក់​ដាច់ជាង​មុន (ខ្លះ​កើនឡើង ១០%, ខ្លះ ២០% ហើយ​ខ្លះទៀត​រហូតដល់​ ៥៥%)។

ម្ចាស់ហាង​លក់ឡាន​នៅចិន ក៏​បាន​អះអាង​ផងដែរ​ថា កាលពីពេល​កន្លងទៅ បើទោះបីជាមាន​ផ្ទុះ​ចលនា​ប្រឆាំង​ជប៉ុន​យ៉ាងណា​ក៏ដោយ ក៏​ឡាន​ម៉ាក​របស់​ជប៉ុន រួមមាន តូយ៉ូតា នីសាន់ ឡិចស៊ីស និង​ហុងដា ជាដើម នៅតែ​អាច​លក់​ចេញ ដោយ​មិន​ចោទ​ជា​បញ្ហា​ប៉ុន្មាន​ទេ។ ប៉ុន្តែ លើកនេះ ការលក់​ឡាន​ជប៉ុន គឺ​មាន​ការ​ពិបាក​ខ្លាំង​ ខុសពី​លើកមុនៗ ដែល​គួរ​ឲ្យ​ព្រួយបារម្ភ។ អ្វីដែល​កាន់តែគួរឲ្យ​​បារម្ភ​ទៅទៀត​នោះ គឺ​នៅត្រង់ថា ពេលនេះ ទោះបី​ជា​អ្នក​មិន​មាន​គំនិត​ស្អប់​ជប៉ុន ក៏​មិន​ហ៊ាន​​ជិះឡាន​ជប៉ុន​ដែរ ដោយសារ​តែ​មើល​ឃើញ​ក្នុ​ង​ចលនា​បាតុកម្ម​ប្រឆាំង​ជប៉ុន​កន្លងមក ក្រុមបាតុករ​ចិន​បាន​នាំគ្នា​វាយកម្ទេច​ឡាន​ដែល​ជា​ម៉ាក​របស់​ជប៉ុន ហើយ​​ពេលខ្លះ សូម្បីតែ​អ្នក​បើក ឬ​អ្នក​ជិះ ដែល​ជា​ជនជាតិ​ចិន ក៏​ត្រូវ​បាតុករ​វាយដែរ។

ចិន គឺ​ជា​ទីផ្សារ​ដ៏ចម្បងមួយ សម្រាប់​ឡាន​ជប៉ុន។ ដូច្នេះ ប្រសិនបើ​​ប្រជាជន​ចិន​នៅតែ​បន្ត​ធ្វើ​ពហិការ​មិន​ទិញឡាន​ជប៉ុន​បែបនេះ​តទៅទៀត វា​ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​ឡាន​ជប៉ុន។ ក៏ប៉ុន្តែ ចិន​ក៏​អាច​នឹង​ទទួលរង​នូវ​ផលវិបាក​នេះ​មួយ​ផ្នែក​ដែរ ពីព្រោះ​ថា នៅ​ពេល​លក់​មិនសូវ​ដាច់ ក្រុមហ៊ុន​ឡាន​ជប៉ុន​នឹង​កាត់បន្ថយ​​សកម្មភាព​ផលិត​នៅ​ចិន ដែល​នឹង​ធ្វើ​ឲ្យ​កម្មករ​ចិន​​ត្រូវ​បាត់បង់​ការងារ​ធ្វើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ