អានតួអត្ថបទ
អាមេរិក

នៅ​អាមេរិក រលកកម្តៅ​ក្តៅខ្លាំង ស្លាប់​៣នាក់​

នៅសហរដ្ឋ​អាមេរិក យ៉ាងហោច​មនុស្ស​៣នាក់​ស្លាប់​ ដោយសារតែ​រលក​កម្តៅ​ក្តៅ​ខ្លាំង។ នៅចុង​សប្តាហ៍​នេះ វ៉ាស៊ីនតោន  និង​ញូវយ៉ក មាន​កម្តៅ​រហូត​ដល់​៣៨អង្សាសេ​ ហើយ​និង​បន្ត​កើនឡើងទៀត​ ដែល​ជះឥទ្ធិពល​ទៅលើ​ពលរដ្ឋ​ ជាង​១៥០លាន​នាក់។​

ពលរដ្ឋ​អាមេរិក​សំដិល​ខ្លួន​ ក្រោយពី​ងូត​ទឹក​
ពលរដ្ឋ​អាមេរិក​សំដិល​ខ្លួន​ ក្រោយពី​ងូត​ទឹក​ @AFP
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ដែល​ស្លាប់​ដោយសារ​ក្តៅ​ខ្លាំង ទាំងបីនាក់នោះ គឺមាន​ពីរនាក់​ជាពលរដ្ឋ​រស់​នៅ​រដ្ឋ​ម៉ារីឡែន មិន​ឆ្ងាយ​ប៉ុន្មា​នពី​រដ្ឋធានី​វ៉ាស៊ីនតោន។ ចំណែក​មរណជន​ម្នាក់ទៀត គឺ​ជាកីឡា​ករ​បាត់​ទាត់ នៅក្នុង​រដ្ឋ​អាក់ខាន់​សា​​។ បើ​តាម​គ្រូពេទ្យ​ កីឡាករ​រូប​នេះ​ស្លាប់​ ពីព្រោះតែ​គាត់​ហ្វឹកហាត់លេង​បាល់​​ក្រោម​កម្តៅ​ថ្ងៃ​ក្តៅពេក​ ហើយ​ក៏​ទ្រាំទ្រ​នឹង​កម្តៅ​ពុំ​បាន ក៏​ស្ទះ​ខ្សល់​ស្លាប់​ទៅ។​

ចៅហ្វាយ​ក្រុង​ញូវយ៉ក ​បាន​ដាស់តឿន​ពលរដ្ឋ​ថា ត្រូវ​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​ ហើយ​ កុំឲ្យ​នៅ​ក្រៅ​ផ្ទះ និង​នៅក្រោម​កម្តៅ​ថ្ងៃ​ឲ្យ​សោះ​ ប្រសិន​បើ​មិន​ចាំបាច់​នោះទេ។ ចំណែក ភ្នាក់​ងារ​រដ្ឋ​អាមេរិក បាន​ក្រើនរម្លឹក​ថា កម្តៅ​នឹង​បន្ត​ក្តៅ​ថែមទៀត អាច​រហូត​ដល់​៤៥អង្សាសេ​។ ដូច្នេះ​ ត្រូវ​រកនៅ​​កន្លែង​ត្រជាក់​ មាន​សំណើម, ត្រូវ​យក​ចិត្តទុកដាក់​ដល់​មនុស្ស​ចាស់​និង​ក្មេងៗ​ ដែល​ងាយ​រក​គ្រោះ ហើយ​ត្រូវ​កាត់​បន្ថយ​រាល់​សកម្មភាព​ដែល​នៅ​ក្រោម​កម្តៅ​ថ្ងៃ​។ ដោយឡែក សត្វ​ចិញ្ចឹម​និង​កូន​ក្មេង ក៏​មិនត្រូវ​ទុក​នៅ​ក្នុង​ឡាន​ចោលដែរ ព្រោះ​អាច​ក្តៅ​ថប់​ដង្ហើម​ស្លាប់។​

ជា​វិធាន​ការ​ចំពោះ​មុខ អាជ្ញាធរ​ក្រុង​ញូវយក បាន​រៀបចំ​មជ្ឈមណ្ឌល ជាង​៥០០កន្លែង ដាក់​ម៉ាស៊ីន​ត្រជាក់ ហើយ​បាន​រៀបចំ​កន្លែង​ងូត​ទឹក​ និងអាងហែល​​ទឹកជា​ច្រើន​​ ទុក​ឱ្យ​កូន​ក្មេង​ងូត​លេងកម្សាន្ត​​ផងដែរ​។​

ជាការ​កត់​សម្គាល់ ក្នុងរដូវ​ក្តៅ​នេះ នៅ​អាមេរិក​ មាន​កម្តៅ​កើន​ឡើង​ជា​សព្វដង​ ដែល​អ្នក​ជំនាញ​និងអ្នក​វិទ្យាសាស្ត្រ​ សុទ្ធតែ​ចង្អុរ​បង្ហាញ​ ថា​មកពី​ផលលំបាក​នៃការ​ប្រែប្រួល​អាកាសធាតុ។ ក៏ប៉ុន្តែ ប្រមុខ​រដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ ធ្លាប់​តែបាន​ទន្ទេញ​ជាប់​មាត់​ជានិច្ច​ ​ថា គាត់​គ្មា​នឃើញប្រែប្រួល​អាកាសធាតុ​ស្អី​នោះទេ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ