អានតួអត្ថបទ
បារាំង-លីប៊ី

លោកហូឡង់​ប្រកាស​ការស្លាប់​របស់​ទាហាន​បារាំង​៣រូប​ នៅលីប៊ី​

ថ្ងៃពុធ​២០កក្កដានេះ ប្រធានាធិបតី​បារាំង​បាន​ប្រកាស​ពី​មរណភាព​របស់​ទាហាន​បារាំង​៣នាក់ នៅ​លីប៊ី។ ការ​ប្រកាស​នេះ​បាន​គូសបញ្ជាក់​ថា យោធា​បារាំង​កំពុង​មានវត្តមាន​​ក្នុង​ទឹកដី​លីប៊ី។ នេះ​ជា​លើកទី១ហើយ ដែល​រដ្ឋាភិបាល​បារាំង​​គូសបញ្ជាក់​ពីវត្តមាន​យោធា​ខ្លួន នៅ​លីប៊ី។

ឧទ្ធម្ភាគចក្រ​​ដែលទាហាន​​បារាំង​ប្រើ​នៅលីប៊ី
ឧទ្ធម្ភាគចក្រ​​ដែលទាហាន​​បារាំង​ប្រើ​នៅលីប៊ី ក្រសួងការពារជាតិ​បារាំង/ DICOD
ផ្សាយពាណិជ្ជកម្ម

យោងតាម​ប្រសាសន៍​របស់​​ប្រធានាធិបតី​បារាំង ថ្ងៃពុធ​នេះ ទាហាន​បារាំង​៣រូបដែល​ស្លាប់​នៅលីប៊ី គឺ​ស្លាប់​​ក្នុង​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ។ លោក​ហូឡង់​លើកឡើងថា ​លីប៊ី​កំពុង​​ជួប​អស្ថិរភាព​សន្តិសុខ​ខ្ពស់ ហើយ​បច្ចុប្បន្ន ​បារាំង​កំពុង​ធ្វើ​សកម្មភាព​​​ចារកិច្ច នៅទីនោះ។

ការ​លើកឡើង​បែបនេះ ​សបញ្ជាក់​ជាលើកដំបូង​ថា ​បារាំង​កំពុង​មានវត្តមា​នយោធា​នៅ​លីប៊ី។ ពីមុន​មក ​រដ្ឋាភិបាល​ក្រុងប៉ារីស​មិនដែល​បានគូសបញ្ជាក់​​ពីវត្តមាន​កងទ័ពពិសេស​បារាំង​​នៅ​លីប៊ីទេ។

នៅ​លីប៊ី ​យន្តហោះ​​​ទ័ពពិសេស​បារាំង​​​កំពុង​ប្រតិបត្តិការ​ស៊ើបមើល​ទីតាំង​ក្រុម​ភេរវជន​រដ្ឋអ៊ីស្លាម។​ យោងតាម​ឧត្តមសេនីយ​លីប៊ី​ លោក ខាលីហ្វា ហាហ្វតា ​ដែ​លដឹកនាំ​រដ្ឋាភិបាល​មិន​ផ្លូវការ​នៅ​ភាគខាងកើត ​ទាហាន​បារាំង​៣រូប​ដែលស្លាប់​ក្នុង​គ្រោះថ្នាក់​ឧទ្ធម្ភាគចក្រ​នេះ ​គឺប្រហែល​ដោយសារ​ឧទ្ធម្ភាគចក្រ​ពួកគេ​រង​ការវាយប្រហារ​ពី​ក្រុម​ភេរវជន កាលពី​ថ្ងៃ​អាទិត្យ ​នៅ​តំបន់​ម៉ាគ្រូន ភាគខាងលិច​ក្រុង​បិនហ្កាហ្ស៊ី។

តាំងពី​របប​លោក​ខាដាហ្វ៊ី​ដួលរលំ​នៅ​ឆ្នាំ២០១១មក ​លីប៊ី​បានធ្លាក់​ក្នុង​ស្ថានភាព​អស្ថិរភាព​សន្តិសុខ ធ្ងន់ធ្ងរ។ ការហែកហួរ​ដណ្តើម​អំណាចគ្នា ​នៅតែ​បន្ត​មាន​រវាង​រដ្ឋាភិបាល​ថ្មីដែល​ទទួលការគាំទ្រ​ពី​ប្រទេស​លោក​ខាងលិច​ និង​រដ្ឋាភិបាល​មិនផ្លូវការ​មួយទៀត​នៅភាគ​ខាងកើត​​ប្រទេស ដឹកនាំ​ដោយ​​លោក ខាលីហ្វា ហាហ្វតា។

ស្របពេលនេះ​ដែរ ​ឥទ្ធិពល​របស់​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម​ក៏​កំពុង​​កើនឡើងនៅ​លីប៊ី។ ​នៅ​ទីនោះ ​ក្រុម​​រដ្ឋអ៊ីស្លាមអាច​​មានសកម្មជន​ប្រមាណ​​​​​១៥០០នាក់​ មិនជាច្រើន​ទេ។ ប៉ុន្តែ​ក៏ធ្វើអោយ​​​អឺរ៉ុប​​​​បារម្ភ​ដែរ។ សហភាពអឺរ៉ុប​បារម្ភ​​​ពី​ការគំរាមកំហែង​ផ្ទាល់​​របស់​ក្រុមនេះ​ ​​​​​នៅ​តាម​តំបន់​ភាគ​ខាងត្បូង ​ជុំវិញ​សមុទ្រ​មេឌីទែររ៉ាណេ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ