ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

កង​ទ័ព​ខ្មែរ​ថៃ​បន្ត​ឈរ​ជើង​លើ​ទី​តាំង​ដដែល មុន​រដ្ឋាភិបាល​ទាំង​ពីរ​​អនុវត្ត​សាល​ដី​កា​តុលាការ​ឡា​អេ

media  
ទាហានខ្មែរ​ការពារនៅតំបន់ព្រំដែនជិត​ប្រាសាទ​ព្រះវិហារ។ រូបថត ៖ សុវណ្ណារ៉ា/RFI

លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ យីង​ឡាក់ ស៊ីណា​វ៉ាត់ ​បាន​ថ្លែង​អោយ​ដឹង​ថា លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ​នឹង​ជួប​គ្នា​ជាមួយ​សម​ភាគី​កម្ពុជា ​ដើម្បី​ជជែក​អំពី​ការ​អនុវត្តន៍​សាលដីកា​តុលាការ​​ក្រុងឡាអេ ទាក់ទង​ប្រាសាទព្រះវិហារ។ នៅ​ពេលនេះ បើ​តាម​ការ​អះអាង​របស់​មេបញ្ជ​ការ​កងទ័ព​របស់​កម្ពុជា លោក​ឧត្តម​សេនីយ​ឯក ស្រី ឌឹក កង​កំលាំង​របស់​ភាគី​កម្ពុជា និង​ថៃ នៅ​ព្រំដែន នៅ​បន្ត​ឈរ​ជើង​នៅ​កន្លែង​ដដែល រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី​របស់​រដ្ឋាភិបាល​ទាំង​ពីរ។

មេ​បញ្ជា​ការ​កងទ័ព​ទទួល​បន្ទុក​ទិស​ប្រាសាទ​ព្រះវិហារ លោក​ឧត្តម​សេនីយ ស្រី ឌឹក​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា ស្ថានភាព​នៅ​តាម​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ស្ងប់ស្ងាត់​ធម្មតា ហើយ​ទេសចរ​ក៏​ត្រូវ​បាន​អនុញ្ញាត​អោយ​ឡើង​ទៅ​ទស្សនា​លើ​ប្រាសាទ​ព្រះវិហារ​វិញ​ជា​ធម្មតា​ដែរ។ 

ដោយ​បញ្ជាក់​អំពី​ភាព​ប្រក្រតី​នៅ​តាម​ព្រំដែន ក្រោយ​ការ​ប្រកាស​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ លោក​ឧត្តម​សេនីយ​ស្រី ​ឌឹក នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជា​មួយ​មេ​បញ្ជាការ​កងទ័ព​ថៃ ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ប្រាប់​អោយ​ដឹង​ថា កង​កំលាំង​របស់​កម្ពុជា និង​ថៃ​នៅ​បន្ត​ឈរ​ជើង​នៅ​លើ​ទីតាំង​ដដែល រហូត​ដល់​មាន​ការ​សម្រេច​ជា​ថ្មី​ពី​ខាង​រដ្ឋាភិបាល។

យោង​តាម​សារព័ត៌មាន​ថៃ The Nation ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ លោកស្រី​នាយករដ្ឋមន្ត្រី​ថៃ ​យីង​ឡាក់ ស៊ីណា​វ៉ាត់ ​បាន​ប្រាប់​អោយ​ដឹង​ថា ប្រមុខ​ការ​ទូត​ថៃ​នឹង​ជួប​គ្នា​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ដើម្បី​ជជែក​គ្នា​អំពី​ការ​អនុវត្ត​ន៍​សាលដីកា​តុលាការ​ឡាអេ​នេះ។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា លោក​ផៃ ស៊ី​ផាន ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ក្រសួង​ការបរទេស​ទាំង​ពីរ​នឹង​ជួប​គ្នា ដើម្បី​បើក​ផ្លូវ​អោយ​ក្រុម​ការងារ​បច្ចេកទេស ដែល​ប្រទេស​​ទាំង​ពីរ​បាន​មាន​ជាមួយ​គ្នា​ស្រាប់​ហើយ​នោះ ផ្តើម​ធ្វើ​ការងារ​តែ​ម្តង។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​បន្ត​ថា រដ្ឋាភិបាល​ជិត​ខាង​ទាំង​ពីរ​បាន​ព្រម​ព្រៀងគ្នា​លើ​ផ្លូវ​នយោបាយ​រួច​ហើយ បញ្ហា​ផ្លូវ​ច្បាប់​ក៏​មាន​ស្រាប់​ហើយ​អស់​ទៀត ដូច្នេះ​នៅ​សល់​តែ​ក្រុម​គណៈកម្មការ​ចម្រុះ​ព្រំដែន គណៈកម្មការធិការ​ព្រំដែន​ទូទៅ និង​ក្រុម​ការងារ​ចម្រុះ​នៃ​ខេត្ត​ជាប់​ព្រំដែន​ដែល​ត្រូវ​បន្ត​ការងារ​របស់​ពួកគេ ដោយ​យោង​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​បាន​សម្រេច​ថា ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​គឺ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​បាន​បញ្ជា​អោយ​ថៃ​ដក​កំលាំង​សមត្ថកិច្ច​របស់​ខ្លួន​ចេញ​ពី​តំបន់​ទាំងនេះ។

គួរ​រម្លឹក​ថា ក្រោយ​ពី​ការ​ប្រកាស​សេចក្តី​សម្រេច​នេះ​ហើយ មេ​បញ្ជា​កងទ័ព​ជួរ​មុខ​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ កម្ពុជា​ថៃ​បាន​ណាត់​ជួប​គ្នា​ភ្លាម​ដើម្បី​បង្ហាញ​ជំហរ​មិន​ផ្ទុះ​អាវុធ និងមិន​​បង្ក​ភាព​តានតឹង​នៅ​តាម​ព្រំដែន​ឡើយ ដោយ​រង់ចាំ​អនុវត្ត​តាម​បញ្ជា​របស់​រដ្ឋាភិបាល​ទាំង​ពីរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ