អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​លោក​ដូណាល់ត្រាំ​អាច​ជា​ឱកាស​ឲ្យ​ចិន​ក្លាយជា​មហាអំណាច​ពិភពលោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់តាំង​ពី​លោក​ដូណាល់ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ទំនាក់ទំនង​អាមេរិក-ចិន​បាន​ឆ្លងកាត់​នូវ​ភាព​តានតឹង​ជាច្រើន។ ក្រៅពី​បញ្ហា​ចម្រូងចម្រាស​ដែល​មាន​ស្រាប់​ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង លោក​ដូណាល់ត្រាំ​បាន​ធ្វើ​ឲ្យ​ចិន​កាន់តែ​ឈឺក្បាល​ថែម​ទៀត ជាមួយ​នឹង​បញ្ហា​តៃវ៉ាន់ មុននឹង​ផ្លាស់ប្តូរ​ជំហរ​មក​គាំទ្រ​នយោបាយ​ “ចិនមួយ” វិញ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ។ ការណ៍​ដែល​លោក​ដូណាល់ត្រាំ​យក​ចិន​ជា​គូប្រជែង​ដ៏ធំ​បែបនេះ គឺ​ជា​បញ្ហា​ប្រឈម​ដ៏ធំមួយ​ សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា មាន​ទស្សនៈ​ជាច្រើន​យល់ឃើញ​ថា លោក​ដូណាល់ត្រាំ​អាច​ជា​ឱកាស​ល្អ​មួយ​ទៅវិញ​សម្រាប់​ចិន ក្នុងការ​ក្លាយ​ជា​មហាអំណាច​ដឹកនាំ​ពិភពលោក។

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​លោក​ដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក
លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន និង​លោក​ដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក REUTERS/Toby Melville/Lucas Jackson/File Photos
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើកទី២​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន អាមេរិក​តែងតែ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មហាអំណាច​កំពូល​លើ​ពិភពលោក ហើយ​ក្រោយ​ការ​ដួលរលំ​នៃ​សហភាព​សូវៀត​ក្រោយ​សង្រ្គា​ត្រជាក់ ពិភពលោក​ទាំងមូល​ត្រូវ​ដឹកនាំ​ដោយ​ប៉ូលតែមួយគត់ គឺ​សហរដ្ឋ​អាមេរិក។

នៅ​ក្រោយ​ការ​ជាប់ឆ្នោត​របស់​លោក​ដូណាល់ត្រាំ អ្នក​វិភាគជាច្រើន​យល់​ឃើញ​ថា រចនាសម្ព័ន្ធ​នៃ​ទំនាក់ទំនង​អន្តរជាតិ​កំពុង​ដើរ​ដល់​ចំណុច​របត់​ដ៏​សំខាន់មួយ ដែល​អាច​នាំ​ទៅរក​ការ​ធ្លាក់​ចុះ​ទន់ខ្សោយ​នៃ​ឥទ្ធិពល​លោក​ខាងលិច ហើយ​តុល្យភាព​អំណាច​អាច​នឹង​ត្រូវ​ផ្អៀង​ទៅ​ទិស​ខាង​កើតវិញ។

ជាការពិត គេ​អាច​ធ្វើការ​កត់សម្គាល់​ឃើញ​ពី​ការ​ធ្លាក់​ចុះ​ទន់ខ្សោយ​នៃ​សហភាព​អឺរ៉ុប​ក្រោយ​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក វិបត្តិ​បំណុល​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ វិបត្តិ​ជនអន្តោប្រវេសន៍ ការ​រីកដុះដាល​នៃ​ចលនា​ជាតិនិយម បូក​រួម​ជាមួយ​នឹង​ការចាកចេញ​របស់​អង់គ្លេស​ដែល​ជា​មហាអំណាច​មួយ ហើយ​ក៏​កំពុងតែ​ដើរ​ក្នុងគន្លង​នយោបាយ​ជាតិ​និយម​មួយ​ផងដែរ។

បន្ថែម​ពីលើ​នេះ​ទៅទៀត ហើយ​កាន់តែ​សំខាន់​ទៅទៀត សហរដ្ឋ​អាមេរិក ដែល​ជា​មហាអំណាច​ពិភពលោក​ក៏​កំពុងតែ​ងាក​ទៅរក​នយោបាយ​ជាតិនិយម និង​ឯកោនិយម​ផងដែរ ក្រោយ​ការ​ជាប់ឆ្នោត​របស់​លោក​ដូណាល់ត្រាំ។

អ្ន​កវិភាគជាច្រើន​បាន​នាំគ្នា​ប្រៀបប្រដូច​នយោបាយ​ឯកោនិយម​របស់​លោក​ដូណាល់ត្រាំ ទៅនឹង​នយោបាយ​អាមេរិក​មុន​សង្រ្គាម​លោក គឺ​​នយោបាយ​គិតតែ​ពី​រឿង​ក្នុងស្រុក ដោយ​​មិន​ខ្វល់​ពី​បញ្ហា​ពិភពលោក​មិនខ្វល់​ពី​​ប្រទេស​ផ្សេង, បញ្ហា​របស់​ប្រទេស​ណា​ទុក​ឲ្យ​អ្នក​នោះ​ជា​អ្នក​ដោះស្រាយ​ដោយខ្លួនឯង បើទោះបីជា​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ប្រជាធិបតេយ្យ ការ​សម្លាប់​រង្គាល ឬ​អំពើ​ប្រល័យពូជសាសន៍​ក៏ដោយ​ ឲ្យតែ​មិនប៉ះពាល់​ដល់​ផលប្រយោជន៍​អាមេរិក គឺ​អាមេរិក​មិន​ត្រូវ​​ខ្វល់​អ្វី​ទាំងអស់។

នយោបាយឯកោនិយម​ត្រូវ​បាន​​លោក​ដូណាល់ត្រាំ​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ជាច្រើន តាំង​ពី​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត រហូត​ដល់​សុន្ទរកថា​ថ្ងៃស្បថ​ឡើង​កាន់តំណែង និង​នៅក្រោយ​ពេល​ឡើង​កាន់តំណែង។

លោក​ដូណាល់ត្រាំ​បាន​រិះគន់សម្ព័ន្ធភាព​​អាមេរិក-ជប៉ុន,​ ​បង្ហាញ​ពី​ការ​មិន​សប្បាយចិត្ត​នឹង​រឿង​​អាមេរិក​ត្រូវ​រ៉ាប់រង​បន្ទុក​ក្នុង​ការ​ជួយ​ការពារ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ហើយ​រហូត​ពន្លយ​ពាក្យ​ថា អាមេរិក​គួរ​ទុក​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ ដើម្បី​ទុក​ការពារខ្លួន​ឯង ហើយ​ឈប់​ពឹង​អាមេរិក។ ដូចគ្នា​ដែរ​ចំពោះ​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប ដោយ​លោក​ដូណាល់ត្រាំ​បាន​រិះគន់​ខ្លាំងៗ​លើ​សហភាព​អឺរ៉ុប និង​បក្ស​សម្ព័ន្ធ​អូតង់ និង​ជាពិសេស បាន​បង្ក​​ការ​ភ្ញាក់​ផ្អើល ដោយ​បាន​លើកឡើង​ថា អាមេរិក​អាច​នឹង​មិន​ចូល​ខ្លួន​អន្តរាគមន៍​​ការពារ​ប្រទេស​សមាជិក​អូតង់ ស្រប​ទៅតាម​កាតព្វកិច្ច​ដែល​មាន​ចែង​ក្នុង​មាត្រា ៥ នៃ​សន្ធិសញ្ញា​បង្កើត​បក្ស​សម្ព័ន្ធ​នេះ។

ទាំងអស់​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត ក៏ដូចជា​បណ្តា​ប្រទេស​ផ្សេងទៀត​ដែល​សំឡឹង​ឃើញ​អាមេរិក​ជា​ខ្នងបង្អែក​ ត្រូវ​បាត់បង់​ជំនឿចិត្ត​លើ​អាមេរិក លែងទុកចិត្ត​លើ​ភាព​ជា​អ្ន​កដឹកនាំ​អាមេរិក ហើយ​នៅពេល​ដែល​​​ភាព​ជា​អ្នកដឹកនាំ​របស់​អាមេរិក​ត្រូវ​ថយចុះ​នេះហើយ ដែល​អាច​​ជា​ឱកាស​ដ៏ល្អមួយ​ឲ្យ​ចិន​ឈាន​ជើង​ចូល​មក​ជំនួស។

ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជា​លឿន​ពេក​ដែល​​និយាយ​​ថា ចិន​នឹង​អាច​ជំនួស​សហរដ្ឋ​អាមេរិក​ជា​មហាអំណាច​ពិភពលោក។ គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ចិនជា​ប្រទេស​មហាអំណាច​​តំបន់មួយ​​តែ​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ អំណាច​របស់​ចិន​ក៏​ផ្តោត​សំខាន់តែ​ទៅលើ​វិស័យ​មួយដែរ គឺ​វិស័យ​ពាណិជ្ជកម្ម។ ដើម្បី​ក្លាយ​ជា​មហាអំណាច​ពិភពលោក និង​បង្ហាញ​​​​ភាព​ជា​អ្នក​ដឹកនាំ​ជំនួស​អាមេរិក​បាន ចិន​ត្រូវ​ការ​បង្កើន​ការ​ចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ពង្រឹង​​សមត្ថភាព​ទាំង​ខាង​ផ្នែក​ការទូត និង​ជា​ពិសេស​ ខាង​ផ្នែក​កងទ័ព ដើម្បី​អាច​ធ្វើ​អន្តរាគមន៍​នៅ​គ្រប់កន្លែង​នៅ​ទូទាំង​ពិភពលោក។

ជាការពិតណាស់​ថា​ចិន​ជា​ប្រទេស​សម្បូរលុយ ក៏ប៉ុន្តែ សំណួរ​ដែល​ចោទ គឺ​នៅត្រង់​ឆន្ទៈនយោបាយ។ ចិន​ថ្វីដ្បិត​តែ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជា​រៀងរាល់​ឆ្នាំ និង​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​​បើ​គិត​ទៅតាម​ផលិតផល​ក្នុងស្រុក​សរុប ក៏ប៉ុន្តែ ផលិតផល​ក្នុងស្រុក​​របស់​ប្រជាជន​នីមួយៗ​វិញ នៅ​មាន​កម្រិត​ទាប​នៅឡើយ។ ដូច្នេះ សំណួរ​សួរ​ថា តើ​មេដឹកនាំ​ចិន​ពិត​ជាអាចនឹង​​​បង្វែរ​ធនធាន​​ដែល​បាន​ពី​កំណើន​សេដ្ឋកិច្ច​នេះ ពី​ការ​បង្កើន​ជីវភាព​របស់​ប្រជាជន​ ទៅ​ពង្រឹង​សមត្ថភាព​ក្នុងការ​ធ្វើ​អន្តរាគមន៍​នៅ​ក្រៅ​ប្រទេស​វិញ​ពិតមែន​ឬ​ក៏​យ៉ាងណា ? នេះ​នៅមិនទាន់​និយាយ​ដល់​ស្ថានភាព​នយោបាយ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ក្នុង​ស្រុក បូករួម​ជាមួយ​នឹង​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​ដែល​ចិន​តែងតែ​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្ជួន​តាំង​ពីដើមមក ហើយ​ដែល​ពិបាក​នឹង​ឲ្យ​ចិន​ធ្វើ​អន្តរាគមន៍​នៅ​ក្រៅប្រទេសបាន​ប្រកប​ដោយ​ប្រសិទ្ធិភាព។

លើសពីនេះ​ទៅទៀត បើទោះបីជា​ចិន​ពិត​ជា​មាន​ឆន្ទៈនយោបាយ​ ក៏​គេ​ក៏​មិន​ត្រូវ​ភ្លេចដែរ​ថា មិនមែន​មានតែ​ចិន​មួយទេ ដែលចង់​ធ្វើ​ជា​មហាអំណាច​ពិភពលោក។ ចិន​ប្រាកដ​ជា​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ប្រកួតប្រជែង​យ៉ាងស្រួចស្រាវ​ជាមួយ​ប្រទេស​ផ្សេងទៀត មាន​ជាអាទិ៍​ រុស្ស៊ី ជប៉ុន ឥណ្ឌា ជាដើម។

តាមការពិត បើ​គេ​មើល​ទៅលើ​ស្ថានភាព​បច្ចុប្បន្ន នយោបាយ​អន្តរជាតិ​​កំពុង​វិវឌ្ឍ​ពី​ពិភពលោក​ដែល​មាន​​ប៉ូល​តែមួយ គឺ​ប៉ូល​អាមេរិក ទៅជា​ពិភពលោក​ពហុប៉ូល ដែល​ក្នុង​នោះ ចិន​អាច​ជា​ប៉ូល​មួយ ក្នុង​ចំណោម​ប៉ូល​ជាច្រើន​ផ្សេងទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ