អានតួអត្ថបទ
អាមេរិក

លោក​ត្រាំ​​រំពឹង​ថា​​ មានតែ​​អ្នក​គាំទ្រ​​អាវុធ​​ទេ​ ទើបអាច​​រារាំង​​​​លោកស្រី​​គ្លីនតុន​​បាន​

នៅ​អាមេរិក​ ​​លោកដូណាល់ ត្រាំ​ បន្ត​បញ្ចេញពាក្យពេចន៍​ធ្វើអោយ​គេ​រិះគន់​ទៀតហើយ។ ថ្ងៃ​អង្គារ​ម្សិលមិញ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​​ លោក​ត្រាំ បាន​ប្រើពាក្យពេចន៍​មួយចំនួន ធ្វើអោយ​គេគិតថា ​សម្រាប់​លោកត្រាំ មានតែ​អ្នកគាំទ្រ​ការប្រើប្រាស់​អាវុធ​ទេ ដែល​អាច​រារាំង​​​លោកស្រី​គ្លីនតុន រឺ​ក៏​ចៅក្រម​ នៅ​តុលាការ​កំពូល​បាន។ 

លោកដូណាល់ ត្រាំ​ ទទួលបាន​ការគាំទ្រ​ពី​ក្រុមឧស្សាហកម្ម​អាវុធ​
លោកដូណាល់ ត្រាំ​ ទទួលបាន​ការគាំទ្រ​ពី​ក្រុមឧស្សាហកម្ម​អាវុធ​ REUTERS/Eric Thayer
ផ្សាយពាណិជ្ជកម្ម

ពាក្យពេចន៍​របស់​លោក​ដូណាល់ ត្រាំ ម្សិលមិញ ធ្វើអោយ​ក្រុមអ្នកសង្កេតការណ៍ និង​សារព័ត៌មាន​ជាច្រើន​រិះគន់ថា ​លោក​ត្រាំ ចង់​ជំរុញ​អោយមាន​អំពើហិង្សា​ ដើម្បី​រារាំង​ផ្លូវ​​​គូប្រជែង​តំណែង​ប្រធានាធិបតី​​របស់​លោក គឺ​​លោកស្រីគ្លីនតុន។

ម្សិលមិញ ​ក្នុង​កិច្ចប្រជុំ​​មួយ លោក​ដូណាល់ ត្រាំ បេក្ខជន​ប្រធានាធីបតី​បក្ស​សាធារណរដ្ឋ​ ​បានថ្លែង​ថា ​លោកស្រី​គ្លីនតុន​ចង់​លុបចោល​វិសោធនកម្ម​​​​​រដ្ឋធម្មនុញ្ញ ដែល​ធានាអោយមាន​​សិទ្ធិកាន់អាវុធ។ បើ​លោកស្រី​គ្លីនតុន​​អាច​ជ្រើសរើស​​ក្រុមចៅក្រម​នោះ គឺ​គេមិនអាច​​ធ្វើអ្វី​កើតទេ។ លោក​ត្រាំបន្ថែមថា ប៉ុន្តែ ប្រហែល​អាច​មាន​ដំណោះស្រាយ​ទេដឹង។ ពាក្យពេចន៍​ទាំងនេះ​ធ្វើអោយ​គេគិតថា ​លោក​ត្រាំ​ ចង់អោយ​ក្រុមអ្នកគាំទ្រ​ការប្រើប្រាស់​អាវុធ​ក្នុងស្រុក បង្ក​ហិង្សា ប្រឆាំងលោកស្រី​គ្លីនតុន និង​ចៅក្រមអាមេរិក។

គួរបញ្ជាក់ថា តុលាការ​កំពូល​អាមេរិក​មាន​សិទ្ធិកែប្រែ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ ចៅក្រម​អភិរក្ស​និយម​ម្នាក់ បាន​ទទួលមរណភាព កាលពី​ដើមឆ្នាំ។ ​ប្រធានាធិបតី​ដែល​ចូលមក​បន្ត​ពី​​លោក​អូបាម៉ា​អាច​នឹង​តែងតាំង​ចៅក្រម​ថ្មី។ ពាក្យលោក​លោក​ដូណាល់ ត្រាំ​ ធ្វើអោយ​គេគិតថា បើ​លោកស្រី​គ្លីនតុនជាប់ឆ្នោត នោះ​លោកស្រី​អាច​នឹង​តែងតាំង​ចៅក្រម​អោយ​លុបចោលវិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ​បាន។

ប្រឈមនឹង​ការរិះគន់​ពី​សំណាក់​ក្រុម​សារព័ត៌មាន អ្នកសង្កេតការណ៍​ និង​សកម្មជន​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ ក្រុ​មលោក​ដូណាល់ ត្រាំ បាន​ចេញមុខការពារ​ថា លោក​ត្រាំ​ប្រើពាក្យទាំងអស់​នេះ គឺ​ដើម្បី​អោយ​គេបោះឆ្នោត​ប្រឆាំង​លោកស្រី គ្លីនតុន​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ