ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 15/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/10 12h00 GMT
មជ្ឈិមបូព៌ា

អ៊ីស្រាអែល៖ ​គម្រោង​បោះឆ្នោត​នៅ​អ.ស.ប​ត្រូវផ្អាក​ក្រោយ​អន្តរាគមន៍​របស់​លោក​ដូណាល់ត្រាំ

media  
លោក​ដូណាល់ត្រាំ ធ្វើ​អន្តរាគមន៍​កាត់មុខ​លោក​អូបាម៉ា ដើម្បី​រារាំង​ការ​បោះឆ្នោត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ជុំវិញ​អាណានិគម​អ៊ីស្រាអែល​នៅ​ប៉ាឡេស្ទីន REUTERS/Andrew Kelly

គម្រោង​បោះឆ្នោត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ទៅលើ​សេចក្តីសម្រេច​ទាក់ទង​នឹង​អាណានិគម​អ៊ីស្រាអែល​នៅលើ​ទឹកដី​ប៉ាឡេស្ទីន ដែល​គេ​គ្រោង​ធ្វើ​កាលពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ត្រូវ​បាន​គេ​ផ្អាក​ទៅវិញ នៅ​ក្រោយ​ពី​មាន​ការ​ជជែក​តាមទូរស័ព្ទ រវាង​លោក​ដូណាល់ត្រាំ និង​ប្រធានាធិបតី​អេហ្ស៊ីប ដែល​ជា​ប្រទេស​រៀបចំ​សេចក្តីព្រាង។ ក៏ប៉ុន្តែ ប្រទេស ៤ផ្សេងទៀត បាន​ព្រមាន​ថា ប្រសិនបើ​អេហ្ស៊ីប​មិនដាក់​​សេចក្តីព្រាង​នេះ​​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត​ទេ ពួកគេ​នឹង​ធ្វើ​សំណើ​ដោយ​ខ្លួនឯង។

សេចក្តីព្រាង​សេចក្តីសម្រេច​ដែល​គេ​គ្រោង​ដាក់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​អនុម័ត នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ចែង​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ “បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​តាំង​លំនៅឋាន​ជនជាតិ​ជ្វីហ្វ​នៅលើ​ទឹកដី​ប៉ាឡេស្ទីន” ដោយ​បាន​សង្កត់​ធ្ងន់​ថា សកម្មភាព​អស់​ទាំងនេះ​គឺ​ជា​ “ការរំលោភ​ទៅលើ​ច្បាប់​អន្តរជាតិ និង​ជា​ឧបសគ្គ​ចម្បង​ដែល​រារាំង​ដំណោះស្រាយ​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន”។

ក៏ប៉ុន្តែ នៅ​នាទី​ចុងក្រោយ អេហ្ស៊ីប​ដែល​ជា​អ្នក​ព្រាង​សេចក្តីសម្រេច​នេះ​បាន​ប្រកាស​ផ្អាក​គម្រោង​បោះឆ្នោត​នេះ​ទៅវិញ ហើយ​ការ​ផ្អាក​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្រោយ​ពី​មាន​ការ​ជជែក​តាម​ទូរស័ព្ទ រវាង​ប្រធានាធិបតី​អេហ្ស៊ីប និង​លោក​ដូណាល់ត្រាំ។ លោក​ដូណាល់ត្រាំ ដែល​ជា​ប្រធានាធិបតី​ទើប​នឹង​ជាប់ឆ្នោត តែ​នៅមិនទាន់​ចូល​កាន់​តំណែង​នៅឡើយ បាន​ទាមទារ​ឲ្យ​អាមេរិក​ប្រើសិទ្ធិវ៉េតូ​របស់​ខ្លួន​ដើម្បី​រារាំង​សេចក្តីសម្រេច​នេះ នៅ​ក្នុង​ពេល​ដែល​គេ​ឃើញ​មាន​តម្រ៉ុយ​ជាច្រើន​បង្ហាញ​ថា រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​អាច​នឹង​បោះឆ្នោត​អនុប្បវាទ ពោលគឺ មិនប្រើ​សិទ្ធិវ៉េតូ។

គិតមក​ទល់​នឹង​ពេលនេះ អេហ្ស៊ីប​នៅ​មិនទាន់​បាន​បញ្ជាក់​ច្បាស់លាស់​នៅឡើយទេ​ថា តើ​សេចក្តីព្រាង​សេចក្តីសម្រេច​នេះ​នឹង​ត្រូវ​ដាក់​ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​អនុម័ត​នៅ​ថ្ងៃណា។ ក៏ប៉ុន្តែ មន្រ្តី​ទូត​អ.ស.ប​បាន​បង្ហើប​ឲ្យដឹង​ថា ការបោះឆ្នោត​អាច​នឹង​រៀបចំ​ធ្វើ​នៅថ្ងៃ​សុក្រ​នេះ ចំណែក​ឯ​តំណាង​រដ្ឋាភិបាល​ប៉ាឡេស្ទីន​វិញ​​បាន​ឲ្យដឹង ក្រោយ​ការប្រជុំ​បន្ទាន់​នៃ​សម្ព័ន្ធ​អារ៉ាប់​កាលពី​ល្ងាច​ម្សិលមិញ​​ថា គេ​ប្រហែល​ជា​ត្រូវរង់ចាំ​ពីរថ្ងៃ​ទើប​អាច​សម្រេចពី​កាលបរិច្ឆេទ​ថ្មី។

ទោះជាយ៉ាងណា​ក៏ដោយ ប្រទេស​ចំនួន ៤ផ្សេងទៀត ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ដែរ គឺ​រួមមាន ម៉ាឡេស៊ី នូវែលសេឡង់ វេណេស៊ុយអេឡា និង​សេណេហ្កាល់ បាន​ទាមទារ​ឲ្យ​អេហ្ស៊ីប​បញ្ជាក់​​​ជំហរ​របស់​ខ្លួន​​ឲ្យ​បាន​ច្បាស់លាស់​នៅត្រឹមថ្ងៃ​សុក្រ​នេះ​ បើ​មិនដូច្នោះទេ ពួកគេ​នឹង​រៀបចំ​សេចក្តីព្រាង​ដោយ​ខ្លួនឯង ដើម្បី​ដាក់​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អនុម័ត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ