អានតួអត្ថបទ
កូរ៉េខាងជើង-អាមេរិក

ជំនួប​កំពូល​ត្រាំ-គីម៖ លោក​ ដូណាល់​ត្រាំ​ចាប់​ដៃ លោក​គីម ជា​ប្រវត្តិ​សាស្ត្រ

នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា វេលា​ម៉ោង​៩ព្រឹក​ម៉ោង​នៅ​សិង្ហ​បុរី ត្រូវ​នឹង​ម៉ោង​៨ព្រឹក​នៅ​កម្ពុជា កិច្ច​ប្រជុំ​កំពូល​មិន​ធ្លាប់​មាន​រវាង លោក ​ដូណាល់ ​ត្រាំ ប្រធានា​ធិបតី​​អាមេរិក និង​​លោក គីម ជុង​អ៊ុន មេដឹក​នាំ​កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្តើម​ជា​មួយ​នឹង​ការ​ស្វាគមន៍​គ្នា​តាម​រយៈ​ការ​ចាប់​ដៃ​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹក​នាំ​ទាំង​ពីរ​។ ក្រោយ​ចប់​កិច្ច​ប្រជុំ​លោក​ត្រាំ​បញ្ជាក់​ថា​នឹង​អញ្ជើញ​លោក គីម ទៅ​សេត​វិមាន​អាមេរិក​។ ​

លោក គីម ជុងអ៊ុន ចាប់ដៃលោក ដូណាល់ ត្រាំ ក្រោយ​​កិច្ច​ប្រជុំ​នៅ​សិង្ហបុរី
លោក គីម ជុងអ៊ុន ចាប់ដៃលោក ដូណាល់ ត្រាំ ក្រោយ​​កិច្ច​ប្រជុំ​នៅ​សិង្ហបុរី Reuters
ផ្សាយពាណិជ្ជកម្ម

លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក​បាន​ថ្លែង​ប្រាប់អ្នកកាសែត នៅថ្ងៃត្រង់ ក្រោយ​ពី​កិច្ចប្រជុំថា នេះគឺជាជំនួបដ៏អស្ចារ្យ និងប្រព្រឹត្តិទៅដោយរលូន និង​មាន​ភាពវិជ្ជមាន។ លោកបន្តថានេះ គឺជាជំនួបដ៏ល្អមួយ លើសពីការរំពឹងទុករបស់គ្រប់គ្នាទៅទៀត។

មេដឹកនាំទាំងពីរក៏បានចុះហត្ថលេខាងលើកិច្ចព្រមព្រៀងជាមួយគ្នាផងដែរនាថ្ងៃនេះ។ នៅក្រោយកិច្ចប្រជុំកំពូល លោកត្រាំបញ្ជាក់ថា លោកនឹងអញ្ជើញលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ទៅសេតវិមានអាមេរិក។ ក្រៅពីនេះលោកត្រាំបញ្ជាក់ថា កិច្ច​ព្រមព្រៀង នាពេលនេះ នឹងដោះស្រាយនូវបញ្ហាដ៏គ្រោះថ្នាក់របស់ពិភពលោក ហើយថាការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងចាប់ផ្តើមឆាប់ៗនេះ។

មុននឹងផ្តើមកិច្ចប្រជុំទ្វាភាគីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង មេដឹកនាំទាំងពីរ​បាន​ចាប់ដៃ​គ្នាញញឹមរកគ្នានៅចំពោះមុខអ្នកកាសែតអន្តរជាតិរាប់ពាន់នាក់ក្នុងសណ្ឋាគា Capella នាប្រទេសសិង្ហបុរី។ ជាការចាប់ដៃគ្នាលើកទី១ និងជាប្រវត្តិសាស្ត្ររវាង​មេដឹកនាំ​ទាំងពីរ ស្ថិតនៅ​នឹងមុខទង់ជាតិនៃប្រទេសទាំងពីរ។ បន្ទាប់ពីចាប់ដៃគ្នាប្រមាណ១០វិនាទី មេដឹកនាំទាំងពីរបានបណ្តើរគ្នាចូលក្នុងបន្ទប់ប្រជុំយ៉ាងស្និទ្ធស្នាល។

មុននឹងចាប់ផ្តើមជជែកគ្នា លោកត្រាំ បានថ្លែងប្រាប់អ្នកកាសែតក្នុងពេល ដែល​លោកកំពុងអង្គុយក្បែរលោកគីម ថា នេះគឺជាកិត្តិយសណាស់សម្រាប់លោក ហើយ​អាមេរិក និងកូរ៉េខាងជើងនឹងមានទំនាក់ទំនងដ៏អស្ចារ្យ ហើយលោកជឿថា គ្មានអ្វី​ដែល​គួរឱ្យសង្ស័យ​ទៀតឡើយ។  

ក្រោយមកលោក គីម បាននិយាយជាភាសាកូរ៉េថា វាមិនមែនជារឿងងាយស្រួលទេ ដែលអ្វីគ្រប់យ៉ាងបានកើតឡើង នាពេលនេះ ហើយអ្វីដែលបានកើតពី​មុនមក​រវាង​មេដឹកនាំទាំងពីរ​ដែលជាឧបសគ្គនោះ នាពេលនេះប្រទេសទាំងពីរបានជម្នះវា និង​បានមក​ជួបគ្នានៅទីនេះដូចការគ្រោងទុក។

បន្ទាប់ពីការជជែកគ្នារវាងលោកត្រាំ និងលោកគីម ដែលចំណាយពេលប្រមាណ៤៨នាទី កិច្ចប្រជុំទ្វាភាគីនៃសហរដ្ឋអាមេរិក និងកូរ៉េជាងជើងបានចាប់ផ្តើម។ ក្រោយពីកិច្ចប្រជុំ​ទ្វេភាគី​ចប់ លោកដូណាល់ត្រាំ និងលោកគីមជុងអ៊ុន បានពិសារអាហារថ្ងៃត្រង់​រួម​គ្នា​ជាមួយ​នឹងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។

នៅថ្ងៃម្សិលមិញ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បាន​បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តលនូវការធានាសន្តិសុខ​ដ៏សំខាន់មួយសម្រាប់​កូរ៉េខាងជើង ប្រសិនបើប្រទេសនេះ បោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

កិច្ចប្រជុំកំពូលនាពេលនេះ គឺជាកិច្ចប្រជុំដ៏ធំមួយរបស់បុរសខ្លាំងទាំងពីរ ដូចគ្នា​ទៅនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Richard Nixon ទៅកាន់​ប្រទេសចិនក្នុងឆ្នាំ១៩៧២ ឬជំនួបកំពូលរបស់លោកប្រធានាធិបតី Ronald Reagan ជាមួយមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev នៅអ៊ីស្លង់ក្នុងឆ្នាំ ១៩៨៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ