អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកដូណាល់ត្រាំ​ជា​កាលានុវត្តភាព​សម្រាប់​គម្រោង​បង្កើត​កងទ័ពរួម​អឺរ៉ុប ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ស្បថចូល​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់​ ត្រាំ បាន​ធ្វើការ​វាយប្រហារ​ខ្លាំងៗ​ទៅ​លើ​សម្ព័ន្ធមិត្ត​ដ៏​ចាស់​ឆ្នាំ​របស់​អាមេរិក គឺ​​សហភាព​អឺរ៉ុប និង​បក្ស​សម្ព័ន្ធ​អូតង់។ ការ​ណ៍​ដែល​អនាគត​ប្រធានាធិបតី​អាមេរិក ធ្វើការ​បរិហាររិះគន់​សម្ព័ន្ធមិត្ត​គ្នា​ឯង ព្រមពេល​នឹង​ការ​លើកសរសើរ​រុស្ស៊ី​ដែល​ជា​គូប្រជែងបែបនេះ បាន​ធ្វើ​ឲ្យ​បណ្តា​មេដឹកនាំមួយចំនួន​នៅ​អឺរ៉ុប បង្ហាញ​នូវ​ការ​មិនសប្បាយចិត្ត និង​ក្តីព្រួយបារម្ភ​ អំពី​អនាគត​នៃ​ទំនាក់ទំនង​អាមេរិក-អឺរ៉ុប ជាពិសេស ចំពោះ​ភាព​ប្តូរផ្តាច់​របស់​អាមេរិក ក្នុងការ​ការពារ​អឺរ៉ុប​ពី​គូសត្រូវ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា គេ​ក៏​សំឡឹង​ឃើញ​ដែរថា នយោបាយ​របស់​លោក​ដូណាល់​ត្រាំ​អាច​នឹង​ជា​កត្តា​ដ៏សំខាន់មួយ​ ជំរុញ​ឲ្យ​អឺរ៉ុប​រួបរួមគ្នា នៅ​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​វិស័យការពារជាតិ ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​អាមេរិក។

តប​នឹង​លោក​ដូណាល់ត្រាំ ប្រមុខដឹកនាំ​អាល្លឺម៉ង់ និង​បារាំង អំពាវនាវ​ឲ្យ​អឺរ៉ុប "រួបរួមគ្នា" និង​ "ក្តាប់ជោគវាសនា​ក្នុងដៃ​ខ្លួនឯង"
តប​នឹង​លោក​ដូណាល់ត្រាំ ប្រមុខដឹកនាំ​អាល្លឺម៉ង់ និង​បារាំង អំពាវនាវ​ឲ្យ​អឺរ៉ុប "រួបរួមគ្នា" និង​ "ក្តាប់ជោគវាសនា​ក្នុងដៃ​ខ្លួនឯង" REUTERS/Fabrizio Bensch
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល ៦០ឆ្នាំមកហើយ ដែល​សហភាព​អឺរ៉ុប​បាន​ចាប់កំណើតឡើង​ ដោយ​បាន​ធ្វើ​សមាហរណកម្ម​​ពេញលេញ​នៅ​ក្នុងវិស័យ​ជាច្រើន រាប់ចាប់តាំង​ពី​ខាង​ផ្នែក​សេដ្ឋកិច្ច នយោបាយ ប៉ូលិស​និង​យុត្តិធម៌ ក៏ប៉ុន្តែ មាន​វិស័យ​ដ៏សំខាន់​មួយ ដែល​សហភាព​អឺរ៉ុប​តែងតែ​ទទួល​បរាជ័យ​មិន​អាច​ធ្វើ​សមាហរណកម្ម​បាន គឺ​វិស័យ​ការពារជាតិ។ ការ​ប៉ុនប៉ង​បង្កើត​កងទ័ព​រួម​សម្រាប់​អឺរ៉ុប​បាន​ចាប់ផ្តើម​ឡើង តាំង​ពី​ឆ្នាំ​១៩៥០ ក៏ប៉ុន្តែ ត្រូវ​ជាប់គាំង ចាប់តាំង​ពី​រដ្ឋសភា​បារាំង​បាន​បដិសេធ​មិន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ស្តីពី​ការ​បង្កើត​សហគមន៍​ការពារជាតិ​អឺរ៉ុប កាល​ពី​ឆ្នាំ​១៩៥៤។

មានកត្តា​ជាច្រើន ដែល​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​មិន​អាច​ធ្វើ​សមាហរណកម្ម​ក្នុង​វិស័យ​កងទ័ព​ដូច​វិស័យ​ផ្សេងទៀតបាន។ ការប្រកាន់​នយោបាយ​អធិបតេយ្យនិយម​ ដូចជា ​បារាំង និង​អង់គ្លេស ជាដើម ដែល​មិន​ចង់​ប្រគល់​អំណាច​ទ័ព​របស់​ខ្លួន​ទៅ​ឲ្យ​សហភាព​អឺរ៉ុប គឺ​ជា​កត្តា​មួយ ក៏ប៉ុន្តែ កត្តា​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​វត្តមាន​របស់​អូតង់។

ប្រទេស​ស្ទើរតែ​ទាំងអស់ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប គឺ​ជា​សមាជិក​បក្ស​សម្ព័ន្ធ​អូតង់។ បច្ចុប្បន្ន នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៨ មាន ២២ប្រទេស ជា​សមាជិក​អូតង់ ហើយ​នៅ​ក្នុង​ចំណោម​នោះ មាន​ប្រទេស​ភាគច្រើន​លើសលុប​គិត​ថា ការ​បង្កើត​កងទ័ព​អឺរ៉ុប មិនមែន​ជា​រឿង​ចាំបាច់​នោះទេ ពីព្រោះ​ថា អឺរ៉ុប​មាន​កងទ័ពរួម​មួយ​រួចទៅហើយ គឺ​អូតង់ ហើយ​លើស​ពីនេះ​ទៅទៀត នៅ​ក្នុង​អូតង់ គឺ​មាន​សហរដ្ឋ​អាមេរិក ដែល​ជា​មហាអំណាច​យោធា​លំដាប់​កំពូល​នៅលើ​ពិភពលោក។

និយាយ​សរុប​ដោយ​ខ្លី​មក​វិញ បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​មិនសូវ​ខ្វល់ខ្វាយ​ពី​ការ​ធ្វើ​សមាហរណកម្ម​វិស័យ​ការពារជាតិ គឺ​ដោយសារ​តែ​គេ​ដាក់​ក្តីរំពឹង​លើ​កិច្ចការពារ​ពី​សំណាក់​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ក្តីរំពឹង​នេះ​កំពុងតែ​ក្លាយ​ទៅ​ជា​ក្តីបារម្ភ នៅ​ក្រោយ​ការ​ជាប់ឆ្នោត​របស់​លោក​ដូណាល់​ត្រាំ។

គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ រហូត​ដល់​ក្រោយ​ពេល​ឈ្នះ​ឆ្នោត ហើយ​ជិត​ដល់​ពេល​ស្បថ​ចូល​កាន់តំណែង លោក​ដូណាល់ត្រាំ​តែងតែ​ថ្លែង​រិះគន់​បក្ស​សម្ព័ន្ធ​អូតង់ ហើយ​ក្នុងពេល​ជាមួយគ្នា លើក​សរសើរ​លោក​ពូទីន​ប្រធានាធិបតី​រុស្ស៊ី ដែល​បច្ចុប្បន្ន ត្រូវ​បាន​បណ្តា​ប្រទេស​អឺរ៉ុប​ចាត់ទុក​ជា​ការ​គំរាមកំហែង​ដ៏ធំមួយ​ខាង​ផ្នែក​សន្តិសុខ​ជាតិ។

កាល​ពីដំបូង ការរិះគន់​របស់​លោក​ដូណាល់ត្រាំ ទៅលើ​បក្ស​សម្ព័ន្ធ​អូតង់ គឺ​ផ្តោត​ជាពិសេស ទៅលើ​ការណ៍​ដែល​អាមេរិក​ជា​អ្នក​រ៉ាប់រង​ការចំណាយ​ច្រើន​ហួសហេតុ ចំណែក​ឯ​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប​គិតតែ​ផ្តេកផ្តួល​លើ​អាមេរិក ហើយ​មិន​បង្កើន​ការ​ចំណាយ​ខាង​ផ្នែក​ការពារជាតិ​របស់​ខ្លួន។ តាមការពិត នេះ​មិនមែន​​ជា​រឿង​ថ្មី​នោះទេ។ សហរដ្ឋ​អាមេរិក ទាំង​នៅ​ក្រោម​អាណត្តិ​ប្រធានាធិបតី​មុនៗ តែងតែ​ជំរុញ​ឲ្យ​អឺរ៉ុប​បង្កើន​ការចំណាយ​ការពារជាតិ ដើម្បី​សម្រាល​បន្ទុក​អាមេរិក ហើយ​បណ្តា​ប្រទេស​អឺរ៉ុប​ភាគច្រើន ពិតជា​មិនបាន​បង្កើន​ការ​ចំណាយ​ការពារជាតិ​ដល់ ២% នៃ​ផលិតផល​ក្នុងស្រុក​សរុប ទៅតាម​កូតា ដែល​បាន​កំណត់​ដោយ​អង្គការ​អូតង់​ពិតមែន។

ក៏ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​ខ្លាំង គឺ​នៅ​ក្នុង​ពេល​ចុងក្រោយ​នេះ លោក​ដូណាល់ត្រាំ ដែល​នឹង​ឡើង​មក​កាន់​តំណែង នៅថ្ងៃ​សុក្រ​ខាងមុខ​នេះ មិនត្រឹមតែ​រិះគន់​ពី​ការ​ចំណាយ​ផ្នែក​ការពារជាតិ​របស់​ប្រទេស​នៅ​អឺរ៉ុប​នោះទេ តែ​បាន​វាយប្រហារ​ទៅលើ​អត្ថិភាព​នៃ​បក្ស​សម្ព័ន្ធអូតង់​ដោយ​ផ្ទាល់​តែ​ម្តង ដោយ​បាន​លើកឡើង​ថា អូតង់​ដែល​បង្កើតឡើង​តាំង​ពី​សម័យ​សង្រ្គាម​ត្រជាក់ គឺ​ជា​បក្សសម្ព័ន្ធ​ដែល​ហួស​សម័យលែងមាន​ន័យ ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត តប​ទៅនឹង​សំណួរ​ថា​តើ​អាមេរិក​នឹង​​ជួយ​ការពារ​​ប្រទេស​សមាជិក​អូតង់​​នៅ​អឺរ៉ុប​ខាង​កើត​ឬ​ទេ​ក្នុងករណី​មាន​ការ​ឈ្លានពាន​ពី​សំណាក់​រុស្ស៊ី លោក​ដូណាល់ត្រាំ​បាន​ឆ្លើយថា អាមេរិក​នឹង​ចូល​ជួយ​ ប្រសិនបើ​​​ប្រទេស​នោះ​គោរព​ទៅតាម​កាតព្វកិច្ច​ដែល​មាន​ចំពោះ​អាមេរិក។

គួរបញ្ជាក់ថា មាត្រា ៥ នៃ​សន្ធិសញ្ញា​អូតង់ បាន​ចែង​ថា ការ​វាយប្រហារ​ទៅលើ​ប្រទេស​សមាជិក​ណាមួយ គឺ​មានន័យ​ជា​ការ​វាយប្រហារ​លើ​អូតង់​ទាំងមូល ហើយ​ប្រទេស​សមាជិក​ផ្សេងទៀត​មាន​កាតព្វកិច្ច​ត្រូវ​តែ​ចូល​ជួយ។ ការថ្លែង​របស់​លោក​ដូណាល់ត្រាំ គឺ​មានន័យ​ស្មើ​នឹង​ការ​ច្រាន​ចោល​មាត្រា ៥ នៃ​សន្ធិសញ្ញា​អូតង់ ដែល​គេ​មិន​ធ្លាប់​ដែល​ឃើញ​មាន​ពី​សំណាក់​ប្រមុខដឹកនាំ​អាមេរិក នៅ​ក្នុង​ប្រវត្តិ​ជិត ៧០ឆ្នាំ​នៃ​ការ​កកើត​អូតង់ ហើយ​នេះ គឺ​ជា​ការ​ដាស់​ស្មារតី​ប្រទេស​នៅ​អឺរ៉ុប ឲ្យ​ភ្ញាក់​រឭក​ថា អឺរ៉ុប​មិន​អាច​ចេះតែ​បន្ត​ពឹងផ្អែក​លើ​កិច្ចការពារ​ពី​សំណាក់​សហរដ្ឋ​អាមេរិក​បាន​ជារៀងរហូត​នោះទេ ហើយ​គម្រោង​ធ្វើ​សមាហរណកម្ម​ខាង​វិស័យ​ការពារជាតិ​ក្នុង​សហភាព​អឺរ៉ុប ដែល​ជា​រឿង​រសើប​មិនមាន​អ្នកណា​ចង់​និយាយ​ដល់​អស់រយៈពេល​រាប់ទសវត្សរ៍​មកហើយ​នោះ កំពុងតែ​ក្លាយ​ជា​បច្ចុប្បន្នភាពឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ