ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/10 12h00 GMT

លោក​ត្រាំ​ជជែក​តាមទូរសព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ ស្ទើរ​តែ​​​បង្ក​ជា​វិបត្តិ​ជាមួយ​ចិន​​

លោក​ត្រាំ​ជជែក​តាមទូរសព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ ស្ទើរ​តែ​​​បង្ក​ជា​វិបត្តិ​ជាមួយ​ចិន​​
 
លោក ដូណាល់ ត្រាំ REUTERS/Jonathan Ernst

លោក​ដូណាល់ ត្រាំ ស្ទើរ​តែនឹងធ្វើអោយ​ចិន​​ខឹង​​​ជាមួយ​អាមេរិក​កាន់តែ​ខ្លាំង​ ដោយសារ​តែ​លោក​បាន​ជជែក​តា​មទូរសព្ទ​ជាមួយ​និង​​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី ​ត្សៃ អ៊ីងវេន។ ប្រឈម​​​នឹង​ការរិះគន់ លោក​ត្រាំ​បាន​​សរសេរ​ក្នុង​ទំព័រ​ទ្វីតថឺ​ថា ​គឺ​ប្រធានាធិបតី​តៃវ៉ាន់​ទៅវិញទេ ដែល​បាន​ទូរសព្ទ​មក​រកលោក ដើម្បី​អបអរ​​សាទរ​នឹង​​ការ​ ដែល​​លោក​បាន​ជាប់ឆ្នោត​​ជា​ប្រធានាធិបតី​អាមេរិក។ ​

 

សេតវិមាន​បាន​ព្យាយាម​កាត់បន្ថយ​ភាពតានតឹង​ជាមួយ​ចិន ដោយ​លើកឡើង​ថា គ្មានការ​ផ្លាស់ប្តូរ​ក្នុងទំនាក់ទំនងដែល​អាមេរិក​មាន​នឹង​ចិន​យូរយារ​មកហើយ​ទេ។ ថ្ងៃសៅរ៍នេះ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក​វ៉ាង​ យី ​បាន​ប្រតិកម្ម​ថា ការជជែក​តាម​ទូរសព្ទ​នេះ ​មិនបាន​ប៉ះពាល់​ទៅដល់”​គោលការណ៍​ចិន​តែមួយ” ដែល​សហគមន៍អន្តរជាតិ​បានព្រមព្រៀង​គ្នា​យល់ឃើញ​នោះទេ។

លោកដូណាល់ ត្រាំ គូសបញ្ជាក់​ថា ​​ប្រធានាធិបតី​តៃវ៉ាន់ ​លោកស្រី​ត្សៃ អ៊ីងវេន ជាអ្នក​ទូរសព្ទ​មករក​​លោក​
ក្នុង​ការជជែក​ទូរសព្ទ​ម្សិលមិញ ​​លោកត្រាំ និង​លោកស្រី​ត្សៃ​ បានលើកឡើង និង​កត់សម្គាល់​រួមគ្នា ពី​ទំនាក់ទំនង​សេដ្ឋកិច្ច នយោបាយ​​ និង​សន្តិសុខ​ រវាង​តៃវ៉ាន់​និង​អាមេរិក។ ការជជែក​គ្នា​បែបនេះ ត្រូវបាន​គេមើលឃើញ​ថា អាច​ធ្វើអោយ​ចិន​ខឹង​អាមេរិក​ ពិសេស​ខឹង​លោក​ដូណាល់ ត្រាំ​តែម្តង។

ចិន​ដឹង​ថា​ លោក​ត្រាំ​មិនចូលចិត្ត​ចិន​ទេ។ ក្នុង​ការ​ឃោសនា​ឆ្នោត​ប្រធានាធិតី​នៅ​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្លាប់​សន្យា​យក​ពន្ធ​លើ​ទំនិញ​ដែល​នាំចូល​ក្នុងស្រុក​អាមេរិក អោយ​បាន​ដល់​ទៅ​៤៥​ភាគរយ​​ គឺ​ជា​តួលេខ​ខ្ពស់។ ម្យ៉ាងទៀត ​​​ក្នុង​ចំណោម​អ្នកជំនិត​របស់​លោកត្រាំ​បច្ចុប្បន្ន ក៏មាន​អ្នក​មានជំហរ​គាំទ្រតៃវ៉ាន់​មួយចំនួន​ដែរ។ ​​ពេល​លោកត្រាំ​បានជួប​​ប្រធានាធិបតី​ស៊ី ជីនពីង កន្លងមក ​លោក​ក៏​បាន​ចៀសមិននិយាយ​ពី​បញ្ហា​នេះ​ទៅវិញ។ លោក​ស៊ី ជីនពីង ​បាន​សង្កត់​ធ្ងន់​ពី​ការគោរព​គ្នា​ទៅវិញ​ទៅមក ក្នុង​ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក។ ​

​រឿងជជែកតាម​ទូរសព្ទ​ជាមួយ​លោកស្រី​ត្សៃ​ អ៊ីងវេន ជា​ប្រធានាធិបតី​តៃវ៉ាន់​ ម្សិលមិញ​ ​មិនមែន​​ជា​រឿង​ដែល​លោកត្រាំ​ធ្វើបន្ថែម​ភាព​តានតឹងអោយ​ចិនទេ គឺដូច​ដែល​លោកត្រាំបាន​សរសេរ​ក្នុង​ទ្វីតថឺ​អញ្ចឹង គឺប្រធានាធិបតី​តៃវ៉ាន់ ជា​អ្នក​ទូរសព្ទ​មករក​​លោក​មុន។ ​​យើង​ដឹងថា ទំនាក់ទំនង​រវាង​ចិន​និង​អាមេរិក មាន​យូរ​យារ​មកហើយ គឺ​តាំង​ពី​ដើម​ទស្សវត្ស​ឆ្នាំ​១៩៧០​ម្ល៉េះ។ កាលនោះ សហរដ្ឋ​អាមេរិក​បាន​ខិតទំនាក់ទំនង​ទៅរក​ចិន។ ​​ទាំង​បក្ស​សាធារណរដ្ឋ​ដែល​ទើប​នឹង​ឈ្នះឆ្នោត ទាំង​បក្ស​ប្រជា​ធិបតេយ្យ សុទ្ធ​តែ​គាំទ្រ​នូវ​គោលការណ៍”ចិនតែមួយ” ពោលគឺ​គោលការណ៍​ដែលចាត់​ទុក​កោះតៃវ៉ាន់ ជា​ដែនដី​របស់​ចិន។

ដោយសារ​តែ​​អាមេរិក​គាំទ្រ​គោលការណ៍នេះ និង​បាន​ខិតទៅរកចិន អាមេរិក​និង​តៃវ៉ាន់​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​នឹង​គ្នា កាលពី​ឆ្នាំ១៩៧៩។ ដូច្នេះ ការដែល​មេដឹកនាំ​តៃវ៉ាន់​ទូរសព្ទ​អបអរ​លោកត្រាំ​ ដែល​ត្រូវ​កាន់កាប់​អាមេរិក នៅ​ខែ​មករា​ឆ្នាំក្រោយ​នេះ គឺជា​រឿងពិសេស រវាង​តៃវ៉ាន់ និង​អាមេរិក ប្រៀប​បាន​នឹងការដែ​លតៃវ៉ាន់​និង​អាមេរិក​ចងសម្ព័ន្ធ​ការទូត​នឹង​គ្នា​វិញដូច្នោះដែរ។ ​

​ម្សិលមិញ​នេះ ក៏​មិនមែន​ត្រឹមតែ​ទទួលទូរសព្ទ​ពី​មេដឹកនាំ​តៃវ៉ាន់តែ​ម្នាក់​ដែរ។ ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ហ្កានី ​​រឺ​ក៏​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ លី សៀនឡុង ក៏​បាន​​ជជែក​​តាមទូរសព្ទ​ជាមួយ​ដូណាល់ ត្រាំ​ដែ​រម្សិលមិញ។

សម្រាប់ចិន ​ការដែល​​​ប្រធានាធិបតី​តៃវ៉ាន៉​ទូរសព្ទ​ទៅរក​លោកត្រាំ​មុន​ ​គឺ​ជាល្បិច​របស់​តៃវ៉ាន់​
ចិន​មើលឃើញ​ថា ​ខណៈ​លោក​ដូណាល់ ត្រាំ​ ទើប​ជាប់ឆ្នោតជា​ប្រធានាធិបតី​អាមេរិក​​​​ តៃវ៉ាន់​ត្រូវ​តែ​​​ព្យាយាមរកល្បិច​ ធ្វើយ៉ាងណា​​អោយតៃវ៉ាន់​ខិតជិត​អាមេរិក​របស់​​លោក​ដូណាល់ ត្រាំ​ ​ ដើម្បី​អាច​លើក​តម្កើង​​មុខមាត់​តៃវ៉ាន់ ក្នុង​ឆាក​អន្តរជាតិ ប្រឈម​នឹង​ចិន។ ​

ចិន​មិនពេញចិត្ត​រដ្ឋាភិបាល​តៃវ៉ាន់​បច្ចុប្បន្ន​របស់​លោកស្រី​ ត្សៃ​ ​អ៊ីងវេន ប៉ុន្មាន​ទេ ព្រោះ​​​រដ្ឋាភិបាល​នេះ​កើតចេញ​ពី​បក្ស​ប្រឆាំង​​ក្នុង​​​អាណត្តិមុន។ របប​​​ដឹកនាំ​តៃវ៉ាន់​អាណត្តិ​មុន​ របស់អតីត​ប្រធានាធីតី​​ម៉ា យិងចូវ ​ត្រូវចិត្ត​ចិន​ច្រើនជាង ព្រោះ​លោក​ម៉ា យិងចូវ ​មានទំនោរ​ទៅរក​ចិន។

​​​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី ​លើកឡើងទៅ​អាមេរិក​​​​ថា៖ គោលការណ៍​ចិន​តែមួយ ​ជា​គ្រឹះ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ចិន​-អាមេរិក។ ​ចិន​​មិន​ចង់អោយ​​មានអ្វី​មួយមក​បំផ្លាញ​គ្រឹះ​នយោបាយ​នេះទេ។​​​​

​គាំទ្រ​”គោលការណ៍​ចិនតែមួយ”​មែន តែ​អាមេរិក​លក់អាវុធ​អោយ​តៃវ៉ាន់
ក្រោយ​ជជែក​ជាមួយ​លោកស្រី​ត្សៃ អ៊ីងវេន តាម​ទូរសព្ទ​ ​លោក​ត្រាំ​​បាន​​លើកឡើង​​ ​ពី​​​ការដែល​អាមេរិក​បាន​​លក់​អាវុធ​តម្លៃ​​រាប់ពាន់​លាន​ដុល្លារ​ទៅអោយ​តៃវ៉ាន់​។ ការ​លក់​អាវុធ​​នេះ​សបង្ហាញ​ពី​ជំហរ​បញ្ច្រាសទិសគ្នា របស់​អាមេរិក ដែល​តែង​បង្ហាញ​ការគាំទ្រ​​ ​”គោលការណ៍​ចិន​តែមួយ”។

គេអាច​ថា ​សហរដ្ឋ​​អាមេរិក​លេង​​ខូច​យូរហើយ មិនថា បក្ស​សាធារណរដ្ឋ​ដែល​ទើប​ជាប់ឆ្នោត រឺ​ក៏បក្ស​ប្រជាធិបតេយ្យ​ដែល​ជិតផុតអាណត្តិ​ដឹកនាំ​​ទេ។ អាមេរិក​​ចាប់ត្រី​ដៃ២យូរមកហើយ ពោលគឺដៃ​​ម្ខាង​​លក់អាវុធ​ទៅអោយ​តៃវ៉ាន៉ទាំងដឹងថា តៃវ៉ាន់​និងចិន​មិនត្រូវ​គ្នា។ តែ​អាមេរិក​អះអាង​ថា គឺ​ដើម្បី​ការពារ​សន្តិសុខ​កោះ​តៃវ៉ាន់។ ​ដៃ​ម្ខាងទៀតរបស់​អាមេរិក​​ គឺ​សម្រាប់​ទំនាក់ទំនង​ជាមួ​យចិន ដែល​ជា​មហាអំណាច​នៅ​អាស៊ី។

ប្រសិន​​បើសិន​​​លោក​ត្រាំ ចង់​បន្ទោស​​​រឿង​លក់​អាវុធអោយ​តៃវ៉ាន់​​ ​ក៏ពិបាក​បន្ទោស​ដែរ ព្រោះអាមេរិក​ខ្លួនឯងលេង​​​ខូច​យូរ​ហើយ។​ រឿងនេះ​លោកត្រាំ​ក៏​ប្រហែល​ជា​អាច​ដឹង​ដែរ ព្រោះ​វាពាក់ព័ន្ធ​ទាំង​បក្ស​សាធារណរដ្ឋ​ដែល​ធ្លាប់​កាន់អំណាច​ពីមុន​មកដែរ។

លោកត្រាំ​មានជំហរ​មិនច្បាស់លាស់ ក្នុង​នយោបាយ​​ការបរទេស​​
ថ្ងៃសុក្រ​​ម្សិលមិញ ​​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ ​ទូរសព្ទ​ទៅ​លោកត្រាំ។ លោក​​ឌុយទែរតេ​ប្រាប់ថា ​លោក​ត្រាំ​បាន​គាំទ្រ​នយោបាយ​ប្រឆាំង​គ្រឿងញៀន​របស់​ហ្វីលីពីន​ ហើយ​ថែមទាំង​ជូនពរ​លោក​ឌុយទែរតេ​អោយ​ជួបជោគជ័យ​ទៀតផង។ សប្តាហ៍​នេះដែរ ​ក្នុង​ការជជែក​តាមទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ណាវ៉ា ស្ហារីហ្វ ​ដូណាល់ ត្រាំ​ ​បាន​សរសើរ​មិនដាច់​ពីមាត់ ថា​លោក​ស្ហារីហ្វ អស្ចារ្យ​ក្នុង​កិច្ចការ-​ ​សរសើរ​ថា ​​ប្រជាជន​ប៉ាគីស្ថាន​ជា​ប្រជាជន​ឆ្លាតបំផុត។ នៅ​មាន​ពាក្យ​សរសើរ​ច្រើន​​ទៀត។

សូម្បី​តែលោក​ណាហ្សាបៃយេវ ជា​​ប្រធានាធិបតី​កាហ្សាក់ស្ថាន ដែល​កាន់អំណាច​២៥ឆ្នាំ​មកហើយ​នោះ ​ក៏​ត្រូវ​លោកត្រាំ​សរសើរ​មិនដាច់​ពីមាត់​ដែរ។ និយាយ​រួមមកវិញ ​លោកត្រាំ​សរសើរប៉ាគីស្ថាន​ភ្លេច​គិត​ពី​ទំនាក់ទំនង​អាមេរិក​ជាមួយ​ឥណ្ឌា។ បើ​លោកត្រាំ​ជជែក​ជាមួយ​​មេដឹកនាំ​ឥណ្ឌា លោក​អាច​នឹង​សរសើរ​ឥណ្ឌា​ ភ្លេច​ប៉ាគីស្ថា​នវិញ​ក៏ថាបាន។

នយោបាយ​ការបរទេស​បែបនេះ មិនបានឈរ​លើ​ជំហរ​អ្វីមួយ​​ពិតប្រាកដទេ។ ហើយ​ក៏ពិបាក​នឹង​យកជាការ​បានដែរ។ អឺរ៉ុប​និង​អាស៊ី​ក៏កំពុង​បារម្ភបញ្ហា​នេះ។ បក្សប្រជាធិបតេយ្យ​ដែល​ជិត​ផុតអាណត្តិ​ សង្ឃឹម​ថា ​លោកត្រាំ​អាច​នឹង​តែងតាំងរដ្ឋមន្ត្រី​ការបរទេស​អោយ​បាន​ឆាប់​រហ័ស ដើម្បី​កុំអោយ​រញ៉េរញ៉ៃ​​ដូច្នេះ​ទៀត។

មាន​បេក្ខជន​៣រូប សម្រាប់​តំណែង​​ការបរទេសក្នុង​រដ្ឋបាល​របស់​លោក​ត្រាំ គឺ​មាន​លោក​ Mitt Romney ជា​ធ្លាប់ជា​បេក្ខជន​​​​ប្រធានាធិបតី​​ឆ្នាំ២០១២ ​លោកDavid Petraeus ជា​អតីត​​ប្រធាន​សេអ៊ីអា និង​លោក​​Rudy Giuliani ជា​អតីត​អភិបាល​ក្រុង​ញូវយក៕  ​

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចិនគំរាមចំៗ ប្រធានាធិបតី​តៃវ៉ាន់ថ្មី​​មិន​ឱ្យ​​​រើ​ខ្លួន​ទារ​ឯករាជ្យ

    ស្វែងយល់បន្ថែម

  • តៃប៉ិ​ខឹង​​កេនយ៉ានិង​ចិន​រឿង​បណ្តេញ​ពលរដ្ឋ​តៃវ៉ាន់​ទៅ​ចិន​ដីគោក

    ស្វែងយល់បន្ថែម

  • តៃវ៉ាន់-ទេសចរណ៍

    បាតុកម្ម​នៅតៃវ៉ាន់​ព្រោះតែ​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​ដុនដាប

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ