ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT

លោក ត្រាំ បង្ហាញ​ជំហរ​ចង់​ជួបមេ​ដឹកនាំ​អ៊ីរ៉ង់ ដោយ​គ្មាន​លក្ខខណ្ឌ

លោក ត្រាំ បង្ហាញ​ជំហរ​ចង់​ជួបមេ​ដឹកនាំ​អ៊ីរ៉ង់ ដោយ​គ្មាន​លក្ខខណ្ឌ
 
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ REUTERS/Leah Millis/File Photo

ថ្ងៃចន្ទទី​៣០កក្កដា ប្រធានាធិបតី​អាមេរិក​ ​លោក ដូណាល់ ត្រាំ បង្ហាញ​ជំហរ​ថាលោកត្រៀមខ្លួនជួបជាមួយមេដឹកនាំអ៊ីរ៉ង់ នៅពេលណាក៏បាន ដោយគ្មានលក្ខខណ្ឌ។   អ៊ីរ៉ង់ ឆ្លើយតបថាការចរចាណាមួយជាមួយនឹងអាមេរិក ត្រូវចាប់ផ្តើមដោយ​ការវិលត្រឡប់របស់អាមេរិកចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ជាការ​កត់​សម្គាល់ ការ​បញ្ចេញ​ជំហរ​ចង់​ជួប​មេដឹកនាំ​អ៊ីរ៉ង់​ពី​សំណាក់​ប្រមុខរដ្ឋ​អាមេរិក​នៅពេល​នេះ គឺ​ក្រោយ​ពី​លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស់សាន រ៉ូហានី​ បាន​ទាស់​សម្តី​គ្នា​យ៉ាង​ខ្លាំង​កាលពី​សប្តាហ៍​មុន។ តើ​ការ​ឈ្លោះ​ទាស់​សម្តី​បង្ក​សង្គ្រាម​ពាក្យ​សម្តី​ រួច​ហើយ​រក​ពេល​ណាត់​ជួប​គ្នា គឺជា​យុទ្ធសាស្ត្រ​របស់​លោកត្រាំឬ ? តើ​មេដឹកនាំ​អ៊ីរ៉ង់ ​អាច​នឹង​យល់​ព្រម​ជួប​លោកត្រាំ ដូច​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ដែរឬទេ ?

តើហេតុ​អ្វី​បាន​ជា​លោកដូណាល់ ត្រាំ ផ្លាស់​ប្តូរ​ជំហរ​ភ្លាម​ភ្លែត​យ៉ាង​ដូច្នេះ?

លោក ដូណាល់ ត្រាំ ជា​អ្នក​​នយោបាយ​មួយ​រូប​ដែលគេ​លំបាក​នឹង​ទាយ​ចិត្ត​គាត់​ត្រូវណាស់។ គាត់​ផ្លាស់ប្តូរ​លឿន​ដូច​ផ្លែក​បន្ទោរ​អ៊ីចឹង។ កាលពី​៨ថ្ងៃមុននេះ ប្រធានាធិបតី​អាមេរិក បាន​សរសេរ​Tweet សំដៅ​ដាក់​ថ្នាក់​ដឹកនាំ​អ៊ីរ៉ង​ថា «កុំ​ចង់​មក​គំរាម​កំហែង​អាមេរិក​ឲ្យ​សោះ បើ​មិន​ដូច្នេះទេ អ្នក​ឯង​នឹង​ទទួល​ផលវិបាក​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​។ ​អាមេរិកមិនមែន​ចាំ​តែ​ឈរ​ស្តាប់ការ​ប្រមាថ​សម្លាប់​ និងការគំរាម​កំហែង​​ទេ»។

នេះ​ជាការ​ឆ្លើយ​តប​របស់​ប្រមុខរដ្ឋ​​អាមេរិក តប​ទៅនឹង​ការ​ព្រមាន​របស់ប្រធានាធិបតី​អ៊ីរ៉ង់។ ប្រធានាធិបតី​អ៊ីរ៉ង់ ហាស់សាន រ៉ូហានី បាន​និយាយ​កាសែត​ក្នុង​ស្រុក​ថា «បើ​អាមេរិក​ចង់​ធ្វើ​សង្គ្រាមជាមួយ​អ៊ីរ៉ង់ នេះ​គឺ​ជា​ប្រភព​នៃ​សង្គ្រាម​គ្រប់​ទីកន្លែង។ ហេតុនេះ កុំ​ចង់លេង​កន្ទុយ​តោ​»។

ស្រាប់​តែថ្ងៃចន្ទទី​៣០កក្កដា នៅក្នុង​សន្និសីទ​ការ​សែត​រួម​គ្នា​ជាមួយ​ថ្នាក់ដឹកនាំអ៊ីតាលី ​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន លោក ដូណាល់ ត្រាំ បែរ​ជា​ថា​ លោក​បា​នត្រៀម​ខ្លួន​រួច​ស្រេច សម្រាប់​ជួប​មេ​ដឹកនាំ​អ៊ីរ៉ង់ ប្រសិន​បើ​អ៊ីរ៉ង់​ចង់​ជួបរូប​​លោក ហើយ​ជំនួប​នេះ គ្មាន​កំណត់​ពេល​ កំណត់​លក្ខខណ្ឌ​អ្វី​ទុក​ជាមុន​នោះទេ។ ប្រធានាធិបតី​អាមេរិក បន្ថែមទៀត​​ថា «វា​ដល់​ពេល​ហើយ ជា​ពេល​ល្អ​សម្រាប់​ជួប​គ្នា គឺ​ល្អ​សម្រាប់​ទាំង​អ៊ីរ៉ង់​ ល្អ​ទាំងសម្រាប់​​អាមេរិក និងល្អ​​សម្រាប់​ពិភពលោក​ទាំង​មូល​»។

នេះ​គឺជា​ស្ទីល ជា​របៀ​ប​យុទ្ធ​សាស្ត្រ​នយោបាយ​អន្តរជាតិ​របស់​លោក ដូណាល់​ ត្រាំ។ លោកបាន​ប្រើ​របៀប​គំរាម​កំហែង​ បង្កជា​សង្គ្រាម​ពាក្យ​សម្តី​ ដូច​យើង​បាន​ឃើញ​ស្រាប់ ពី​ពេល​ដែល​លោកត្រាំ ទាស់​សម្តី​​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុង​អ៊ុន។ តែ​នៅទី​បំផុត នៅពេល​ដែល​កម្តៅ​នយោបាយ​តាន​តឹងក្តៅ​​ខ្លាំងមែន​ទែន ទើប​លោក ត្រាំ ​ប្រកាស​រក​ពេល​ជួប​គ្នា ដើម្បី​បន្ថយ​ភាព​តាន​តឹង​ និង​ស្វែង​រក​សន្តិភាព​។ ហើយ​ទីបំផុត លោក ត្រាំ និង​លោក គីម ក៏​បាន​សម្រេច​ជួប​គ្នា​ ហើយ​លទ្ធផល​វិជ្ជមាន​ គឺបាន​កើត​ឡើង​ដូច​អ្វី​ដែល​គេ​បាន​ឃើញ​ដឹង​ឮ​រួច​មកហើយ។ អ្នក​វិភាគ​ជា​ច្រើន គិត​ថា ប្រធានាធិបតី​អាមេរិក​ ចង់​ប្រើ​របៀប​របស់​គាត់​ដដែល​នេះ ទៅអនុវត្ត​ជាមួយ​អ៊ីរ៉ង់។​

អ៊ីរ៉ង់ គឺ​មិនមែន កូរ៉េ​ខាង​ជើង​ នោះទេ។ ស្ថានភាព​នយោបាយភូមិសាស្ត្រ​ គឺ​រឹង​រឹត​​តែ​មិន​ដូច​គ្នា​ទៅទៀត។ តើ​លោក ដូណាល់ ត្រាំ អាច​ប្រើយុទ្ធសាស្ត្រ​​ស្ទីល​ដដែល​នេះ ទៅ​លេង​ជាមួយ​អ៊ីរ៉ង់​បាន​ដែរឬទេ?​

គេ​អាច​មើល​ឃើញថា ជំនួ​ប​រវាង​លោកប្រធានាធិបតី​អាមេរិក​ និង​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស់សាន រ៉ូហានី​ គឺ​ទំនង​​ជាមាន​​ការ​លំបាក​បន្តិច។ ឧបសគ្គ​ដែល​គេ​មើល​ឃើញនៅ​ចំពោះ​មុខ​ គឺ​មាន​ធំៗ​យ៉ាង​ហោចពីរជា​ចម្បង​។ ទី១​ រឿង​លក្ខខណ្ឌ​ដែល​អ៊ីរ៉ង់​ទាម​ទារ។ អ៊ីរ៉ង់ចង់ឲ្យ​​​​អាមេរិក ​ត្រូវ​តែ​ត្រឡប់​ដើរ​ចូល​កិច្ចព្រ​មព្រៀម​ថា​មពលនុយក្លេអ៊ែរ។ កិច្ចព្រម​ព្រៀ​ននេះ ត្រូវ​បាន​​លោក ដូណាល់ ត្រាំ ​ទាត់ចោល កាលពី​ខែ​ឧសភា​​រួច​ទៅហើយ​។ ​

ទោះបី​​នៅ​ពេល​នេះ ថ្នាក់ដឹកនាំ​អាមេរិក បាន​លើកឡើងពីម្សិលមិញ​​ថា ជំនួប​រវាង​ប្រមុខ​រដ្ឋ​ទាំង​ពីរ គឺ​គ្មាន​កំណត់​លក្ខខណ្ឌ ហើយ​ជួប​ពេល​ណា​ក៏បាន​ បើ​អ៊ីរ៉ង់​ចង់​។ ក៏ប៉ុន្តែ​អ៊ីរ៉ង់ គឺ​គ្មាន​ទំនុក​ចិត្ត​ចំពោះ​អាមេរិក​សោះ​ ដ្បិត​ថា​ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីន​តោន ពីមុន​មក​ ធ្លាប់បាន​ដាក់​លក្ខខណ្ឌ​​ជាក់​លាក់​ច្រើន​ណាស់ ដល់​ទៅ​ជាង​១០ចំណុច​ឯណោះ​។ ចំណុច​ដែល​អ៊ីរ៉ង់ទទួល​យក​មិន​បាន​នោះ គឺអាមេរិក​តម្រូវ​​ឲ្យ​អ៊ីវ៉ង់​បញ្ឈប់​ទាំង​ស្រុង​គម្រោង​ថាម​ពលនុយក្លេអ៊ែរ ហើយ​ត្រូវ​ចុះ​កិច្ចព្រម​ព្រៀម​ថ្មី​ដែល​អាមេរិក​យល់ថា​ល្អ​ជាង​មុន​។ ចំណែក​ឯ ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែល​អាមេរិក​ដាក់​ចំពោះ​អ៊ីរ៉ង់​គឺ​នៅ​ជាប់​នៅឡើយ ហើយ​​ជាពិសេស​ទៀត​នោះ គឺ​នឹងមាន​ទណ្ឌកម្ម​ផ្សេងទៀត ដែល​នឹង​​បន្ត​ធ្លាក់​មកទៀត នៅ​ថ្ងៃ​៦សីហា និង​ខែ​កញ្ញា​ខាង​មុនេះ។​ ទាំង​នេះហើយ​ដែល​អ៊ីរ៉ង់​ មិន​ទុកចិត្ត​អាមេរិក។​

ម្យ៉ាង​វិញទៀត ឧបសគ្គ​ទី២ គេគួរ​សួរថា នរណា​ជា​អ្នក​ជួយ​ជ្រោម​ជ្រោង​ឲ្យ​ភាគ​ទាំងពីរ​អាច​ជួប​គ្នា​បាន? សូមរម្លឹក​ថា កាលពី​ជួប​រវាង​ប្រធានាធិបតីអាមេរិក និង​កូរ៉េខាង​ជើង គឺ​មាន​អន្តរការីដ៏​សំខាន់​យ៉ាង​ហោចពីរ គឺ​កូរ៉េ​ខាង​ត្បូង និង​ចិន តែ​ម្តង ដែល​ប្រទេស​ទាំងពីរ​ បាន​ខ្នះខ្នែង​ជា​ខ្លាំង ធ្វើ​យ៉ាងណា​ឲ្យ​ លោក គីម និង​លោក ត្រាំ​ បើ​កចំហ​ចិត្ត និងអាច​​យល់​ព្រម​ជួប​គ្នា​បាន។ តែ​ករណី អ៊ឺរ៉ង់ វិញ គឺ​ដូច​ជា​មិន​សូវ​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង​ដូច្នេះ​ឡើយ។

បើ​តាម​ការ​ស្ទាប​ស្តង់មើលទៅ តើ​នរណា​ឬ​ប្រទេស​ណាមួយ​ ដែល​អាច​ជាធ្វើ​​អន្តរការី ដ៏​មាន​សក្តានុពល​  ដើម្បី​ជួយ​សម្រប​សម្រួល​ឲ្យ លោក ត្រាំ និង លោក រ៉ូហានី អាច​ជួប​គ្នា​បាន​?

ចំពោះ​ភាគី​ទី៣ ដែល​អាច​ជួយ​ជ្រោម​ជ្រែងក្នុង​ជំនួប​ថ្នាក់​ដឹកនាំ​អាមេរិក​អ៊ីរ៉ង់!​ គឺ​អា​ច​មាន ​តែមិន​ច្រើន​ទេ។

បើ​មើលទៅ​ខាង​សហភាព​អឺរ៉ុប គឺ​មិន​អាច​ទេ ព្រោះ​លោកដូណាល់ ត្រាំ បាន​សម្រេច​ដើរ​ចេញ​ពី​កិច្ច​ព្រ​មព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​ឯកច្ឆន្ទ ហើយ​ថែម​ទាំង​ធ្លាប់​បាន​ចាត់ទុក ភាគីសហភាព​អឺរ៉ុប ក្នុង​សំណុំ​រឿង​នេះ ថា​ជា​សត្រូវ​ផង។ គួរ​បញ្ជាក់​សោភណថា​ ជំហរ​របស់​អឺរ៉ុប គឺ​មិន​ចង់​ឲ្យ​អាមេរិក​ដើរ​ចេញ​ពី​កិច្ច​ព្រៀម​នេះទេ តែ​អាមេរិក​របស់​លោកត្រាំ មិន​ខ្វល់ឡើយ។ ហើយបើ​នៅពេ​លនេះ អាមេរិក​ទៅ​រក​សហភាព​អឺ​រ៉ុប​ឲ្យ​ជួយ​វិញ ក៏​មិនងាយ​ដែរ​។

ផ្ទុយ​ទៅវិញ បើ​យើង​ក្រឡេក​មើលទៅ​រុស្ស៊ី គឺ​ទំនង​ជា​អាចខ្លះ​។​ នេះ​ប្រសិន​បើ​លោកប្រធានាធិបតី​ វ្លាឌឺមៀរ ពូទីន អាច​ស្មគ្រ​ចិត្ត​ជួយ។​ ក៏ប៉ុន្តែ សូម​ជ្រាបថា រុស្ស៊ី​និង​អ៊ីរ៉ង់​ ហាក់​នៅ​មាន​ផលប្រយោជន៍​រួម​ជាមួយ​គ្នា តិច​តួច​នៅ​ឡើយ។ រុស្ស៊ីពាក់ព័ន្ធ​ធំ​ជាមួយ​អ៊ីរ៉ង់​ តែ​ក្នុង​សំណុំ​រឿង​សង្គ្រាម​នៅ​ស៊ីរីមួយ​ទេ ហើយ​បើ​និយាយ​ពី​នយោបាយ​ផ្ទៃ​ក្នុងរបស់​​អ៊ីរ៉ង់វិញ រុស្ស៊ី ក៏មិន​សូវ​ជា​មាន​ឥទ្ធិពល​ប៉ុន្មាន​ដែរទេ​។

តែទោះយ៉ាងណា​ យើងធ្លាប់​បាន​ឃើញថា លោក ពូទីន ​បានអញ្ជើញ​​ប្រធានាធិបតី​អ៊ីរ៉ង់ ហាស់សាន រ៉ូហានី ទៅ​ជួប​ម្តង​រួច​មក​ហើយទៅរុស្ស៊ី កាលពី​ព្រឹត្តិការណ៍​បាត់​ទាត់​ពិភព​លោក នាពេល​កន្លងទៅ​ថ្មីៗ​នេះ។ ដូច្នេះ ចម្លើយ​នៅត្រង់​ថា​ តើ​រុស្ស៊ីនឹងអាច​​ជួយ​សម្រុះ​សម្រួល​ឲ្យ​អ៊ីរ៉ង់​និង​អាមេរិក​ជួប​គ្នា​ឬទេ ? ហើយប្រសិន​បើ​រុស្ស៊ីយល់ព្រ​មលូកដៃ​មែន តើ​រុស្ស៊ី​នឹង​បា​នចំណេញ​អ្វីពី​ជំនួប​​នេះ?​

​ទាំង​នេះ គឺ​ជា​សេណារីយ៉ូទៅថ្ងៃមុន ក៏ប៉ុន្តែ ភាព​ពិត​​ជាក់ស្តែង​ សម្រាប់​ថ្ងៃនេះ គឺ​ថ្នាក់ដឹកនាំអ៊ីរ៉ង់ មិន​ទាន់​បញ្ចេញ​​ប្រតិកម្ម​វិជ្ជមាន ឆ្លើយ​តប​​ទៅនឹង​សារ​ព្រលយ​ពាក្យ​ចង់​ជួប​របស់​លោក ត្រាំ នៅឡើយទេ។ ទាំង​ទីប្រឹក្សា​ប្រធានាធិបតី​និង​ក្រសួង​ការបរទេស​អ៊ីរ៉ង់ សុទ្ធតែ​ទាមទារ​ឲ្យ​អាមេរិក​ដើរ​ចូល​កិច្ច​ព្រម​ព្រៀង​វិញ​ជាមុន​សិន ហើយឲ្យ​អាមេរិក​​ឈប់​ឲ្យអស់​ពាក្យ​​សម្តី​ឬទង្វើ​អរិភាពទាំង​ឡាយ មុ​ននឹង​បោះ​សម្តី​រក​ផ្លូវ​ចរចា៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • សហរដ្ឋអាមេរិក

    តុលាការ​​អាមេរិក​បើក​សវនការ​ជំនុំជម្រះ​អតីត​ប្រធាន​ក្រុមឃោសនា​របស់​លោកដូណាល់​ត្រាំ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    នាយក​ញូវយ៉កថែមស៍ ព្រមាន​លោក​ត្រាំ​អំពី​គ្រោះថ្នាក់​នៃ​ការវាយប្រហារ​អ្នកកាសែត

    ស្វែងយល់បន្ថែម

  • លោកពូទីន ត្រៀម​ទៅ​ក្រុងវ៉ាស៊ីនតោន ហើយ​បាន​អញ្ជើញ លោកត្រាំ មក​ម៉ូស្គូ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ