ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

​តួកគីនិង​គួឌីស្ថាន ចោទប្រកាន់​គ្នាទៅវិញទៅមក ថា​រំលោភបទ​ឈប់​បាញ់

media  
ការ​ប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​ស៊ីរី​និងតួកគី។ Ozan KOSE / AFP

កងទ័ព​អាមេរិក​បាន​ដក​ចេញពី​ទីតាំងនៅក្នុងទឹកដីស៊ីរីហើយ។ ចំណែកកងកម្លាំង​តួកគីនិង​ទាហាន​គួឌីស្ថាន ចោទប្រកាន់​គ្នាទៅវិញទៅមក ថា​រំលោភបទ​ឈប់​បាញ់។ បទឈប់​បាញ់​រយៈ​ពេល​ប្រាំថ្ងៃ ដែល​អាមេរិក​ជួយ​ចរចា​ឱ្យ។ ប៉ុន្តែឈប់​បាញ់​គ្នា​បានតែ​ពីរថ្ងៃប៉ុណ្ណោះ ការ​ប៉ះទង្គិ​ច​គ្នា​បាន​កើតឡើងជាថ្មី។ បើ​តាម​រដ្ឋមន្ត្រីការពារជាតិ​តួកគី, នៅថ្ងៃអាទិត្យ​នេះ មាន​ទាហាន​តួកគី​ម្នាក់​ស្លាប់ ហើយ​ម្នាក់ទៀត​រង​របួស។ 

ពីខាង​​ទាហាន​គួឌីស្ថាននៅស៊ីរី, ក្រុម​គួឌីស្ថាន​ចោទ​ទាហាន​តួកគី​​ថា នៅតែបន្ត​បិទផ្លូវ និង​មិន​បាន​ជួយ​សម្រប​សម្រួល​ច្រក​ផ្លូវ​ឱ្យ​ពលរដ្ឋ​រងគ្រោះបាន​ចាកចេញឱ្យ​ស្រួល​បួល​ពី​តំបន់​ជម្លោះនោះឡើយ​ ហើយ​ព្រមទាំង​បង្ក​ការ​លំបាក​ដល់​ទាហាន​គួឌីស្ថាន​ ក្នុង​ការ​ដកថយ​ពី​កន្លែង​ប៉ះទង្គិច​គ្នាទៀត​ផង​។

បើ​តាម​កិច្ច​ព្រមព្រៀង​ឈប់បាញ់​ មាន​កំណត់ពេល​៥ថ្ងៃនោះ គឺ​តម្រូវ​ឱ្យ​ភាគីជម្លោះ​​ទាំងពីរ​ដកទ័ពថយ នៅ​បណ្តោយព្រំដែន​​​ចម្ងាយ​១២០គីឡូម៉ែត្រ នៅ​ត្រង់​សមរភូមិក្តៅ គឺ​តំបន់ Ras al-Aïn និង តំបន់Tal Abyad ហើយត្រូវ​រក្សា​តំបន់​សុវត្ថិភាព​​ចំនួន​៣៤គីឡូម៉ែត្រ​ នៅក្នុងប្លុក​​ទឹកដីខាងព្រំដែន​ស៊ីរី​។ ក៏ប៉ុន្តែ កងកម្លាំង​​គួឌីស្ថាននៅស៊ីរី ចង្អុរ​មុខ​ពួកទាហានតួកគី​​ថា មិន​គោរព​តាម​កិច្ចព្រម​ព្រៀង​នេះទេ ហើយតួកគី​បាន​ផ្តល់​ព័ត៌មាន​មិន​ពិត មាន​ចេតនា​នាំឱ្យបំផ្លិច​បំផ្លាញ​កិច្ចព្រមព្រៀង​ ដែល​ចរចា​បាន​ដោយ​កម្រ​​។ នេះបើតាម​សេចក្តីចោទប្រកាន់​កង​​កម្លាំង​​គួឌីស្ថាននៅស៊ីរី។​

ចំណែក ទាហានតួកគី ក៏បាន​​ចោទ​ក្រុម​គួឌីស្ថាន​វិញដែរថា វាយ​ប្រហារ​លើទាហាន​របស់ខ្លួន​ ចំនួន​១៤ដងក្នុង​រយៈ​ពេល​៣៦ម៉ោង​ចុង​ក្រោយនេះ​ ដែល​បាន​បណ្តាល​ឱ្យ​មាន​ស្លាប់​និង​របួសផង​។ ខាងតួកគី បញ្ជាក់ទៀត ថា​រដ្ឋបាល​ក្រុង​វ៉ាស៊ីន​តោនប្រើ​ប្រាស់​ឥទ្ធិពល​គំរាម ហើយ​យកចិត្ត​ទុកដាក់​ខ្លាំង​ទៅខាង​គួឌីស្ថាន ដែល​បង្ក​ការ​លំបាក​ដល់​ពួកគេ​ក្នុង​ការ​ដក​ទ័ព​ពីតំបន់​ជម្លោះ ដោយ​គ្មាន​ការ​ប៉ះទង្គិច ឬ​ដោយ​គ្មាន​ការ​ភ័យព្រួយ​។ បន្ថែមពីនេះ ​ប្រធានាធិបតីតួកគី​​ Erdogan បញ្ជាក់​ជាថ្មី​ថា កិច្ចព្រមពៀង​នៅសល់​​ម៉ោង​កំណត់​១២០ម៉ោង​ទៀត តែផុតពីនេះទៅ ខាងតួកគី​នឹង​បើក​ការ​វាយ​ប្រហារ​កម្ទេច​ក្បាល​ពួក​ភេរវជន​តែម្តង​។ ភេរវជន​ដែល​លោក​សំដៅនោះ គឺក្រុម​ពួក​គួឌីស្ថាន​នេះតែម្តង៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ