អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ការវាយប្រហារ​របស់​តួកគី​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី ដែល​ បណ្តាល​​ឱ្យ​ស្លាប់​មនុស្ស​ជិត​២០នាក់ ក្នុង​នោះ មាន​ប្រជាជន​ស៊ីរិល ៨នាក់ផង ថ្ងៃ​យប់​ថ្ងៃពុធទី​៩តុលា។ តួកគីត្រូវ​គេ​រិះគន់​ជុំទិស។ សភាអាមេរិក​គ្រោង​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​តួកគី ចំណែក​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​វិញ ត្រូវ​កោះប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០តុលា​ ទៅតាម​សំណើ​របស់​បារាំង អង់គ្លេស និង​អាល្លឺម៉ង់​។ ការ​ដែល​តួកគី​បញ្ចូន​ទ័ព​ទៅ​ព្រំដែន​ស៊ីរី និង​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទៅលើ​ពួក​គួឌីស្ថាន គឺក្រោយ​ពេល​ដែល​អាមេរិក​របស់​លោក ដូណាល់ បាន​សម្រេច​ដក​ទ័ព​ចេញពី​តំបន់​នេះ​។​ នៅ​ដើមសប្តាហ៍​នេះ កាសែត​ក្នុង​ស្រុក​តួកគី បាន​រាយការណ៍​ទ័ព​អាមេរិកចំនួន​៥០នាក់ បា​នចាក​ចេញ​ពី​តំបន់​ដែល​ពួក​គេ​ឈរ​ជើងហើយ ដូច្នេះហើយ ​ទើប​ទ័ព​តួកគី​បាន​ដៃ​ធ្វើ​សកម្មភាព​តែម្តង​។ ទន្ទឹមនឹង​នេះ តួកគី យល់ថា ការ​វាយ​ប្រហារ​លើពួក​គួឌីស្ថាន​ គឺ​ដើម្បី​ការពារ​ខ្លួន។ ក៏ប៉ុន្តែ រឿងនេះ បង្ក​ជាក្តី​បារម្ភ​ខ្លាំងដល់​សន្តិសុខពិភលោក​​ ដោយសារ​ការ​ផ្ទុះ​អាវុធ​រវាង​តួកគី​និងគួឌីស្ថាននៅស៊ីរី​​ នឹង​បណ្តាល​ឱ្យ​ជន​ភៀសខ្លួន​កាន់តែ​ច្រើន ហើយ​ក៏អាច​ធ្វើ​ឱ្យ​ពួក​ភេរវជនអង្គការ​រដ្ឋ​អ៊ី​ស្លាម​ជីហាត​ មាន​កម្លាំង​ងើប​ឡើងវិញ​ផងដែរ។​

ប្រធានាធិបតីតួកគី​ Recep Tayyip Erdogan
ប្រធានាធិបតីតួកគី​ Recep Tayyip Erdogan DREW ANGERER / GETTY IMAGES NORTH AMERICA / AFP
ផ្សាយពាណិជ្ជកម្ម

តួកគី បើកការវាយប្រហារទៅលើទីតាំងគួឌីស្ថាននៅស៊ីរី ​ស្លាប់​មនុស្ស​ ១៩នាក់ ក្នុង​នោះ មាន​ប្រជាជន​ស៊ីរិល ៨នាក់ផង។​

ការ​វាយ​ប្រហារ​របស់​តួកគី ទៅលើកង​កម្លាំង​ប្រជាធិបតេយ្យ​គួឌីស្ថាននេះ គឺជា​សំណុំ​រឿង​អន្តរជាតិដ៏​ក្តៅគគុក​ ដែល​បង្ក​ក្តី​បារម្ភ​ជាខ្លាំង ព្រោះថា​វា​​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​និង​ពិភព​លោកទាំង​មូល​។

ក្តីបារម្ភ​របស់​អឺរ៉ុប​ជា​បឋម គឺដោយសារតែ​​ការ​វាយ​ប្រហារ​របស់​តួកគី ទៅលើ​ពួក​​គួឌីស្ថាននេះ គឺ​នឹង​បណ្តាលវិបត្តិ​​ជន​ភៀសខ្លួន​ជាច្រើន ​ហូរ​ដូច​ទឹក​បាក់​ទំបន់​ចូល​ទឹក​ដី​អឺរ៉ុប, ហើយ​មាន​វិបត្តិ​មនុស្ស​ធម៌ធ្ងន់ធ្ង​រទៀត​ផង។ និង​ជា​ពិសេស​ជាង​ទៅទៀត គឺយើង​ត្រូវ​ដឹង​ថា ​ពួក​​គួឌីស្ថាននេះហើយ​ ជាអ្នក​ប្រយុទ្ធ​ជួរ​មុខ​តទល់​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ជីហាត​ ហើយ​ពួក​គួឌីស្ថាន​នេះហើយ ដែល​ជាអ្នក​​ចាប់​ពួក​ភេរវជន​ជីហាត ១ម៉ឺន​នាក់ ​ដាក់​ឃុំឃាំង​។ ដូច្នះ​ ប្រសិន​បើពួក​​គួឌីស្ថាននេះ ត្រូវ​ទ័ព​ពួកតួកគី​វាយប្រហារ​ធ្វើ​​ឱ្យ​បែក​បាក់​កម្លាំង​ នោះ​នឹងគ្មាន​នរណា​ជួយ​មើលពួក​គជីហាត អាចធ្វើ​ឱ្យ​ពួកឧក្រិដ្ឋ​​​​រត់រួចពីការ​ឃុំឃាំង​ ​ ពេលនោះ​ នឹង​ច្បាស់​ជា​មាន​បញ្ហា​អាសន្ន​ធំហើយ គឺថា​អំពើ​ភេរវកម្ម​​អាច​នឹង​រឹត​កាន់តែកើត​មាន​ឡើងវិញ​ហើយ មិន​ថា​នៅ​ស៊ីរី ឬនៅ​អឺរ៉ុប​នោះទេ គឺ​អាច​រាល​ដាល​គ្រប់ទិសទីតែម្តង​​។ នេះជាក្តី​បារម្ភ​ជាខ្លាំង។

អាមេរិក​ត្រៀម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះតួកគី

នៅ​ចំពោះ​មុខ​ស្ថានការណ៍​នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុង​បើក​ប្រជុំ​រក​ច្រកផ្លូវ​ដំណោះស្រាយបញ្ហា​ដ៏​បន្ទាន់​ ដ៏​ក្តៅ​គគុក​នេះ​។ ហើយចំណែក ​សភាអាមេរិកាំងវិញ ក៏កំពុង​រារាំង​តួកគី ដោយ​គ្រោងអនុម័តច្បាប់ដាក់ទណ្ឌកម្មតួកគី រាប់​ចាប់​តាំងពី​ថ្នាក់​ដឹកនាំ​ប្រទេស​ មា​នប្រធានាធិបតីតួកគី​ ក្រុមមេ​ៗខាង​យោធា និង​អ្ន​ករកស៊ី​ផ្នែក​ថាមពល គឺត្រូវ​បង្ក​ក​ទ្រព្យ​សម្បត្តិ​ទាំងអស់​។ ទណ្ឌកម្ម​សំខាន់​នោះ គឺ​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច ដែល​អាមេរិក​នឹង​ត្រូវរឹត​​បន្តឹង​ចំពោះ​តួកគី​។ ​លោកប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ ថា​​លោក​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​តួកគី​ខូច​ខាត​ធ្ងន់ធ្ងរ។

តួកគី​រង​ការ​រិះគន់​ពីគ្រប់​ទិសទី!

ខាងសហគមន៍​​អឺរ៉ុប​ អឺរ៉ុប​ស្នើឱ្យ​តួកគី​គិត​ពី​រឿង​ប្រជាជន​ស្លូតត្រង់ ដែល​ពេល​នេះ គឺ​ផ្តើម​មាន​មនុស្ស​រាប់​ពាន់​នាក់ទៅហើយ ដែល​​កំពុងតែ​រត់​ភៀស​ខ្លួន​ចោល​ផ្ទះ​សម្បែង​។ តាម​អង្គការ​OSDH មាន​ពលរដ្ឋ​ស៊ីរី​ ៦ម៉ឺន​នាក់​កំពុង​ធ្វើ​ដំណើរ​ភៀសខ្លួន​ចេញពី​តំបន់​ជម្លោះ។​

នៅរង្វង់​​ប្រទេស​ស​ម្ព័ន្ធ​អារ៉ាប់ និង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ដូច​តួកគី​ដែរ មាន​បែប​យ៉ាង ការតា ប៉ារ៉ែម អេមីរ៉ាត​អារ៉ាប់រួម បាន​ចេញ​មុខ​ថ្កោលទោសតួកគី​។ អេហ្ស៊ីប ថា ការ​វាយ​ប្រហាររបស់​តួកគី​​នេះ ជារឿង​មិន​អាច​ទទួល​យក​បាន​សោះឡើយ។ អ៊ីរ៉ង់ ព្រលយពាក្យ​គំរាមថា តួកគី ត្រូវតែ​បញ្ឈប់​ទង្វើ​ឈ្លាន​ពាន​របស់​ខ្លួនជា​បន្ទាន់។ ចំណែក​ អារ៉ាប៊ីសាអូឌីត ចាត់ទុកថា​ ទង្វើនេះ គឺ​បង្ក​ផលវិបាក​ដល់​ស្ថិរភាព​និង​សន្តិសុខ​ក្នុង​តំបន់​ទាំងមូល។

ប្រទេស​ចិន​ ក៏​ចេញមុខ​មក​នឹងគេដែរ ដោយ​ចិន​រម្លឹក​តួកគីថា ត្រូវតែ​គោរព​ដែន​អធិបតេយ្យ​ភាព​និង​បូរណភាពទឹក​ដី​របស់​ស៊ីរី​ផង ហើយចិនផ្តាំពិភពលោកថា សូម​កុំ​ទាញ​ជម្លោះ​នេះ បង្កឱ្យ​មាន​វិបត្តិ​​ធំ​ជាងនេះទៅទៀត​។

រីឯ​ រុស្ស៊ី ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​តួកគី​ផង ក៏​ដាស់​តឿន ​តួកគី ដែរ​ថា ត្រូវតែ​គិត​ពិចារណា​ឱ្យ​ច្បាស់​លាស់​សិន។ រុស្ស៊ីរបស់​លោក វ្លាឌីមៀរ ពូទីន បាន​សម្តែង​ឆន្ទៈ​ថា ចង់​ធ្វើ​ជាអន្តរការីឱ្យ​ស៊ីរី​និង​តួកគី ចរចា​គ្នា​ឱ្យ​ស្រួល​បួល កុំ​យក​ចុង​កាំភ្លើង​ដោះស្រាយ​បញ្ហា។

តើ​តួកគី​មាន​អ្វីឆ្លើយ​តប​ចំពោះ​ការ​រិះគន់?​

ការ​ដែល​តួកគី​ វាយ​ប្រហារ​លើ​ពួក​គួឌីស្ថាននៅពេល​នេះ​ ពីព្រោះថា តួកគី សំអាង​លើ​មធ្យោយ​នៃ«កិច្ច​​ការពារ​ខ្លួន​ទុកជាមុន» ដែល​ការពារខ្លួន​តាម​បែប​ធម្មានុរូបនេះ តួកគី ក៏បានលើកឡើង​ពី​​មាត្រា​៥១នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​ដែរ។ តាម​ពិត​ទៅ តួកឌី និងគួឌីស្ថាន​ ឈ្លោះគ្នា​ជា​រឿង​ជម្លោះ​ចាស់​រ៉ាំរ៉ៃយូរ​​មកហើយ ហើយ​តួកឌី​ចោទពួក​គួឌីស្ថាន​ថា​ជាពួក​ឧទ្ទាម​ភេរជន​ផង។ ដូច្នេះ​ នៅពេល​ដែល​អាមេរិក​ដក​ទ័ព​ឈប់​​ជួយ​គួឌីស្ថាន គឺ​បាន​ដៃ​តួកគី​តែម្តង។​

លោក ដូណាល់ ត្រាំ ​សោកស្តាយទេចំពោះ​ការ​ស្លាប់​ជីវិត​មនុស្ស​ក្រោម​ការ​វាយប្រហារ​របស់​តួកគី?

ការប្រកាសដកទ័ពអាមេរិក​ចេញ​ពី​ជម្លោះ​នៅក្រៅប្រទេស​នេះ គឺជាការ​សន្យារ​បស់​លោកប្រធានាធិបតី ដូណាល់ ត្រាំ តាំងតែ​ពី​យូរ​ហើយ។ ដូច​អ្វី​ដែល​បាន​កើត​មាន​នៅ​អាហ្វហ្គានីស្ថាន។ អាមេរិក​ដកទ័ព ព្រោះ​លោក ត្រាំ យល់ថា ការ​ឈរជើង​នៅបរទេសនោះ​គឺ​ចំណាយ​លុយ​អាមេរិក​ច្រើន​ខ្ជះខ្ជាយពេក​​ ហើយ​សំណុំ​រឿង​តួកគី​និង​ស៊ីរី​នេះទៀត​សោត​ លោកត្រាំយល់ថា​​ជា​រឿង​ជម្លោះ​ចាស់​របស់​ប្រទេស​គេទាំងពីរ​នេះ​​ទេ ដូច្នេះ​អាមេរិក​មិន​បាច់​លូក​ដៃ​ឡើយ​។ លោក ត្រាំ​ គិត​និងធ្វើ​បែបនេះ អាច​ទៅរួច​ឱ្យ​​រំភើយ។ ចំពោះ​រឿងនេះ​ មេបញ្ជាការទ័ព​ Air Force របស់អាមេរិក ក៏​យល់ស្របដែរថា ត្រូវ​គិត​ពីប្រយោជន៍​អាមេរិក​ជាមុន​សិន។​

ប៉ុន្តែ​គឺត្រូវអ្នកនយោបាយអន្តរជាតិនិងអ្នកវិភាគជាច្រើនរូប បានចង្អុរមុខថ្កោលទោសអាមេរិកថា «គ្មានមនុស្សធម៌ និងធ្វើនយោបាយគ្មានសីលធម៌ទាល់តែសោះ»។ គេបន្ទោសអាមេរិករបស់លោក ដូណាល់ ត្រាំ ថា​មាន​«កំហុស​នយោបាយ»ដូច្នេះ ក៏ព្រោះថា ពួកគួឌីស្ថាន គឺជាសម្ព័ន្ធរបស់អាមេរិកនិងរបស់កងកម្លាំងអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងពួកអង្គការភេរវកម្មជីហាត នៅស៊ីរី។ នៅពេលដែលពួកគួឌីស្ថាន ប្រឹងជួយប្រយុទ្ធប្តូរជីវិតដើម្បីកម្ចាត់ពួកជីហាតនិងជួយសង្គ្រោះមនុស្សជាច្រើនហើយ, នៅទីបំផុត​ សម្ព័ន្ធមិត្តបែបយ៉ាងអាមេរិកនេះ បែរជាបោះបង់ពួកគេចោលទៅវិញ។

ការ​ដកទ័ព​អាមេរិកចេញពី​ស៊ីរី​​នេះ គឺធ្វើ​ឱ្យ​អ្នក​នយោបាយ​អាមេរិក​ខ្លួន​មិនពេញចិត្ត​ដែរ សូម្បី​​តែ​សមាជិក​ព្រឹទ្ធសភា​មកពីបក្ស​សាធារណរដ្ឋដូច​​លោកត្រាំដែរ​ គឺ​លោក Martha McSally បាន​យល់​ថា ពួកគួកឌីស្ថាននៅស៊ីរី ជា​សម្ព័ន្ធ​មិត្ត​ផ្នែកទ័ព​មួយ​ដ៏ខ្លាំង គឺអាចថា ខ្លាំងលំដាប់​ពីរ បន្ទាប់ពី​ទ័ព​អ៊ីស្រាអេល នៅក្នុង​ចំណោម​សម្ព័ន្ធអាមេរិក ទាំងអស់​ ​នៅ​មជ្ឈិមបូព៌ា។

អាមេរិក​ធ្វើឱ្យ​គេ​នឹក​ឃើញ​ដំបៅចាស់​នៅ​អាស៊ី

​សំណុំរឿង​នេះក៏បាន​ធ្វើ​ឱ្យ​គេ​នឹកដល់​ការដែល​អាមេរិក​ដកទ័ព​ពី​អាស៊ីអាគ្នេយ៍ នៅទសវត្សរ៍​១៩៧០ ដូច​ជា​នៅ​ឡាវ វៀតណាមខាងត្បូង និង​កម្ពុជា ដោយ​ទុកឱ្យ​ប្រទេស​ទាំងនេះ រងគ្រោះ ​និងតទល់តែ​​ម្នាក់ឯង ជល់​​នឹង​កម្លាំង​កុម្មុនីស្ត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ