អានតួអត្ថបទ
តួកគី​

តួកគី​រៀបចំ​​កងទ័ព​ឡើងវិញ​ ហ្គូឡិន​ចោទ​អ៊ែរដូហ្កាន​ថា​ឈ្លក់​នឹង​អំណាច​

ជិត​២សប្តាហ៍ ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច ​តួកគី​បាន​ចាប់ផ្តើម​រៀបចំ​​កងទ័ព​ឡើងវិញ​ ដោយ​​បណ្តេញ​ទាហាន​រាប់រយនាក់​ពីជួរកងទ័ព។ អាមេរិក​​កំពុង​បារម្ភ​ថា ​ការ​បោសសំអាត​​​ផ្ទៃក្នុង​​​​​​តួកគី អាច​ផ្តល់​​​ផល​​អវិជ្ជមាន​ដល់​កិច្ចសហការ​រវាង​តួកគី​និង​អាមេរិក ក្នុង​ការ​កំចាត់​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម។ សកម្មជន​ប្រឆាំង​ហ្វេទូឡា ហ្គូឡិន​ បាន​ចោទ​លោក​អ៊ែរដូ​ហ្កាន ថា​ឈ្លក់​​នឹង​អំណាច។

នាយករដ្ឋមន្ត្រី​តួកគី ​ប៊ីណាល់លី យៀលឌីរីម
នាយករដ្ឋមន្ត្រី​តួកគី ​ប៊ីណាល់លី យៀលឌីរីម AFP/Adem Altan
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃព្រហស្បតិ៍ ​ក្រុមប្រឹក្សា​យោធា​ជាន់ខ្ពស់​តួកគី ​បាន​ដំឡើង​ឋានន្តរសក្តិ ​ដល់​វរសេនីយ៍ឯក​​៩៩រូប ក្នុង​ជួរ​សេនា​ប្រមុខ​រឺ​ឧត្តមនាវី។ ​សេនា​ប្រមុខ​៤៨នាក់​ ត្រូវបាន​ដាក់​អោយ​ចូលនិវត្តន៍។ តួកគី​សម្រេច​​រក្សា​តំណែង​អគ្គមេបញ្ជាការ​​​​ធំៗ​។

ជិត​២សប្តាហ៍ ក្រោយ​​រដ្ឋប្រហារ​មិនបាន​សម្រេច​ មន្ត្រី​ទាហាន​ជិត​១៧០០នាក់ គ្រប់ជាន់ថ្នាក់ ​ត្រូវ​បាន​បណ្តេញចេញ​​​​ពីតំណែង។ ថ្ងៃសុក្រ​នេះ នាយករដ្ឋមន្ត្រី​ ប៊ីណាល់លី យៀលឌីរីម ​បាន​ប្រកាស​​​បិទ​​បន្ទាយ​ទាហានមួយចំនួន​​​​ ​ និង​មូលដ្ឋាន​ទ័ពអាកាសនៅ​​ជិត​ក្រុង​អង់ការ៉ា។ រដ្ឋាភិបាល​តួកគី​ចោទ​លោក​ហ្វេទូឡា ហ្គូឡិន ដែលកំពុង​​ភៀសខ្លួន​នៅ​អាមេរិក ​ថា​ជា​អ្នកនៅ​ពីក្រោយខ្នង​រដ្ឋប្រហារ​ថ្ងៃ១៥កក្កដា។

ក្រសួង​ការបរទេស​តួកគី​លើកឡើង​ថា ពេល​តួកគី​បោសសំអាត​ចលនា​ក្រុម​ហ្គូឡិន​ចប់សព្វគ្រប់​ កងទ័ព​នឹង​មានភាពរឹងមាំ​ជាងមុន។ ​ពេលនេះ ​ប្រធានាធិបតី​អ៊ែរដូហ្កាន ​​​ចង់​អោយ​​កងទ័ព​និង​​ភ្នាក់ងារ​ចារកិច្ច​ជាតិ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​របស់​ប្រធានាធិបតី​ផ្ទាល់។ តាមធម្មតា គឺ​នាយក​រដ្ឋមន្ត្រី​ជា​អ្នក​គ្រប់គ្រង​កងទ័ព​និង​ភ្នាក់ងារ​ចារកិច្ច។

សកម្មភាព​បោសសំអាត​​​ផ្ទៃក្នុង​​តួកគី​ ធ្វើអោយ​អាមេរិក​បារម្ភ ថា​អាច​ប៉ះពាល់​កិច្ចសហការ​រវាង​ប្រទេស​ទាំង២ ក្នុង​ការ​​​​កំចាត់​ក្រុម​ជីហាត។ មូលហេតុ​ដោយសារ​តែ​​មន្ត្រី​តួកគី​មួយចំនួន​ដែលចរចា​​​កិច្ចការ​កំចាត់​ក្រុមជីហាត​​ជាមួយ​អាមេរិក ​ត្រូវ​បាន​ចាប់ខ្លួន។

ក្នុង​យុទ្ធនាការ​កំចាត់​ក្រុមជីហាត ​​ អាមេរិក​ប្រើ​មូលដ្ឋាន​ទ័ពអាកាស​តួកគី​មួយកន្លែង​ ឈ្មោះថា Incirlik។ ក្រោយ​រដ្ឋប្រហារ​​មិនបាន​សម្រេច​​ តួកគីបាន​បិទលំហ​អាកាស​បណ្តោះអាសន្ន ធ្វើអោយ​អាមេរិក​ពិបាក​ប្រតិបត្តិការ​​​យន្តហោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ