ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
អាស៊ី

យុវជន​ទីបេ​ពីរនាក់​ដុត​សម្លាប់​ខ្លួនឯង​នៅក្នុង​តំបន់​ទីបេ

media  
ការដុតសម្លាប់​ខ្លួនឯង គឺ​ជា​មធ្យោបាយ​ ដែល​ប្រជាជន​ទីបេ​យក​មក​ប្រើ ដើម្បី​បង្ហាញ​ពី​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន Twitter

យុវជន​ទីបេ​ពីរនាក់​បាន​ដុតសម្លាប់​ខ្លួនឯង នៅ​ក្នុង​ខេត្ត​ស៊ីឈ័ន ប្រទេស​ចិន ដែល​ជា​តំបន់​តែងតែ​កើតមាន​ការ​តវ៉ា​​ប្រឆាំង​នឹង​អំណាច​របស់​ចិន​មក​លើទីបេ។ នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​អង្គការ​ក្រៅរដ្ឋាភិបាល ដែល​តាមឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ទីបេ។ យើងសង្កេតឃើញ​ថា ការដុតសម្លាប់​ខ្លួនឯង គឺ​ជា​មធ្យោបាយ​ថ្មីមួយ ដែលប្រជាជន​ទីបេ​តែងតែ​យក​មក​ប្រើ ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​ចិន។

យោងតាម​អង្គការ International Campaign for Tibet (ICT) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីងតោន​សហរដ្ឋ​អាមេរិក យុវជន​ទីបេពីរនាក់ ដែល​បាន​ដុតសម្លាប់​ខ្លួនឯង កាល​ពីថ្ងៃ​អង្គារ មាន​អាយុ ១៧ឆ្នាំ និង​១៨​ឆ្នាំ គឺ​ជា​អតីត​មិត្ត​រួមថ្នាក់ កាល​ពី​នៅ​សាលា​បឋម​សិក្សា។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ក្នុង​ខេត្ត​ស៊ីឈ័ន ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ឆៀង​ខាង​លិច​ប្រទេស​ចិន ក្បែរ​តំបន់​ស្វយ័តទីបេ ហើយ​ជា​ខេត្ត​ដែល​សម្បូរ​ទៅដោយ​ជនជាតិ​ទីបេ​រស់នៅ។

សាកសព​របស់​យុវជន​ទីបេ​ទាំងពីរ​នេះ​ត្រូវ​បាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ផ្ទះវិញហើយ ក៏ប៉ុន្តែ មិនប្រាកដ​ថា ពួកគេ​អាច​រៀបចំ​ធ្វើ​បុណ្យសព​ទៅតាម​ទំនៀមទម្លាប់​ទីបេ​បាន​ទេ ពីព្រោះ​ថា ជាទូទៅ អាជ្ញាធរ​ចិន​តែងតែ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​រៀបចំ​ពិធីបុណ្យ​សព​តាម​ទំនៀមទម្លាប់​ទីបេ​ទេ ចំពោះ​ជនទីបេណា ដែល​​យកការ​ដុតសម្លាប់​ខ្លួនឯង ដើម្បី​ជាការ​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​ចិន។

បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅរដ្ឋាភិបាល និង​សកម្មជន​សិទ្ធិមនុស្ស ករណី​ជនជាតិ​ទីបេ​ដុតសម្លាប់​ខ្លួនឯង ឬ​ប៉ុនប៉ង​ដុតសម្លាប់​ខ្លួនឯង បាន​កើនឡើង​រហូតដល់​ ១០៤​ករណី​ហើយ ចាប់តាំង​ពី​ឆ្នាំ​២០០៩​មក បើ​បូករួម​ជាមួយ​នឹង​យុវជន​ទីបេ​ទាំង​២នាក់​ចុងក្រោយ​នេះ។

ការ​ដុតសម្លាប់​ខ្លួនឯងនេះ​ ត្រូវ​ប្រជាជន​ទីបេ​ ភាគច្រើន​ជា​ព្រះសង្ឃ និង​ដូនជី យក​មកធ្វើ​ជា​មធ្យោបាយ​ទាក់ទាញ​អារម្មណ៍​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​ដឹង​ពី​ការ​តវ៉ា​របស់​ពួកគេ ប្រឆាំង​នឹង​អាណាព្យាបាល​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ទៅលើ​តំបន់​ទីបេ និង​ការ​គាប​សង្កត់​ពីសំណាក់​អាជ្ញាធរ​ចិន​ចំពោះ​សាសនា និង​វប្បធម៌​ទីបេ។ ទាំងនេះ​បើ​តាម​ការ​អះអាង​របស់​ក្រុមអង្គការ​ក្រៅរដ្ឋាភិបាល និង​សកម្មជន​សិទ្ធិមនុស្ស​ទីបេ។

ក៏ប៉ុន្តែ ដោយសារ​តែ​តំបន់​ទីបេ គឺ​ជា​តំបន់​ ដែល​អាជ្ញាធរ​ចិន​ហាមឃាត់​មិន​ឲ្យ​មាន​វត្តមាន​អ្នក​សារព័ត៌មាន​បរទេស គេ​ពិបាក​នឹង​បញ្ជាក់​ឲ្យបាន​ច្បាស់​ថា តើ​ការអះអាង​​របស់​​អង្គការ​ក្រៅរដ្ឋាភិបាល និង​សកម្មជន​សិទ្ធិមនុស្ស​នេះ គឺ​ពិតជា​ត្រឹមត្រូវតាម​ភាពពិតជាក់ស្តែង​ត្រឹមកម្រិតណា?

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ