អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សហគមន៍​អន្តរជាតិ​​មមាញឹក​​ជួយហ្វីលីពីន​ ពេល​​​អង្គការ​សហប្រជាជាតិ​​បើកកិច្ចប្រជុំ​​ស្តីពី​ការប្រែប្រួល​​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហគមន៍​អន្តរជាតិ និង​អង្គការ​មនុស្សធម៌ផ្សេងៗ​​កំពុង​មមាញឹក​ដៃជើង នៅ​ហ្វីលីពីន​ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះនៅហ្វីលីពីន​។ ​ព្យុះហៃយ៉ាន​បាន​វាយប្រហារ​ហ្វីលីពីន​កាល​​ពី​ចុង​សប្តាហ៍​មុន បាន​សម្លាប់​មនុស្ស​ជាងមួយម៉ឺននាក់។ នៅថ្ងៃចន្ទ​ម្សិលមិញ​នេះ អង្គការ​សហប្រជាជាតិ​ប្រាប់ថា​​​​ ចំនួន​អ្នកស្លាប់​ដោយព្យុះ​ហៃយ៉ាន​នៅ​ហ្វីលីពីន ​អាច​លើស​ពី​​មួយម៉ឺននាក់​​ទៅទៀត។ ព្យុះហៃយ៉ាន​បាន​បញ្ចប់​ដំណើរ​របស់ខ្លួន​ហើយ បន្ទាប់​ពី​បាន​វាយប្រហារ​វៀតណាម និង​ចិន​ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ប្រជាជន​ក្រុងតាក្លូបង់​បាន​ជួបជុំគ្នា​ នៅថ្ងៃ​អង្គារ​នេះ​ ដើម្បី​ចូលទៅ​កន្លែង​ទូរសព្ទ​​ដោយ​ឥតបង់ប្រាក់ ទូរសព្ទ​ទៅបងប្អូន​ខ្លួន។​
ប្រជាជន​ក្រុងតាក្លូបង់​បាន​ជួបជុំគ្នា​ នៅថ្ងៃ​អង្គារ​នេះ​ ដើម្បី​ចូលទៅ​កន្លែង​ទូរសព្ទ​​ដោយ​ឥតបង់ប្រាក់ ទូរសព្ទ​ទៅបងប្អូន​ខ្លួន។​ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​នៅហ្វីលីពីន​បន្ទាប់​ពី​ព្យុះហៃយ៉ាន​បាន​បញ្ចប់ទៅ

យោងតាម​អង្គការ​សហប្រជាជាតិ​ ក្រុង​តាក្លូបង់​ដែល​ស្ថិត​ក្នុង​ដំណើរ​នៃ​ព្យុះហៃយ៉ានដែល​បាន​បោកបក់​ក្នុង​ល្បឿន​ជាង​៣០០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​​​នោះ បាន​រងគ្រោះ​ខ្លាំងបំផុត គឺ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា​មួយម៉ឺននាក់​ឯណោះ។​ ដូច្នេះ ចំនួន​អ្នកស្លាប់​ នៅហ្វីលីពីន អាច​កើនឡើង​លើស​ពី​មួយម៉ឺននាក់ ដែល​មាន​ចែង​ក្នុង​តួលេខ​របស់​អាជ្ញាធរ។

បញ្ហាចោទ​នៅ​ពេលនេះ គឺ​ថា​នៅក្រុង​តាក្លូបង់ ដែល​រងគ្រោះ​ខ្លាំងបំផុត​នោះ បន្ទាប់​ពីព្យុះ​ហៃយ៉ាន​បាន​បញ្ចប់​ទៅនោះ គឺ​មាន​ការលួចប្លន់​មានលក្ខណៈជាទូទៅទៅហើយ។ ជន​ដែល​រួច​ពីការ​ស្លាប់ មាន​អស់សង្ឃឹម​ខ្លាំង ហើយ​ដោយ​ប្រឈម​ទៅនឹង​​ភាព​​អត់អាហារ ខ្វះខាត​ថ្នាំពេទ្យ ដើម្បីព្យាបាល​នោះ មនុស្ស​មួយចំនួន​ក៏​បាន​ចូលទៅលួច​ប្លន់ នៅតាម​ហាងទំនិញនានា។ ដើម្បី​ទប់ស្កាត់បញ្ហា​នេះ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ដាក់បម្រាមគោចរ ចន្លោះពីម៉ោង១០យប់​ រហូត​ដល់​ម៉ោង​៦ព្រឹក មិនអោយ​ប្រជាជនចេញដើរ​ផ្តេសផ្តាស។ កងទ័ព​រាប់រយនាក់​ត្រូវបាន​ដាក់ពង្រាយ​នៅក្រុង​តាក្លូបង់។ រដ្ឋាភិបាលក៏បាន​ដាក់រថពាសដែក​បួនគ្រឿង​នៅទីនោះ​ដែរ ដើម្បី​កំញ៉ែង​ជន​ដែល​មានបំណង​លួចប្លន់។

ដោយឡែក ទាហាន​ហ្វីលីពីន​បាន​យក​យន្តហោះ​ទៅដឹក​ជនរងគ្រោះ មានកុមារ មនុស្សចាស់ និង​អ្នករបួស​ផ្សេងៗ នាំទៅ​ព្យាបាល​នៅ​ក្រុងម៉ានីល។

សហគមន៍អន្តរជាតិ​ ប្រទេស​ជាច្រើន និង​អង្គការ​មនុស្សធម៌ជាច្រើន​ក៏បាន​​បញ្ជូន​សម្ភារៈ ជួយជាលុយកាក់ ដល់ហ្វីលីពីន​ផងដែរ។ ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នៅពេលនេះ គឺ​អង្គការ​មនុស្សធម៌​នានា មិន​ចង់​អោយ​មានការខុសឆ្គង ដូច​ជា​កាលពី​ឆ្នាំ​២០០៤ ពេល​អាស៊ីអគ្នេយ៍​ជួប​មហន្តរាយ​ដោយ​រលកយក្ស​ស៊ូណាមី។ បញ្ហា​កាលណោះ​ គឺថា​អង្គការ​នានា​ បាន​ប្រជែងគ្នា​បញ្ជូន​សម្ភារៈ​ឥតប្រយោជន៍​ជាច្រើនជួយ​ជនរងគ្រោះ។ ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​ឆ្នាំ២០០៤ ក៏​មាន​បញ្ហា​គ្រប់គ្រង​ថវិកា​ជួយ​ប្រទេស​រងគ្រោះផងដែរ។ រហូត​មកដល់ពេលនេះ​ ថវិកា​​ដែល​ត្រូវ​ផ្តល់​ជួយសាងសង់​ជួសជុល​ទីកន្លែង​ខូចខាត​ក៏​នៅមិនទាន់​ឃើញ​ផ្តល់អោយ​​តាមសន្យា​ផង។ ប្រាក់កាស​ជាច្រើន​ត្រូវ​ចំណាយ​ក្នុង​រឿង​ឥតប្រយោជន៍។ ដូច្នេះ អង្គការ​មនុស្សធម៌​ចង់ចៀស​​ការខុសឆ្គងដដែល​នេះ។

 
ព្យុះមហន្តរាយ​ហៃយ៉ាន​ និងព្យុះដែលមាន​កន្លងមក​ក្នុងពិភពលោក អាច​ជាលទ្ធផល​បង្ក​ដោយ​ការប្រែប្រួល​អាកាសធាតុ​?
 
អ្នកជំនាញ​ឧតុនិយម​នៅមិនទាន់​យល់ឃើញថា ការប្រៃប្រួល​អាកាសធាតុ និង​ការកើនឡើង​សីតុណ្ហភាពនៃភពផែនដី​ អាច​ជាមូលហេតុ​បង្ក​អោយ​មាន​ព្យុះហៃយ៉ាន​ និង​ព្យុះ​ផ្សេងៗ​កន្លងមកទេ។

ដោយឡែក នៅ​ខែ​កញ្ញា ឆ្នាំ២០១៣នេះ​ អ្នកជំនាញ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ចេញរបាយការណ៍​ថា ការប្រែប្រួលអាកាសធាតុ​ក្នុង​ពិភពលោក​៩៥ភាគរយ គឺ​បង្ក​ដោយសារ​មនុស្សយើង។ គេ​រំពឹង​ក្នុង​របាយការណ៍​នោះថា នៅ​ឆ្នាំ២១០០ កំពស់​ទឹកសមុទ្រ​អាច​ឡើងពី​២៦សង់ទីម៉ែត្រ​ ដល់​៨២សង់ទីម៉ែត្រ​ឯណោះ។ ហើយ​សីតុណ្ហភាព​អាច​ឡើងពី​០,៣អង្សារ ដល់​៤,៨អង្សារ។

ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុនេះ អង្គការ​សហប្រជាជាតិ​បាន​រៀបចំ​កិច្ចប្រជុំ​មួយ នៅ​វ៉ាសូវី ដែល​មានប្រទេស​ជិត​២០០ចូលរួម។ កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​មក ហើយ​នឹង​បញ្ចប់​ទៅ​​ថ្ងៃ​២២វិច្ឆិកា​ខាងមុខ។ លោក ណាដេរ៉េវ សាណូ ជា​តំណាង​ហ្វីលីពីន​ដែល​បាន​ចូលរួម​សន្និសីទ​អង្គការ​សហប្រជាជាតិស្តីពី​ការប្រែប្រួល​អាកាសធាតុ​ បាន​លើកឡើង​​ថា គឺដោយសារ​តែ​ការ​ឡើង​​កំដៅ​​សីតុណ្ហភាព​នៃភពផែនដី​នេះហើយ បាន​ជា​ហ្វីលីពីន​រងគ្រោះ​ដោយព្យុះ​ហៃយ៉ាន ដល់​ថ្នាក់នេះ។

លោក​សាណូ បាន​ធ្វើកូដកម្ម​បង្អត់អាហារ​ខ្លួនឯង​ ដើម្បី​តវ៉ា​នឹង​​ភាពអសកម្ម​របស់​បណ្តា​ប្រទេស​​នានា ដែល​មិនព្រម​ចាត់វិធានការ​ជាក់ស្តែងអ្វីទាំងអស់ ដើម្បី​ទប់ទល់​ការ​ប្រែប្រួល​​អាកាសធាតុនេះ។

ក្នុង​កិច្ចប្រជុំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នេះ លោក សាណូ និង​តំណាង​ប្រទេស​ផ្សេងទៀត ក៏បាន​សុំអោយមានវិធានការ​ជាក់ស្តែង និង​មាន​ជាមូលនិធិច្រើន​បន្ថែមទៀត​ជួយដល់​ប្រទេស​ក្រីក្រ។ ព្រោះថា ប្រទេស​ក្រីក្រ​នេះហើយ​ដែលរង​មហន្តរាយ​ធម្មជាតិ​ច្រើនជាងគេ។

ដូច្នេះ​ កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​នៅវ៉ាសូវីនេះ ត្រូវ​តែ​រក​ដំណោះស្រាយ​អោយ​បាន​ឆាប់រហ័ស ព្រោះថា អ្នក​ដែលរងគ្រោះ​មុនគេ​នោះ គឺ​កូនចៅ​ជំនាន់​ក្រោយ​យើង​នេះហើយ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ