អានតួអត្ថបទ
អង់គ្លេស

សហភាព​អឺរ៉ុប​​ជំរុញអោយ​អង់គ្លេស​ឆាប់​ធ្វើ​និតិវិធី​ចេញពី​អឺរ៉ុប​

បន្ទាប់​ពីពលរដ្ឋ​​​អង់គ្លេស​​​​បោះឆ្នោត​​អោយ​អង់គ្លេស​ដកខ្លួន​ពី​​​អឺរ៉ុប​មក មេដឹកនាំ​ស្ថាប័ន​អឺរ៉ុប​ធំៗ​បាន​​ជំរុញ​អោយ​អង់គ្លេស​ប្រញាប់ប្រញាល់​ធ្វើនិតិវិធី​ចរចា​ដកខ្លួន​ពី​អឺរ៉ុប​អោយបាន​​ឆាប់ៗ។ អឺរ៉ុប​សោកស្តាយ​ដែល​អង់គ្លេស​​​​សម្រេច​ដើរចេញ តែ​គូសបញ្ជាក់​ថា គោរព​តាម​ការ​សម្រេច​របស់​​ពលរដ្ឋ​​អង់គ្លេស។

ទង់ជាតិ​អឺរ៉ុប​និង​ទង់ជាតិ​អង់គ្លេស
ទង់ជាតិ​អឺរ៉ុប​និង​ទង់ជាតិ​អង់គ្លេស REUTERS/Neil Hall
ផ្សាយពាណិជ្ជកម្ម

ក្រោយ​​ការ​ប្រកាស​​លទ្ធផល​ប្រជាមតិ នៅអង់គ្លេស នៅថ្ងៃសុក្រ​២៤មិថុនានេះ ប្រធាន​ស្ថាប័នអឺរ៉ុប​ធំៗ ដូចជា​​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ លោក​ ដូណាល់ ថាស្ក ​​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក​ហ្សង់​ក្លូត​ យ៉ុងកឺ ប្រធា​ន​សភា​អឺរ៉ុប​លោក​ម៉ាទីន ស្ហ៊ូល និង​ប្រធាន​សហភាព​អឺរ៉ុប ​លោក​ម៉ាក រូត មិនបង្អង់​យូរ​ទេ បាន​នាំគ្នា​​ជំរុញ​អង់គ្លេស​អោយ​​ប្រញាប់​​​រៀបចំ​និតិវិធី​ចាកចេញ​អោយឆាប់ៗតែម្តង។

សហភាពអឺរ៉ុប​មិនចង់អោយ​អង់គ្លេស​ពន្យារ​ពេល​យូរ ព្រោះខ្លាច​មាន​ភាព​មិនច្បាស់លាស់​ណាមួយ​កើតឡើង។ មូលហេតុ​ ​គឹ​ថា ​នាយករដ្ឋមន្ត្រី​អង់គ្លេស​ ដាវីត កាមេរ៉ន ​ដែល​បាន​គាំទ្រ​អោយ​អឺរ៉ុប​បន្ត​ស្ថិត​នៅ​សហភាពអឺរ៉ុប បាន​ប្រកាស​លាលែង​ពីតំណែង​ជា​នាយករដ្ឋមន្ត្រី ចាប់ពី​ខែតុលា​ទៅ។  ទំរាំ​​មេដឹកនាំ​អង់គ្លេស​ថ្មី ចូល​កាន់កាប់​អំណាច​បន្ត​ពី​លោក​កាមេរ៉ន ដើម្បី​រៀបចំ​និតិវធី​ចាកចេញ​ពី​អឺរ៉ុប គឺ​អឺរ៉ុប​ត្រូវចាំ​រហូត​ដល់ខែតុលា។ ការចរចាពី​និតិវិធី​នេះ​ទៀតសោត ក៏អា​ច​​ត្រូវ​ចំណាយពេល​លើស​ពី​២ឆ្នាំដែរ។

ដោយឡែក អង់គ្លេស​នៅ​តែ​ជាសមាជិក​អឺរ៉ុប​នៅឡើយ រហូត​​ដល់​និតិវិធី​ចរចា​​​ធ្វើ​ចប់​សព្វគ្រប់ ទើប​អង់គ្លេស​អស់ឈ្មោះ​ជា​សមាជិកអឺរ៉ុប។

មើលទៅ មេដឹកនាំ​ស្ថាប័ន​អឺរ៉ុប​ចង់​ប្រាប់ទាំង​​ពលរដ្ឋ​អង់គ្លេស ទាំង​ក្រុមប្រឆាំង​នយោបាយ​អឺរ៉ុប​​ថា បើពួកគេ​​សម្រេច​​ចាកចេញ​ពីអឺរ៉ុប​ហើយ ពួកគេ​មិនត្រូវរួញរា​ទេ នាំតែ​​រញ៉េរញ៉ៃ​វែងឆ្ងាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ