អានតួអត្ថបទ
អ៊ីរ៉ង់

សហភាព​អឺរ៉ុប​ថ្លែង​ក្តីព្រួយ​បារម្ភ​ជាខ្លាំង​ចំពោះ​ការ​មិន​ទទួល​ស្គាល់​មន្ត្រី​អធិការ​កិច្ច​ផ្នែក​ថាមពល​ពី​សំណាក់​អ៊ីរ៉ង់

ថ្ងៃព្រហស្បតិ៍​ ទី​៧វិច្ឆិកា ក្រុម​ប្រឹក្សា​នៃ​ទីភ្នាក់ងារ​ថាមពលអន្តរជាតិ AIEA បាន​ជួប​ប្រជុំ​គ្នា​ជាបន្ទាន់​នៅ​ក្រុង​វីយ៉ែន​ ប្រទេស​អូទ្រីស។ ក្នុង​ជំនួបពិភាក្សា​​នេះ អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប ក៏​បាន​ថ្លែង​ក្តីបារម្ភយ៉ាងខ្លាំង ចំពោះការមិនទទួលស្គាល់មន្ត្រីអធិការកិច្ចផ្នែកថាមពលរបស់អង្គការសហប្រជាជាតិ ពីសំណាក់អ៊ីរ៉ង់។

ស្នាក់ការកណ្តាល​របស់​ទីភ្នាក់ងារថាមពលអន្តរជាតិ AIEA នៅក្រុង​វីយ៉ែន
ស្នាក់ការកណ្តាល​របស់​ទីភ្នាក់ងារថាមពលអន្តរជាតិ AIEA នៅក្រុង​វីយ៉ែន REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ច​ប្រជុំបន្ទាន់​របស់​ក្រុម​ប្រឹក្សា​នៃ​ទីភ្នាក់ងារ​ថាមពលអន្តរជាតិនេះ ឧទ្ទិស​ជាសំខាន់​បំផុតទាំង​ស្រុង​​ចំពោះ​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ មន្ត្រី​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្តែង​ក្តី​សោកស្តាយជាពន់ពេក​​ និង​ព្រួយ​បារម្ភ​ជា​ខ្លាំង ចំពោះ​ការមិនទទួលស្គាល់មន្ត្រីអធិការកិច្ចផ្នែកថាមពល ពី​សំណាក់អ៊ីរ៉ង់ កាលពី​ចុង​ខែ​តុលា​។ មន្ត្រី​សហភាព​អឺរ៉ុប ក៏ថែម​ទាំង​​អំពាវវនាវ​ឱ្យ​អ៊ីរ៉ង់​គោរព​​ក្រុម​អ្នក​ធ្វើ​អធិការកិច្ច និង​ធានា​ឱ្យ​ពួកគេ​បំពេញ​ការងារ​របស់​ពួក​គេ​បាន​ល្អពេញ​លេញ​។

ដើមហេតុ​ដែល​អ៊ីរ៉ង់​ដក​ទំនុក​ចិត្ត​ចំពោះ​លោកស្រី​អធិការកិច្ច​ផ្នែក​ថាមពលរបស់​អង្គការ​សហប្រជាជាតិ ដោយសារតែ​ឧប្បតិហេតុ​មួយ កើត​ឡើង​នៅពេល​ចុះ​ត្រួតពិនិត្យ​ធ្វើ​អធិការកិច្ច​នៅ​រោង​ចក្រ​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម​មួយ​កន្លែង​ នៅ​កណ្តាល​ប្រទេស​​អ៊ីរ៉ង់។ នៅពេល​នេះ លោកស្រី​អធិការ​​បាន​យក​វត្ថុ​អ្វី​ម្យ៉ាង​ជាប់​នឹង​ខ្លួន បណ្តាល​ឱ្យ​ប្រព័ន្ធ​ម៉ាស៊ីន​ប្រកាស​អាសន្ន​ នៅ​រោងចក្រ​ ស្រែក​សំឡេង​រោទិ៍​ឡើង ហើយ​ធ្វើ​​ឱ្យ​មាន​ភាព​ជ្រួល​ច្របល់​ និង​ក្តី​ភ័យ​ខ្លាចកើតឡើង​​។

ក្រោយ​ហេតុ​ការណ៍​​នេះ អ៊ីរ៉ង់​បាន​ដក​ការ​ទទួល​ស្គាល់​រូប​លោកស្រី​ជាអធិការ​ផ្នែក​ថាមពល ដោយ​សារ​តែ​សំអាង​ថា​លោកស្រី​មន្ត្រី​អធិការកិច្ច​មាន​វិបត្តិ​អាកប្បកិរិយា​។ អ៊ីរ៉ង់​ថែមទាំង​យល់ទៀតថា ចរិតលក្ខណៈ​មិន​សមរម្យមន្ត្រី​អធិការកិច្ចរូបនោះ​ គឺ​មិន​អាច​ទទួល​យក​បាន​ ហើយ​អ៊ីរ៉ង់​នឹង​មិនអាច​យោគយល់​ឱ្យបាន​​សោះឡើយចំពោះ​ចរិត​បែប​នេះ ព្រោះ​អ៊ីរ៉ង់​យល់ថា​អាច​នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់ខ្លួន​ ក្នុង​​ការ​ដំណើរ​ផលិត​ថាមពលនុយក្លេអ៊ែរ​។ អ៊ីរ៉ង់​ទាមទារ​ដក​ឈ្មោះ​មន្ត្រី​អធិការកិច្ចរូបនោះ ចេញពី​បញ្ជីឈ្មោះ​នៃ​មន្ត្រី​អធិការកិច្ច​របស់​ទីភ្នាក់ងារថាមពលអន្តរជាតិ (AIEA)។ មិនត្រឹមតែប៉ុណ្ណោះ​ សមត្ថកិច្ច​អាជ្ញាធរ​អ៊ីរ៉ង់​​ថែម​ទាំង​បើក​ការ​ស៊ើប​អង្កេត​នៅ​ផ្ទះ​របស់​លោកស្រី​អធិការ​រូប​នោះ​ទៀត​ផង។​

ក្រោយ​ការ​សម្រុះ​សម្រួលគ្នា, ឧប្បតិហេតុ​នេះបាន​ដោះស្រាយ​រួច​ហើយ​ ហើយ​​សហភាព​អឺរ៉ុប​សង្ឃឹម​ថា រឿង​ហេតុ​ដូច្នេះ នឹង​មិន​កើត​មាន​ជាថ្មី​ឡើង។

សំណុំ​រឿង​នុយក្លែអ៊ែរ​អ៊ីរ៉ង គឺ​ស្មុគស្មាញ​ខ្លាំង នៅ​ក្រោយពេល​ដែល​អាមេរិក របស់​លោក ដូណាល់ ត្រាំ ​ដក​ខ្លួនចេញ​​ពីកិច្ច​ព្រមព្រៀង​​អ៊ីរ៉ង់ជាមួយ​នឹង​​អង្គការ​សហប្រជាជាតិ​។ ជាការ​សងសឹក នៅពេល​ថ្មីៗនេះ​ ​អ៊ឺរ៉ង់​ពឹត​តែ​ប្រកាស​ក្តែង​ៗ​ថា​ កំពុង​សំងំ​​ចម្រាញ់​ចម្រើន​ធាតុ​អ៊ុយរ៉ាញ៉ូម ដែល​ជាសារ​​ធាតុ​សំខាន់​សម្រាប់​ផលិត​គ្រាប់​បែក​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ