ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ ជា​ស្ត្រីទីមួយដែល​ជាប់ឆ្នោតធ្វើ​ជា​ប្រធានគណៈកម្មការអឺរ៉ុប

 រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ ជា​ស្ត្រីទីមួយដែល​ជាប់ឆ្នោតធ្វើ​ជា​ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន គឺជារដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ ភេទស្រីទី​មួយ​របស់​អាល្លឺម៉ង់ ​ហើយក៏ជាអ្នកនយោបាយ​ស្ត្រីទីមួយដែល​បានចូលកាន់តំណែង ជាប្រធានគណៈកម្មការអឺរ៉ុប ដែរ​។ REUTERS/Francois Lenoir

    សភាអឺរ៉ុប ថ្ងៃអង្គារទី​១៦កក្កដា បាន​បោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់​ លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន (Ursula von der Leyen) ឱ្យ​ធ្វើជាប្រធានគណៈកម្មការអឺរ៉ុប បន្ត​អាណត្តិ​ពីលោក ហ្សង់ក្លូដ ហ្ស៊ុងគ័រ (Jean-Claude Juncker)។ លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន ​គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ភេទស្រី​ទីមួយ​​របស់​​អាល្លឺម៉ង់ ហើយ​ក៏​ជា​​អ្នក​​នយោបាយ​ស្ត្រី​ទីមួយ​​ដែល​បាន​ចូល​​​កាន់តំណែង​ ជា​ប្រធានគណៈកម្មការអឺរ៉ុប ដែរ​​។ ​ចំពោះ​​ តំណែង​កំពូលអឺរ៉ុបមួយ​នេះ គឺ​អាល្លឺម៉ង់​មិន​បាន​កាន់​ ជាង​៥ទសវត្សរ៍​មកហើយ។

    លោកស្រី វ៉ុនឌែរ ឡេយែន គឺជារដ្ឋមន្ត្រី​ដែល​ស្និទ​ខ្លាំងទៅនឹង​អធិការ​បតី​អាម្លឺម៉ង់  Angela Merkel។ ក្រៅពីនេះ តើ​គេ​ស្គាល់​អ្វីខ្លះ​ពី​លោកស្រី វ៉ុនឌែរ ឡេយែន ?

    សព្វថ្ងៃនេះ​ លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែន មាន​អាយុ​៦០ឆ្នាំ មាន​កូនច្រើន​ ចំនួន​​៧នាក់ ហើយ​ស្វាមី​របស់​លោកស្រី ​គឺជា​វេជ្ជបណ្ឌិត និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ ក្រៅពីប្រើ​ភាសា​អាល្លឺម៉ង់, លោកស្រីចេះដឹង​អង់គ្លេស និង​បារាំង​ បា​នច្បាស់​លាស់។

    បិតា​​របស់​លោកស្រី គឺជា​អតីត​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ ក្នុង​រដ្ឋ​មួយ​ភាគខាងជើងប្រទេស​​ ហើយ​ក្រោយ​​មក គាត់​ធ្វើការ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ស្ថាប័ន​សហ​ភាព​អឺរ៉ុប​ នៅ​ព្រុច​សែល ប្រទេស​បែលហ្សិ​ក ជា​ទី​ដែល​ផ្តល់​កំណើត​ដល់កុមារី វ៉ុនឌែរ ឡេយែន។

    លោកស្រី ​ជា​បុត្រីក្នុង​ត្រកូល​អ្នក​នយោបាយក៏ពិត​មែន​ ក៏ប៉ុន្តែ លោកស្រី​​ត្រូវ​រង់ចាំ​ដល់​ទៅអាយុ​​ជាង​៤៣ឆ្នាំទៅហើយ ទើប​សម្រេច​ចូ​លប្រលូក​ក្នុង​នយោបាយ​អាល្លឺម៉ង់។ នៅ​ឆ្នាំ​២០០៥ ក្នុង​អាណត្តិ​ដឹកនាំ​របស់លោកស្រី អធិការបតីអាម្លឺម៉ង់ អង់ហ្គឺឡា ម៉ាក់គែល, លោកស្រីវ៉ុនឌែរ ឡេយែន ​ធ្វើ​ជារដ្ឋមន្ត្រីកិច្ចការ​គ្រួសារ, ក្រោយ​មក ធ្វើជារដ្ឋមន្ត្រី​ក្រសួង​ការងារ​និងកិច្ចការសង្គម​កិច្ច, ហើយ​នៅឆ្នាំ​២០១៣ លោកស្រី វ៉ុនឌែរ ឡេយែន បាន​ក្លាយ​ជា​ស្ត្រី​អាល្លឺម៉ង់​ទីមួយ ដែល​កាន់ការងារ ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

     

    នៅ​អាល្លឺម៉ង់ អ្នក​មួយ​ចំនួន​យល់ថា លោកស្រី​ វ៉ុនឌែរ ឡេយែន ជា​រដ្ឋមន្ត្រី​ដែល​អសមត្ថភាព និង​អប្រជា​ប្រិយភាព​ទៀត​ផង! ចុះ​ហេតុអ្វី​បាន​ជា​លោកស្រី​អាច​ត្រូវ​សភា​អឺរ៉ុប​បោះឆ្នោត​ជ្រើស​តាំង​ជា​ប្រធាន​គណៈ​កម្មការ​អឺរ៉ុប​ទៅវិញ?

    គេយល់ថា លោកស្រីអសមត្ថភាព ព្រោះធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​និងពាក្យ​ចចាម​​អារាម​មួយ​ចំនួន។ ឧទាហរណ៍ គេ​ទាមទារ​ឲ្យដក​សញ្ញាបត្រ​បណ្ឌិត​របស់​លោក​ស្រី​ចោល ពីព្រោះថា និក្ខេបបទ​ថ្នាក់​បណ្ឌិតរបស់​លោកស្រី​ គឺមានកន្លែង​ខ្លះ ត្រូវ​គេ​រកឃើញថា មាន​ការ​លួច​ចម្លង​ពី​អ្នក​ដទៃ។

    នៅក្នុង​អាណត្តិ​កាន់ការងារ​ជា​រដ្ឋមន្ត្រី​ការពារជាតិ , លោកស្រី​បាន​បង្ហាញ​មុខ​ច្រើន​ពេក​ ជា​មួយ​ពួក​យោធា​ធំៗ ដែល​ជារូប​ភាព​មិន​សូវ​ល្អ​។ មិនតែប៉ុណ្ណោះ ក៏​មាន​សំណុំ​រឿង​ពុករលួយ​មួយ​ចំនួន​ ក៏ត្រូវ​ចោទ​ប្រកាន់​ទៅលើលោកស្រី ដូចជារឿង​ចាយ​លុយ​ទិញ​សម្ភារៈ​យោធា ដែល​គេ​សង្ស័យ​ថា​មា​នអំពើ​ពុករលួយ។ ចំណែក​ឯ ការ​​ជ្រើសរើសអ្នក​​ទីប្រឹក្សា​ក្រសួង គឺក៏មាន​ការ​រំលោភ​​នីតិវិធី​ជ្រើសរើស​បុគ្គលិក ដែល​ត្រូវចាយ​លុយ​ជាង​២០០លាន​ក្នុង​ឆ្នាំ​២០១៥-២០១៦។ រឿង​នេះ​ត្រូវ​​គេ​ចោទ​លោកស្រី​ថា​ពុករលួយលួច​លុយ​ជាតិ​​។

    នៅមាន​រឿង​ខ្លះ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អាល្លឺម៉ង់​ខ្លះ​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​លោកស្រី​ដែរ កាលពីពេល​ដែល​គាត់​ធ្វើជារ​រដ្ឋមន្ត្រី​ទទួល​បន្ទុកកិច្ចការ​​គ្រួសារ។​ ពោល​ជារឿង​គឺ​ពាក់ព័ន្ធ​នឹង​នយោបាយ​លើកកម្ពស់​ស្ត្រី ដោយ​ជំរុញ​ឲ្យ​មាន​​ច្បាប់​និង​បទដ្ឋានជា​​ច្រើន ​ដើម្បី​គាំទ្រ​លំហែ​មាតុភាព, បង្កើត​កម្មវិធី​អប់រំ​ឪពុកម្តាយ​វ័យក្មេង​ឲ្យ​ចេះថែទាំ​ទារក ដូចជាត្រូវចេះ​ប្តូរ​ខោទឹក​នោម​កុមារ​ជាដើម... រឿង​ទាំង​នេះ ត្រូវ​អ្នក​ខ្លះគិតអវិជ្ជមាន​ទៅវិញ ហើយថែមទាំង​ចំអកឲ្យ​លោកស្រី​ថា លោកស្រី​កំពុង​ជំរុញ​ឲ្យ​ស្ត្រី​អាម្លឺម៉ង់​ក្លាយ​ជា​ម៉ាស៊ីន​សម្រាប់​បង្កើត​កូន​។

    រឿង​អប្រជាប្រិយភាព​ផ្សេងទៀត ក៏​គេអា​ច​មើលឃើញដែរ នៅក្នុង​ការ​បោះឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្ត​ឲ្យ​លោកស្រី​ក្លាយ​ជា​ប្រធានគណៈកម្មការ​អឺរ៉ុប កាលពីពេល​ថ្មីៗនេះ។ អង្គបោះឆ្នោត​មាន​៧៤៧នាក់ ប៉ុន្តែ​ ​សំឡេង​គាំទ្រលោកស្រី​ បាន​តែ៣៨៣ប៉ុណ្ណោះ​ គឺច្រើន​ជាង ពាក់កណ្តាលតែ​ ៩ សំឡេង​ប៉ុណ្ណោះ គឺវា​តិចតួច​ណាស់ បើ​ធៀប​នឹងលោក ហ្សង់ក្លូដ​ ហ្ស៊ុងគ័រ ដែល​ជាប់​ឆ្នោត​ធ្វើ​​ជា​ប្រធានគណៈកម្មការ​អឺរ៉ុប កាលពី​ឆ្នាំ ២០១៤ គឺលោក​បា​ន​​សំឡេង​​គាំទ្រ​ដល់ទៅ​៤២២ឯណោះ​។​​

    ការ​ជាប់​ឆ្នោតរបស់​លោកស្រី​នៅពេលនេះ ត្រូវ​បុគ្គល​​មួយ​ចំនួន​ គេ​ខ្សឹបខ្សៀវ​គ្នាថា គឺ​ដោយ​សារតែ​ការ​ជួយ​ជ្រោម​ជ្រែង​និង​ការ​ត្រូវរ៉ូវ​គ្នា​ខ្លាំង របស់​ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុង និង​​អធិការបតី​អាល្លឺម៉ង់ លោកស្រី ម៉ាក់​គែល។

     

    លោកស្រី វ៉ុនឌែរ ឡេយែន ​នឹង​ត្រូវ​ចូល​កាន់​តំណែងនៅ​ដើមខែ​វិច្ឆិកា។ តើ​លោកស្រី​មាន​ផែនការ​ដឹកនាំ​សំខាន់ៗដូ​ចម្តេច​ខ្លះ?

    ភ្លាមៗ​ក្រោយ​ពី​ទទួល​ការ​ទុកចិត្ត​ពីសភាអឺរ៉ុប, លោកស្រី​ បាន​ឡើង​ថ្លែង​អំណរគុណ និង​បា​នប្រកាស​រួមរួម​សហការគ្នា និង​ស្ថាបនា​គ្នាទៅវិញទៅមក​ នៅក្នុច​ចំណោម​ចរន្ត​នយោបាយ​ផ្សេងៗគ្នា ជា​ច្រើន​ប្រភេទ​និង​ច្រើន​ប្រភព​ នៅក្នុងរង្វង់​​សហភាព​អឺរ៉ុប។

    លោកស្រី បាន​ប្រកាស​រួចមកហើយថា កំណត់​រយៈ​ពេល​ ១០០ ថ្ងៃ ដើម្បី​តស៊ូមតិ និងជំរុញ​ឲ្យ​សមាជិក​សហភាពអឺរ៉ុប រៀបចំ​កតិកា​សញ្ញា​មួយ​ស្តីពី​អាកាស​ធាតុ។ ហើ​យនៅក្នុង​អាណត្តិ​របស់ខ្លួន លោកស្រី​នឹង​ប្តេជ្ញាចិត្ត​ធ្វើ​ច្បាប់​ សហភាព​អឺរ៉ុប ស្តី​ពី អាកាសធាតុ។ លើសពីនេះ លោកស្រី ក៏​សន្យា​ផងដែរ ថា​នឹង​ប្រឹងប្រែងប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ​, យកចិត្តទុកដាក់​រឿង​​ផ្នែក​បរិស្ថាន ហើយលោកស្រី​​កំណត់​ថា ឆ្នាំ​២០៥០ អឺរ៉ុប​នឹង​ក្លាយ​ជាទ្វីប​មួយ​ដែល​មាន​លំនឹង​អាកាសធាតុ។ ក្នុង​ន័យនេះ បាន​សេចក្តីថា អឺរ៉ុប​នៅឆ្នាំ​២០៥០ គឺ​អាចគ្រប់គ្រង​កំណើន​ឧស្ម័នកាបូនិកបាន​ត្រឹមត្រូវ​ និងមិនឲ្យ​កើនកម្តៅ​ខ្លាំង​លើពីការ​រំពឹង​ទុក​។​

    នៅក្នុង​ទស្សនវិស័យ​ការពារអឺរ៉ុបវិញ គឺ​គេ​ឃើញ​ថា លោកស្រី​មាន​ភាពមាំទាំក្នុង​វិស័យ​យោធា​។​ ជាក់ស្តែង ​ក្នុង​នាមជា រដ្ឋមន្រ្តី​ការពារ​ជាតិ​អាល្លឺម៉ង់ លោកស្រី ​ វ៉ុនឌែរ ឡេយែន ធ្លាប់ត្រូវ​គេ​ទទួល​ស្គាល់​ថា ជាអ្នកចេញមុខ តស៊ូ​មតិ​ដើម្បីជំរុញ​បង្កើន​កញ្ចប់​ថវិកា​សម្រាប់វិស័យ​​​ការពារជាតិ​របស់អាល្លឺម៉ង់ ហើយលោកស្រី​ ក៏បាន​ចេញមុខ​ការពារ​បុព្វហេតុ​របស់​អង្គការសម្ព័ន្ធ​អូ​តង់ ឬណាតូ​ ផងដែរ​។


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • អាកាសធាតុក្តៅ

      អឺរ៉ុប​កំពុង​ទទួល​រងគ្រោះ ដោយសារ​រលកកំដៅ ក្តៅ​ខ្លាំង មិនធ្លាប់មាន

      ស្វែងយល់បន្ថែម

    • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

      អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ