អានតួអត្ថបទ
អង់គ្លេស

អង់គ្លេសប្រាប់​ឲ្យ​ពលរដ្ឋ​ត្រៀម​ខ្លួន បើ​គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​សហភាព​អឺរ៉ុប​

ថ្ងៃ​ព្រហស្បតិ៍ ទី​២៣សីហា រដ្ឋាភិបាល​អង់គ្លេស បាន​ប្រកាសឯកសារ​​គោល​ការណ៍ចំនួន​២៥ច្បាប់ ប្រាប់ពលរដ្ឋ​របស់​ខ្លួន ពី​ករណី​ត្រូវ​អនុវត្ត​និង​ត្រៀម​ខ្លួន​ទុក នៅ​ក្នុង​ករណី​ប្រសិន​បើ​អង់គ្លេស​ដក​ខ្លួន​ចេញពី​សហ​ភាព​អឺរ៉ុប​ភ្លាម ហើយ​និង​​គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​គ្នាទេ​។ គោលការណ៍​ណែនាំ​ទាំង​២៥នេះ គឺ​ផ្អែក​មួយ​នៃ​គោលការណ៍​បច្ចេកទេស​ទាំង​៨០ឯកសារ ដែល​អង់គ្លេស​ត្រូវ​ផ្សាយ​ជា​បន្តបន្ទាប់ រហូត​ដល់​ដាច់​ខែ​កញ្ញា សម្រាប់​ជូន​ដំណឹង​ដល់​ប្រជាជន​របស់​ខ្លួន។ 

បុរសម្នាក់ កំពុង​ឈរ​លើកបដានៅ​កណ្តាល​ក្រុង​ឡុង ដែលមាន​សរសេរថា ការ​ចេញ​របស់​អង់គ្លេស មាន​ប្រយោជន៍​ទេ?
បុរសម្នាក់ កំពុង​ឈរ​លើកបដានៅ​កណ្តាល​ក្រុង​ឡុង ដែលមាន​សរសេរថា ការ​ចេញ​របស់​អង់គ្លេស មាន​ប្រយោជន៍​ទេ? REUTERS
ផ្សាយពាណិជ្ជកម្ម

គោលការណ៍​ណែនាំនេះ ចេញដោយរដ្ឋមន្ត្រី​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប  ដែល​មាន​គោលដៅ​បំភ្លឺដល់ពលរដ្ឋ​អង់គ្លេស ក្រុម​ហ៊ុនរកស៊ី​ឯកជន​ និង​​អ្នក​មាន​សញ្ជាតិ​អង់គ្លេស ដែល​កំពុង​រស់​នៅ​ និងធ្វើការនៅ​ទឹក​ដី​សហភាព​អឺរ៉ុប។ ទី១ត្រូវ​ដឹង​ច្បាស់ថា ក្រោយ​ការ​ដើរ​ចេញជាផ្លូវ​​របស់អង់គ្លេស​ នៅ​ឆ្នាំក្រោយ​នេះ រាល់​ការ​ប្រើ​ប្រាស់​កាត់​គណនី​ធនាគារ នឹង​ត្រូវ​ចំណាយថ្លៃ​​ច្រើន​ជាង​មុន​។

រឿង​ឯកសារ​ពន្ធគយ ច្បាស់​ជា​នឹង​ច្រើន​ក្រាសក្រែល ដែល​ចាំបាច់​អាជ្ញាធរ​គយ​ ត្រូវ​ប្រើ​​ពេល​ច្រើន សម្រាប់​ត្រួតពិនិត្យ​ ឆែក​ឆេរ​នៅ​តាម​ព្រំដែន​។ ឯ​ការ​ទិញ​ទំនិញ​ពីក្រៅ​ប្រទេស​តាមរយៈ​អ៊ីនធឺនែត ត្រូវ​ស៊ី​ពេល​យូរជាង​មុន​ ហើយ​ទំនិញ​នឹង​យឺតយ៉ាវ​ជាង​មុន ទម្រាំ​បាន​បញ្ចូន​ដល់​អ្នក​បញ្ជា​ទិញ។ ហេតុ​ដូច្នេះហើយ ទើបរដ្ឋមន្ត្រី​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​ចាកចេញ​ពី​​សហភាព​អឺរ៉ុប បាន​ដាស់​តឿន​ដល់​ផ្នែក​រកស៊ី​ឯកជន​ និង​ផ្នែក​ហិរញ្ញវត្ថុ ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​ហើយ។ ម្យ៉ាង ផ្នែក​ធនគារ​អង់គ្លេស ក៏​ត្រូវបង្កើត​​ស្ថាប័នា​សាខារបស់​ខ្លួន​ ឬក៏ត្រូវ​រក​ដៃ​គូ​នៅ​អឺរ៉ុប​ឲ្យ​ហើយ។

ក៏ប៉ុន្តែ ផ្នែក​ចំណី​អាហារ និង​ថ្នាំពេទ្យ អង់គ្លេសនៅ​រក្សា​ការនាំចូល​ ដោយ​មា​ន​ត្រួត​ពិនិត្យ​ខ្លះ តែ​មិន​តឹង​តែង​ពេក​ទេ​​។ ហើយ អង់គ្លេស នៅ​តែ​បន្ត​ជួយ​ផ្នែក​មនុស្សធម៌​មួយ​ចំនួន​ ជាមួយ​នឹង​គម្រោង​មនុស្សធម៌​របស់​សហភាព​អឺរ៉ុប​។

ជារួម​ កិច្ច​ការ​ចរចា​គ្នារវាង​សហភាពអឺរ៉ុប​និង​អង់គ្លេស​ គឺ​សម្រេច​បាន​ស្ទើរតែ​៨០ភាគ​រយហើយ នៅ​ឡើយ​តែ រឿង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី តែប៉ុណ្ណោះ ដែល​មាន​ភាព​ចម្រូង​ចម្រាស់​ខ្លាំងជាង​គេ​។ ជា​ហេតុអាចឲ្យ​គេ​គិតថា អង់គ្លេស អាច​នឹង​ដកខ្លួន​​ចេញ​ដាច់​សហភាព​អឺរ៉ុប​ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ផង​ក៏​មិន​ដឹង។ ទោះ​យ៉ាងណាក្តី រដ្ឋមន្ត្រី​អង់គ្លេស​ទទួល​បន្ទុក​កិច្ចការ​ចរចា សង្ឃឹមថា​នឹងមាន​ការ​ព្រមព្រៀម​សមស្រប​ណាមួយ​សម្រាប់​ភាគី​ទាំងពីរ។

សូម​ជ្រាបថា នៅ​ឆ្នាំ​២០១៦ អង់គ្លេស បា​នបោះឆ្នោត​ប្រជាមតិចាកចេញ​ពី​សហភាពអឺរ៉ុប។​ ការ​ចរចា​ចេះតែ​បន្ត​មានរហូត​មក​។ ​អង់គ្លេស​នឹង​ដើរ​​ចេញ​ជាផ្លូវ​ការ​តែម្តង នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ