អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

អ៊ុយក្រែន​​បាន​ចាប់ផ្តើម​បាញ់​សាកល្បង​មីស៊ីល​ខ្លួន​​​នៅក្បែរ​ទឹកដី​គ្រីមេ​​ ដែល​​បង្ក​យ៉ាងខ្លាំង​កំហឹង​ម៉ូស្គូ​

ថ្ងៃ​ព្រហស្បត៏​ម្សិលមិញ​ ​សម្រាប់​រយៈពេល​​​ពីរថ្ងៃ អ៊ុយក្រែនបាន​​ធ្វើ​ប្រតិបត្តិការ​បាញ់​សាកល្បង​​​មីស៊ីល​ប្លែកៗ​នៅក្បែរ​ទឹកដី​គ្រីមេ​ដែល​ញ៉ាំងឲ្យ​ម៉ូស្គូ​ផ្ទុះឆេះ​ជា​កំហឹង ទាល់តែ​បាន​ពង្រាយ​ទៅហើយ​នាវា​ចម្បាំង​ខ្លួន ក្នុង​លំហ​សមុទ្រ​ខ្មៅ ជាប់នឹង​ទាបកោះ​នេះ សម្រាប់​បាញ់​កំទេច​មីស៊ីល​ទាំងនោះ​បើ​វា​ពាំនាំ​ជា​គ្រោះថ្នាក់​ដល់​រុស្ស៊ី។ ទាប​កោះ​គ្រីមេ​ក្នុងឆ្នាំ​២០១៤ ត្រូវបាន​​​រុស្ស៊ី​បញ្ចូលមក​ជា​ដែនដី​ខ្លួន ទាំង​ផ្តាច់វា​ចេញពី​រដ្ឋ​អ៊ុយក្រែន។

ទាហាន​អ៊ុយក្រែន
ទាហាន​អ៊ុយក្រែន REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​អ៊ុយក្រែន​នាំអាទិ​​បាញ់​សាកល្បង​មីស៊ីល​នេះ គឺ​រឹតតែ​បន្តឹង​ថែមទៀត​ភាព​តានតឹង​ជាមូយ​រុស្ស៊ី ខណៈ​ដែល​ការ​ពិភាក្សា​ចរចាគ្នា រវាង​ប្រទេស​ទាំងពីរ ដោយ​មាន​បារាំង​និង​អាល្លឺម៉ង់​ជាសាក្សី ហាក់បី​ធ្លាក់​ក្នុង​ភាព​ទ័លច្រក​ទៅហើយ។ នៅ​មិនទាន់​រកឃើញ​ដំណោះស្រាយ​​អ្វីណា​ឡើយ ទាំង​សម្រាប់​វិបត្តិ​នយោបាយ​បង្កឡើង​ដោយ​ការ​វត្តមាន​ប្រដាប់​អាវុធ នៃ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​រុស្សីនិយម នៅតំបន់​ខាង​កើត​អ៊ុយក្រែន តាំងពី​ឆ្នាំ២០១៤​មក។

“ការ​បាញ់​សាកល្បង​នេះ ធ្វើឡើង​គឺដោយ​ស្របនឹង​ច្បាប់​អន្តរជាតិ“សេចក្តី​នេះ​ថ្លែង​តាម​កាណាល់​​ទូរទស្សន៍​១១២ ដោយ​នាយ​ទាហាន​អ៊ុយក្រែន​ម្នាក់ លោកVladimir Krizanovsky។
គាត់​លំអិត​ថា ការ​ធ្វើតេស្ត​បាញ់​សាកល្បង​នោះ​ប្រព្រឹត្តទៅ នៅ​ចម្ងាយ​មិនដល់​ទាំង​៣០គ.ម.ផង​ពី​ដែនអាកាស​គ្រីមេ។ ដូច្នេះ គ្មាន​នរណា​អាច​រិះគន់​អ៊ុយក្រែន​ឡើយ។

ចំណែក​ក្រសួង​ការពារជាតិ​រុស្ស៊ី​ចោទ​ក្រុងគៀវ​ថា​ស្វែងរក​លេស​បង្កឡើង​ជា​“ស្ថានការណ៍​នាំឲ្យ​ក្នក់ក្នាញ់​មួម៉ៅ”​ម៉្លោះហើយ​បានជា​ម៉ូស្គូ​ដាក់​ឲ្យ​ប្រចាំការ​នៅ​គ្រីមេ គឺ​ប្រព័ន្ធ​ការពារ​ដែន​អាកាស ទាំង​នៅលើ​ដីផង ទាំងលើ​ផ្ទៃទឹក​សមុទ្រ​ផង សម្រាប់​គ្រា​អាសន្ន នេះ​បើតាម​ការ​ចុះផ្សាយ​នៃ​មធ្យោបាយ​ឃោសនា​មហាជន​រុស្ស៊ី។ តាម​ទីភ្នាក់ងារ​ពត៌មាន RIA Novosti ដែល​យោងទៅលើ​ប្រភព​យោធា នាវា​ចម្បាំង​រុស្ស៊ី​ផង​ទាំងឡាយ​ត្រូវបាន​ដាក់ឲ្យ​ប្រុង​ជើងព្រួល​ទៅហើយ ក្នុង​លំហ​សមុទ្រ នៅប៉ែក​ខាងលិច​ពី​ទាបកោះ​គ្រីមេ។ ក្នុង​ករណី​អាសន្ន​កើតឡើង ដោយ​មកពី​អ៊ុយក្រែន​បាញ់​សាកល្បង​មីស៊ីល​ខ្លួន ប្រព័ន្ធ​ការពារ​ដែនអាកាស​ដែល​ប្រចាំការ​លើដី បូកផ្សំ​ជាមួយ​ជាមួយ​នាវា​ចម្បាំង​រុស្ស៊ី​ទាំងនោះ នឹង​បង្កើត​ឡើង​ជា​ខែល​មិន​អាច​ជ្រៀត​ចូលបាន​ឡើយ​ដោយ​មីស៊ីល​ខ្មាំង។

ជា​ការ​កត់​សម្គាល់ អ៊ុយក្រែន​និង​សហគមន៍​អន្តរជាតិ​ជាទូទៅ មិន​ទទួលស្គាល់​ទេ ការ​ភ្ជាប់​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​ដោយ​រុស្ស៊ី ក្នុងឆ្នាំ​២០១៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ