អានតួអត្ថបទ
បរិស្ថាន

ថ្ងៃ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​សាង​គ្រឹះ “កិច្ចព្រមព្រៀង” ស្តីពី​អាកាសធាតុ

សន្និសីទ​អង្គការ​សហប្រជាជាតិ ស្តី​ពី​អាកាសធាតុ​ នៅ​ទីក្រុង​វ៉ាសូវី ត្រូវ​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ចរចា និង​តំណាង​ប្រទេស​ជា​សមាជិក​ទាំង​១៩៥​ បាន​ជួប​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​១៥​ថ្ងៃ។ ​រដ្ឋមន្ត្រី​ប្រទេស​នីមួយៗ​បាន​មក​ចូល​រួម​ប្រជុំ​ក្នុង​ថ្ងៃ​ចុងក្រោយ​ជា​បន្ត​បន្ទាប់ តាំង​ពី​ពុធ​និង​ព្រហស្បតិ៍​មក ប៉ុន្តែ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ONG បាន​ធ្វើ​ពហិការ​ដើរ​ចេញ​ ដើម្បី​បរិហារ​ភាព​យឺតយាវ​ និង​ភាព​ស្មុគស្មាញ​នៃ​កិច្ច​ចរចា។

សកម្មជន​បរិស្ថាន នៅ​ទីក្រុង​វ៉ាសូវី ​ក្រៅ​ក្រុបខ័ណ្ឌ​សន្និសីទអង្គការ​សហប្រជាជាតិ​ស្តី​ពី​អាកាស​ធាតុ ​លើក​ទី​១៩។
សកម្មជន​បរិស្ថាន នៅ​ទីក្រុង​វ៉ាសូវី ​ក្រៅ​ក្រុបខ័ណ្ឌ​សន្និសីទអង្គការ​សហប្រជាជាតិ​ស្តី​ពី​អាកាស​ធាតុ ​លើក​ទី​១៩។ REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ក្រុម​អង្គកា​រក្រៅ​រដ្ឋាភិបាល​បាន​កន្ទ្រាក់​ទ្វារ​ដើរ​ចេញ​ពី​តុ​ប្រជុំ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ក្រុម​អ្នក​ចរចាបាន​ធ្វើ​ការ​ពេញ​មួយ​យប់​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ថ្ងៃ​សុក្រ​នេះ​អាច​ដំណើរ​កិច្ច​ប្រជុំ​ប្រកប​ដោយ​លទ្ធផល ពោល​គឺ​មាន​អត្ថបទ​ជាមូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​ព្រមព្រៀង​បឋម​ ក្រោយ​សន្និសីទ​១៥​ថ្ងៃ។ អត្ថបទ​គ្រឹះ ដែល​នឹង​ត្រូវ​លាត​ត្រដាង​ធ្វើ​ជា​ផែនទី​ចង្អុល​ផ្លូវ សម្រាប់​ឱ្យ​ប្រទេស​​ជា​សមាជិក​ទាំង​១៩៥​ សម្រេច​រក​ឱ្យ​ឃើញ​​នៅ​ឆ្នាំ​២០១៥ នូវ​កិច្ច​ព្រមព្រៀង​កំរិត​ការ​ឡើង​កម្តៅ​នៃ​ភព​ផែនដី។ ប៉ុន្តែ​គេ​ត្រូវ​ពុះ​ជ្រែក​ឧបសគ្គ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៀត។

បញ្ហា​ហិរញ្ញវត្ថុ ៖ ប្រទេស​កំពុង​អភិវឌ្ឍន៍​ ទទួល​បាន​ថវិកាតែ​ ១០០​លាន​ដុល្លារ ពី​ប្រទេស​នៅ​​អឺរ៉ុប ដើម្បី​ទៅ​សម្រប​សម្រួល​ប្រឈម​ទប់​ផលវិបាក​បង្ក​ឡើង​ដោយ​ប្តូរ​ផ្លាស់​អាកាសធាតុ។ មិន​មែន​១ពាន់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ ដូច​ដែល​បាន​សន្យា​កាលពី​ឆ្នាំ​២០០៩​ទេ។

ដើម្បី​ឱ្យ​សន្និសីទ​ក្រុង​វ៉ាសូវី ជា​អ្នក​ផ្តល់​សន្ទុះ​ដល់កិច្ច​ព្រមព្រៀង​ឆ្នាំ​២០១៥ ត្រូវ​តែ​ប្រទេស​ទាំង​អស់​សន្យា​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ គ្រប់​គ្នា​បាន​ព្រម​​គោរព​ជា​គោលការណ៍​តែ​គ្មាន​ ផ្តល់​ពេល​វេលា​ឬ​របៀប​​កាត់​បន្ថយ​​សោះ។ ឧបសគ្គ​ដែល​ទម្លាយ​មិន​ចេញ​ជា​ប្រវត្តិសាស្ត្រ​នោះ​គឺ ការ​ចោទ​ប្រកាន់​ដាក់គ្នា​ទៅ​វិញ​ទៅ​ម​ក រវាង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​លូត​លាស់​ខ្លាំង។ ក្រុម​ប្រទេស​ប្រេស៊ីល អាហ្វ្រិក​ខាងត្បូង ឥណ្ឌា​និង​ចិន​ បាន​ទន្ទេញ​ដដែល​មិន​ព្រមទទួល​យក​កិច្ចព្រមព្រៀង​ចុះ​ថ្លៃ​ ដែល​ប្រទេស​មហាអំណាច​មាន​ឧស្សាហកម្ម​ជឿន​លឿន​ខ្លាំង​ចង់​តែ​ផ្តល់​មេរៀន​ដល់​អ្នក​ថ្មី​ តែ​ខ្លួន​ឯង​មិន​ទាំង​អនុវត្តបាន​ផង។

ចំណុច​ខ្ទាស់​ខ្លាំង​មួយ​ទៀត គឺ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រទេស​ក្រីក្រ​ ដែល​ទាមទារ​ឱ្យ​មាន​យន្តការ​ហិរញ្ញវត្ថុ​សម្រាប់​ប្រឈម​នឹង​គ្រោះ​ធម្មជាតិ ប៉ុន្តែ​ប្រទេសអ្នក​មានជាពិសេស​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​យ៉ាង​ដាច់​ខាត។
នេះ​ជា​អ្វី​ដែល​សន្និសីទ​ត្រូវ​សម្រេច​ឱ្យ​បាន​នៅ​ចុង​ក្រោយ។ ហើយ​ការ​បិទ​បញ្ចប់​អាច​នឹង​ពន្យារ​ពេល​ដល់​យប់​ជ្រៅ ឬ​រហូត​ដល់​ថ្ងៃ​សៅរ៍​នេះ​ទៀត​​ក៏​ថា​បាន​។ អ្វី​ជា​លទ្ធផល​ជាក់​ស្តែង គឺ​ជា​ផ្លូវការ​បារាំង​នឹង​ក្លាយ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សន្និសីទ​ឆ្នាំ​២០១៥ ដែល​មហិច្ឆតា​រក​ឱ្យ​ឃើញ​កិច្ច​ព្រមព្រៀង​ទប់​ស្កាត់​ការឡើង​កម្តៅ​នៃ​ភព​ផែនដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ