ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/04 12h00 GMT
អាស៊ី

ប្រេសិត​អ.ស.ប​ថា​វៀតណាម​នៅតែ​រំលោភ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា

media  
លោក​ Heiner Bielefeldt អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប ទទួលបន្ទុក​ផ្នែក​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា

ប្រេសិត​ពិសេស​របស់​អ.ស.ប​ ដែល​ទើប​នឹង​បញ្ចប់​ដំណើរ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​វៀតណាម នៅថ្ងៃ​ព្រហស្បតិ៍ ៣១កក្កដា​នេះ បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​ថា អាជ្ញាធរ​វៀតណាម​នៅតែ​បន្ត​​រំលោភ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា​របស់​ប្រជាជន។ លោក​ក៏បាន​រិះគន់ផងដែរ​ចំពោះ​អាជ្ញាធរ​វៀតណាម ដែល​បាន​ព្យាយាម​រំខាន​ដំណើរទស្សនកិច្ច​របស់​លោក។

លោក Heiner Bielefeldt អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប ទទួលបន្ទុក​ផ្នែក​​សិទ្ធិសេរីភាពខាង​ជំនឿ​សាសនា​ បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​វៀតណាម ​ពីថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី៣១​ខែកក្កដា ទៅតាម​ការអញ្ជើញ​របស់​រដ្ឋាភិបាល​វៀតណាម។

ក៏ប៉ុន្តែ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ចេញផ្សាយនៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក Bielefeldt បាន​​រិះគន់​អាជ្ញាធរ​វៀតណាម​ថា​មិនបាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នោះទេ។ ប្រេសិត​ពិសេស​របស់​អ.ស.ប​បាន​លើកឡើង​ថា ដំណើរទស្សនកិច្ច​រយៈពេល ១០ថ្ងៃ​នេះ តែងតែ​​ត្រូវ​រំខាន​ដោយ​ប៉ូលិស និង​កងកម្លាំង​សន្តិសុខ​​វៀតណាម ដែល​​បាន​តាម​ឃ្លាំមើល​ដំណើរ​របស់​លោក​យ៉ាង​ជាប់ ព្រមទាំង​​បាន​រារាំង​មិន​ឲ្យ​លោក​អាច​ជួប​ជជែក​ជាមួយ​នឹង​ប្រជាជន​បាន​តាមចិត្តចង់​នោះទេ។

អង្គការ​ Human Rights Watch ប្រចាំតំបន់​អាស៊ី បានរិះគន់ផង​ថា ការណ៍​ដែល​អាជ្ញាធរ​វៀតណាម​តាម​រារាំង​រំខាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រេសិត​ពិសេស​អ.ស.ប គឺ​ដោយសារ​តែ​វៀតណាម​ចង់​បិទបាំង​រឿង​អាក្រក់​របស់​ខ្លួន។

ក៏ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម​វិញ បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្នុង​ទីក្រុង​ហាណូយ​ថា រដ្ឋាភិបាល​វៀតណាម​ “បាន​ព្យាយាម​ធ្វើ​អ្វីៗ​​គ្រប់យ៉ាង​ទាំងអស់​ដែល​អាច​ធ្វើ​ទៅបាន ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​គណៈប្រតិភូ​អ.ស.ប នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​នេះ”។

លោក Bielefeldt បាន​ឲ្យដឹង នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ថ្វីដ្បិត​តែ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រូវ​ទទួល​ការ​រំខាន​ច្រើន ដែល​ធ្វើ​ឲ្យ​​លោក​​មិនអាច​វាយតម្លៃ​ទៅលើ​ករណី​នីមួយៗ​ឲ្យ​បាន​ពេញលេញ​ ក៏ប៉ុន្តែ លោក​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ជារួម​​ថា ថ្វីដ្បិត​តែ​លោក​សង្កេតឃើញ​មាន​ការវិវឌ្ឍ​ជា​វិជ្ជមាន​ខ្លះៗ ក៏ប៉ុន្តែ “ការរំលោភ​ដ៏ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា​កំពុង​បន្ត​កើតមាន នៅ​ក្នុង​ប្រទេស​វៀតណាម”។

លោក Bielefeldt បាន​លើកឡើង​ថា ករណី​រំលោភ​សិទ្ធិ​ដែល​លោក​បាន​រកឃើញ តាមរយៈ​ការ​សាកសួរ​សាក្សី គឺ​រួមមាន ដូចជា “ករណី​អ្នក​គោរព​សាសនា​មួយចំនួន​ត្រូវ​បាន​ប៉ូលិស​កោះហៅ​ទៅសាកសួរ​ជា​ញឹកញាប់ ឬ​ក៏​ត្រូវ​តាម​យាយី​រំខាន ចាប់ឃុំនៅ​ក្នុងផ្ទះ ឬ​នៅ​ក្នុង​មន្ទីរឃុំឃាំង ការ​បំផ្លិចបំផ្លាញ​ទីកន្លែង​គោរព​សាសនា” ។ល។ និង ។ល។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ