អានតួអត្ថបទ
អ.ស.ប

អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់​មាន​សំឡេង​នាំមុខគេ​ក្នុងការ​ស្នងតំណែង​លោក​បានគីមូន

អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់ គឺ​ជា​បេក្ខជន​នាំមុខគេ នៅ​ក្នុង​ការប្រកួតប្រជែង​ដណ្តើម​តំណែង​ជា​អគ្គលេខាធិការ​អ.ស.ប ជំនួស​លោក​បាន គីមូន។ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត នៅ​​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ក៏ប៉ុន្តែ នេះគ្រាន់តែ​ជា​ការ​បោះឆ្នោត​ជំហាន​ដំបូង​មួយប៉ុណ្ណោះ។

លោក​ Antonio Guterres អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់ និង​ជា​អតីត​ឧត្តមស្នងការ​អ.ស.ប​ទទួល​បន្ទុក​ជនភៀសខ្លួន
លោក​ Antonio Guterres អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់ និង​ជា​អតីត​ឧត្តមស្នងការ​អ.ស.ប​ទទួល​បន្ទុក​ជនភៀសខ្លួន ONU
ផ្សាយពាណិជ្ជកម្ម

បេក្ខជន​មាន ១២នាក់ សម្រាប់​កៅអីមួយ គឺ​កៅអី​អគ្គលេខាធិការ​អ.ស.ប របស់​លោក​បាន គីមូន ដែល​ត្រូវ​ផុតអាណត្តិ​នៅ​ចុងឆ្នាំ​នេះ។

នៅ​ក្រោយ​ការបោះឆ្នោត​ដែល​រៀបចំ​ធ្វើ​ដោយ​សម្ងាត់ នៅ​ក្នុងក្រុមប្រឹក្សា​សន្តិសុខ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ លោក​អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អតីត​នាយករដ្ឋមន្រ្តី​ព័រទុយហ្កាល់ គឺ​ជា​បេក្ខជន​ដែល​លេចធ្លោ​ជាងគេ ដោយទទួល​បាន​ការគាំទ្រ​ ១២សំឡេង ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​ទាំង ១៥​ប្រទេស។ នៅលំដាប់ទី២ គឺ​អតីត​ប្រធានាធិបតី​ស្លូវេនី​ (Danilo Turk)។ ចំណែក​ឯ​លោកស្រី​អ៊ីរីវ៉ា បូកូវ៉ា (Irina Bokova) នាយិកា​អង្គការ​យូណេស្កូ ស្ថិត​នៅ​លំដាប់ទី៣។

គួរបញ្ជាក់ថា ការបោះឆ្នោត​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ គ្រាន់តែ​ជា​ការ​បោះឆ្នោត​ក្រៅផ្លូវការ​មួយតែ​ប៉ុណ្ណោះ។ គោលដៅ គឺ​ចង់​ជំរុញ​ឲ្យ​បេក្ខជន​ណា​ដែល​មាន​សំឡេង​គាំទ្រ​តិចតួចជាងគេ​​ដកខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង ដើម្បី​ជម្រុះ​បេក្ខជន​ឲ្យ​មក​នៅ​ត្រឹម​ចំនួន​សមរម្យមួយ មុននឹង​ឈាន​ទៅ​ធ្វើការ​ជ្រើសរើស​ជាចុងក្រោយ។

ដូច្នេះ អ្នក​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាងគេ នៅ​ក្នុងការ​បោះឆ្នោត​នេះ មិនមែន​ប្រាកដ​ថា​នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ឡើង​មក​ជំនួស​លោក​បាន​ គីមូន​នោះទេ។ ក្រុមប្រឹក្សា​សន្តិសុខ​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​សាជាថ្មី​ម្តងទៀត នៅ​សប្តាហ៍​ក្រោយ ដើម្បី​សម្រាំង​បេក្ខជន​បន្ថែម​ទៀត មុននឹង​ឈាន​ទៅ​ធ្វើការ​អនុម័ត​ជ្រើសរើស​បេក្ខជន​ផ្លូវការ​មួយ​ រួចហើយ​បញ្ជូន​ទៅ​ឲ្យ​មហាសន្និបាត​អ.ស.ប​ជា​អ្នក​បោះឆ្នោតអនុម័ត​ជាចុងក្រោយ នៅ​ក្នុង​អំឡុង​ខែ​កញ្ញា ឬ​តុលា​ខាងមុខនេះ។

នៅ​ក្នុង​ដំណើរការ​ជ្រើសរើស​បេក្ខជន​អគ្គលេខាធិការ​នេះ ក៏ដូចជា នៅ​ក្នុង​ដំណើរការ​អនុម័ត​សេចក្តីសម្រេច​ផ្សេងទៀត​ដែរ ប្រទេស​ជា​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥ គឺ​រួមមាន អាមេរិក រុស្ស៊ី ចិន បារាំង និង​អង់គ្លេស មាន​សិទ្ធិវ៉េតូ។ ដូច្នេះ អ្នក​ដែល​អាច​ក្លាយ​ជា​បេក្ខជន​អគ្គលេខាធិការ​អ.ស.ប ចាំបាច់​ត្រូវ​តែ​មាន​ការ​គាំទ្រ​ពី​សំឡេង​ភាគច្រើន​ ពី​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង ១៥ ហើយ​​ដោយគ្មាន​សំឡេង​ប្រឆាំង​ពី​ប្រទេស​ណាមួយ ក្នុង​ចំណោម​សមាជិក​អចិន្រ្តៃយ៍​ទាំង ៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ