អានតួអត្ថបទ
:រុស្ស៊ី-អវកាសអន្តរជាតិ

អ្នកអវកាសអន្តរជាតិមួយក្រុមថ្មីទើបបានទៅដល់ស្ថានីយអវកាស SSI

អវកាស​យានិក​មួយ​ក្រុម​ថ្មី មាន​គ្នា​៣​នាក់​ក្នុង​នោះ គឺ​បុរស​២​នាក់ ជាតិ​រុស្ស៊ី ជាតិ​អាមេរិកាំង និង​ស្ត្រី​អ៊ីតាលី​តាម​រយៈ​យាន​អវកាស​រុស្ស៊ី​ធុន Soyouz ដែល​កណ្តាល​អធ្រាត្រ​យប់​មិញ​បាន​ត្រូវ​បង្ហោះ​ចេញ​ពី​ផែនដី​ទៅ​ព្រឹកមិញ បាន​ទៅ​ត​ភ្ជាប់​ប្រកប​ដោយ​សុវត្ថិភាព​ជាមួយ​នឹង​ស្ថានីយ​អវកាស​អន្តរជាតិ​ហៅ​កាត់​ថា SSI ជា​ទី​ដែល​គេ​នឹង​ស្នាក់​នៅ​ធ្វើការ​ស្រាវជ្រាវ​អំឡុង​ពេល​ដល់ ១៦៩​ថ្ងៃ។  

យានអវកាស​រុស្ស៊ី​ធុន​Soyouz​ ដឹក​អ្នក​អវកាស​អន្តរជាតិ​មួយ​ក្រុម​ថ្មី​បាន​ទៅ​ដល់​​ស្ថានីយ​​អវកាស​​SSI​​
យានអវកាស​រុស្ស៊ី​ធុន​Soyouz​ ដឹក​អ្នក​អវកាស​អន្តរជាតិ​មួយ​ក្រុម​ថ្មី​បាន​ទៅ​ដល់​​ស្ថានីយ​​អវកាស​​SSI​​ AFP PHOTO / JODY AMIET
ផ្សាយពាណិជ្ជកម្ម

យាន​អវកាស​រុស្ស៊ី ធុន Soyouz នេះ ដូច​ជា​សព្វ​មួយ​ដង​អញ្ចឹង​ត្រូវ​បាន​បង្ហោះ​ចេញ​ពី ព្រលាន​អវកាស​នៅ​លើ​ដែនដី​កាហ្សាក់ស្ថាន ដែល​រុស្ស៊ី ជួល​ប្រើប្រាស់​រហូត​ដល់​ឆ្នាំ​២០៥០ ដោយ​បង់​ថ្លៃ​ជួល​នេះ ឲ្យ​ទៅ​ភាគី​កាហ្សាក់ស្ថាន ១១៥​លាន​ដុល្លារ ក្នុង​១​ឆ្នាំៗ។

 
យាន​អវកាស​នោះ ត្រូវ​បាន​បង្ហោះ​ចេញ​ទៅ​នៅ​ម៉ោង ០១​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​២៤ វិច្ឆិកា​នេះ ​ម៉ោង​ម៉ូស្គូ​ហើយ ៥​ម៉ោង​៥០​នាទី​ក្រោយ​មក វា​បាន​ទៅ​តភ្ជាប់​នឹង ស្ថានីយ​SSI ដែល​ដើរតួ​ជា​មន្ទីរ​ពិសោធន៍​ប្រចាំ​នៅ​កំពស់​ ៤២០​គ.ម. ហោះ​ព័ទ្ធ​ជុំវិញ​ផែនដី តាំងពី​ឆ្នាំ​១៩៩៨​មក។ ជា​ការ កត់​សម្គាល់ កាលពី​មុនៗ​យានអវកាស Soyouz ត្រូវ​ហោះ ២​ថ្ងៃ​២​យប់​ឯណោះ​ទម្រាំ​រៀប​រយ​​ល្បឿន​និង​តារា​វិថី​នៃ​ការ​ហោះហើរ​របស់​វា ឲ្យ​បាន​ស៊ី​គ្នា​ជា​មួយ​នឹង ល្បឿន​និង​តារា​វិថី​នៃ​ស្ថានីយ SSI​ដើម្បី​អាច​ត​ភ្ជាប់​គ្នា​ដោយ​សុខដុម​ទៅ​កើត។

ក្រុម​អ្នក​អវកាស​ថ្មី មាន​គ្នា​៣​នាក់​គឺ​ជាតិ​រុស្ស៊ី​ឈ្មោះ Anton Chkaplerov តំណាង​ឲ្យ​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី Roskosmos ,ជាតិ​អាមេរិកាំង Terry Virts ​តំណាង​ឲ្យ ទីភ្នាក់ងារ អវកាស​អាមេរិក NASA និង​ស្ត្រី​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីតាលី Samantha Critosforetti តំណាង​ឲ្យ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ពេល​ចូល​ទៅ​ក្នុង​ស្ថានីយ SSI គឺ​បាន​ត្រូវ​ស្វាគមន៍ ដោយ​អវកាសយានិក ៣​នាក់​ផ្សេង ក្នុង​នោះ​មាន​អ្នក​អវកាស​ជាតិ​រុស្ស៊ី ជាតិ​អាមេរិកាំង និង​ស្ត្រី​ជាតិ​រុស្ស៊ី​ម្នាក់​ដែរ ដែល​កំពុង​ស្នាក់​នៅ​ធ្វើការ​នៅ​ទីនោះ​បាន​១​ខែ​ហើយ និង​ដែល​ត្រូវ​ត្រឡប់​មក​ផែនដី​វិញ​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ។

ចំណែក​ក្រុម​ថ្មី ត្រូរ​ស្នាក់​នៅ​ធ្វើ​ការ​ជិត​កន្លះ​ឆ្នាំ​ដែរ គឺ​១៦៩​ថ្ងៃ ដើម្បី​បំពេញ​ការពិសោធន៍​ចំនួន​រាប់សឹប​និង​ក៏​ត្រូវ​ចេញ​ទៅ​ធ្វើការ​នៅ​ឯ​ភាគ​ខាង​ក្រៅ​តែម្តង​របស់​ស្ថានីយ គឺ​ក្នុង​លំហ​ល្ហល្ហេវ​នៃ​អវកាស​ចំនួន​២​លើក​ទៅ​ផង។ គេ​នឹង​វិល​មក​ផែនដី​វិញ​នៅ​កណ្តាល​ខែ​ឧសភា​ឆ្នាំ​ក្រោយ។
 គួរ​និយាយ​ថា តែង​ស្នាក់​នៅ​ធ្វើការ​ដោយ​ផ្លាស់​វេនគ្នា​ក្នុង​ស្ថានីយ SSI គឺ​អ្នក​អវកាស​ចំនួ​៦​នាក់​ជា​និច្ច។ លើក​នេះ គេ​បាន​នាំ​ទៅ​ជាមួយ​ទាំង​ចំណី​អាហារ​ថ្លៃៗ បែប​យ៉ាង​ពងត្រី​Caviar ថ្លៃ​ដូច​មាស​ចំនួន​១៥​ប្រអប់​ទម្ងន់​សរុប​កន្លះ​គីឡូក្រាម។

ស្រប​នឹង​គម្រោង​ដែល​មាន​ស្ថានីយ​អវកាស SSI ដែល​បង្កើត​ឡើង​ដោយ​១៦​ប្រទេស ក្នុង​តម្លៃ សរុប ១០០.០០០ លាន​ដុល្លារ មាន​រុស្ស៊ី​និង​អាមេរិក​ជា​ស្ថាបនិក​គោល​នឹង​ដំណើរការ រហូត​ដល់​ឆ្នាំ ២០២៤ ហើយ​កន្លែង​និមួយៗ​ក្នុង​យានអវកាស​រុស្ស៊ី ធុន Soyouz ដើម្បី​ហោះ​ទៅ​ដល់​ទីនោះ​គឺ​ថ្លៃ ៧០លាន​ដុល្លារ​ឯណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ