អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ស្វែងយល់​អំពី​កិច្ចសន្យា​ទិញលក់​ក្នុង​ក្រម​រដ្ឋប្បវេណី​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុងនាទីយល់ដឹង​អំពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូមធ្វើការ​ពន្យល់​ជុំវិញ កិច្ចសន្យា​ទិញលក់ ដែល​មាន​ចែង នៅ​ក្នុង​ក្រមរដ្ឋប្បវេណី​ខ្មែរ។ កិច្ចសន្យា​ទិញលក់ ជា​កិច្ចសន្យា​ដែល​គេ​តែងតែ​ជួប​ប្រទះ​យ៉ាង​ញឹកញាប់​បំផុត នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ហើយ​ដែល​គ្រប់គ្នា​គួរតែ​ស្វែងយល់​អំពី​សិទ្ធិ និង​ករណីយកិច្ច​របស់​​គូភាគី​នៃ​កិច្ចសន្យា​នេះ។

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

សំណួរ-តើ​អ្វី​ទៅជាកិច្ចសន្យា​ទិញលក់?

តាម​និយមន័យ ដែល​មាន​ចែង​ក្នុង​មាត្រា ៥១៥ នៃ​ក្រមរដ្ឋប្បវេណី កិច្ចសន្យា​ទិញលក់ គឺ​ជា​កិច្ចសន្យាមួយ ដែល​ភាគី​ម្ខាង ហៅថា “អ្នកលក់” មាន​ករណីយកិច្ច​ត្រូវ​ផ្ទេរ​កម្មសិទ្ធិ​លើ​វត្ថុណាមួយ ទៅ​ឲ្យ​ភាគី​ម្ខាងទៀត ហៅថា “អ្នកទិញ” ហើយ​អ្នកទិញ​នេះ មានករណីយកិច្ច​ទូទាត់​លុយ​ ជា​ថ្លៃ​វត្ថុនោះ ទៅ​ឲ្យ​អ្នកលក់។

បើមើលទៅលើ​​និយមន័យនេះ យើងឃើញ​ថា កិច្ចសន្យា​ទិញលក់ គឺ​ជា​កិច្ចសន្យា ដែល​យើង​ធ្វើ​ញឹកញាប់​ជាងគេ នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ។ ពេលខ្លះ​យើង​ក៏​ចាប់អារម្មណ៍​ដឹង​ថា វា​ជា​កិច្ចសន្យា​ទិញលក់ ដូចជា ការ​ទិញលក់​ដីធ្លី ផ្ទះ​ ជាដើម។ ពេលខ្លះ​ក៏​យើង​ធ្វើ​កិច្ចសន្យា​ទិញលក់ ដោយ​មិនចាប់អារម្មណ៍​ដឹង​ខ្លួន​ថា កំពុង​តែ​ចុះកិច្ចសន្យា​ទិញលក់ ដូចជា ពេលយើង​ទៅផ្សារ​ទិញ​ខោអាវ ទិញ​សាច់ត្រី បន្លែ ឬ​ក៏​ទៅ​​ទិញ​គ្រឿងទេស (ប៊ីចេង អំបិល ស្ករ) គឺ​សុទ្ធសឹង​ជា​កិច្ចសន្យា​ទិញលក់។
 
សំណួរ-​ក៏​ប៉ុន្តែ នៅ​ក្នុង​ការទិញលក់​ ដូចដែល​រៀបរាប់ខាងក្រោយ​នេះ យើង​មិនដែល​មាន​កិច្ចសន្យា​ជាលាយលក្ខណ៍​អក្សរ​ទេ គឺ​ធ្វើឡើង​ត្រឹមតែ​ផ្ទាល់មាត់​ទទេ។ តើ​វា​ជា​កិច្ចសន្យា​ទិញលក់ ដែល​មាន​សុពលភាព​តាម​ផ្លូវច្បាប់ដែរ​ឬទេ?
 
កិច្ចសន្យា​ទិញលក់​ជាទូទៅ ច្បាប់​មិនតម្រូវ​ថា​ត្រូវ​តែ​ធ្វើឡើង​ជា​លាយលក្ខណ៍​អក្សរទេ (មាត្រា ៥១៦ នៃ​ក្រមរដ្ឋប្បវេណី) លើកលែង​តែករណី​​​ដែល​មាន​បញ្ញត្តិ​ពិសេសណាមួយ​ (ឧទាហរណ៍​ កិច្ចសន្យា​ទិញលក់​ផ្ទះ ឬ​ដីធ្លី ជាដើម)។

ដូច្នេះ ការព្រមព្រៀង​ទិញលក់​ ធ្វើឡើង​ដោយផ្ទាល់មាត់ គឺ​ជា​កិច្ចសន្យា​ ដែល​មាន​សុពលភាព​ពេញលេញ តាមផ្លូវច្បាប់។ ក៏ប៉ុន្តែ គូភាគី​នៃ​កិច្ចសន្យា​អាច​ព្រមព្រៀង​គ្នា កំណត់​ធ្វើ​កិច្ចសន្យា​ជាលាយលក្ខណ៍​​អក្សរបាន។ អាច​ធ្វើ​ត្រឹមតែ​ជា​លិខិត​ឯកជន (កិច្ចសន្យា​ធ្វើឡើង​ជា​លក្ខណៈឯកជន ​រវាង​អ្នកលក់ និង​អ្នកទិញ) ឬ​អាច​ធ្វើ​ជា​ទម្រង់​លិខិត​យថាភូត (កិច្ចសន្យា​ដែល​តាក់តែង និង​​​មាន​ប្រថាប់ត្រា​​ដោយមន្រ្តី​​សាធារណៈ)។

ផលប្រយោជន៍​នៃ​ការ​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍​អក្សរ (បើទោះបី​ជា​ច្បាប់​មិនតម្រូវ​ក៏ដោយ) គឺ​​ទាក់ទង​នឹង​ភស្តុតាង នៅ​ក្នុងករណី​មាន​វិវាទ។ បើ​ធ្វើ​ត្រឹមតែ​ផ្ទាល់មាត់ កិច្ចសន្យា​ទិញលក់​នេះ​​​មាន​សុពលភាព​ពេញលេញ​ពិតមែន ក៏ប៉ុន្តែ នៅ​ពេល​មាន​វិវាទ ការ​បង្ហាញ​ភស្តុតាង អំពី​អ្វី ដែល​និយាយ​គ្នា​តែ​មាត់ទទេ គ្មាន​លិខិត​ជាលាយលក្ខណ៍​អក្សរ វា​អាច​នឹង​មាន​បញ្ហា​ស្មុគស្មាញ។

ណាមួយ​ទៀត ការ​ព្រមព្រៀង​គ្នា​ត្រឹមតែ​ផ្ទាល់មាត់ វា​អាច​នាំ​ឲ្យ​​មាន​ភាព​ស្រពិចស្រពិល ការ​យល់ច្រឡំ​ទៅលើ​អ្វី​ដែល​បាន​ព្រមព្រៀងគ្នា ឬ​ក៏​ការ​ភ្លេចភ្លាំង​ជាដើម។ បើ​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ វា​អាច​ធ្វើ​ឲ្យ​គូភាគី​​យល់​ច្បាស់​លាស់​ជាង អំពី​ខ្លឹមសារ​នៃ​កិច្ចសន្យា​។

ដូច្នេះ កិច្ចសន្យា​ទិញលក់ បើទោះបី​ជា​ច្បាប់​មិន​តម្រូវ​ក៏​ដោយ ក៏​គូភាគី​គួរ​តែ​ពិចារណា​រៀបចំ​ធ្វើ​​ជា​លាយលក្ខណ៍​អក្សរដែរ ជាពិសេស ចំពោះ​កិច្ចសន្យា ដែល​មាន​ទំហំ​ទឹកប្រាក់​ច្រើន​ ឬ​ក៏​មាន​លក្ខណៈស្មុគស្មាញ អាច​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ឬ​យល់​មិនច្បាស់​អំពី​ខ្លឹមសារ​នៃ​កិច្ចសន្យា។
 
សំណួរ-ចុះបើ​សិន​ជា​ការ​ធ្វើ​កិច្ចសន្យា​ជាលាយលក្ខណ៍​អក្សរ​នេះ ចាំបាច់​ត្រូវ​​រក​មេធាវី​ឲ្យ​សរសេរ​ឲ្យ តើ​សោហ៊ុយ​ក្នុងការ​ធ្វើ​លិខិត​ស្នាម​នេះ ខាងណា​ជា​អ្នក​ចេញ?
 
ក្រមរដ្ឋប្បវេណី (មាត្រា ៥២២) កំណត់​ថា សោហ៊ុយ​ធ្វើលិខិត ឬ​សោហ៊ុយ​ផ្សេងៗ​ទៀត ដែល​ចំណាយ​ក្នុងការ​ធ្វើ​កិច្ចសន្យា​លក់ទិញ ភាគី​ទាំងសងខាង​ត្រូវ​ចេញ​ស្មើ​គ្នា (ពាក់កណ្តាលម្នាក់)។ ក៏ប៉ុន្តែ បើ​សិន​ជា​គូភាគី​ព្រមព្រៀង​គ្នា ចង់​កំណត់​ផ្សេង​ក្រៅពីនេះ ក៏​ច្បាប់​មិនហាមឃាត់​ដែរ។

ត្រង់ចំណុចនេះ យើងសង្កេតឃើញ​ថា ក្រមរដ្ឋប្បវេណីខ្មែរ​​ចែង​ខុស​ពី​ច្បាប់​បារាំង ព្រោះ​ក្រមរដ្ឋប្បវេណី​​បារាំង​ចែង​កំណត់​ឲ្យ​អ្នកទិញ​ជា​អ្នក​ទទួលបន្ទុក​លើ​សោហ៊ុយ ក្នុងការ​ធ្វើលិខិត និង​សោហ៊ុយ​ពាក់ព័ន្ធ​ផ្សេងទៀត ក្នុងការ​ធ្វើ​កិច្ចសន្យា​ទិញលក់ គឺ​ជា​បន្ទុក​របស់​អ្នកទិញ (មាត្រា ១៥៩៣ ក្រមរដ្ឋប្បវេណី​បារាំង)។ ដូចជា នៅ​ក្នុង​កិច្ចសន្យា​ទិញលក់​ផ្ទះ អ្នកទិញ គឺ​ជា​អ្នកត្រូវ​ទទួលបន្ទុក​​បង់​ថ្លៃ​ធ្វើ​លិខិតស្នាម​ផ្ទេរកម្មសិទ្ធិ ដែល​ត្រូវ​ធ្វើ​ដោយ​សាការី (Notaire)។
 
សំណួរ-តើ​អ្នកទិញ និង​អ្នកលក់​ត្រូវ​មាន​កាតព្វកិច្ច​អ្វីខ្លះ?
 
ករណីយកិច្ច​របស់​អ្នកទិញ
 
ចំពោះ​អ្នកទិញ កាតព្វកិច្ច​មាន​តិច​ជាង​អ្នកលក់។ កាតព្វកិច្ច​​ធំបំផុត​របស់​អ្នកទិញ គឺ​បង់ថ្លៃទិញ ទៅតាម​កិច្ចសន្យា។ ការបង់ថ្លៃទិញ​នេះ គឺ​ត្រូវ​ធ្វើ​ទៅតាម​កាលបរិច្ឆេទ និង​ទីកន្លែង​ដែល​បាន​កំណត់ នៅ​ក្នុង​កិច្ចសន្យា។

កាតព្វកិច្ច​មួយទៀត គឺ​កាតព្វកិច្ច​ទទួល​វត្ថុ ទៅតាម​ការ​កំណត់​ក្នុង​កិច្ចសន្យា។ តាម​មាត្រា ៥៥៩ នៃ​ក្រមរដ្ឋប្បវេណី ប្រសិនបើ​អ្នកទិញ​មានការយឺតយ៉ាវ​ក្នុងការ​បំពេញ​ករណីយកិច្ច​ទទួលវត្ថុ អ្នកលាក់​អាច​ទាមទារ​សំណង ប្រសិនបើ​​ការយឺតយ៉ាវនេះ​នាំ​ឲ្យ​គាត់​ទទួលរង​នូវ​ការ​ខូចខាត​អ្វីមួយ ឬ​ក៏​អាច​ទាមទារ​រំលាយ​កិច្ចសន្យា​ទិញលក់​នេះ​វិញ​បាន។ ម្យ៉ាងទៀត ប្រសិនបើ​ដល់​ថ្ងៃ​កំណត់​ទទួលវត្ថុ ហើយ​អ្នកទិញ​មក​មិនទទួលទេ អ្នកទិញ​ត្រូវ​ជា​អ្នក​ទទួលបន្ទុក​ហានិភ័យ នៃ​ការ​បាត់បង់ ឬ​ខូចខាត​វត្ថុ​នេះ។
 
ករណីយកិច្ច​របស់​អ្នកលក់
 
ចំពោះ​អ្នកលក់វិញ កាតព្វកិច្ច​​​សំខាន់​ទីមួយ​របស់​គាត់ គឺ​ត្រូវ​ប្រគល់​វត្ថុ ឬ​ផ្ទេរសិទ្ធិ​លើ​ទ្រព្យសម្បត្តិ ដែល​គាត់​បាន​ព្រមព្រៀង​លក់ ទៅ​ឲ្យ​អ្នកទិញ (មាត្រា ៥៣០)។ សិទ្ធិ​លើ​ទ្រព្យ ឬ​វត្ថុ ដែល​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ​នេះ ត្រូវ​តែ​មាន​បរិមាណ និង​គុណភាព ដូច​អ្វី ដែល​បាន​ព្រមព្រៀង​គ្នា។

ម្យ៉ាងទៀត ប្រសិនបើ​ការ​ប្រគល់​វត្ថុ ឬ​ការ​ផ្ទេរសិទ្ធិ​លើ​ទ្រព្យ ត្រូវ​ធ្វើ នៅ​ក្រោយ​ការ​បង្កើត​កិច្ចសន្យា​ទិញលក់ អ្នកលក់ មាន​ករណីយកិច្ច​ថែរក្សា​វត្ថុ ឬ​ទ្រព្យ​នោះ​ឲ្យ​បាន​គង់វង់​ល្អ រហូតដល់​ពេល​ប្រគល់​ទៅ​ឲ្យ​អ្នកទិញ (មាត្រា ៥៥២)។ ច្បាប់​តម្រូវ​ឲ្យ​អ្នក​លក់​ថែរក្សា​វត្ថុ ឬ​ទ្រព្យ​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់​នេះ ឲ្យ​បាន​ហ្មត់ចត់ “ក្នុងនាម​ជា​អ្នក​គ្រប់គ្រង​ដ៏ល្អ” (គឺ​ថែរក្សា​ដូចជាការ​ថែរក្សា​ទ្រព្យ​ផ្ទាល់ខ្លួន​ឯង​ផ្សេងទៀត​អ៊ីចឹងដែរ​) មិនមែន​អាង​តែ​បាន​ចុះកិច្ចសន្យា​លក់​រួចហើយ ទុក​វត្ថុ​នោះ​ចោល លែង​រវីរវល់​ថែទាំ នាំ​ឲ្យ​បាត់បង់ ឬ​ខូចខាត​ នោះទេ។

ក្នុងករណី​ដែល​អ្នកលក់​ធ្វើ​ឲ្យ​បាត់បង់ ឬ​ធ្វើ​ឲ្យ​ខូចខាត​វត្ថុ ដែល​ជា​កម្មវត្ថុ​នៃ​ការ​លក់ ដោយសារ​តែ​មាន​ការ​ធ្វេសប្រហែស មិនបាន​គោរព​ករណីយកិច្ច​ថែរក្សាវត្ថុ ដូចមាន​ចែង​ក្នុង​ច្បាប់​នេះទេ គាត់​នឹង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អ្នកទិញ ទៅតាម​អ្វី​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា ឬ​ត្រូវ​សងសំណង​ខូចខាត ​ទៅតាមការចែង​ក្នុង​ក្រមរដ្ឋប្បវេណី ទាក់ទង​នឹង​​សំណងខូចខាត​ក្នុងករណី​មិនគោរព​កាតព្វកិច្ច​តាមកិច្ចសន្យា (ផ្នែកទី៣ ជំពូកទី៤ គន្ថីទី៤ នៃ​ក្រមរដ្ឋប្បវេណី)។

ករណីយកិច្ចសំខាន់មួយ​ទៀត​របស់​អ្នកលក់ គឺ​ករណីយកិច្ច​ផ្តល់​ព័ត៌មាន ចំពោះ​អ្នកទិញ គឺ​ព័ត៌មាន​ចាំបាច់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​វត្ថុ ដែល​ខ្លួនលក់នេះ ជាពិសេស ក្នុងករណី​លក់​ផ្ទះ ឬ​ក៏​ដីធ្លី អ្នក​លក់​ត្រូវ​ពន្យល់​ដល់​អ្នក​ទិញ​ឲ្យ​បាន​ច្បាស់លាស់​ អំពី​​ខ្លឹមសារ​នៃ​សិទ្ធិ​លើ​អចលនវត្ថុ​ អំពី​ព្រំដែន​នៃ​អចលនវត្ថុ និង​ពី​បន្ទុក​ផ្សេងៗ​ ដែល​អាច​មាន​លើ​អចលនវត្ថុ​នេះ ដូចជា ករណី​មាន​សេវភាព​តម្រូវ​ឲ្យ​បើក​ផ្លូវ​ឆ្លងកាត់​ ទៅ​ដី​អ្នកជិតខាង ជាដើម។

ប្រសិន​បើ​អ្នកលក់​មិន​បំពេញ​តាម​ករណីយកិច្ច​ផ្តល់​ព័ត៌មាន​នេះទេ ឬ​ផ្តល់​ព័ត៌មាន​មិនគ្រប់គ្រាន់ ឬ​មិន​ច្បាស់លាស់​ គាត់​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ខូចខាត​ណាមួយ ដែល​កើតឡើង ដោយសារ​ការ​ខកខាន​មិនបាន​ផ្តល់​ព័ត៌មាន​នេះ។ ម្យ៉ាង​ទៀត ប្រសិនបើ​អ្នក​លក់​ផ្តល់​ព័ត៌មានមិនពិត ឬ​លាក់បាំង​ការពិត​ដោយ​ចេតនា ហើយ​ព័ត៌មាន​មិនពិត ឬ​ព័ត៌មាន​ដែល​លាក់កំបាំង​នេះ គឺ​ជា​ចំណុច​សំខាន់ ដែល​មាន​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នកទិញ ក្នុងករណីនេះ អ្នកទិញ​អាច​សុំ​លុបចោល​កិច្ចសន្យា​នេះ​វិញបាន ដោយ​លើក​យក​ការ​ឆបោក​មក​ធ្វើ​ជា​មូលហេតុ។​

សំណួរ-នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង យើងឃើញ​នៅ​ក្នុង​ការ​ទិញលក់ ពេលខ្លះ មាន​ការ​តម្រូវ​ឲ្យ​អ្នក​ទិញ​កក់​លុយ​ទុក​ជាមុន។ តើ​ការបង់លុយកក់នេះ មាន​ចែង​កំណត់​នៅ​ក្នុង​ច្បាប់ដែរ​ឬទេ?
 
នៅ​ក្នុង​កិច្ចសន្យា​ទិញលក់ ការបង់ប្រាក់កក់​មិនមែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​តែ​ធ្វើ​ទេ ក៏ប៉ុន្តែ ច្បាប់​ក៏​មិនបាន​ហាមឃាត់​ដែរ មានន័យថា វា​អាស្រ័យ​ទៅតាម​ការ​កំណត់​របស់​អ្នកទិញ និង​អ្នកលក់។ ក្រមរដ្ឋប្បវេណី​មានចែង​អំពី​រឿង​ប្រាក់កក់​នេះ គឺ​ចែង​ត្រង់មាត្រា ៥១៨ ដែល​ថា បើ​អ្នកទិញ​បាន​បង់ប្រាក់កក់​ទៅ​ឲ្យ​អ្នកលក់ អ្នកទិញ​អាច​រំលាយ​កិច្ចសន្យា​ទិញលក់វិញ ដោយ​បោះបង់​ប្រាក់កក់​នេះ​ចោល។ ចំពោះ​អ្នកលក់វិញ ក៏​អាច​រំលាយ​កិច្ចសន្យា​នេះ​បានដែរ ដោយ​ត្រូវ​សងប្រាក់ស្មើ​នឹង ២ដង នៃ​ប្រាក់កក់​នេះ​មកវិញ (មានន័យថា ត្រូវ​ប្រគល់​ប្រាក់កក់​មក​ឲ្យ​អ្នកទិញវិញ ហើយ​ត្រូវ​បូកបន្ថែម​ពីលើ​ នូវ​ប្រាក់​សំណង ដែល​ស្មើ​នឹង​ប្រាក់​កក់នេះ)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ