អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ធនាគារ​​Goldman Sachs​ ដាក់​បំរាម​​មិន​ឲ្យ​​ថ្នាក់​ដឹកនាំ​​​ខ្លួន​​​បរិច្ចាក​​ប្រាក់​ឧបត្ថម្ភ​​គណបក្ស​​នយោបាយ​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធនាគារ​អាមេរិក​ដ៏​ធំ​មួយ​ គឺ​ Goldman Sachs បាន​ដាក់​បំរាម​ហាម​ឃាត់​មិន​ឲ្យ​ថ្នាក់​ដឹក​នាំ​ជាន​ខ្ពស់​របស់​ខ្លួន​បរិច្ចាក​ថវិការ​ឧបត្ថម្ភ​អ្នក​នយោបាយ​ ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។​ ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញ៉ូវយកនេះ​បាន​ចេញ​លិខិត​ណែនាំ​ផ្ទៃ​ក្នុង​មួយដល់​បុគ្គលិក​របស់​ខ្លួន។​ វិធានការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ន័យ​ស្តារ​មុខ​មាត់​ធនាគារ​ខ្លួន​ ដែល​ធ្លាប់​ពាក់​ព័ន្ធ​រឿង​អាស្រូវ​ជួយ​លុយ​កាក់​ដល់​អ្នក​នយោបាយ​កាលពី​កន្លង​មក។ 

ការិយាល័យ​ធនាគារ ​Goldman Sachs នៅ​ក្រុងញូវយក
ការិយាល័យ​ធនាគារ ​Goldman Sachs នៅ​ក្រុងញូវយក AFP/Chris Hondros/Getty Images
ផ្សាយពាណិជ្ជកម្ម

បើ​យោង​តាម​ឯកសារ​ផ្ទៃក្នុង​មួយ​ ដែល​ទីភ្នាក់​ងារ​សារព័ត៌មាន​បារាំង​ AFP ទទួល​បាន​ គឺ​កាលពី​ថ្ងៃ​ពុធ៍​ ទី​៧ កញ្ញា​កន្លង​ទៅ​នេះ​​ ធនាគារ​ Goldman Sachs បាន​ដាក់​បទ​បទបញ្ញត្តិ​មួយ​ណែនាំ​ឲ្យ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ធនាគារ​ខ្លួន​មិន​ឲ្យ​ចូល​ប្រឡូក​ប្រឡាក់​ក្នុង​ការ​​ជួយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ណាមួយ​ឡើយ។ ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​ចៀសវាង​ជម្លោះ​ផល​ប្រយោធន៍​ និង​ការ​ជួញដូរ​ឥទ្ធិពល។

កំណត់​ហេតុ​សម្ងាត់​របស់​ធនាគារ​នេះ​បាន​ដាក់​បទ​បញ្ជា​មិន​ឲ្យ​ថ្នាក់​ដឹកនាំ​ចូល​រួម​ឃោសនា​ឲ្យ​គណបក្ស​នយោបាយ​ ឬ​បរិច្ចាក​ថវិការ​ក្នុង​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​ប្រធានាធិបតី​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែ​វិច្ឆិការ​ខាង​មុខ​នេះ។ នៅ​ក្នុង​លិខិត​ដែល​បាន​ចុះ​កាល​បរិច្ឆេទ​កាលពី​ថ្ងៃ​ទី​២៩ សីហា​បាន​បញ្ជាក់​លំអិត​ថា​ បំរាម​នេះ​ គឺ​ទាក់​ទង​នឹង​ការ​ឃោសនា​ជួយ​បេក្ខជន​តំណាង​រាស្រ្ត​ សមាជិក​ព្រឹទ្ធសភា​ និង​បេក្ខជន​ប្រធានាធិបតី។

ធនាគារ Goldman Sachs ​នេះ ​បាន​ពន្យល់​ថា​ ការ​ផ្លាស់​ប្តូរ​នយោបាយ​របស់​ខ្លួន​តាម​រយៈ​បំរាម​នេះ​ គឺ​ដើម្បី​ចៀសវាង​ការ​បំពាន​ច្បាប់​របស់​ទីភ្នាក់​ងារ​ត្រួត​ពិនិត្យ​សន្តិសុខចរចារណ៍​ប្រាក់​​ និង​ផ្សារហ៊ុន​អាមេរិក​​ (SEC)។ ទីភ្នាក់​ងារ​នេះ​ដើរ​តួនាទី​ដូច​ជា​តម្រួត​ក្នុង​ការ​ឃ្លាំ​មើល​សកម្មភាព​​បទ​ល្មើស​ឧបត្ថម្ភ​ថវិការ​នយោបាយ​ពី​សំណាក់​ធនាគារ​ ឬ​ទីផ្សារ​ភាគ​ហ៊ុន​ ដែល​ចង់​បាន​កិច្ច​សន្យា​គម្រោង​រដ្ឋ​ណាមួយ​ពី​អ្នក​នយោបាយ។

សូម​រំលឹក​ជូន​ថា​ កាលពី​ឆ្នាំ​២០១០​ ស្ថាប័ន​នេះ​បាន​ចេញ​បទ​បញ្ញត្តិ​មួយ​ទប់​ស្កាត់​មិន​ឲ្យ​បុគ្គលិក​ធនាគារ​ ដែល​មាន​តំណែង​ជា​អ្ន​ក​ផ្តល់​ប្រឹក្សា​ផែ្នក​វិនិយោគ​ ឬ​អ្នក​គ្រប់​គ្រង​ទ្រព្យ​សកម្ម​អាចធ្វើ​​សកម្មភាព​ពាក់​ព័ន្ធ​ជាមួយ​នឹង​កិច្ចសន្យា​របស់​ស្ថាប័ន​រដ្ឋ។​ ជាក់​ស្តែង​ បុគ្គលិក​ទាំង​នោះ​ពុំ​អាច​មាន​សិទ្ធិ​សុំ​ដាក់​ពាក្យ​ដេញ​ថ្លៃ​លើ​គម្រោង​គ្រប់​គ្រង​បេឡា​សោធននិវន្ត៍​សាធារណៈឡើយ។ វិធានការណ៍​នេះ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​រឿង​អាស្រូវ​មួយ​ចំនួន​កើត​ឡើង​ ក្រោយ​ពី​ធនាគារ​នេះ​បាន​ទទួល​កិច្ច​សន្យា​ពី​រដ្ឋ​ ដែល​ជា​ថ្នូរ​នឹង​ការ​ជួយ​ឧបត្ថម្ភ​ថវិការ​ដល់​បេក្ខជន​នយោបាយ​។

ហើយ​កាលពី​ឆ្នាំ​២០១២​ អតីតៈ​ថ្នាក់​ដឹកនាំ​ធនាគារ​ Goldman Sachs ម្នាក់​ឈ្មោះ​ Neil Morrison ត្រូវ​បាន​ទីភ្នាក់​ងារ​ត្រួត​ពិនិត្យ​សន្តិសុខចរចារណ៍​ប្រាក់​ និង​ផ្សារហ៊ុន​អាមេរិក​​ (SEC) ចាប់​ឃាត់​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​បទ​លួច​ផ្តល់​ប្រាក់​ជួយ​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សម្លេង​ឆ្នោត​របស់​អ្នក​នយោបាយ​ម្នាក់​ ដើម្បី​ជា​ថ្នូរ​ទទួល​បាន​កិច្ច​សន្យា​គ្រប់​គ្រង​លក់​ប្រាក់​បំណុល។ លោក​ Neil Morrison បាន​ប្រើប្រាស់​អ៊ីម៊ែល​របស់​ធនាគារ​ផ្ញើរ​សារ​ចំនួន​រាប់​រយ​ដង​ទៅ​កាន់​លោក​ Tim Cahill ដែល​ជា​ប្រធាន​រតនាគារ​ប្រចាំ​រដ្ឋ​ Massachusetts ហើយក៏​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែងតំណែង​អភិបាល​រដ្ឋ​នេះផង​ដែរ។​

តាម​រយៈ​ភស្តុតាង​នេះ​ ​ លោក Neil Morrison ត្រូវ​បាន​អាជ្ញាធរ​ពិន័យ​ជា​ប្រាក់​ចំនួន​ ១ សែន​ដុល្លារ​ និង​ហាម​ប្រាម​មិន​ឲ្យ​ប្រកប​ការងារ​ធនាគារ​រយៈ​ពេល​ ៥ ឆ្នាំ។ ទន្ទឹម​គ្នា​នោះ​ផង​ដែរ ធនាគារ​ Goldman Sachs ក៏​ត្រូវ​ទទួល​ពិន័យ​យ៉ាង​ចាស់​ដៃ​ដោយ​ត្រូវ​បង់​ប្រាក់​ចំនួន ១២ លាន​ដុល្លារ​ទៅ​រដ្ឋ​។

មូល​ហេតុ​ គឺ​របៀប​រត់ការ​ខុស​ច្បាប់​របស់​លោក​ Neil Morrison ​ ​បាន​អនុញ្ញាតិ​ឲ្យ​ធនាគារ​នេះ​ទទួល​កិច្ចសន្យា​ផ្សេងៗ​ពី​រដ្ឋ​ក្នុង​រង្វង់​ទឹកប្រាក់​ចំនួន ៨ លាន​ដុល្លារ។ ជា​ទូទៅ​ ធានាគារ​ Goldman Sachs នេះ​តែង​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ធនាគារ​របស់​ក្រុម​អ្នក​មាន​អំណាច។​ ប៉ុន្តែ​ វិធានការណ៍​ថ្មី​បែប​នេះ​ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា​ធនាគារ​នេះ​ចង់​រក្សា​មុខមាត់​ និង​កិត្តិស័ព្ទ​របស់​ខ្លួន។ នៅ​ក្នុង​ឯកសារ​របស់​ខ្លួន​ ធនាគារ​ Goldman Sachs ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្លាស់​ប្តូរ​នយោបាយ​របស់​ខ្លួន​បែប​នេះ​ គឺ​ក្នុង​គោល​បំណង​ចៀសវាង​មិន​ឲ្យ​ខូចខាត​​កេរ្ត៍​ឈ្មោះដោយសារ​តែ​​រឿង​អាស្រូវ​កន្លង​មក​ ដែល​ធ្វើ​ឲ្យ​សាធារណៈ​ជន​គិត​ថា​ធនាគារ​នេះតែង​សាក​ល្បង​ពង្វាង​ច្បាប់។

ហើយ​ការ​ចេញ​វិធានការណ៍​បែប​នេះ​ក៏​ដើម្បី​បង្កា​មិន​ឲ្យ​បុគ្គលិក​របស់​ខ្លួន​បំពាន​ច្បាប់​រដ្ឋ​។ បើ​ពុំ​នោះ​សោត​ទេ​ បុគ្គលិក​នោះ​នឹង​ទទួល​ពិន័យ។ បំរាម​នេះ​ពាក់​ព័ន្ធ​ថ្នាក់​ដឹកនាំ​ធនាគារ​ចំនួន​ ៤៦៧ នាក់​ ក្នុង​ចំណោម​បុគ្គលិក​សរុប​ចំនួន​ ៣៤ ៤០០ នាក់។ ថ្នាក់​ដឹកនាំ​ទាំង​នោះ​សុទ្ធសឹង​តែ​ជា​បុគ្គលិក​ជាន់​ខ្ពស់​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ខ្ពស់កក់​ពពក​ផងដែរ​។

សូមបញ្ជាក់​ផងដែរ​ថា​ នាយក​ផែ្នក​ហិរញ្ញវត្ថុ​របស់​ក្រុម​ការ​ងារ​ឃោសនា​របស់​លោកស្រី​ Hillary Clinton គឺ​លោក​ Gary Gensler និង​របស់​លោក​ Donald Trump ​គឺ​លោក​ Steven Mnuchin អ្នក​ទាំង​ពីរ​នេះសុទ្ធ​តែ​ជា​អតីត​​ថ្នាក់​ដឹកនាំ​របស់​ធនាគារ​ Goldman Sachs៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ