ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/04 12h00 GMT
មជ្ឈិមបូព៌ា

ស៊ីរី៖​អង្គការ​​យូណេស្កូ​​បរិហារ​​ការ​បំផ្លិចបំផ្លាញ​​​បេតិកភណ្ឌ​​នៅ​ក្រុង​បុរាណ​​Palmyre​

media  
សំណង់​ Tétrapyle ​នៅ​ក្រុង​បុរាណ​ Palmyre ភាគ​កណ្តាល​ស៊ីរី REUTERS/Omar Sanadiki/File Photo

ក្រោយ​ដណ្តើមបាន​ទីក្រុង​​បុរាណ​ប៉ាល់មៀរ ​​Palmyre ពី​កងទ័ព​ស៊ីរី​មកវិញ កាលពីខែធ្នូ ក្រុម​ជីហាត​​រដ្ឋអ៊ីស្លាម​​​បាន​​​​​​​​បំផ្លិចបំផ្លាញ​បេតិកភណ្ឌ​​​​​ប្រវត្តិសាស្ត្រ​​​នៅ​ទីនោះ​ជាថ្មី​ម្តងទៀត។ ថ្ងៃសុក្រ​២០មករា​នេះ​ អង្គការ​យូណេស្កូ​បាន​​បរិហារ​ និង​ចាត់ទុក​ទង្វើ​ក្រុម​រដ្ឋអ៊ីស្លាម​ថា​ជា​បទ​ឧក្រិដ្ឋ​សង្គ្រាម។ ទាក់ទង​នឹង​សង្គ្រាម​ស៊ីរី តួកគី​​បាន​ទទួលស្គាល់ជាលើក​ទី១​​ពី​​សារៈ​សំខាន់​របស់​​លោក​អាសាដ​ ក្នុង​​ការចូលរួម​ដោះស្រាយ​​ជម្លោះ​ស៊ីរី។

​យោងតាម​រូបភាព​ផ្កាយរណប ​ថ្មីៗនេះ ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​បាន​បំផ្លាញ​​​​ទីតាំង​ជាច្រើន ពិសេសសំណង់​​​​ប្រវត្តិសាស្ត្រ​​ ទេត្រាពីល Tétrapyle ​ក្នុង​ក្រុង​បុរាណ​មួយនេះ។ តេត្រាពីល ត្រូវបាន​សង់ឡើង​ នៅ​ចុង​សតវត្ស​ទី៣ ជា​សតវត្ស​ស្ថិត​​ក្រោម​ការ​គ្រប់គ្រងត្រចះត្រចង់​​​របស់​ស្តេច​ស្រី ហ្សេណូប៊ី ​ជំនាន់នោះ។

ទីក្រុង​បុរាណ​Palmyre មាន​អាយុកាល​ជាង​២០០០ឆ្នាំ​មកហើយ ត្រូវបានអង្គការ​យូណេស្កូ​ចាត់ទុក​ជា​បេតិកភណ្ឌ​មនុស្សជាតិពិភពលោក។ ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​បាន​កាន់កាប់​ក្រុង​នេះ កាលពី​ខែឧសភា​ឆ្នាំ២០១៥ និង​បាន​បំផ្លាញ​ទីតាំង​ជាច្រើន​នៅទីនោះ។ កងទ័ព​ស៊ីរី​ក្រោម​ជំនួយ​របស់​រុស្ស៊ី បាន​វាយ​យក​ក្រុង​Palmyre ​បាន​វិញ​ នៅ​ខែ​មិនា​ឆ្នាំ២០១៦។ ប៉ុន្តែ ​ខែ​ធ្នូ​មុននេះ ​ក្រុម​​ជីហាត​បាន​វាយយកបាន​ក្រុងនេះ​បាន​មកវិញដដែល។ ​ចន្លោះ​ថ្ងៃ២៦​ធ្នូខែមុន ដល់​ថ្ងៃ​១០មករា​ដើមឆ្នាំនេះ ក្រុម​ភេរវជន​បាន​ធ្វើសកម្មភាព​បំផ្លាញ​បេតិកភណ្ឌនៅ​ទីនោះ​ថែមទៀត។​
 
សម្រាប់​យូណេស្កូ បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ​រង​ការបំផ្លាញ គឺ​ជាការ​បាត់បង់​ដ៏​ធំធេង​​សម្រាប់​ប្រជាជន​ស៊ីរី និង​មនុស្សជាតិទាំងមូល។ ប្រធានសារមន្ទីរ​ស៊ីរី​មិនយល់​សោះថា ហេតុអ្វី​បាន​ជា​​គ្រប់ភាគី​ជម្លោះ​ស៊ីរី ដែល​ឈ្លោះគ្នា​ខាង​នយោបាយ​ បែរ​ជា​មិនលើកលែង​ដល់​បេតិកភណ្ឌ​​វប្បធម៌​ទៅវិញ។ ​
 
ក្នុង​សមរភូមិ​ភាគ​កណ្តាល​ស៊ីរី ​នៅ​មិនឆ្ងាយ​ពី​ក្រុង​បុរាណ​ស៊ីរី ការប្រយុទ្ធគ្នា​បាន​បន្ត​ជាថ្មី។ ក្រុម​ជីហាត​រដ្ឋអ៊ីស្លាមបាន​បន្ត​សម្រុក​ទៅ​អាកាសយានដ្ឋាន​យោធា​ ថៃហ្វួ ដើម្បី​ទប់​ស្កាត់​មិនអោយ​កងទ័ព​ស៊ីរី​អាច​ចូលទៅ​ដល់​​ផ្លូវ​ដែល​ភ្ជាប់​ក្រុងបុរាណ Palmyre ទៅ​ក្រុង​ហូម។ ​កាលពី​ថ្ងៃព្រហស្បតិ៍ ​ការប្រយុទ្ធនៅ​ជិត​អាកាសយានដ្ឋាន​យោធាមួយនេះ​ ​​បានសម្លាប់​មនុស្ស​សកម្មជន​ជីហាត​១៨នាក់ និង​ខាង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​​ស៊ីរី​១២នាក់។ នៅ​អាឡិបវិញ ​ការ​វាយប្រហារផ្លូវអាកាស ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​សម្លាប់​សកម្មជន​ជីហាត​ប្រមាណ​៤០នាក់ ​​មកពី​ក្រុម​​ហ្វាតិ អាល់ ឆាំ។ ហ្វាតិ អាល់ ឆាំ គឺ​​ជា​ក្រុមប្រជែង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម។
 
ថ្ងៃសុក្រ​ម្សិលមិញ តួកគី​ប្រាប់ថា ក្រុមជីហាត​រដ្ឋអ៊ីស្លាម បាន​បង្ក​ភេរវកម្មបំផ្ទុះ​​រថយន្ត ធ្វើ​អោយ​​ស្លាប់​ទាហាន​តួកគី​៥នាក់ នៅ​​ភាគខាងជើង​ស៊ីរី​។ ត្បិតថា​​តួកគី​​​យល់ថា​ ​​លោក​អាសាដ​ជាអ្នក​ទទួល​ខុសត្រូវ​​​​មហន្តរាយ​ស៊ីរី ប៉ុន្តែ ជា​លើក​ដំបូង​ ម្សិលមិញ​នេះ តួកគី​ទទួល​ស្គាល់​ថា វត្តមាន​លោក​អាសាដ ពិតជា​​​សំខាន់​ក្នុង​ដំណោះស្រាយ​ជម្លោះ​ស៊ីរី៕ 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ