អានតួអត្ថបទ
កម្ពុជា

ស៊ីម៉ាក់​រកឃើញ​នាវា​ដឹក​គ្រាប់​លិច​សម័យ​លន់ នល់ នៅ​កំពង់​ឆ្នាំង

ក្រុម​អ្នក​ដោះមីន​របស់​ស៊ីម៉ាក់​បាន​រកឃើញ​គ្រាប់​កាំភ្លើង​ធុន​ធ្ងន់​ដែល​លិច​ជាមួយ​នាវា​ក្នុង​សម័យលន់ នល់ ​ក្នុង​ទន្លេសាប​ កាល​ពី​ចុង​សប្តាហ៍​មុន។ គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៧៦៥​គ្រាប់ ត្រូវ​បាន​រកឃើញ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​គ្រាប់​មិនទាន់​ផ្ទុះ​ធុនធ្ងន់ ទ្រង់ទ្រាយ​ធំ​ត្រូវ​បាន​រកឃើញ​នៅក្នុង​បាត​ទន្លេសាប ហើយ​ស៊ីម៉ាក់​អះអាង​ថា អាច​នៅមាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជាច្រើន​ទៀត​នៅបាត​ទន្លេសាប​នេះ។

ប្រតិបត្តិការ​របស់​ស៊ីម៉ាក់ ដោះមីន​ក្រោមទឹក​នៅក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល កាល​ពី​ឆ្នាំ​២០១០
ប្រតិបត្តិការ​របស់​ស៊ីម៉ាក់ ដោះមីន​ក្រោមទឹក​នៅក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល កាល​ពី​ឆ្នាំ​២០១០ RFI/Delux Leang
ផ្សាយពាណិជ្ជកម្ម

 

គ្រាប់​ធុនធ្ងន់​មិនទាន់​ផ្ទុះ​ចំនួន៧​៦៥​គ្រាប់​ត្រូវ​បាន​ក្រុម​ភ្នាក់ងារ​ដោះមីន​ស៊ីម៉ាក់​រកឃើញ​នៅ​បាត​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។ គ្រាប់​ទាំងនោះ​ដែល​មាន​ទំងន់​សរុប​ជាង​៤តោន​ រួមមាន៖ គ្រាប់​ផ្លោង​ធុន​១០៥​មម គ្រាប់ត្បាល់​៨១មម និង​៦០មម។

លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បាន​ថ្លែង​ថា ស៊ីម៉ាក់​ធ្វើ​ប្រតិបត្តិការ​នេះ​យ៉ាង​ប្រយ័ត្នប្រយែង​តាម​បច្ចេកទេស។ ហើយ​ករណី​នេះ មានលក្ខណៈ​ស្មុគស្មាញ​ដោយសារតែ​បរិមាណ​នៃ​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​ត្រូវបាន​រកឃើញនេះ មាន​ទំហំ​ធំ ហើយ​នៅក្រោម​ទឹក​ទៀត។ ទោះយ៉ាងណាក្តី លោក​ហេង រតនា ​អះអាង​ថា នៅ​មាន​គ្រាប់​មិនទាន់​ផ្ទុះ​ច្រើន​ទៀត អាច​កំពុង​ស្ថិត​នៅ​បាត​ទន្លេសាប​នេះ។

ការ​រកឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​នាវា​ដែល​លិច​ក្នុង​សម័យ​លន់ នល់ បាន​កើត​ឡើង​ពី​ការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាជន និង​ឯកសារ​មួយ​ចំនួន​ ដែល​បង្ហាញ​ថា ផ្លូវ​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង គឺ​ជា​ផ្លូវ​យុទ្ធសាស្ត្រ​ក្នុងការដឹកជញ្ជូន​គ្រាប់ និងសព្វាវុធ​ក្នុង​សម័យលន់ នល់ និង​សម័យ​​ខ្មែរ​ក្រហម។

យោង​តាម​ការ​បញ្ជាក់​របស់​អគ្គនាយក​ស៊ីម៉ាក់ គ្រាប់ផ្លោង​មិន​ទាន់​ផ្ទុះ​ដែល​ទើបតែ​រក​ឃើញ​នេះ នឹង​មិន​អាច​យក​ទៅប្រើប្រាស់​ជា​អាវុធ​បាន​ឡើយ។

ការ​សម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ក្រោម​ទឹក ដែល​ជា​សំណល់​សង្គ្រាមនោះ គឺជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់ស៊ីម៉ាក់។ កាលពីឆ្នាំ២០១០​កន្លងទៅ ក្រុមភ្នាក់ងារ​សម្អាត​មីន​ស៊ីម៉ាក់ ធ្លាប់​បាន​ធ្វើ​ប្រតិបត្តិការ​សម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្រោម​ទឹក ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​បឹងគ្រំ ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។ ហើយ​កាល​ពី​ដើមឆ្នាំ​២០១១​នេះ ប្រតិបត្តិការ​សម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ក្រោម​ទឹក​ក៏​ត្រូវ​បាន​ធ្វើ​នៅ​បឹងក្អែក ខេត្ត​ព្រៃវែង​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ