អានតួអត្ថបទ
អាមេរិក

រដ្ឋាភិបាល​សហព័ន្ធ​បញ្ជា​ឲ្យ​បិទ​សេវាកម្ម​ជា​ច្រើន​ដោយសារ​កង្វះ​ថវិកា

ព្រឹទ្ធសភា​អាមេរិក​បាន​សម្រេច​កាល​ពី​វេលា​ម៉ោង២និង៣០ នាទី​រំលង​អ​ធ្រា​ត្រ​ ដោយ​ទាត់​ចោល​គម្រោង​ថវិកា​សម្រាប់​រដ្ឋាភិបាល​លោក​អូ​បា​ម៉ា ដែល​សភា​បាន​អនុម័ត​រួច។ ការ​សម្រេច​នេះ​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​សហពន្ធ័​ត្រូវ​បញ្ឈប់​សេវាកម្ម​មួយ​ចំនួន​ជា​ចាំបាច់ ដោយសារតែ​កង្វះ​ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រដ្ឋការ។

សមាជិកក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប. លើក​ដៃ​អនុម័ត​សេច​ក្តីសម្រេចចិត្ត​។
សមាជិកក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប. លើក​ដៃ​អនុម័ត​សេច​ក្តីសម្រេចចិត្ត​។ REUTERS
ផ្សាយពាណិជ្ជកម្ម

ទី​បំផុត​ទៅ រដ្ឋាភិបាល​សហ​ព័ន្ធ​បាន​បង្ខំចិត្ត ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ផ្អាក​សេវាកម្ម​ជាច្រើន​ដោយសារតែ​រដ្ឋាភិបាល​គ្មាន​ថវិកា​សម្រាប់​បើក​ប្រាក់​ខែ​ជូន​មន្ត្រី​រដ្ឋការ​ទៀត​ឡើយ បន្ទាប់ពី​ព្រឹទ្ធសភា​បាន​ទាត់ចោល​គម្រោង​ថវិកា​សម្រាប់​រដ្ឋាភិបាល​​លោក​អូ​បា​ម៉ា។

 
គណបក្ស​ទាំងពីរ​នៅ​សហរដ្ឋអាមេរិក​មាន​ពេល​ត្រឹម​ពាក់​កណ្តាល​អ​ធ្រា​ត្រ​ ថ្ងៃ​ចន្ទ​ទី៣០ កញ្ញា​ដើម្បី​ស្វែងរក​ការ​ព្រមព្រៀង​គ្នា ​ដើម្បី​ឈានទៅ​អនុម័ត​គម្រោង​​ថវិកា​ឆ្នាំ ២០១៤ ប៉ុន្តែ ទីបំផុត​ទៅ ដោយសារតែ​គ្មាន​ការព្រមព្រៀង នៅវេលា​ម៉ោង ២និង៣០នាទី​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​អង្គារ​នេះ ព្រឹទ្ធសភា​បានសម្រេច​ច្រានចោល​សេចក្តីស្នើ​គម្រោង​ថវិកា​របស់រដ្ឋ​សភា។

 
ការ​សម្រេច​របស់​ព្រឹទ្ធសភា​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លែង​មាន​កញ្ចប់​ថវិកា​សម្រាប់​បើកប្រាក់​ខែ​ឲ្យ​មន្ត្រី​រដ្ឋការ ហើយ​នឹង​ត្រូវ​បង្ខំចិត្ត​បិទ​សេវាកម្ម​មួយ​ផ្នែកធំ ដោយ​បើក​ឲ្យ​ដំណើរ​ការ​តែ​សេវាកម្ម ដែល​ចាំបាច់​តែប៉ុណ្ណោះ ដូចជា ប៉ូលិស ទាហាន ក្រុម​ពន្លត់​អគ្គិភ័យ មន្ទីរពេទ្យ និង​សេវាកម្ម​ត្រួតពិនិត្យសន្តិសុខ​ ​ជើងហោះហើរ​ជា​ដើម។

មន្ត្រី​សាធារណៈ​នៃ​រដ្ឋាភិបាល​សហព័ន្ធ​ជិត១លាន​នាក់ នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ឈប់​សម្រាក ដោយ​គ្មាន​ប្រាក់​ឈ្នួល រហូត​ទាល់​តែ​សភា​អាច​អនុម័ត​ថវិកា​ថ្មី​បាន ហើយ​រដ្ឋាភិបាល​អាច​ចាប់​ដំណើរការ​ឡើង​វិញ។

គួរបញ្ជាក់ថា ដោយសារ​តែ​សហរដ្ឋអាមេរិក គឺ​ជា​រដ្ឋ​សហព័ន្ធ ដូច្នេះ គេ​ត្រូវ​ធ្វើ​ការ​បែងចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​ដំណើរ​ការ​នៃ​រដ្ឋាភិបាល​សហព័ន្ធ និង​ដំណើរការ​នៃ​រដ្ឋនីមួយ។ បញ្ហា​ជាប់គាំង នៅ​សភា​អាមេរិក​នៅ​ពេល​នេះ គឺ​ទាក់ទង​តែ​ចំពោះ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ប៉ុណ្ណោះ។ ចំណែក​ឯ​រដ្ឋ​នីមួយៗ ដែល​មាន​ថវិកា​ផ្ទាល់ខ្លួន​នោះ​មិន​ប៉ះពាល់​ទេ មាន​ន័យ​ថា ការ​ផ្អាក​ដំណើរការ​សេវាកម្ម​រដ្ឋ គឺ​កើត​ឡើង​តែ​ចំពោះ​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ​ប៉ុណ្ណោះ។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​សភា​អនុម័ត​ថវិកា​ជា​ថ្មី​ ទើប​សេវាកម្ម​ទាំងនោះ​អាច​ដំណើរការ​ឡើងវិញ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ