អានតួអត្ថបទ
អាមេរិក

ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​សមាជិក​សភា​គឺជា​សកម្មជន​ប្រឆាំង​លោក​ដូណាល់ត្រាំ

ខ្មាន់កាំភ្លើង​ដែលបាញ់​​ប្រហារ​លើ​សមាជិក​សភា​​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​ បណ្តាល​ឲ្យ​របួស​ជាច្រើន​នាក់ កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ បាន​ស្លាប់បាត់បង់​ជីវិត​ហើយ ក្រោយ​ពី​រងរបួស​ធ្ងន់ ក្នុងការ​បាញ់តដៃគ្នា​ជាមួយ​ប៉ូលិស។ ខ្មាន់កាំភ្លើង​នេះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា ជា​សកម្មជន​ប្រឆាំង​នឹង​លោក​ដូណាល់ត្រាំ។

ចេមស៍ ហចគីនសុន (James Hodgkinson) ខ្មាន់កាំភ្លើង​ដែល​បាញ់​ប្រហារ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ កាល​ពីថ្ងៃ​ពុធ ១៤មិថុនា ២០១៧
ចេមស៍ ហចគីនសុន (James Hodgkinson) ខ្មាន់កាំភ្លើង​ដែល​បាញ់​ប្រហារ​លើ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ កាល​ពីថ្ងៃ​ពុធ ១៤មិថុនា ២០១៧ Social Media via REUTERS
ផ្សាយពាណិជ្ជកម្ម

ខ្មាន់កាំភ្លើង មានឈ្មោះ​ថា ចេមស៍ ហចគីនសុន (James Hodgkinson) មានវ័យ ៦៦ឆ្នាំ ហើយ​ធ្លាប់​ជា​សកម្មជន​គាំទ្រ​លោក​ប៊ែរនី ស៊ែនដ័រ (Bernie Sanders) នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រជែង​ជាមួយ​លោកស្រី​គ្លីនតុន ដើម្បី​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ។

នៅលើ​ហ្វេសប៊ុក ចេមស៍ ហចគីនសុន តែងតែ​បាន​សរសេរ​រិះគន់​ខ្លាំង​ទៅលើ​គណបក្ស​សាធារណរដ្ឋ និង​ជាពិសេស ទៅលើ​លោក​ដូណាល់ត្រាំ។ បើតាម​ការ​ឲ្យដឹង​របស់​សាច់ញាតិ​ ចាប់តាំង​ពី​ក្រោយ​បោះឆ្នោត​មក ចេមស៍ ហចគីនសុន តែងតែ​បង្ហាញ​ពី​ការ​មិនសប្បាយចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត ក៏ដូចជា​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ដូណាល់ត្រាំ។

លោក​ប៊ែរនី ស៊ែនដ័រ​វិញ ក្រោយ​ពី​ដឹង​ព័ត៌មាន​ថា ខ្មាន់កាំភ្លើង​គឺ​ធ្លាប់​ជា​សកម្មជន​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​លោក ក៏​បាន​ចេញមុខភ្លាមៗ ធ្វើការ​បរិហាររិះគន់​សកម្មភាព​របស់​ខ្មាន់កាំភ្លើង ដោយ​លោក​ចាត់ទុក​ថា ការ​បាញ់​ប្រហារ​ទៅលើ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​​នេះ គឺ​​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ហើយ​ថា គ្រប់អំពើ​ហិង្សា​ទាំងអស់ បើទោះបីជា​នៅ​ក្នុង​រូបភាពបែបណាក៏ដោយ គឺ​សុទ្ធតែ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។

គួរបញ្ជាក់ថា លោក​ស្ទីវ ស្កាលីស សមាជិក​សភា​ដែល​រងរបួស​ធ្ងន់ធ្ងរ នៅ​ក្នុងការ​បាញ់​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិ​តក្នុង​ការ​សង្រ្គោះបន្ទាន់​នៅឡើយ គឺ​ជា​​ឥស្សរជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​មាន​តួនាទី​ខ្ពស់​លំដាប់ទី៣ នៅ​ក្នុង​រដ្ឋសភា។ លោក​ក៏​ត្រូវ​​បាន​គេ​ស្គាល់​ផងដែរ​ថា​ជា​អ្នក​គាំទ្រ​យ៉ាងខ្លាំងក្លា​បំផុត​នូវ​សិទ្ធិ​របស់​ពលរដ្ឋ​ស៊ីវិល​​អាមេរិក ក្នុង​ការ​កាន់កាប់​អាវុធ។

ទោះជាយ៉ាងណា​ក៏ដោយ ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ កាល​ពី​ម្សិលមិញ​នេះ គ្រប់​អ្នក​នយោបាយ​ទាំងអស់ ទាំង​លោក​ដូណាល់ត្រាំ ទាំង​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ និង​ទាំង​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ រួមទាំង​អ្នក​ប្រឆាំង​នឹង​សិទ្ធិ​កាន់កាប់​អាវុធ​ផង សុទ្ធតែ​បាន​នាំគ្នា​បង្ហាញ​នូវ​ជំហរ​រួបរួមគ្នា ដោយ​ម្នាក់ៗ​ព្យាយាម​ចៀសវាង​មិន​លើកឡើង​ពី​អ្វី​ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស។

ក្នុងពេល​ជាមួយគ្នា ក៏មាន​ដែរ អ្នក​ដែល​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ ចំពោះ​បរិយាកាស​នយោបាយ​តានតឹងខ្លាំង​​នៅ​អាមេរិក​សព្វថ្ងៃ ដែល​​ទាំង​អ្នក​នយោបាយ និង​អ្នក​គាំទ្រ​ នាំគ្នា​ប្រើពាក្យសម្តីធ្ងន់ៗ​ដាក់គ្នា ជាពិសេស តាមរយៈ​បណ្តាញ​សង្គម ដែល​អាច​ជា​បច្ច័យ​នាំ​ឲ្យ​មាន​អំពើ​ហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ