អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចារកិច្ច​អាមេរិក​ និង​ភាព​កំខ្សោយ​របស់​អឺរ៉ុប

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​លួច​ស្តាប់​ការ​សន្ទនា​តាម​ទូរស័ព្ទរបស់​​ប្រមុខ​ដឹកនាំ​អឺរ៉ុប ពី​សំណាក់​ក្រុម​ចារកិច្ច​អាមេរិក NSA បាន​ស​បញ្ជាក់​ឱ្យ​ឃើញពី​ជម្រៅ​នៃអស្ថិរភាព​លំនឹង​ក្នុង​រង្វង់​សម្ព័ន្ធ​មិត្ត។ ទង្វើ​ដែល​បារាំង និង​អាល្លឺម៉ង់ គួរ​ប្រើ​ជា​ឱកាស​ផ្តល់​មេរៀន​ ឬ​ផ្តាច់​ខ្លួន​ចេញ​ពី​សម្ព័ន្ធ​ភាព​ប្រកប​ដោយ​មន្ទិល​នេះ​។ ប៉ុន្តែ​ កំហឹង​ហាក់​ផ្តើម​សម្រក​​​កម្តៅ​​​មក​វិញ ព្រោះ​បើ​តាម​សារព័ត៌មាន​អាល្លឺម៉ង​ចេញ​ផ្សាយ​ កាលពី​ថ្ងៃ​អាទិត្យ​ទី ៣ វិច្ឆិកា សហរដ្ឋ​អាមេរិក​ និង​អាល្លឺម៉ង់​ នឹង​ព្រមព្រៀង​គ្នា​ សន្យា​លែង​​ធ្វើ​ចារកិច្ច​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ កិច្ច​សន្យា​ដែល​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ដើម​ឆ្នាំ​ក្រោយ។ ប៉ុន្តែសួរ​ថា​តើ​ហេតុ​អ្វី​បាន​ជា​​កំហឹងអឺរ៉ុប​​ហាក់​ដូច​ជា​មាន​តែ​មួយ​ខ្យល់ដូច្នេះ ?!

បាតុករ​អាល្លឺម៉ង់ បរិហារ​វិធីសាស្រ្ត​ "ត្រចៀក​ធំ" លួច​ស្តាប់ និង​យក​ទិន្ន័យ​ព័ត៌មានរបស់​អាមេរិក
បាតុករ​អាល្លឺម៉ង់ បរិហារ​វិធីសាស្រ្ត​ "ត្រចៀក​ធំ" លួច​ស្តាប់ និង​យក​ទិន្ន័យ​ព័ត៌មានរបស់​អាមេរិក REUTERS/ Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

គឺ​ការ​អត់​ធ្មត់ សង្កត់​ចិត្ត​ ​ ដែល​បណ្តា​ប្រទេស​អឺរ៉ុប ​​ប្រកាន់​យក​ជា​​ជំហរ​ ពេល​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី ២៤ និង​២៥​តុលា នៅ​ទីក្រុង​ព្រុចសែល​។ នៅពី​ក្រោយ​ការ​អត់​ធ្មត់​នោះ មាន​កំសួល​​កំហឹង​។ ខឹង​សហរដ្ឋ​អាមេរិក និង​ភាព​ងុលងុល​ផ្នែក​ចារកិច្ច​របស់​សម្ព័ន្ធ​មិត្ត​មួយនេះ និង​ខឹង​​ចំពោះ​ភាព​អភិមានះ​របស់​លោក បារ៉ាក់ អូបាម៉ា។

អ្វី​ដែល​ច្បាស់ គឺ​រាល់​ការ​ផ្តោះ​ប្តូរ​ជាមួយ​សហរដ្ឋ​អាមេរិក​ គេ​ត្រូវ​ចេះ​ប្រើ​វិធីផ្សេង។ វិធី ដែល​​មិត្តភាព និង​ជំនឿ​ទុក​ចិត្ត​ មិន​ចាយ​រួម​គ្នា។ គ្មាន​ការ​យោគ​យល់ មាន​តែ​ការ​ការពារ​ផលប្រយោជន៍​ជាតិ​រៀង​ខ្លួន​តែ​ប៉ុណ្ណោះ។

ដោយ​មិន​និយាយ​អំពី​អារម្មណ៍​ខឹង​សម្បារ ប្រតិបត្តិការ​លួច​ស្តាប់​ លោកស្រី​ អង់ហ្គឺឡា មែរកែល​ សន្ទនា​តាម​ទូរស័ព្ទ លួច​​យក​ទិន្ន័យ​ព័ត៌មាន​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណែត​ ដែល​ជា​ការ​ម៉ាក់ងាយ​មិត្ត​ បញ្ជាក់​យ៉ាង​ច្បាស់​ពី​​ធាតុ​ពិត​នៃ​នយោបាយ​ឆ្លង​មហា​សមុទ្ទ​អាត្លង់ទិច។ នៅ​វ៉ាស៊ីនតោន គ្មាន​នរណា​ម្នាក់​ខ្លាច​​ជួប​​ផលវិបាក​ធ្ងន់ធ្ងរ​ពី​ការ​លួច​ធ្វើ​ចារកិច្ច​ នៅ​ពេល​គេ​តាម​ទាន់​ឡើយ។ ព្រោះ​អឺរ៉ុប ជាក់​ស្តែង​អាល្លឺម៉ង់​​មិន​អាច​បង្ក​ការ​ខូច​ខាត​ដល់​អាមេរិក ឬ​និយាយ​បែប​ផ្សេង​ គឺ​អាមេរិក​មិន​រង់​ចាំ​អ្វី​ធំដុំ​ពី​ដៃគូ​អាល្លឺម៉ង់។ ដូច្នេះ​ហានិភ័យ​ក៏​មាន​តិច។

នៅ​ក្នុង​ល្បែង​​យុទ្ធសាស្ត្រ​អាមេរិក​ អាល្លឺម៉ង់​​​មាន​តួនាទី​ស្តួច​ស្តើង​បំផុត ៖ អន្តរាគមន៍​នៅ​លីប៊ី គ្មាន​ទេ​វត្តមាន​អាល្លឺម៉ង់ ! វិបត្តិ​ស៊ីរី អេហ្ស៊ីប ក៏​គ្មាន​ដែរ​ឈ្មោះ​អាល្លឺម៉ង់។ បើ​មាន​ប្រហែលជា​​តិច​តួច​​ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ ! អាមេរិក​ក៏​មិន​សង្ឃឹម​ទាញ​យក​អ្វី​បាន​ច្រើន​ពី​អាល្លឺម៉ង់​ដែរ​ក្នុង​វិស័យ​សេដ្ឋកិច្ច ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​របស់​ចិន​នោះ។ ជា​សរុប​ទៅ​ អាមេរិក​ដឹង​ថា​ត្រូវ​រំពឹង​លើ​អឺរ៉ុប​ មិន​ថា​ក្នុង​វិស័យ​នយោបាយ​សន្តិសុខ យោធា ស៊ើប​ការណ៍ គំនាប​សេដ្ឋកិច្ច​ ជំនួយ​ហិរញ្ញវត្ថុ​ ឬ​ឃោសនាព័ត៌មានទេ ក្នុង​កំរិត​មួយ​មាន​កំណត់​បំផុត។

ម្យ៉ាង​វិញ​ទៀត នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ ដែល​មាន​រឿង​អាស្រូវ​លួច​ធ្វើ​ចារកិច្ច​មិត្ត​​ឯង​ដូច្នេះនោះ។ កាលពី​ទសវត្ស​ឆ្នាំ​៨០ និង​៩០ បារាំង​ធ្លាប់​ទាំង​បាន​បណ្តេញ​មេ​ចារកិច្ច​អាមេរិក​ចេញ​ពី​ទឹក​ដី​ផង ប៉ុន្តែ​ការ​លួច​យក​ការណ៍​ទ្រង់ទ្រាយ​ធំ​របស់​អាមេរិក ត្រូវ​បាន​បំភ្លេច​ចោល​ទៅ​វិញ​បន្តិច​ម្តងៗ ក៏​ព្រោះ​តែ​អឺរ៉ុប​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាមេរិក​ក្នុង​វិស័យ​ចារកិច្ច​នេះ ហើយ​ធ្លាប់​​បញ្ចៀស​បាន​ការ​ប៉ុង​ប៉ង​ភេរវកម្ម​ក្នុង​ទឹក​ដី​បារាំង​ និង​អាហ្វ្រិក​។ ​អឺរ៉ុប ​បារាំង និង​ ​អាល្លឺម៉ង់ ធ្វើ​ជា​ភ្ញាក់​ផ្អើល​បញ្ចេញ​ប្រតិកម្ម​ដែល​តាមការ​ពិត​នោះ​ សុទ្ធ​តែ​បាន​ដឹង​អំពី ប្រព័ន្ធ​ស៊ើប​ការណ៍​អាមេរិក​នេះ​ទាំង​អស់ ! នេះ​គ្រាន់​តែ​ជា​តាកទិក​នយោបាយ​​របស់​សម្ព័ន្ធ​មិត្ត​ប៉ុណ្ណោះ​ !

​ដរាប​ណា​ការ​លួច​ស្តាប់​ មិន​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ​ទេ អឺរ៉ុប​អាច​ទទួល​យក​បាន​ ព្រោះ​អឺរ៉ុប​ខ្លួន​ឯង​គ្មាន​មធ្យោបាយ​​ធំដុំ​ក្នុង​វិស័យ​នេះ​ទេ !​ ឬ​សួរ​ថា​តើ​សហភាព​អឺរ៉ុប​មាន​មធ្យោបាយ​ការពារ​ទល់​នឹង​ការ​លួច​ស៊ើបការណ៍​អាមេរិក​នេះ​បាន​ទេ ?!​ ចម្លើយ​ពិត​ជា​អវិជ្ជមាន​ហើយ ! លើស​ពី​នេះ​ទៅ​ទៀត អឺរ៉ុប​ប្រើ​តែ​ប្រព័ន្ធ​ ឬ​ឡូស្ហ៊ីហ្សែល​អាមេរិក ឬ​អាស៊ី​សោះ។ និយាយ​ឱ្យ​ចំគឺ សេចក្តី​ថ្លែង​ការណ៍​ខឹង​សម្បារ​របស់​លោកស្រីប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ អង់ហ្គឺឡា មែរគែល និង​លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ បាន​​បង្ហាញ​ពី​ភាព​កំខ្សោយ​របស់​សហភាព​អឺរ៉ុប​​មែន ប៉ុន្តែ​បាន​ពញ្ញាក់​សហរដ្ឋ​អាមេរិក​ កុំ​ឱ្យ​ជិះ​សេះ​លែង​ដៃ​ខ្លាំង​ពេក។ ​

កិច្ច​ព្រមព្រៀង​ឈប់​ធ្វើ​ចារកិច្ច​គ្នា គ្រោង​នឹង​ចុះ​ហត្ថលេខា​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។ តើ​មើល​ទៅ​ ភ្នាក់ងារ​ចារកិច្ចអាមេរិក​អាច​ធានា​គោរព​បាន​ តាម​កិច្ច​សន្យា​ដែរ​ឬទេ ? បើ​មិន​គោរព​បាន​ តើ​ប៉ារីស និង​បែរឡាំង អាច​ដាក់​ទណ្ឌកម្ម​អាមេរិក​បាន​យ៉ាងណា ? ឧបមា​ថា​អឺរ៉ុប​ខឹង ទៅ​បិទ​ទីតាំង​របស់​ក្រុម​សន្តិសុខ​NSA និង​CIA អាមេរិក​នៅ​ក្នុង​ទឹក​ដី​អាល្លឺម៉ង់ នោះ​ពិត​ជា​កាំបិត​មុខពីរ​ហើយ ព្រោះ​ភ្នាក់ងារ​អឺរ៉ុប​រំពឹង​ខ្លាំង​ណាស់ ដូច្នេះ​មុខ​ជា​នឹង​មាន​ផលវិបាក​ធ្លាក់​មក​ភ្លាម​ជាក់​ជា​មិន​ខាន ដូច​ករណី​កិច្ចព្រមព្រៀង ផ្តោះ​ប្តូរ​សេរី​ អ៊ីចឹង។

គឺ​ជាអំណាច​​​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​​​ប្រទេស​មួយ។ អឺរ៉ុប​ដឹង​ខ្លួន មិន​មែន​ជា​រឿង​ថ្មី​ ប៉ុន្តែប្រតិកម្ម​ពេល​នេះ​​ ទំនង​ជា​មាន​ចេតនា​ចង់​ដើរ​ចេញ​ពី​ការ​​អាស្រ័យ​ទាំង​ស្រុង​​លើ​អាមេរិក ទេ​ដឹង ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ