ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អឺរ៉ុប

បន្ទាប់ពី​អាមេរិក ​អ៊ីស្រាអែល​ក៏​ប្រកាស​ដកខ្លួន​ចេញពី​យូណេស្កូ​ដែរ

media លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល REUTERS/Sebastian Scheiner/Pool

កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដកខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ។ ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក អ៊ីស្រាអែល​ក៏​បាន​ប្រកាស​ដកខ្លួន​តាម​អាមេរិក​ដែរ។ តាមការពិត​ទៅ មូលហេតុ​ដែល​នាំឲ្យ​អាមេរិក​ដកខ្លួន​ចេញ​ពី​យូណេស្កូ​នេះ គឺ​ដោយសារ​តែ​អាមេរិក​ចោទ​យូណេស្កូ​ថា មាន​ជំហរ​ប្រឆាំង​នឹង​អ៊ីស្រាអែល។

សម្រាប់​លោក​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល អង្គការ​យូណេស្កូ​បច្ចុប្បន្ន​នេះ កំពុងក្លាយ​ជា​ស្ថាប័នដែល "បំភ្លៃ​ប្រវត្តិសាស្រ្ត ជាជាង​រក្សា​ប្រវត្តិសាស្រ្ត"។ ចំនែក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល​វិញ​បាន​លើកឡើង​ថា អ៊ីស្រាអែល ក៏ដូចជា សហរដ្ឋ​អាមេរិក​ដែរ យល់ថា អង្គការ​យូណេស្កូ​ត្រូវ​បាន​ដឹកមុខ​ដោយ​ផ្នត់គំនិត "ប្រឆាំង​អ៊ីស្រាអែល" ឬ​អាច​រហូតដល់ "រើសអើង​ប្រឆាំង​ជនជាតិជ្វីហ្វ"។

គួរបញ្ជាក់ថា អាមេរិក ដែល​ធ្លាប់​បាន​ដើរចេញពី​អង្គការ​យូណេស្កូ ពី​ឆ្នាំ ១៩៨៤ ដល់​ឆ្នាំ ២០០៣ បាន​កាត់ផ្តាច់​ជំនួយ លែង​ផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ​ដល់​អង្គការ​យូណេស្កូ តាំង​ពី​ឆ្នាំ ២០១១ ដើម្បី​ប្រឆាំង​ជំទាស់​នឹង​ការរើសបញ្ចូល​ប៉ាឡេស្ទីន​ជាសមាជិក​របស់​អង្គការ​យូណេស្កូ។ កាលណោះ ប្រធាន​អង្គការ​យូណេស្កូ​ធ្លាប់​បាន​បញ្ជាក់​ពី​សារៈសំខាន់ នៃ​ការត្រូវការ​គ្នាទៅវិញ ទៅមក​រវាង​អង្គការ​យូណេស្កូ និង​សហរដ្ឋអាមេរិក។ សម្រាប់​លោកស្រី​នាយិកា​យូណេស្កូ តម្រូវការ​នេះ​កាន់តែ​ចាំបាច់ នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង របស់​ក្រុមជ្រុលនិយម​ដ៏​ហិង្សា ហើយ​និង​ក្រុមភេរវជន ដែល​ចេះ​តែ​បង្កើន​កម្លាំង​បំផ្លាញ​មិន​ឈប់។

នៅថ្ងៃ ព្រហស្បតិ៍ ទស្សនាវដ្តី​អាមេរិកាំង ឈ្មោះ Foreign policy សរសេរ​ថា ការរឹតត្បិត ថវិកា​ជាតិ​អាមេរិក​ជា​ហេតុផល​មួយ ក៏ ប៉ុន្តែ គឺ​និន្នាការ​ប្រឆាំង​អ៊ីស្រាអែល សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅក្នុង​ស្ថាប័ន​យូណេស្កូ ដែល​ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​សម្រេច​ដកខ្លួន​ចេញ​ពី​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​អង្គការ​យូណេស្កូ។ បន្ទាប់​ពីនេះ អាមេរិក​មានឋានៈ​ត្រឹម​ជា​ប្រទេស​សង្កេតការណ៍​តែ​ប៉ុណ្ណោះ នៅក្នុង​អង្គការ​យូណេស្កូ។

ការដកខ្លួនរបស់អាមេរិកពីយូណេស្កូនេះ គឺជាសញ្ញាដែលបង្ហាញពីការកើនឡើងនៃនិន្នាការរបស់អាមេរិក ក្នុងការប្រឆាំងនឹងយន្តការអន្តរជាតិពហុភាគី
ប្រសាសន៍​របស់​លោក​ប៊ែរត្រង់ បាឌី 13/10/2017 ស្តាប់

លោក​ប៊ែរត្រង់ បាឌី (Bertrand Badie) សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៅ​វិទ្យាស្ថានវិទ្យាសាស្រ្ត​នយោបាយ​ក្រុង​ប៉ារីស (Sciences Po Paris) បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិនៅថ្ងៃ​សុក្រ​នេះ​ថា បើ​និយាយ​ពី​ខាង​ផ្នែក​ហិរញ្ញវត្ថុ ការដកខ្លួន​របស់​អាមេរិក​នេះ ប្រហែល​ជា​មិនបង្ក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ​សម្រាប់​យូណេស្កូ ពីព្រោះ​​មុននេះ អាមេរិក​បាន​ផ្អាក​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​យូណេស្កូ​​រួចទៅហើយ ដែល​តម្រូវឲ្យ​យូណេស្កូ​កាត់បន្ថយ​ការ​ចំណាយ​របស់​ខ្លួន​រហូតដល់​ទៅ ២០%​​ រួចទៅហើយដែរ។ ក៏ប៉ុន្តែ អ្វី​ដែល​ជា​ចំណុច​គួរ​ឲ្យ​ព្រួយបារម្ភ គឺ​នៅត្រង់​ថា "នេះ​ជា​សញ្ញា​​បង្ហាញ​ពី​ការកើនឡើង​នៃ​​និន្នាការ​របស់​អាមេរិក ដែល​ងាក​ចេញ​កាន់តែ​ឆ្ងាយ​ពី​យន្តការ​អន្តរជាតិ​ពហុភាគី"៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ