អានតួអត្ថបទ
អាមេរិក-អឺរ៉ុប

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ទៅ​ចូលរួម​កិច្ចប្រជុំ ​G20 ​នៅ​អាល្លឺម៉ង់

កាល​ពីថ្ងៃពុធម្សិលមិញ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​បាន​ចូលរួម​ជាលើកទីមួយ ​ក្នុង​កិច្ចប្រជុំ​អូតង់ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល​​ប្រទេស​ប៊ែលហ្ស៊ិក។ នៅថ្ងៃ​នេះ គឺ​​​រដ្ឋមន្រ្តី​ការបរទេស​ដែល​ធ្វើ​ដំណើរទៅកាន់​តំបន់​អឺរ៉ុប​ដែរ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រុមប្រទេស G20 ដែល​បើក​ធ្វើ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។ កិច្ចប្រជុំ​នេះ​បើក​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ភាព​ចម្រូងចម្រាស​កំពុង​កើតឡើង​ខ្លាំង ជុំវិញ​ទំនាក់ទំនង រវាង​រដ្ឋការ​របស់​លោក​ដូណាល់ត្រាំ​ និង​រុស្ស៊ី ហើយ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ក៏​កំពុងតែ​ចោទ​ជា​សំណួរ​ខ្លាំង ទាក់ទង​នឹង​នយោបាយ​ការបរទេស​របស់​លោក​ដូណាល់ត្រាំ។

លោក​រ៉ិច ធីល័រសុន (Rex Tillerson) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក (រូបថតឯកសារ)
លោក​រ៉ិច ធីល័រសុន (Rex Tillerson) រដ្ឋមន្រ្តី​ការបរទេស​អាមេរិក (រូបថតឯកសារ) REUTERS/Joshua Roberts/File Photo
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ថា នេះ​គឺ​ជា​សប្តាហ៍​អាមេរិក-អឺរ៉ុប ពីព្រោះ​ថា មន្រ្តី​កំពូលៗ​របស់​អាមេរិក​​​​ធ្វើ​ដំណើរ​បន្តកន្ទុយគ្នា​ទៅកាន់​​តំបន់​អឺរ៉ុប​។

រដ្ឋមន្រ្តី​ការពារជាតិ​បាន​មកដល់ កាល​ពីថ្ងៃ​ពុធ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អូតង់ ចំណែក​​នៅថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ពេល​ដែល​លោក ចេម ម៉ាទីស កំពុង​ប្រជុំ​អូតង់​ថ្ងៃ​ទី២ រដ្ឋមន្រ្តី​ការបរទេស​ក៏​បាន​មកដល់ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រទេស G20 នៅ​អាល្លឺម៉ង់ ហើយ​នៅថ្ងៃ​សុក្រ​ស្អែក នៅ​ក្នុង​ពេល​ដែល​កិច្ចប្រជុំ​G20 នៅ​បន្ត​ធ្វើ​ក្នុង​ថ្ងៃ​ទីពីរ មន្រ្តី​កំពូល​មួយ​រូបទៀត​ គឺ​លោក​ម៉ៃក៍ ផេន អនុប្រធានាធិបតី​អាមេរិក ក៏​នឹង​ធ្វើ​ដំណើរ​មក​អាល្លឺម៉ង់​ដែរ ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ក្រុង​មុយនិច​ស្តីពី​បញ្ហា​សន្តិសុខ។

នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរថ្ងៃ នៃ​ក្រុម​ប្រទេស G20 រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​ជា​ម្ចាស់ផ្ទះ​ បាន​រៀបចំ​របៀបវារៈ ដែល​ផ្តោត​សំខាន់​ទៅលើ​ការជជែក​ពី​​បញ្ហា​ប្រឈម​មួយ​ចំនួន​ រួមមាន​ដូចជា​ការប្រែប្រួល​អាកាសធាតុ និង​សង្រ្គាម​នៅ​ស៊ីរី​ជាដើម។ ក៏ប៉ុន្តែ ចង់ឬមិនចង់ ក្រសែភ្នែក​គ្រប់គ្នា​នឹង​ត្រូវ​ផ្តោត​លើ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក។

លោក​រ៉ិច ធីល័រសុន ដែល​ជា​អតីត​មេដឹកនាំ​ក្រុមហ៊ុន​ប្រេងអិចសុន (ExxonMobil) ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ជាមួយ​នឹង​រុស្ស៊ី ពោលគឺ មិនខុស​ពី​លោក​ដូណាល់ត្រាំ​នោះដែរ។​ នៅ​ក្នុង​ពេល​ដែល​ការ​សង្ស័យ​កំពុងតែ​កើតឡើង​ខ្លាំង ជុំវិញ​ទំនាក់ទំនង រវាង​លោក​ដូណាល់ត្រាំ និង​មន្រ្តី​សេតវិមាន ជាមួយ​នឹង​រុស្ស៊ី (ភាព​ចម្រូងចម្រាស​ដែល​រហូត​បង្ខំ​ឲ្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ដូណាល់ត្រាំ​ត្រូវ​លាឈប់​ពីតំណែង) លោក​ធីល័រសុន​នឹង​ត្រូវ​ជួប​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រមុខការ​ទូត​នៃ​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត ដែល​កំពុងតែ​បារម្ភ​ខ្លាច​លោក​ដូណាល់ត្រាំ​បោះបង់​ចោល​អឺរ៉ុប​ដែល​ជា​សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ ហើយ​ងាក​ទៅ​ស្រវា​ឱប​រុស្ស៊ី​ដែល​ជា​គូសត្រូវ​ទៅវិញ។

ជំនួប​ទ្វេភាគី ដែល​លោក​ធីល័រសុន គ្រោង​ធ្វើ​ជាមួយ​លោក​ឡាវរ៉ូហ្វ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ G20 នេះ ក៏​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​យ៉ាងខ្លាំងដែរ។

បច្ចុប្បន្ន​នេះ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ គឺ​ភាព​មិន​ច្បាស់លាស់​នៃ​នយោបាយ​ការបរទេស​របស់​លោក​ដូណាល់ត្រាំ។ ភាព​មិន​ច្បាស់លាស់ ដែល​កើតឡើង​ដោយសារ​តែ​មាន​សេចក្តីថ្លែងការណ៍​ខុសគ្នា​ច្រើន ឬ​រហូត​ដល់​ពេល​ខ្លះ​ផ្ទុយ​ពី​គ្នា​ស្រឡះ​ក៏​មាន រវាង​លោក​ដូណាល់ត្រាំ និង​មន្រ្តី​ជាន់ខ្ពស់​ផ្សេងទៀត​របស់​អាមេរិក។

មន្រ្តី​ការទូត​អឺរ៉ុប​​ម្នាក់​​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​ថា នៅពេល​នេះ​គេ​នៅតែ​មិន​អាច​ដឹង​ច្បាស់​ថា តើ​អាមេរិក​​កំពុង​​មាន​ផែនការ​អ្វី​ ហើយ​មាន​គោលដៅ​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ។ ហេតុដូច្នេះហើយ​បាន​ជាប្រទេស​សម្ព័ន្ធមិត្ត​កំពុង​​ស្វះស្វែង​រក​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​សំណាក់​មន្រ្តី​ជាន់ខ្ពស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ