អានតួអត្ថបទ
អាមេរិក

​ភេរវកម្ម​​១១កញ្ញា២០០១៖ ​អាមេរិក នឹង​បង្ហាញ​ឈ្មោះ​ជន​​សង្ស័យ​សំខាន់ម្នាក់ទៀត

ថ្ងៃ​ព្រហស្បតិ៍​ ទី​១២កញ្ញា ប៉ូលីស ​FBI បាន​ឱ្យដឹង​ថា ក្រសួង​យុត្តិធម៌​អាមេរិក នឹង​ទម្លាយ​បញ្ចេញ​ឈ្មោះ​ជន​ជាប់​សង្ស័យ​សំខាន់​មួយ​រូប​ទៀត ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​វាយ​ប្រហារ​ភេរវកម្ម​ ថ្ងៃទី​១១កញ្ញា ឆ្នាំ​២០០១។ ជន​សង្ស័យ​ដ៏សំខាន់នេះ បាន​ត្រូវគេខំលាក់​ការជា​សម្ងាត់​កម្រិត​ខ្ពស់ តាំងតែ​ពីយូរ​មកហើយ។ ក៏ប៉ុន្តែ​ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ បា​នប្តឹង​ទាមទារ​ឱ្យ​ទម្លាយ​ការពិតនៃការ​ស៊ើប​អង្កេត​ និងត្រូវ​​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យ​ទាំងឡាយ ដែល​ជាប់​ពាក់ព័ន្ធ​ ក្នុង​ការ​វាយ​ប្រហារ​នេះ។

ការវាយប្រហារភេវរកម្ម ដោយបើកយន្តហោះទៅបុកអគារភ្លោះពាណិជ្ជកម្មពិភពលោក World Trade Center  នៅថ្ងៃទី១១កញ្ញា ឆ្នាំ២០០១ គឺសម្លាប់មនុស្ស អស់ជិត ២ ៩៧៦ នាក់។
ការវាយប្រហារភេវរកម្ម ដោយបើកយន្តហោះទៅបុកអគារភ្លោះពាណិជ្ជកម្មពិភពលោក World Trade Center នៅថ្ងៃទី១១កញ្ញា ឆ្នាំ២០០១ គឺសម្លាប់មនុស្ស អស់ជិត ២ ៩៧៦ នាក់។ AFP
ផ្សាយពាណិជ្ជកម្ម

​ការ​វាយ​ប្រហារ​ភេវរកម្ម ដោយ​បើក​យន្ត​ហោះ​ទៅបុក​​អគារភ្លោះ​​ពាណិជ្ជកម្ម​ពិភពលោក World Trade Center ​ នៅ​ថ្ងៃទី​១១កញ្ញាឆ្នាំ​២០០១ គឺ​សម្លាប់​មនុស្ស​ អស់​ជិត​ ៣ ០០០ នាក់។ រហូត​មកទល់​សព្វ​ថ្ងៃ បងប្អូន​សាច់​ញាតិ​ជន​រងគ្រោះ និងអ្នក​រួច​ពីស្លាប់ នៅតែ​ស្វះ​ស្វែង​រក​យុត្តិធម៌ និង​ទាមទារ​សំណងជំងឺ​ចិត្ត​។ សមាគម​ជន​រងគ្រោះ បាន​សាទរដោយ​​ចាត់ទុកថា «ជា​ជោគជ័យ​មួយ​» ​នៅពេល​ដែល​អាជ្ញាធរ​អាមេរិក​សម្រេច​​ទម្លាយឈ្មោះ​ជន​នៅពីក្រោយ​វាំងនន​ខ្មៅ។

ក្រសួង​យុត្តិធម៌ ឱ្យ​ដឹង​ថា​នឹង​បញ្ចេញ​ឈ្មោះ​បុគ្គល​ម្នាក់​នោះមែន ប៉ុន្តែ មិន​បាន​បញ្ជាក់​ច្បាស់​ថា អាច​ធ្លាយ​​ចេញ​មក នៅថ្ងៃ​ណា​ទេ ហើយ​ការ​លាត​បង្ហាញនោះ ក៏​នឹង​ប្រាប់​ត្រឹមតែ​ឈ្មោះ​ប៉ុណ្ណោះ ដោយ​ដំណើរ​ដើមទង​លម្អិត គឺ​ត្រូវ​បិទ​ផ្អឹប​ទុក​ជា​ការ​សម្ងាត់​​ដដែល។

គួរ​រម្លឹក​ជូនថា ក្រោយ​ពេល​កើត​ហេតុ​វាយ​ប្រហារ​ភេវរកម្ម​ដ៏​កក្រើក​ក្រុង​ញូវយ៉ក​នោះ​ នគរបាល​អាមេរិក ​បា​នចាប់​ក្របួច​ក​ជន​សង្ស័យ​និង​ភេវរជនអាល់​កៃដា​​ ចំនួន​ ១៩នាក់ សុទ្ធតែ​ប្រុសៗ ​ ដែល​ក្នុង​នោះ​មាន​ម្នាក់ ជាជន​ជាតិ​ប៉ាគីស្ថាន ហើយ​១៥នាក់ទៀត​ គឺ​ជា​អាណិកជន​​ជនជាតិ​ អារ៉ាប៊ីសាអូឌីត។

នៅក្នុង​របាយការណ៍​​ការ​​ស៊ើប​អង្កេតសម្ងាត់​ ដែល​ត្រូវ​បញ្ចេញ​នៅ​ឆ្នាំ២០០២ គឺ​អាចឱ្យគេ​បានដឹងថា មាន​មនុស្ស​ពីរនាក់ (Omar al-Bayoumi និង Fahad al-Thumairy) ដែល​មន្ត្រី​ស្និទ​នឹង​​ស្ថានទូត​អារ៉ាប៊ីសាអូឌីត​ប្រចាំ​នៅអាមេរិក​ គឺជាអ្នក​ជួយ​ជ្រោម​ជ្រែងពួក​កង​កុម្មង់ដូ ​ផ្នែក​មធ្យោបាយ​សម្ភារៈនិងលុយកាក់​ ដើម្បី​រៀបចំ​ផែនការ​ធ្វើ​ភេរវកម្ម​។ ប៉ូលីសFBI ​ថា ​មាន​ភស្តុតាង​ដែល​អាច​បញ្ជាក់ថា​ មនុស្ស​​ទាំង​​ពីរនាក់​នោះ បាន​ទទួល​បញ្ជា​ពី​បុគ្គល​ដ៏​សំខាន់​ម្នាក់ទៀត ដែលជន​នេះហើយ​ គឺជា​កម្មវត្ថុ​​នៃការ​ទាមទារ​ឱ្យ​បើកបង្ហាញ តាំងតែ​ពីយូរមកហើយ។

នៅ​ក្នុង​សំណុំ​រឿង​នេះ ក្រុម​ជន​រងគ្រោះ​ បាន​បន្ទោស​បង្អាប់​​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត យ៉ាងចាស់ដៃ​ ថា​មា​ន​ជាប់​​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម ហើយ​ញាតិមិត្ត​ជន​រងគ្រោះ​ក៏​បាន​​ទាមទារ​ឱ្យ​អារ៉ាប៊ីសាអូឌីត សងសំណង​ជាទឹកប្រាក់​ខ្ទង់​រាប់​ពាន់​​លាន​ដុល្លារ​។ ក្នុង​សំណុំ​រឿង​នេះដែរ ទើប ​អាមេរិក​ បាន​សម្រេច​ប្រកាសសង្គ្រាម​​ប្រឆាំង​ភេវរ​កម្ម​ នៅ​អាហ្វហ្គានីស្ថាន រហូត​បាញ់​សម្លាប់​ មេខ្សែបណ្តាញ​ភេវរកម្ម​អាល់ដៃកា អូសាម៉ា ប៊ិនឡាដិន​​ នៅឆ្នាំ​​២០១១។​

សូមជម្រាបថា ឈ្មោះ​ភេរវជន​ មួយ​ចំនួន ដែល​ត្រូវ​ត្រៀម​ខ្លួន​កាត់ទោស មានដូចជា​ Mohammed, Walid bin Attash, Ramzi Binalshibh, Ali Abd al-Aziz Ali និង​ Mustafa al-Hawsawi ។ ពេល​នេះ ពួក​គេ​កំពុង​ជាប់​ឃុំក្នុង​ពន្ធនាគារដ៏សម្ងាត់ ​នៅ​លើកោះ កណ្តាល​សមុទ្រ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ