អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហិង្សា​ប៉ូលិស​បាញ់​សម្លាប់​យុវជន​ស្បែកខ្មៅ​ក្នុង​រដ្ឋMissouri ​ធ្វើ​អោយ​​​កក្រើក​​ទឹកដី​អាមេរិក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​រើសអើង​​​ពូជសាសន៍​​ និង​ហិង្សា​របស់​ប៉ូលិស ​ហាក់​នៅ​តែ​​​ជាបញ្ហា​​​​​អចិន្ត្រៃយ៍​នៅ​សហរដ្ឋ​អាមេរិក។ ​តាំង​​ពី​ថ្ងៃ​៩​សីហាមក​ ​​ប្រជាជន​អាមេរិក​គ្រប់ទិសទី ​ពិសេស​ប្រជាជន​ក្នុងក្រុង​  Ferguson ​​រដ្ឋ​Missouri នៅ​ភាគ​ខាងលិច មាន​ការ​រំជួលចិត្ត​​​​ខ្លាំង​ចំពោះ​​ឃាតកម្ម​​លើ​យុវជន​ស្បែកខ្មៅ ឈ្មោះថា ​ម៉ៃខឺល ប្រោន Michael Brown ដែល​ទើប​មាន​អាយុ​១៨ឆ្នាំ។ យុវជន​ម៉ៃខឺល ត្រូវបានប៉ូលិស​ម្នាក់​ក្នុង​​ក្រុង​​​ហ្វ៊ែរហ្គុសុន បាញ់​សម្លាប់​ នៅ​ថ្ងៃ​ចន្ទ​៩សីហា។ ប្រជាជន​​ក្នុង​ក្រុង​ហ្វ៊ែរហ្គុសុន​​​បាននាំគ្នា​​​ធ្វើបាតុកម្ម​​​​ដោយ​សន្តិវិធី ​ជាច្រើន​ថ្ងៃ ​បរិហារ​​​ហិង្សា​ប៉ូលិស​ ​​បរិហារថា​​អាជ្ញាធរ​​​​​រើសអើង​ប្រជាជន​ស្បែកខ្មៅ។ ប៉ូលិស​​បាន​ចុះ​ទៅ​អន្តរាគមន៍ ​​​​ប្រើ​​​ឧស្ម័ន​បង្ហូរ​​ទឹកភ្នែក ​និង​គ្រាប់​កាំភ្លើង​កៅស៊ូ បាញ់​បំបែក​ហ្វូង​បាតុករ។ ​​ ​​​មនុស្ស​ច្រើននាក់ ​​ក្នុង​នោះ​មាន​ទាំង​អ្នកសារព័ត៌មាន​ផង ត្រូវ​ប៉ូលិស​ចាប់ខ្លួន។ ​កាលពី​ថ្ងៃ​ចន្ទ១១សីហា ​សប្តាហ៍​មុន យុវជន​ស្បែកខ្មៅ​ម្នាក់ ​មាន​បញ្ហា​​ខួរក្បាល ​នៅ​រដ្ឋ​Los Angeles ក៏​ត្រូវបាន​ប៉ូលិស​សំលាប់​ដែរ។ ​

ប្រជាជន​​នាំគ្នា​បាតុកម្ម​នៅ​គ្រប់​ទិសទីនៅ​អាមេរិក​ ​បរិហារ​​ហិង្សា​ប៉ូលិស ក្រោយ​យុវជន​ម៉ៃខឺល ប្រោន​ ត្រូវប៉ូលិស​បាញ់​សម្លាប់ ក្នុង​រដ្ឋ​មីស៊ូរី។
ប្រជាជន​​នាំគ្នា​បាតុកម្ម​នៅ​គ្រប់​ទិសទីនៅ​អាមេរិក​ ​បរិហារ​​ហិង្សា​ប៉ូលិស ក្រោយ​យុវជន​ម៉ៃខឺល ប្រោន​ ត្រូវប៉ូលិស​បាញ់​សម្លាប់ ក្នុង​រដ្ឋ​មីស៊ូរី។ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

រឿងរ៉ាវ​ប៉ូលិស​បាញ់​សម្លាប់​យុវជន​ស្បែកខ្មៅ នៅ​ក្រុង​Ferguson ក្នុង​រដ្ឋ​Missouri សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​អោយ​រំជើបរំជួល​​​​គ្រប់ទិសទីនៅអាមេរិក​ កក្រើក​​រហូត​​ដល់​ប្រធានាធិបតី​អូបាម៉ា ដល់ថ្នាក់​លោក​អូបាម៉ា​​​​​​​​អំពាវនាវ​​អោយ​គ្រប់គ្នា​រក្សា​ភាព​​​ស្ងប់ស្ងាត់ សុំអោយ​ប៉ូលិស​​ចៀសវាង​ប្រើ​កម្លាំង​បាយ​ហួសហេតុ លើ​បាតុកម្ម​ដែល​មាន​បែបផែន​​សន្តិវិធី។ ​

រឿងរ៉ាវ​​​ ប៉ូលិស​​​បាញ់​សម្លាប់​យុវជន​​ស្បែកខ្មៅ ​​ម៉ៃខឺល​ ប្រោន ​បាន​កើត​​ឡើង នៅ​ថ្ងៃ​សៅរ៍​​​៩សីហា ក្រុង​Ferguson នៅ​មុខ​អគារ​​ដែល​មា​នប្រជាជន​រស់នៅ​មួយកន្លែង។ ​តាមអ្វី​ដែល​​​បានដឹង​គឺថា ​កាលពី​​រសៀល​​ថ្ងៃ៩សីហា​ ​​​យុវជន​ប្រោន​និង​មិត្តភក្តិ​របស់​ខ្លួនម្នាក់​ បាន​ដើរ​តាម​ផ្លូវមួយ​​​ក្នុង​ក្រុង​នេះ។ ពេល​កំពុង​ដើរ​នោះ មាន​ប៉ូលិស​ល្បាត​ម្នាក់​បើកឡាន​មក​ទន្ទឹម​យុវជន​ទាំង២ ហើយ​បាន​បាញ់​សម្លាប់​ម៉ៃខឺល ប្រោន។ ​​​យោងតាម​​មេប៉ូលិស​​ជាយក្រុងSaint-Louis ក្នុង​រដ្ឋ​មីស៊ូរី ​យុវជន​ម៉ៃខឺល​បាន​​​ប្រើហិង្សា​​ច្រាន​ប៉ូលិស​រូបនោះ​ ហើយ​ព្យាយាម​​​ដណ្តើមយក​​អាវុធ​ពី​ប៉ូលិស ទើបប៉ូលិស​បាញ់​សម្លាប់​ដូច្នោះ។ ​​ប៉ុន្តែ​ ​​​យោងតាម​សាក្សី​ និង​គ្រួសាររបស់​ម៉ៃខឺល​​ ម៉ៃខឺល​គ្មាន​អាវុធ​អ្វីទេ។ ​ពេលកើត​ហេតុការណ៍​​ ​ម៉ៃខឺល​​​នៅ​ចំងាយ​ដល់​ទៅជាង​​១០ម៉ែត្រ​ ពី​ឡាន​ប៉ូលិស​ឯណោះ។

​យុវជន​​​ដូរីយ៉ាន់ ជា​មិត្តភក្តិ​ដែល​ដើរ​ជាមួយ​ម៉ៃខឺល​ ពេល​កើត​​ហេតុការណ៍ ប្រាប់ថា​​ ​​ ប៉ូលិស​ល្បាត​​នោះ​បាន​ឈប់ឡាន ហើយ​សុំអោយពួកគេ​ទាំង២នាក់​ ​​​​ដើរ​លើ​ចិញ្ចើមថ្នល់វិញ។ ​សាក្សី​ច្រើនរូប​ផ្សេងទៀត​ប្រាប់ថា ប៉ូលិស​និង​ម៉ៃខឺល​បាន​ប៉ះ​សំដី​គ្នា ក្រោយមក​​ម៉ៃខឺល​បាន​ដើរ​ចេញ​ឆ្ងាយ​ពី​ប៉ូលិសនោះ។ ពេលនោះ ប៉ូលិស​​ក៏​ទាញ​កាំភ្លើង​បាញ់​យុវជន​ម៉ៃខឺល​តែម្តង។ ​មិត្តភក្តិ​របស់​ម៉ៃខឺល​បន្ថែមថា ក្រោយ​ប៉ូលិស​បាញ់​បាន​មួយគ្រាប់​ ​ម៉ៃខឺល​បាន​បែរ​ងាក​​មក​រក​ប៉ូលិស​វិញ ហើយ​លើកដៃ​ឡើង ​ប៉ុន្តែ ប៉ូលិស​នោះ​នៅតែ​បន្ត​​ដើរ​ទៅ​មុខ និង​​​បាញ់​កាំភ្លើង​​​ច្រើន​គ្រាប់​ថែមទៀតសំដៅ​ទៅ​​ម៉ៃខឺល។ នេះ​ជា​ការអះអាង​របស់​មិត្តភក្តិ និង​សាក្សី​ច្រើននាក់។ ដូច្នេះ ហេតុការណ៍​គឺ​អាច​កើតឡើង​​ដូច្នោះ​មែន។

ហេតុនេះហើយ​ ទើប​ប្រជាជន​អាមេរិក​គ្រប់ទិសទី ​ក្តុកក្តួល​ចិត្ត​ ​ព្រោះថា យុវជន​ម៉ៃខឺល​ ​ទើប​មាន​អាយុ​១៨ឆ្នាំ​ប៉ុណ្ណោះ នៅ​មាន​អនាគត​​វែងឆ្ងាយ​ទៅ​មុខទៀត បែរ​ជា​ត្រូវស្លាប់​អាណោច​អធម៌​​បែបនេះ។ ម៉ៃខឺល​ទើប​​បញ្ចប់​​ការ​សិក្សា​នៅ​វិទ្យាល័យ។ ​តាម​ធម្មតា ​ត្រូវ​​ចូលរៀន​មហាវិទ្យាល័យ ​កាលពី​ថ្ងៃ​១១​សីហា តែ​​​ប៉ូលិសបាន​​បាញ់សម្លាប់​​នៅ​ថ្ងៃ​៩សីហា តែ​​២ថ្ងៃប៉ុណ្ណោះ​​មុន​ថ្ងៃ​ចូលរៀន​។ ​អ្នកស្គាល់​​យុវជន​ម៉ៃខឺល​ប្រាប់ថា ​ម៉ៃខឺល​​​ស្លូតបូត​​មិនចេះ​​បង្ក​​រឿង​ទេ ​ហើយ​ខិតខំ​រៀនសូត្រ​ណាស់។ ​បាតុករ​អាមេរិក​​នាំគ្នា​​ស្រែក​បរិហារ​​ពី​ហិង្សា​ប៉ូលិស ចំពោះ​ជន​ស្លូតត្រង់ ដោយ​សរសេរ​បដា​ចំអក​ប៉ូលិស​ថា៖ “លើកដៃ​ឡើង កុំបាញ់អោយ​សោះ!!!”។ ប្រាកដ​ណាស់ យោង​តាម​សាក្សីឃើញ​ហេតុការណ៍​​​ ម៉ៃខឺល​អាច​នឹង​​បាញ់​​ប៉ូលិស​​ម្តេច​បាន​ បើ​ម៉ៃខឺល​​គ្មាន​អាវុធ​សោះ ​ហើយ​មាន​តែ​លើកដៃ​ឡើង​សុំ​កុំអោយ​​​​ប៉ូលិស​បាញ់​ខ្លួន​វិញនោះ។  ​​ ​

ប្រជាជន​​បាន​នាំគ្នា​ធ្វើបាតុកម្ម​នៅតាម​ក្រុង​ធំៗ នៅអាមេរិក។ នៅ​ក្រុង​ញូវយក បាតុកម្ម​មិនត្រឹមតែ​​ឧទ្ទិស​ដល់​វិញ្ញាណក្ខ័ន្ធ​យុវជន​ម៉ៃខឺលទេ តែ​ក៏​​​ឧទ្ទិស​ដល់​មនុស្ស​ផ្សេងទៀត ដែល​ត្រូវ​ស្លាប់​​​​ដោយ​អំពើ​ហិង្សា​របស់​ប៉ូលិស​កន្លងមក​ដែរ។​ អ្នកក្រុង​ញូវយក ​នៅ​ចាំបាន​ពី​ហេតុការណ៍​​​ពលរដ្ឋ​ស្បែកខ្មៅ​​ឈ្មោះ​អេរិក ហ្កាណឺ អាយុ​៤៣ឆ្នាំ​ ដែល​​ទើប​​​ស្លាប់​ដោយ​គាំង​បេះដូង ​កាលពី​ខែ​កក្កដា​មុ​ននេះ​ ​ក្រោយ​ពេល​ប៉ូលិស​​រឹតក​គាត់។ ​​ដូច្នេះ អាច​​ថា ជាទូទៅ ប៉ូលិស​តែងប្រើ​ហិង្សា​លើ​ជនស្បែកខ្មៅ។ ​ដោយសារ​​​ការចោទ​ប្រកាន់​លើ​អាជ្ញាធរ​​ក្រុង​ហ្វ៊ែរហ្គុសុន​ ក្នុង​រដ្ឋ​មីស៊ូរី ​​ថា​រើសអើង​ពូជសាសន៍ ​ទីភ្នាក់ងារ​អេហ្វប៊ីអាយ អាមេរិក​ក៏​បើក​ការ​ស៊ើបអង្កេត​ផ្ទាល់ខ្លួន​​មួយដែរ។  ​ដើម្បី​ការពារ​សុវត្ថិភាព​ប៉ូលិស​ដែល​បង្ក​ហិង្សា​នោះ ​ផ្នែក​ប៉ូលិស​មិនបាន​ប្រាប់​​ពី​ពណ៌សំបុរ​ប៉ូលិស​​​​ដែល​បាញ់​ម៉ៃខឺល​ទេ។​ ​​តែ​គេ​ដឹង​ថា ​ក្រុង​ហ្វ៊ែរហ្គុសុន​មាន​​ប្រជាជន​២ម៉ឺន១ពាន់នាក់​​​ ២ភាគ៣ ជា​ប្រជាជន​ស្បែកខ្មៅ ខណៈ​​ប៉ូលិស​ភាគច្រើន​ជា​ប៉ូលិស​ស្បែកស។

ដោយឡែក ​​ហេតុការណ៍​ហិង្សា​​ពី​សំណាក់​ប៉ូលិស​​ ក៏​ធ្វើអោយ​​​គេ​ចោទសួរ​​ពី​អាវុធ​និង​សម្ភារៈ​ដែល​ប៉ូលិស​អាមេរិកកំពុង​ប្រើសព្វថ្ងៃ ​​​​មិនថា តែ​នៅ​ក្រុង​Ferguson​ទេ តែ​គឺ​នៅ​គ្រប់ក្រុង​​គ្រប់​​រដ្ឋ​តែម្តង។ ​មើលទៅ​ ប៉ូលិស​​​​​ហាក់​សំបូរ​សម្ភារៈ​យោធា ប្រើ​មិនចេះខ្វះ។ យោងតាម​ការ​ស៊ើបអង្កេត​របស់​សារព័ត៌មាន​ញូវយក​ថែមស៍ ​ក្រោយ​​ពេល​លោក​អូបាម៉ា​ប្រាប់ថា លែងចង់​អោយ​អាមេរិក​ធ្វើ​សង្គ្រាម​​​យូរអង្វែង​ក្រៅ​ស្រុក​ទៀត ​ស្នងការ​​ប៉ូលិស​​ជាច្រើន​​​ក៏ស្រាប់តែ​មាន​សម្ភារៈ​យោធា​ប្រើប្រាស់​រាប់តោន មាន​ដូច​ជា​​​​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​​​ជាង​៥០០គ្រឿង រឺ​​ក៏​កាំភ្លើង​យន្ត​​ជាង​​៩ម៉ឺនដើម​ឯណោះ។ ​អាច​ថា ជា​សម្ភារៈ​​សេសសល់​ពី​ប្រតិបត្តិការ​យោធា​នៅបរទេស ហើយ​ត្រូវ​អាជ្ញាធរ​យក​មកអោយ​ប៉ូលិសក្នុង​ស្រុក​​ប្រើ​វិញ។ ​ប្រហែល​មាន​​អាវុធ​មាន​​ហូរហៀរ​បែបនេះ​ហើយ​​មើលទៅ ទើប​​​ប៉ូលិស​អាមេរិក​​​កាន់តែ​ក្អេងក្អាង​ដាក់​ប្រជាជន​ក្នុង​ស្រុក​។

ប៉ុន្តែ បើ​​យើង​​មើល​ប្រព័ន្ធ​គ្រប់គ្រង​របស់​​ប៉ូលិស​អាមេរិក​វិញ ​គឺ​មិនដូច​ជា​នៅ​កម្ពុជា​​ទេ។ ​​អាមេរិក​​គ្មាន​​ប៉ូលិស​​​ការពារ​​សណ្តាប់ធ្នាប់​​ ​គ្មាន​​រដ្ឋមន្ត្រី​​មហាផ្ទៃ ​​គ្មាន​​មេដឹកនាំ​នៅ​រដ្ឋធានី​​​វ៉ាស៊ីនតោន​​ ដើម្បីសម្រេច​​​​​បញ្ជូន​​កងកម្លាំង​ការពារ​ទៅ​ក្រុង​ហ្វ៊ែរហ្គុសុន​ទេ។ ​ករណី​មាន​ចលាចល ​​ប៉ូលិស​បញ្ជូន​​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ​​ច្រើន​មុខ​ ចុះ​ទៅ​អន្តរាគមន៍ ​​មើលទៅ​ គឺ​ដូច​​​​អន្តរាគមន៍​យោធា​ក្នុង​សមរភូមិ​សង្គ្រាម​ដូច្នោះ​ដែរ។ ប្រហែល​មកពី​​គ្រប់​អន្តរាគមន៍​​​ គ្រប់កិច្ចការ​​ផ្តោត​​លើ​ប៉ូលិស​តែ​មួយមុខ​​ ទើប​គ្រប់គ្នា​​​ឃើញ​ថា ប៉ូលិស​លេច​មុខ​មាត់​​ ​​ក្អេងក្អាង​​ក្នុង​សង្គម។ ​​​

ដើម្បី​​បន្ធូរបន្ថយ​​កំហឹង​ប្រជាជន ​ក្រោយ​ឃាតកម្ម​លើ​យុវជន​ស្បែកខ្មៅ​​​ម៉ៃខឺល ​​នៅ​ក្រុង​Ferguson ​រដ្ឋ​មីស៊ូរី​ ​​​លោក​ចៃ និចសុន ​ជា​អភិបាល​រដ្ឋ​Missouri បាន​ដាក់​​​​លោក​រ៉ុន ចនសុន ជា​​​ប៉ូលិស​កាន់កាប់​​​ផ្លូវហៃវេ ជា​ជនជាតិ​ស្បែកខ្មៅ​ អោយ​មក​កាន់កាប់​សន្តិសុខ​ក្រុង​Ferguson​​វិញ។ ​​​មេប៉ូលិស​ថ្មី​​ក្រុង​ហ្វ៊ែរហ្គុសុន​ ​ក៏​មាន​កំណើត​កើត​ជា​នៅ​ក្រុង​​នេះដែរ។

ប៉ុន្តែ សួរថា ​តែងតាំង​អោយ​មាន​​មេ​ប៉ូលិស​​ស្បែកខ្មៅ​​​ ​ អាច​​ជួយ​​​ប្រជាជន​ស្បែកខ្មៅ​អោយ​​មានទំនុកចិត្ត​លើ​អាជ្ញាធរ​វិញទេ បើ​ប៉ូលិស​​ក្រុង​Ferguson ​​នៅតែ​អួតថា ខ្លួន​ចេះ​អត់ធ្មត់​ខ្ពស់​​បំផុត ប្រឈម​នឹង​​ហិង្សា​​គប់ដុំថ្ម បំផ្លាញ​រថយន្ត​ក្នុង​សង្គម​នោះ ?  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ