សង្គ្រាមពាណិជ្ជកម្ម ចិននិងអាមេរិក ចាប់ផ្តើមហើយ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៣
ថ្ងៃទី៦កក្កដានេះ សង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកជាមួយចិន បានចាប់ផ្តើមមែនទែនហើយ។ ច្បាប់កំណត់ពន្ធគយរបស់អាមេរិកដែលកម្រិតពន្ធលើទំនិញនាំចូលពីចិន បានចូលជាធរមាន តាំងពីពេលរំលងអធ្រាត្រមកម្ល៉េះ។ អាមេរិករបស់លោក ដូណាល់ ត្រាំ បានដាក់រណាំងពន្ធគយ ចំនួន២៥ភាគរយចំពោះទំនិញជាង៨០០មុខរបស់ចិនដែលនាំចូលទៅក្នុងទឹកដីអាមេរិក។ លើសពីនេះ នៅពីរសប្តាហ៍ខាងមុខ រដ្ឋាភិបាលរបស់លោកត្រាំ នឹងបន្ថែមពន្ធគយ១០ភាគរយថែមទៀតចំពោះទំនិញនាំចូលពីចិន។ ចំណែកចិនវិញ បានឆ្លើយតបវិញភ្លាមៗ ថាចិននឹងវាយបកយ៉ាងសមស្របចំពោះទង្វើរបស់អាមេរិក។ ហើយចិនក៏បានចោទអាមេរិកថាជាអ្នកបង្កសង្គ្រាមពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ។ ចំពោះចិន អាមេរិកគឺកំពុងតែរំលោភគោលការណ៍ផ្តោះប្តូរពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោក។
តើសង្គ្រាមពាណិជ្ជកម្ម រវាងអាមេរិកនិងចិន នឹងមានអ្វីកើតឡើង?
សង្គ្រាមនេះ គឺគ្មានការផ្ទុះអាវុធដោយផ្ទាល់ជាមួយគ្នា រវាងអាមេរិកនិងចិនទេ តែសង្គ្រាមពាណិជ្ជកម្ម វាទាក់ទងជាមួយនឹងរឿងរកស៊ីសេដ្ឋកិច្ចពាណិជ្ជកម្ម។ ប្រធានាធិបតីអាមេរិក ដែលប្រកាន់យកគោលការណ៍អាត្មានិយម គិតប្រយោជន៍អាមេរិកជាធំ បានសង្គ្រឿតធ្មេញដាក់ចិន ជាច្រើនខែមកហើយ។ អាមេរិករបស់លោក ដូណាល់ ត្រាំ ដោយសារតែខឹង ថា ចិនកេញចំណេញចំពោះការនាំចូលទំនិញទៅលក់នៅអាមេរិក។ មិនតែប៉ុណ្ណោះ លោក ត្រាំ គុំកួនខឹងចិនយូរមកហើយ ថាចិនលួចកម្មសិទ្ធិបញ្ញានិងបច្ចេកវិជ្ជាថ្មីៗរបស់អាមេរិក។
ចំពោះច្បាប់ថ្មី ដែលកម្រិតពីចំនួនពន្ធលើទំនិញរបស់ចិននាំចូលអាមេរិកនេះ គឺវាប៉ះពាល់ដល់ផលិតផលទំនិញរបស់ចិន ដល់ទៅ៨១៨មុខឯណោះ។ អាមេរិករបស់លោក ត្រាំ នឹងយកពន្ធ ចំនួន២៥ភាគរយទៅលើទំនិញទាំងនេះ ដែលក្នុងនោះរាប់ចាប់តាំងពី គ្រឿងគ្រៅសម្ភារៈផលិតឡាន សម្ភារៈផលិតយន្តហោះ និងបរិក្ខាររបស់កុំព្យូទ័រជាដើម។ គេអាចវាយតម្លៃថា វាអាចស្មើនឹងទឹកប្រាក់ចំនួន ៣៤ពាន់លានដុល្លារអាមេរិក។
ថែមពីនេះ រដ្ឋបាលរបស់លោក ត្រាំ ក៏បានដាក់ឱសានុវាទ២សប្តាហ៍ទៀត សម្រាប់ពិនិត្យពិចារណា ដាក់ពន្ធបន្ថែម ១០ភាគរយៈបន្ថែមទៀត សម្រាប់ទំនិញរបស់ចិនដែលនាំទៅលក់នៅអាមេរិក។ ចំនួននេះ គឺអាចស្មើនឹងទឹកប្រាក់១៦ពាន់លានដុល្លារថែមទៀត។
ជាសរុប ពន្ធគយរបស់អាមេរិក គឺទំនងជាស្មើនឹង៥០ពាន់លានដុល្លារ ចំពោះពន្ធគយប្រចាំឆ្នាំ នៃផលិតផលចិននៅអាមេរិក។
ធ្ងន់ធ្ងរជាងនេះទៀត រដ្ឋបាលរបស់លោក ត្រាំ ថាអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីដាក់ពន្ធរហូតដល់២០០ពាន់លានដុល្លារ ប្រសិនបើចិននៅតែហ៊ានរឹងថ្អឹង ដំឡើងពន្ធជាថ្មីចំពោះផលិតផលទំនិញពីអាមេរិកទៅលក់នៅចិនទៀតនោះ។
នៅទីបំផុតទៅ តើសង្គ្រាមពាណិជ្ជកម្មនេះ នរណាឈ្នះនរណាចាញ់?
គ្មាននរណាឈ្មះឬចាញ់ទេ តែអាចមានអ្នកខាតបង់ទាំងពីរខាង។ បើយើងគិតតែពីតួលេខនៃទឹកប្រាក់ គឺអាមេរិកអាចនឹងដាក់ពន្ធនាំចូលរបស់ផលិតផលចិន ក្នុងរង្វង់ទឹកប្រាក់៥០ពាន់លានដុល្លារ។ ប៉ុន្តែអាចនឹងមានវិធានការជាថ្មីបន្តបន្ទាប់ច្រើនជាងនេះផងក៏មិនដឹង។ តែពីភាខាងចិនវិញ បើតាមរបាយការណ៍វិភាគឯករាជ្យមួយ ចំពោះវិធានការណ៍ឆ្លើយតបដែលចិនអាចនឹងដាក់ពន្ធគយលើទំនិញអាមេរិក នោះ គឺវាអាចប៉ះពាល់ដល់ទឹកប្រាក់៧៥ពាន់លានឯណោះ។
ចិន បានអះអាងជាញឹកញយមកហើយថា បើអាមេរិកចង់សាក គឺចិនអាចកំដរបាន។ នៅថ្ងៃ៦កក្កដានេះទៀត រដ្ឋាភិបាលចិន បានឆ្លើយបកភ្លាមៗ ថា ចិននឹងចេញប្រតិកម្មផ្លូវការឲ្យសមស្របទៅនឹងទង្វើរបស់អាមេរិក។ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មនៅក្រុងប៉េកាំង បានលើកឡើងថា ចិនពុំបានបង្កការគំរាមកំហែង ហើយចិនក៏មិនអាចជាកម្មវត្ថុនៃការគំរាមផងដែរ។
យ៉ាងណាមិញ មហាយក្សចិន បានចង្អុរមុខចោទអាមេរិកថាជាអ្នកបង្កសង្គ្រាម ពាណិជ្ជកម្មជាប្រវត្តិសាស្ត្រ ហើយអាមេរិក កំពុងតែរំលោភគោលការណ៍ផ្តោះប្តូរ ពាណិជ្ជកម្មសេរីរបស់អង្គការពាណិជ្ជកម្មពិភពលោក។
ទោះបីយ៉ាងក៏ដោយ អ្នកជំនាញខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអង្គការពិភពលោកជំនាញផ្នែកហិរញ្ញវត្ថុជាដើម បានសម្តែងក្តីព្រួយបារម្ភជាយូរណាស់មកហើយ ហើយគេបានដាស់តឿន ទាំងពីរភាគីថា កុំឲ្យចង់បង្កសង្គ្រាមពាណិជ្ជកម្មធ្វើអ្វី ដ្បិតវាមិនចំណេញទេ។ អ្នកជំនាញ បញ្ជាក់ទៀត ថា សង្គ្រាមនេះ វាមិនគ្រាន់តែបង្កផលលំបាកដល់អាមេរិកនិងចិនខ្លួនឯងប៉ុណ្ណោះទេ តែវានាំទុក្ខដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។
អ្នកជំនាញខ្លះ វាយតម្លៃថា ផលលំបាកនៃសង្គ្រាមពាណិជ្ជកម្មលើកនេះ អាចមានទំហំធំ គឺអាចប្រៀបបានទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។
អ្នកប្រឹក្សាសេដ្ឋកិច្ចជាច្រើនមើលឃើញថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកលើកនេះ គឺជាគំនិតព្យុះសង្ឃរា ដែលបោកបក់លើសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកទាំងមូល។
ចំពោះផលប៉ះពាល់ គឺវាអាចមានសេណារីយ៉ូជាច្រើន។ បើតាមការគន់គូរជាបឋមរបស់អ្នកជំនាញ ទាំងអាមេរិក ទាំងចិន និងសហភាពអឺរ៉ុប អាចនឹងកាត់បន្ថយចំណូលក្នុងស្រុកសរុប ពី៣ទៅ៤ចំណុច។ ចំណែកបំផ្លាស់ប្តូរពាណិជ្ជកម្មជាមួយបារាំង និងប្រទេសផ្សេងទៀតក្នុងពិភពលោក គឺអាចប៉ះពាល់ដល់ទៅជាង៤០ភាគរយ ហើយចំណែកផលប៉ះពាល់ គឺ ទំនងជាអាចជះឥទ្ធិពល ប្រៀបបានទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក២០០៨ដែរ។
នៅពេលនេះ ពិភពលោក កំពុងតែបញ្ឈរភ្នែកតាមដានរឿងនេះសម្បើមណាស់។ ភាគីខាងរុស្ស៊ីឯណោះ បានប្រុងប្រៀងជើងការស្រេចហើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង និយាយប្រាប់អ្នកកាសែតនាប៉ុន្មាននាទីមុននេះ ថា រុស្ស៊ី នឹងរៀបចំវិធានចាំបាច់ជាបន្តបន្ទាប់ដើម្បីទប់ទល់លំហូរឥទ្ធិពលនៃវិបត្តិរបស់សង្គ្រាមពាណិជ្ជកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ