អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាមេរិក​បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​រវ៉ាន់ដា​ចំពោះ​ទង្វើ​ចាប់​ឃុំ​មនុស្ស​ដោយ​គ្មាន​ភស្តុតាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​ថ្មី​ម្តង​ទៀត សហរដ្ឋអាមេរិក​បាន​ដំឡើង​សម្លេង​ប្រឆំាង​នឹង​ប្រទេស​រវ៉ាន់ដា។ នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃទី៤ មិថុនា ក្រសួង​ការបរទេស​អាមេរិក​សម្តែង​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​ចាប់ខ្លួន និង​ឃុំខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ពី​សំណាក់​រដ្ឋអំណាច​រវ៉ាន់ដា​នា​រយៈពេល ២ខែ​ចុង​ក្រោយ​នេះ។ យោង​តាម​ក្រសួង​ការបរទេស​អាមេរិក មនុស្ស​ចាប់​ខ្លួន​ទំាង​នោះ​ត្រូវ​បាន​រដ្ឋអំណាច​យក​ទៅ​ឃុំ​អស់​ជា​ច្រើន​ថ្ងៃ មុន​នឹង​បញ្ជូន​ទៅ​កាន់​តុលាការ។ សូម​រម្លឹក​ជូន​ថា នា​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋអំណាច​ទីក្រុង​គីហ្គាលី​បាន​ធ្វើ​ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ពិសេស​ក្រុមប្រឆំាង ដោយ​ចោទ​ពួក​គេ​ពី​បទ​រៀបចំ​រដ្ឋប្រហារ​រំលំ​រដ្ឋាភិបាល។ តើ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​រវ៉ាន់ដា​ប៉ូល កាហ្គាម៉េ​ពិត​ជា​បាន​ទទួល​ការ​គំរាមកំហែង​មែន ឬ​យ៉ាង​ណា?

ក្រសួង​ការបរទេស​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន
ក្រសួង​ការបរទេស​អាមេរិក​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន Loren / Wikipédia
ផ្សាយពាណិជ្ជកម្ម

នេះ​មិនមែន​ជា​លើកទី១ ហើយ​ក៏​ប្រហែល​ជា​មិនមែន​ជា​លើក​ចុង​ក្រោយ​ទេ​ដែល​អាមេរិក​ហ៊ាន​ដំឡើង​សម្លេង​ខ្លំាងៗ​ដាក់​ប្រទេស​រវ៉ាន់ដា។ ក្នុង​រយៈពេល ២ខែ​កន្លង​ទៅ​នេះ មាន​មនុស្ស​ប្រមាណ​ជា ១០នាក់​ត្រូវ​បាន​រដ្ឋអំណាច​ទីក្រុង​គីហ្គាលី​ចាប់ខ្លួន​ដោយ​លើក​យក​ហេតុផល​ថា ពួក​គេ​បាន​រៀបចំ​ជើង​ព្រួល​វាយប្រហារ​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា​ក្នុង​គោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ប៉ូល កាហ្គាម៉េ។ សហគមន៍​អន្តរជាតិ ពិសេស​សហរដ្ឋអាមេរិក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​រវ៉ាន់ដា។ រហូត​មក​ដល់​ពេល​នេះ ទីក្រុង​វ៉ាស៊ីតោន​មិន​សូវ​ជា​ខ្វាយខ្វល់​ប៉ុន្មាន​ទេ ប្រសិន​បើ​ហេតុផល​ដែល​បាន​លើក​ឡើង​ដោយ​ទីក្រុង​គីហ្គាលី​ពិត​ជា​ត្រឹមត្រូវ​នោះ។

ផ្ទុយ​ទៅ​វិញ និង​អ្វី​ដែល​អាមេរិក​ហាក់​ដូច​ជា​កំពុង​កត់សម្គាល់​ឃើញ​នោះ​នៅ​ត្រង់​ថា មនុស្ស​ចាប់ខ្លួន​ទំាង​នោះ​ត្រូវ​បាន​រដ្ឋអំណាច​យក​ទៅ​ឃុំខ្លួន​អស់​ជា​ច្រើន​ថ្ងៃ មុន​នឹង​សម្រេច​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលាការ។ ធ្ងន់ធ្ងរ​ជាង​នេះ ក៏​មាន​មនុស្ស​ចាប់​ខ្លួន​ខ្លះ​ក៏​ស្រាប់​តែ​បាន​បាត់​ស្រមោល​សូន្យ​ឈឹង​គ្មាន​ដំណឹង​អ្វី​សោះ​តែ​ម្តង។ មួយ​វិញ​ទៀត មនុស្ស​ដែល​រដ្ឋអំណាច​រវ៉ាន់ដា​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ក៏​មិនមែន​ជា​ក្រុមភេរវជន​ប្រកប​ដោយ​គ្រោះថ្នាក់​សម្រាប់​ប្រទេសជាតិ​ដូច​ដែល​ទីក្រុង​គីហ្គាលី​បាន​អះអាង​នោះ​ឡើយ។ តែ​សុទ្ធសឹង​ជា​សកម្មជន​ប្រជាធិបតេយ្យ​ដែល​រដ្ឋអំណាច​មិន​ញញើត​នឹង​ភ្ជាប់​ទៅ​នឹង​ក្រុមគណបក្ស​ប្រឆំាង​ទេ។ គណបក្ស​ប្រឆំាង​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំរដ្ឋាភិបាល​ទីក្រុង​គីហ្គាលី​សព្វថ្ងៃ​មាន​ពីរ គឺ​គណបក្ស​សមាជជាតិ​រវ៉ាន់ដា​នៅ​ក្រៅ​ប្រទេស​របស់​លោក​ប៉ាទ្រិក ការ៉េហ្គេយ៉ា​ដែល​ទើប​ត្រូវ​បាន​គេ​រកឃើញ​ស្លាប់​កាល​ពី​ខែ​មករា​ដើម​ឆ្នំា ២០១៤ និង​គណបក្ស​ប្រជាធិបតេយ្យ​រំដោះ​រវ៉ាន់ដា​របស់​ចលនា​ឧទ្ទាម​ហ៊ូទូ។ តែ​គណបក្ស​ទំាង​ពីរ​នេះ​បាន​បញ្ជាក់​ថា មនុស្សចាប់​ខ្លួន​ទំាង​នោះ​មិន​មែន​ជា​សមាជិក​របស់​គេ​ទេ។

ក្រៅ​ពី​នោះ រដ្ឋអំណាច​ក៏​បាន​ចាប់​ខ្លួន​អ្នកកាសែត​ម្នាក់ និង​អ្នកចម្រៀង​ល្បី​ម្នាក់​ដែល​មាន​ឈ្មោះ​ថា គីហ្ស៊ីតូ មីហីហ្គូ។ គឺ​ការ​ចាប់​ខ្លួន និង​ការ​កាត់​ទោស​អ្នកចម្រៀង​គីហ្ស៊ីតូ មីហីហ្គូ​រូប​នេះ​ឯង​ដែល​បាន និង​កំពុង​បង្ក​ឲ្យ​មាន​រឿងរ៉ាវ​យ៉ាង​ផុសផុល។ មិន​ខុស​ពី​ប្រជាជន​រវ៉ាន់ដា​ភាគច្រើន​ទេ លោក​គីហ្ស៊ីតូ មីហីហ្គូ ក៏​ជា​ជនរងគ្រោះ​ម្នាក់​ដែល​រួច​ជីវិត​ពី​ទង្វើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា​ក្នុង​ទសវត្សរ៍​ឆ្នំា ៩០ តែ​អ្វី​ដែល​ខុស​គ្នា​រវាង​លោក​មីហីហ្គូ និង​ប្រជាជន​រវ៉ាន់ដា​ទូទៅ​នោះ​គឺ​ថា លោក​ជា​អ្នក​ចម្រៀង​ម្នាក់​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លំាង​ណាស់​នៅ​ក្នុង​ចំណោម​ប្រជាជន​រវ៉ាន់ដា​នា​ពេល​បច្ចុប្បន្ន។ ជា​ការ​ពិត តារា​ចម្រៀង​ម្នាក់​ដែល​ល្បី​ឈ្មោះ មក​ពី​តារា​ចម្រៀង​រូប​នោះ​ច្រៀង​ពិរោះ តែ​អ្វី​ដែល​លោក​មីហីហ្គូ​មាន​លើស​ពី​តារាចម្រៀង​ធម្មតា​នោះ គឺ​មក​ពី​លោក​ជា​អ្នក​ដែល​បាន​រៀបចំ​តាក់តែង​បទចម្រៀង​ដោយ​ខ្លួន​ឯង។

អ៊ីចឹង​សួរ​ថា សូម្បី​តែ​អ្នកចម្រៀង​ក៏​ត្រូវ​បាន​គេ​តាម​បិទមាត់​ដែរ ឬ​យ៉ាង​ណា?

តាម​ពិត​ទៅ លោក​មីហីហ្គូ​មិន​ត្រូវ​បាន​ទីក្រុង​គីហ្គាលី​ចោទ​ពី​បទ​រួម​គំនិត​ក្នុង​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ផ្ទាល់​ទេ តែ​ពី​ខ្លឹមសារ​នៃ​បទចម្រៀង​របស់​គាត់។ ក្នុង​នាម​ជា​កូន​កំព្រា​ម្នាក់​នៅ​ក្រោយ​អំពើប្រល័យ​ពូជសាសន៍ លោក​បាន​តែង​ចម្រៀង​មួយ​បទ​ក្នុង​ន័យ​បរិហារ​ទង្វើ​ប្រល័យ​ពូជសាសន៍​ដោយ​មិន​ញញើត​នឹង​ទម្លាក់​កំហុស​ដាក់​គណបក្ស​រណសិរ្យ​ស្នេហាមាតុភូមិ​រវ៉ាន់ដា​ដែល​បាន​កាន់​អំណាច​តំាង​ពី​ឆ្នំា ១៩៩៤ នោះ​ទេ។ សម្រាប់​លោក​មីហីហ្គូ ពិត​មែន​តែ​អំពើប្រល័យ​ពូជសាសន៍​បាន​ធ្វើ​ឲ្យ​ខ្លួន​រូប​ផ្ទាល់​ក្លាយ​ជា​កូនកព្រា​តែ​ម្នាក់​ឯង​ក៏​ដោយ ក៏​គ្មាន​អ្វី​អាច​មក​រារំាង​លោក​មិន​ឲ្យ​គិតគូរ​ដល់​ប្រជាជន​រវ៉ាន់ដា​ផ្សេង​ទៀត​ដែរ ពិសេស​គ្មាន​នរណា​ម្នាក់​អាច​មក​បិទ​មាត់​លោក​មិន​ឲ្យ​ស្វែង​រក​ការ​ពិត​ជាក់ស្តែង​នោះ​ទេ។

សូម​ជម្រាប​ជូន​ថា នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​គណបក្ស​កាន់​អំណាច​របស់​លោក​ប្រធានាធិបតី​ប៉ូ កាហ្គាម៉េ​បាន​ចោទ​គណបក្ស​សមាជជាតិ​រវ៉ាន់ដា​នៅ​ក្រៅ​ប្រទេស និង​គណបក្ស​ប្រជាធិបតេយ្យ​រំដោះ​រវ៉ាន់ដា​ពី​បទ​ជា​អ្នក​នៅ​ពី​ក្រុម​ដែល​រៀបចំ​គម្រោង​វាយប្រហារ​ប្រទេស​រវ៉ាន់ដា​ក្នុង​គោលដៅ​ផ្តួលរំលំ​រដ្ឋាភិបាល។ កាល​ពី​ដំណាច់​ខែ​មករា​កន្លង​ទៅ គណបក្ស​ដដែល​ទំាង​ពីរ​នេះ​ក៏​ធ្លាប់​បាន​ជាប់​ក្នុង​សំណាញ់​តុលាការ​យោធា​ពី​បទ​ភេរវនិយម។ តែ​នៅ​ទីបំផុត​កាល​ណោះ តុលាការ​បាន​សម្រេច​លើក​ពេល​សវនាការ​វិញ។ តំាង​ពី​ពេល​នោះ​មក សង្រ្គាមប៉ាកកា​បាន និង​កំពុង​បន្ត​កើត​មាន​ជា​ហូរហែ​មក​ដល់​សព្វថ្ងៃ។

បើ​គេ​មើល​មួយ​ភ្លែត​ទៅ ប្រតិកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្រ្កាប​ក្រុម​ដែល​មាន​បំណង​រំលំ​រដ្ឋាភិបាល​ពេល​នេះ គឺ​ជា​វិធានការ​មួយ​ធម្មតា​ទេ។ តែ​បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា នេះ​គ្រាន់​តែ​ជា​លេស​មួយ​ដែល​រដ្ឋាភិបាល​យក​មក​ធ្វើ​ជា​មុខ​ដើម្បី​បំបិទមាត់​ក្រុម​ដែល​ប្រឆំាង​ខ្លួន​ទៅ​វិញ​ទេ។ ការ​ចាប់ខ្លួន​អ្នកកាសែត ឬ​មួយ​ក៏​ការ​ចាប់​ខ្លួន​អ្នកចម្រៀង គឺ​ជា​ភស្តុតាង​មួយ​បន្ថែម​ទៀត​ដើម្បី​បញ្ជាក់​ពី​ការ​កាន់អំណាច​ផ្តាច់ការ​របស់​រដ្ឋាភិបាល​រវ៉ាន់ដា​សព្វថ្ងៃ​ប៉ុណ្ណោះ។ រហូត​មក​ដល់​ពេល​នេះ ទីក្រុង​គីហ្គាលី​បាន​លើក​យក​បញ្ហា​សន្តិសុខ​មក​ធ្វើ​ជា​ភស្តុតាង។ តែ​ការ​លើកឡើង​នេះ​មិន​បាន​ញំាង​ឲ្យ​អាមេរិក​ញញើត​នឹង​ទាញ​សញ្ញា​អាសន្ន​ព្រមាន​ទីក្រុង​គីហ្គាលី​ឲ្យ​គោរព​ច្បាប់​រវ៉ាន់ដា និង​ច្បាប់​អន្តរជាតិ​ឡើយ។ ទីក្រុង​វ៉ាស៊ីតោន​បាន​បញ្ជាក់​ច្បាស់ៗ​ថា អាមេរិក​នឹង​បន្ត​លើក​បញ្ហា​នេះ​ទៅ​និយាយ​ជាមួយ​រដ្ឋាភិបាល​រវ៉ាន់ដា និង​រម្លឹក​ជា​ថ្មី​ម្តង​ទៀត​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គេ​មិន​អាច​ចាប់​មនុស្ស​ឃុំឃំាង​ស្រេច​តែ​នឹង​ចិត្ត​ដោយ​គ្មាន​ភស្តុតាង​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ