អានតួអត្ថបទ
ចិន-អាមេរិក-អឺរ៉ុប

ទំនិញ​ចិន​ហូរចូល​អាមេរិក​ច្រើន​ជាង​ហូរចូល​ទ្វីបអឺរ៉ុប

នៅ​ថ្ងៃ​អង្គារ ទី២០ វិច្ឆិកា​នេះ ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ទំនិញ​របស់​ចិន​បាន​នំា​ចូល​សហរដ្ឋអាមេរិក​ច្រើន​ជាង​នំា​ចូល​ទៅ​ទ្វីប​អឺរ៉ុប។ ចំណែក​ឯ​វិនិយោគ​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​ចិន​ក៏​មាន​ការ​ថយចុះ​ដែរ។ មូលហេតុ មក​ពី​ទ្វីបអឺរ៉ុប​កំពុង​មាន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ ពិសេស​ការ​ផ្ទុះឡើង​នូវ​វិបត្តិ​ប្រាក់បំណុល​នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ។

អ្នកនំាពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក Shen Danyang
អ្នកនំាពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក Shen Danyang
ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​សន្និសីតកាសែត​ប្រចំាខែ អ្នកនំាពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក Shen Danyang បាន​ប្រកាស​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​ប្រទេស​ទីមួយ នៅ​មុខ​សហភាព​អឺរ៉ុប ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​នំា​ទំនិញ​ចិន​ចូល​ច្រើន​ជាង​គេ។ បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​បី គឺ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ អាស៊ាន​ដែល​ដណ្តើម​កន្លែង​ប្រទេស​ជប៉ុន។ អ្នកនំាពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​រូប​នេះ​ដដែល​មិន​បាន​បញ្ជាក់​ពី​តួលេខ​ទេ តែ​បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​ទីចាត់ការគយ​ចិន ការ​នំា​ទំនិញ​ចិន​ចូល​អាមេរិក​ក្នុង​ចន្លោះ​ខែ​មករា និង​តុលា​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ២៨៩ ៣០០លានដុល្លារ ចំណែក​ជាមួយ​សហភាព​អឺរ៉ុប​វិញ​មាន​តែ ២៧៦ ៨០០លានដុល្លារ​ប៉ុណ្ណោះ។

យោង​តាម​លោក Shen Danyang ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហភាព​អឺរ៉ុប​បាន​ធ្លាក់​ចុះ ៣% ក្នុង​រយៈពេល ១០ខែ​ចុង​ក្រោយ​នេះ តែ​ជាមួយ​សហរដ្ឋអាមេរិក​វិញ​មាន​ការ​កើន​ឡើង ៩,១%។ ក៏​ប៉ុន្តែ បើ​គេ​និយាយ​ពី​បរិមាណ​នៃ​ការ​ដោះដូរ​វិញ ចិន​ជាមួយ​សហភាព​អឺរ៉ុប​នៅ​តែ​មាន​ទំហំ​ធំ​ជាង​ចិន​ជាមួយ​សហរដ្ឋអាមេរិក ព្រោះ​ថា ទីក្រុង​ប៉េកំាង​បាន​នំា​ចូល​ទំនិញ​អឺរ៉ុប ច្រើន​ជាង​ទំនិញ​អាមេរិកំាង។

ក្រៅ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​នំា​ទំនិញ​ចិន​ចូល​សហភាព​អឺរ៉ុប អ្នកនំាពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​ក៏​បាន​បញ្ជាក់​ពី​ការ​ថយចុះ​នៃ​វិនិយោគ​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​ចិន និង​វិនិយោគ​ចិន​នៅ​ទ្វីប​អឺរ៉ុប។ យោង​តាម​លោក Shen Danyang ក្នុង​រយៈពេល ១០ខែ​ចុង​ក្រោយ​នេះ ជួនចំ​ពេល​ដែល​ចិន​បាន​បង្កើន​វិនិយោគ​បន្ថែម​នៅ​បរទេស​ជាង ២៥% នោះ វិនិយោគ​ចិន​នៅ​អឺរ៉ុប​បាន​ថយ​ចុះ ២០,៩% ក្នុង​រយៈពេល​ដូច​គ្នា។

និយាយ​ពី​ការ​ថយចុះ​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ជប៉ុន​វិញ ទោះ​បី​ជា​លោក Shen Danyang មិន​បាន​ផ្តល់​ហេតុផល​អ្វី​ច្បាស់លាស់​ក៏​ដោយ ក៏​គេ​ដឹង​ថា ភាព​តានតឹង​ផ្លូវទូត​ជុំវិញ​ជម្លោះ​ដណ្តើម​ទីប្រជុំកោះ​នៅ​សមុទ្រចិន​ខាងកើត​គឺ​ជា​មូលហេតុចម្បងមួយ។ យោង​តាម​លោក Shen Danyang ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​ចិន និង​ជប៉ុន​ក្នុង​រយៈពេល ៦ខែ​ចុងក្រោយ​នេះ​បាន​ថយចុះ ២,១% ចំណែក​រវាង​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​វិញ​បាន​កើន​ឡើង ៩,៤% ក្នុង​រយៈពេល​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ