អានតួអត្ថបទ
អាមេរិក-ជប៉ុន

អាមេរិក និង​ជប៉ុន​ព្រមាន​អាល់ហ្សេរី​ឲ្យ​ការពារ​សុវត្ថិភាព​ចំណាប់ខ្មំាង

នៅ​ក្នុង​ប្រទេស​អាល់ហ្សរី ជួន​ចំ​ពេល​ដែល​ព័ត៌មាន​ជុំវិញ​ប្រតិបត្តិការ​របស់​កងកម្លំាង​ពិសេស​អាល់ហ្សេរី​នៅ​រោងចក្រ​ផលិតប្រេង និង​ឧស្ម័ន​កំពុង​បន្ត​ស្រពិចស្រពិល​នោះ សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន​បាន​ព្រមាន​រដ្ឋាភិបាល​អាល់ហ្សរី​ឲ្យ​ព្យាយាម​ការពារ​ជីវិត​ចំណាប់ខ្មំាង​ដែល​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ក្រុមអ៊ីស្លាមនិយមជ្រុល។ ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​រួម​គ្នា​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នា​ថ្ងៃ​សុក្រ ទី១៨ មករា​ម្សិលមិញ រវាង​លោកស្រី​ប្រមុខ​ការទូត​អាមេរិក ហ៊ីលឡារី គ្លីនតុន និង​លោក​ប្រមុខ​ការទូត​ជប៉ុន Fumio Kishida។

លោកស្រី​ប្រមុខ​ការទូត​អាមេរិក Hillary Clinton និង​លោក​ប្រមុខ​ការទូត​ជប៉ុន Fumio Kishida នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី១៨ មករា ឆ្នំា ២០១៣
លោកស្រី​ប្រមុខ​ការទូត​អាមេរិក Hillary Clinton និង​លោក​ប្រមុខ​ការទូត​ជប៉ុន Fumio Kishida នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ថ្ងៃទី១៨ មករា ឆ្នំា ២០១៣ REUTERS/Gary Cameron
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ថ្ងៃ​នេះ និង​មាន​រយៈពេល​ជាង ២ថ្ងៃ​មក​ហើយ ដែល​គេ​នៅ​តែ​គ្មាន​ព័ត៌មាន​លំអិត​ណា​មួយ​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​កងកម្លំាង​ពិសេស​អាល់ហ្សេរី​វាយប្រហារ​លើ​ក្រុម​អ៊ីស្លាមនិយមជ្រុល​នៅ​រោងចក្រ​ផលិតប្រេង និង​ឧស្ម័ន​នៅ​អ៊ីន អាមេណា ( In Amenas)។ អ្វី​ដែល​គ្រប់​គ្នា​បាន​ដឹង​មក​ទល់​ម៉ោង​នេះ​គឺ​ថា កងកម្លំាងពិសេស​អាល់ហ្សរី​បាន​និង​កំពុង​បន្ត​ប្រតិបត្តិការ​របស់​ខ្លួន​ជា​បន្ត​ទៀត​ដើម្បី​ព្យាយាម​រំដោះ​ចំណាប់ខ្មំាង​អាល់ហ្សេរី និង​បរទេស​ពី​កណ្តាប់ដៃ​ក្រុមអ៊ីស្លាមនិយមជ្រុល។ គឺ​កង្វះ​ព័ត៌មាន​លំអិត​ជុំវិញ​ប្រតិបត្តិការ​នោះ​ហើយ ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​អាល់ហ្សេ​បន្ត​ទទួល​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លំាង​ពី​សំណាក់​ប្រទេស​ដែល​មាន​ពលរដ្ឋ​ខ្លួន​កំពុង​ជាប់​ជា​ចំណាប់​ខ្មំាង រួម​មាន ជប៉ុន បារំាង អង់គ្លេស ន័រវែស និង​សហរដ្ឋអមេរិក។ សហរដ្ឋអាមេរិក​ដែល​បាន​បញ្ជាក់​នៅ​យប់​មិញ ពី​ការ​ស្លាប់​ពលរដ្ឋ​ម្នាក់​របស់​ខ្លួន។

ខុស​ពី​លោក​ប្រធានាធិបតី​បារំាង François Hollande ឬ​មួយ​ក៏​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស David Cameron លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​មិន​បាន​និយាយ​អ្វី​មួយ​ម៉ាត់​ទេ ទាក់ទង​នឹង​រឿងរ៉ាវ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​អាល់ហ្សរី​នោះ ហើយ​សេតវិមាន​ក៏​មិន​បាន​ចេញ​ផ្សាយ​នូវ​សេចក្តីជូនដំណឹង​ណា​មួយ​ដែរ។ គឺ​ទើប​តែ​នៅ​ថ្ងៃ​សុក្រ ទី១៨ មករា​ម្សិលមិញ​ទេ ដែល​លោក​អូបាម៉ា​បាន​ទុក​ឲ្យ​ប្រមុខ​ការទូត​របស់​លោក គឺ​លោកស្រី​ហ៊ីលឡារី គ្លីនតុន​ជា​អ្នក​បញ្ចេញ​ប្រតិកម្ម។ លោកស្រី​គ្លីនតុន​បាន​ស្នើ​រដ្ឋាភិបាល​អាល់ហ្សេរី​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុង​ការ​ជួយស្រោចស្រង់​ជីវិត​ចំណាប់ខ្មំាង​ទំាង​អស់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់ដៃ​ក្រុមអ៊ីស្លាមនិយមជ្រុល។

នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ប្រមុខ​ការទូត​ជប៉ុន Fumio Kishida ក្នុង​ទីក្រុង​វ៉ាស៊ីតោន លោកស្រី​គ្លីនតុន​បាន​និយាយ​ប្រាប់​ក្រុមអ្នកាសែត​ថា លោកស្រី​បាន​ព្រមាន​លោក​នាយករដ្ឋមន្រ្តី​អាល់ហ្សេរី Abdelmalek Sellal ឲ្យ​ការពារ​សុវត្ថិភាព​ជីវិត​ចំណាប់ខ្មំាង​ទំាងអស់ មិន​ថា​ជា​ជនជាតិ​អាល់ហ្សេរី ឬ​មួយ​ជា​ជនបរទេស​ទេ។ សម្រាប់​លោកស្រី​គ្លីនតុន នេះ​ពិត​ជា​ស្ថានការណ៍​មួយ​ដ៏​សែនពិបាក និង​ប្រកប​ដោយ​គ្រោះថ្នាក់។ ទន្ទឹម​គ្នា​នេះ លោកស្រី​គ្លីនតុន​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី គឺ​ជា​ទង្វើ​ភេរវនិយម ទង្វើ​ភេរវនិយម​ដែល​អាមេរិក​មិន​ចរចា​ជាមួយ​ក្រុម​ភេរវជន​ជា​ដាច់ខាត។ យ៉ាង​ណា​ក៏​ដោយ ទីក្រុង​វ៉ាស៊ីនតោន​នៅ​តែ​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ ចំពោះ​កាយវិការ​របស់​រដ្ឋាភិបាល​អាល់ហ្សេរី​ក្នុង​ការ​សម្រេច​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ក្រុមអ៊ីស្លាមនិយមជ្រុល​នៅ​រោងចក្រ​ផលិតប្រេង និង​ឧស្ម័ន​នៅ​អ៊ីន អាមេណា ( In Amenas)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ