អានតួអត្ថបទ
អាមេរិក

លោក Jame Mattis ៖ អាមេរិក​នឹង​ធ្វើ​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយធំ ប្រសិន​បើ​កូរ៉េខាងជើង​ប្រើ​អាវុធ​នុយក្លែអ៊ែរ

នៅថ្ងៃសៅរ៍ ទី​២៨តុលានេះ​ រដ្ឋមន្ត្រី​ការពារជាតិមេរិក លោក Jame Mattis បាន​ប្រកាស​ប្រតិកម្ម​ថា ​អាមេរិក​នឹង​មានប្រតិបត្តិ​ការយោធាលក្ខណៈទ្រង់​ទ្រាយធំ ករណីបើ​ កូរ៉េខាង​ជើង​ ប្រើអាវុធនុយក្លែអ៊ែរ។​ ការ​ប្រកាស​ឆ្លើយ​តប​របស់​លោក Jame Mattis នេះ គឺ​ធ្វើ​ឡើងក្នុង​សន្នីសីទ​កាសែត​រួម​គ្នា​​ជាមួយ​សមភាគី​កូរ៉េខាងត្បួង នាទី​​ក្រុងសេអ៊ូល ជា​ទី​ដែល​លោក​កំពុង​បំពេញ​ទស្សន​កិច្ច​។ គួរ​បញ្ជាក់ថា នៅពេល​នេះ កងទ័ព​យោធា​អាមេរិក ប្រមាណ​​ជិត​៣ម៉ឺន​នាក់ កំពុង​តែ​ឈរ​ជើង​ប្រចាំការ​ជាស្រេច​នៅ​ក្នុង​ទឹក​ដី​កូរ៉េខាង​ត្បូង​ សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លេច​របស់​អាមេរិក​។

លោក James Mattis  ជាមួយ​លោក Song Young-Moo នៅក្រុង​សេអ៊ូល
លោក James Mattis ជាមួយ​លោក Song Young-Moo នៅក្រុង​សេអ៊ូល AFP
ផ្សាយពាណិជ្ជកម្ម

«រាល់ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លែអ៊ែរ ពី​សំណាក់​កូរ៉េខាង​ជើង គឺនឹង​ត្រូវ​ទទួល​បាន​ការ​ឆ្លើយតប​វិញ ដោយ​កម្លាំង​យោធាទ្រង់ទ្រាយ​ធំ ដ៏​មាន​ប្រសិទ្ធភាព និង​យ៉ាង​ច្រើន​សម្បើម» នេះ​ជា​ការ​បញ្ជាក់​របស់​លោក Jame Mattis រដ្ឋមន្ត្រី​ការពារជាតិមេរិក ដែលបាន​​ថ្លែង​ក្នុង​សន្នីសីទ​ការ​កាសែត​រួម​គ្នា​ជា​មួយ​រដ្ឋមន្ត្រីការពារជាតិ​កូរ៉េខាងត្បួង។

ទោះជា​បាន​អះអាង​ដូច្នេះមែន​ក្តី ក៏ប៉ុន្តែ​លោក Jame Mattis មិន​បាន​សង្គត់​ធ្ងន់​ឲ្យ​ច្បាស់​លាស់ ថា​តើ​រាល់ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លែអ៊ែរ ប្រភេទណានិង​លក្ខណៈណា​ខ្លះពី​សំណាក់​កូរ៉េ​ខាង​ជើង ដែល​អាមេរិក​ត្រូវ​ឆ្លើយតបជា​យោធាទ្រង់​ទ្រាយ​ធំ​​នោះ​ឡើយ​។​ ការ​ព្រលយ​ពាក្យ​ដូច្នេះ គឺ​ទំនង​ជា​ឆ្លើយ​តប​ទៅ​នឹង​លោក RI Yong Ho រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េខាង​ជើង ដែល​បាន​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពីខែ​កញ្ញា​ថា កូរ៉េខាង​ជើង​អាច​នឹង​បាញ់​សាកល្បង​គ្រាប់បែក​​នុយក្លែអ៊ែរ​នៅលើ​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក

ក៏ប៉ុន្តែ​ចំពោះអាមេរិក​ លោក Mattis ​អះអាងថា «រដ្ឋបាល​ទីក្រុង​ Washington មិន​អាច​ទទួល​បាន​ទេ ចំពោះ​កូរ៉េខាងជើង​ដែល​មាន​នុយក្លែអ៊ែរ»។

ភាព​តាន​តឹង​រវាង​កូរ៉េខាង​ជើង​និង​អាមេរិក គឺ​មាន​ខ្លាំង​ឡើងៗ តាំង​តែពី​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លែអ៊ែរ និងមីសស៊ីលបាលេស្ទីក​ គម្រប់​ជា​លើកទី​៦ របស់​របប​​ក្រុង​ព្យុងយ៉ាង។ ​បុរសខ្លាំងកូរ៉េខាង​ជើង​ គីម ជុង​អ៊ុន និង​លោក ដូណាល់ ត្រាំ បាន​ផ្ទុះ​សង្គ្រាម​ពាក្យ​សម្តីដាក់គ្នា និង​ជេរ​ប្រទេច គ្នាទៅវិញ​ទៅមក ជា​ញឹក​ញយ។​

ទោះបី​ជា​យ៉ាង​ណាក៏ដោយ​ ទាំង​រដ្ឋមន្ត្រី​ការពារជាតិអាមេរិក និង​ទាំង​រដ្ឋមន្ត្រី​ការបរទេសមេរិក គឺសុទ្ធតែ​ទុក​ច្រកទ្វារការទូត​​សម្រាប់​ចរចាគ្នា។ លោក Jame Mattis​ រម្លឹក​សម្តី​របស់​ប្រមុខ​ការទូត​អាមេរិក​ឡើងវិញថា គោលដៅរបស់​អាមេរិក គឺមិនមែន​សង្គ្រាម​ទេ ក៏ប៉ុន្តែ កូរ៉េខាងខាងជើង ដាច់​ខាតគឺត្រូវ​តែ​គ្មាន​អាវុធ​នុយ​ក្លែអ៊ែរ។​​

សូម​បញ្ជាក់​ដែរថា វត្តមាន​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិអាមេរិក នៅ​ក្នុងទឹកដី​កូរ៉េខាង​ត្បួង​នាពេល​នេះ គឺ ដើម្បី​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតីអាមេរិក ​លោក ដូណាល់ ត្រាំ ​ជាផ្លូវ​ការលើកទី១ នៅ​ក្រុង​សេអ៊ូល ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៧និង៨វិច្ឆិកា ខាងមុន​នេះ។​ នាឱកាសនោះ​​ លោក ត្រាំ នឹង​បន្ត​ទស្ស​នកិច្ច​មួយ​ជុំ​អាស៊ី ទៅ​​ជប៉ុន ចិន វៀតណាម និង​ហ្វីលីពីន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ