អាមេរិកព្រមានចិនថា ចិនអាចឯកោ ដោយសារសមុទ្រចិនខាងត្បូង
នៅថ្ងៃសៅរ៍៤មិថុនានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកអាស្តុន ខាថឺ បានព្រមានថា ចិនអាចរងភាពឯកោ បើចិននៅតែបន្តសកម្មភាពខ្លួននៅសមុទ្រចិនខាងត្បូង។ លោកខាថឺកំពុងមានវត្តមាន ក្នុងវេទិកាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក នៅសឹង្ហបុរី។ ប្រមុខការពារជាតិអាមេរិកក៏បានអំពាវនាវអោយមានកិច្ចសហប្រតិបត្តិការយោធាជាមួយចិនផងដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:២២
នៅថ្ងៃសៅរ៍នេះ ប្រមុខការពារជាតិអាមេរិកបានព្រមានចិនថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ធ្វើអោយចិនធ្លាក់ក្នុងភាពឯកោ ខណៈគ្រប់គ្នាក្នុងតំបន់កាន់តែពួតដៃសហការ ជិតស្និទ្ធនឹងគ្នា។ ចិនទាមទារបូរណភាពដែនទឹកសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង បង្កជាជម្លោះជាមួយប្រទេសអាស៊ីជិតខាង ដូចជាវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ។ ចិនកំពុងសង់កោះសិប្បនិម្មិត បំពាក់ព្រលានយន្តហោះ កំពង់ផែ ហើយថែមទាំងពង្រាយគ្រឿងសព្វាវុធនៅទីនោះទៀតផង។
អាមេរិកយល់ថា ចិនគួរតែប្រើវិធីការទូត ដោះស្រាយជម្លោះបូរណភាពដែនទឹកវិញ ជាជាងធ្វើសកម្មភាពទាំងនេះ ដែលកាន់តែធ្វើអោយចិនធ្លាក់ក្នុងភាពឯកោ។ ប៉ុន្មានខែចុងក្រោយនេះ អាមេរិកបានបញ្ជូនកប៉ាល់ចំបាំងខ្លួនជាច្រើនគ្រឿង ទៅក្បែរទីប្រជុំកោះដែលចិនកាន់កាប់។
លោកអាស្តុន ខាថឺ ធ្លាប់ប្រាប់កាលពីខែមេសាថា ប្រទេសអាស៊ីខ្លះបានសុំអោយអាមេរិកជួយការពារខ្លួន ប្រឈមនឹងចិន សុំអោយអាមេរិកចេញមុខការពារច្បាប់អន្តរជាតិ និងគោលការណ៍ច្បាប់មួយចំនួនក្នុងតំបន់។ ដើម្បីកាត់បន្ថយការប្រឈមមុខដាក់គ្នា ថ្ងៃសៅរ៍នេះ ប្រមុខការពារជាតិអាមេរិក បានឆ្លៀតប្រកាសផងដែរ ថាអាមេរិកចង់ពង្រីកកិច្ចព្រមព្រៀងយោធាជាមួយចិន។
លោកអាស្តុន ខាថឺ កំពុងចូលរួមវេទិកាសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក នៅសឹង្ហបុរី ដែលមានវត្តមានចូលរួមរបស់រដ្ឋមន្ត្រីការពារជាតិជាង២០ប្រទេស។ ក្នុងជំនួបនេះ ប្រមុខការទូតអាមេរិកបានអំពាវនាវអោយមានកិច្ចប្រតិបត្តិការយោធាធំធេងជាមួយចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ