អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​ចេញ​ក្រិត្យ​ប្រធានាធិបតី​ជួយ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​សម្រេច​ប្រើ "អំណាច​ប្រតិបត្តិ" នៅ​យប់​មិញ ចេញ​​ក្រិត្យ​ផ្តល់​លិខិតស្នាម​ស្របច្បាប់ បណ្តោះអាសន្ន​ទៅ​ឲ្យ​ជនបរទេស ​​ដែល​រស់នៅ​ខុសច្បាប់​ក្នុង​ទឹកដីអាមេរិកលើស​ពី ៥​ឆ្នាំ​ និង​ដែល​មានកូន​​ជា​ពលរដ្ឋ​អាមេរិក​ស្រប​ច្បាប់​។ ជន​អន្តោប្រវេសន៍​​ប្រមាណ​៥​លាន​នាក់ ក្នុង​ចំណោម​១១​លាន​នាក់​នឹង​ទទួល​បានប្រយោជន៍​ពី​នយោបាយ​បន្ធូរបន្ថយ​របស់​លោកអូបាម៉ា។ ប៉ុន្តែ​ក្រិត្យ​ប្រធានាធិបតី​នេះ បាន​ទទួល​ការ​រិះគន់ និង​ចោទ​ប្រកាន់​យ៉ាង​ខ្លាំង​ពី​សំណាក់​គណបក្ស​ប្រឆាំង។ សមាជិក​សភា និង​ព្រឹទ្ធ​សភា​ខ្លះ បាន​ចោទ​លោក​អូបាម៉ា ថា​ធ្វើ​ផ្ទុយ​នឹងច្បាប់​​រដ្ឋធម្មនុញ្ញផង។

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់​ អូបាម៉ា ធ្វើ​សុន្ទរកថា​​ស្តី​ពី​ជន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា ២០១៤
ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់​ អូបាម៉ា ធ្វើ​សុន្ទរកថា​​ស្តី​ពី​ជន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា ២០១៤ REUTERS/Jim Bourg
ផ្សាយពាណិជ្ជកម្ម

អាមេរិក​មាន​ជន​អន្តោប្រវេសន៍ខុសច្បាប់​​ច្រើន ប្រមាណ​ដល់​ទៅ​ជាង​១១​លាន​នាក់ ! ប៉ុន្តែ​នៅ​ក្នុង​សុន្ទករថា​ខ្លី ទៅ​កាន់​ប្រជាជាតិ​ល្ងាច​មិញ លោក​អូបាម៉ា បាន​ប្រកាស​​បន្ធូរ​បន្ថយ​ច្បាប់ ផ្តល់​សិទ្ធិ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ដល់​ជន​បរទេស​ប្រមាណ​តែ ជិត​៥​លាន​នាក់​ប៉ុណ្ណោះ។ លោក​អូបាម៉ាបាន​ពន្យល់​ថា ផ្តល់​សិទ្ធិ​ដល់​ជនអន្តោប្រវេសន៍​អត់​ក្រដាស​ស្នាម​ទាំង​អស់ គឺ​មិន​ត្រូវ ! បណ្តេញ​ចេញ​​ទាំង​ហ្វូងៗ​ ពិត​ជា​មិន​អាច​ធ្វើ​ទៅកើត និង​ផ្ទុយ​ពី​គោលការណ៍​របស់​អាមេរិក ! ដូច្នេះ ហើយ​ទើប​លោក​ ត្រូវ​រកឱ្យ​​ឃើញ​នូវ​ប្រព័ន្ធ​​ដោះស្រាយ​មួយ​ មិន​លម្អៀង​​និង​ត្រឹម​ត្រូវ​បំផុត។ នៅ​ល្ងាចនេះ លោក​ប្រធានាធិបតី​អាមេរិក​ត្រូវ​លម្អិត និង​ពន្យល់​បន្ថែម​ទៀត​អំពី​វិធានការ​របស់​លោក​ទាក់​ទង​នឹងក្រិត្យ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ស្រប​ច្បាប់​ដល់​អន្តោប្រវេសន៍​ខុស​ច្បាប់។

 
លក្ខខណ្ឌ​សម្រាប់​ក្លាយ​ជា​​​ជន​អន្តោប្រវេសន៍ស្របច្បាប់
 
សម្រាប់​ពេ​លនេះ​ អ្វី​ដែល​យើង​និយាយ​បាន​គឺ​ ចាប់​ពីរដូវ​ផ្កា​រីក​ឆ្នាំ​២០១៥​ទៅ បណ្តា​ជន​អន្តោប្រវេសន៍ដែល​រស់​​នៅ​ខុស​ច្បាប់​លើ​ទឹក​ដី​អាមេរិក តាំង​ពី​ជាង​៥​ឆ្នាំ​មក​ហើយ និង​មានកូន​ជា​សញ្ជាតិ​អាមេរិក ឬ​មាន​កាន់​លិខិត​ស្នាក់​នៅ​អចិន្ត្រៃយ៍​ អាច​ស្នើ​សុំ​លិខិត​​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ទឹកដី​​សហរដ្ឋ​ ឬ​តាក​ការងារ បាន​សម្រាប់រ​យៈ​ពេល​បី​ឆ្នាំ។ សិទ្ធិ​ធ្វើ​ការ​នេះ មិ​ន​មែន​ជា​ការ​ធានា​ថា​ថ្ងៃ​ក្រោយ​ពួក​គេ​អាច​សុំ​សញ្ញាតិ​អាមេរិក ឬ​សិទ្ធិ​រស់​នៅ​ជា​អចិន្ត្រៃយ៍​ឡើយ។ ប៉ុន្តែ​ ពួកគេ​ចាំ​បាច់​ត្រូវ​ជាជន​ស្អាតស្អំ​ ពុំ​ធ្លាប់​មាន​បញ្ហា​ជាមួយ​នគរបាល​ និង​​ត្រូវ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។​ លើស​ពីនេះ​ កម្មវិធី​ថ្មី​របស់​លោក​ អូបាម៉ា​ នឹង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​បណ្តោះ​អាសន្ន​ដល់​និតិជន​ ឬជន​មិនទាន់​គ្រប់អាយុ​ ដែល​បាន​មក​រស់​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​មុន​អាយុ​ ១៦​ ឆ្នាំ។ ​

កំណែទម្រង់​ប្រព័ន្ធ​អន្តោប្រវេសន៍​អាមេរិក ជា​ប្រធានបទ​ដែល​គ្រប់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​បាន​សន្យា​ ជា​រៀង​រាល់​បួន​ឆ្នាំ​មក នៅពេលត្រូវ​ការ​ស្វែង​រក​សំឡេង​ឆ្នោត ប៉ុន្តែ​ក្នុង​ស្ថានភាព​ជាក់​ស្តែង​​គឺ​ពិបាកធ្វើ​​ខ្លាំង​ណាស់។ អាមេរិក​ធ្លាប់​ធ្វើ​ការ​ផ្តល់​សិទ្ធិ​ជ្រក​កោន​ជាទ្រង់ទ្រាយ​ធំ​ម្តង​នៅ​ឆ្នាំ ១៩៨៦ ! ប៉ុន្តែសម័យ​ក្រោយៗ​មក​ គ្មាន​រដ្ឋាភិបាល​ណាមួយ​អាច​ធ្វើ​បាន​សម្រេច​កំណែទម្រង់​​ប្រព័ន្ធ​អន្តោរប្រវេសន៍​អាមេរិក​ទេ។

លោក អូបាម៉ា​តាំង​ពី​បាន​ក្លាយ​ជា​ប្រធានាធិបតី​បាន​ចាត់​ទុក​បញ្ហា​អន្តោប្រវេសន៍​ជា​អាទិភាព​មួយ ប៉ុន្តែ​ សភា​និង​ព្រឹទ្ធសភា​ មិនចុះ​សម្រុង​នឹង​គ្នា។ ហើយ​កាលពី​ដើម​ខែ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អូបាម៉ា បាន​របូត​​ព្រឹទ្ធសភា​​ពី​ដៃ​ទៀត។ សភា​និង​ព្រឹទ្ធ​សភា​ស្ថិត​ក្នុង​កណ្តាប់​ដៃ​​​បក្ស​ប្រឆាំង​ទាំង​អស់។ ដូច្នេះ​លោក​អូបាម៉ា​ មិន​អាច​រំពឹង​លើ​ស្ថាប័ន​ទាំង​ពីរ​ដើម្បី​ធ្វើ​កំណែទម្រង់​​ប្រព័ន្ធ​អន្តោប្រវេសន៍​បានឡើយ លោក​គ្មាន​ជម្រើស​អ្វី​ទៀត​ទេ និង​ក៏​គ្មាន​ខ្លាច​ខាត​បង់អ្វី​ទៀត​ដែរ ក្រៅ​ពី​ត្រូវ​ប្រើ​អំណាច​ជា​ប្រធានាធិបតី​ ប្រកាស​​​ការពារ​​ឱ្យ​ជន​អន្តោប្រវេសន៍​​​ខុស​ច្បាប់ តាម​រយៈ​ក្រិត្យ​ប្រធានាធិបតី​នេះ​ទេ និង​បានអំពាវនាវ​ឱ្យ​សភា​និង​ព្រឹទ្ធ​បោះឆ្នោត​ទទួល​យក​ច្បាប់​នេះ។

ហេតុ​អ្វី​គណបក្ស​សាធារណរដ្ឋ​ប្រឆាំង​​ក្រិត្យ​ប្រធានាធិបតី?

លោក​អូបាម៉ា មិន​មែន​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​ដែល​ប្រើ​អំណាច​ជា​ប្រធានាធិបតី​ ក្នុង​ការ​អារកាត់​សេចក្តី​អ្វីមួយ​ទេ គ្រាន់​តែ​ថា​ប្រធានបទ​នេះ មាន​លក្ខណៈ​នយោបាយ​ផង សង្គម​ផង។ សភា និង​ព្រឹទ្ធសភា​អាមេរិក ​​​អាច​បោះឆ្នោត ដក​សុពលភាព​លើ​ក្រិត្យ​របស់​លោក​អូបាម៉ា បាន​នៅ​ពេល​លោក​លែង​ជា​ប្រធានាធីបតី។ ហេតុ​ដូច្នេះ ហើយ​បាន​ជា​លោក អូបាម៉ា បាន​បញ្ជាក់​យ៉ាង​ច្បាស់ ថា​ ការ​ផ្តល់​សិទ្ធិ​នេះ​ជា​លក្ខណៈ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។

អ្វី​ដែល​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​សាធារណរដ្ឋ​ខឹង​សម្បារ​ខ្លាំង​ជាពិសេស នៅ​ពេល​នេះ គឺ​ប្រយោជន៍​នយោបាយទេ។ ​ខឹង​សម្បារ​ខ្លាំង មក​ពី​ពួក​គេ​យល់​ថា​លោក​អូបាម៉ា បានពង្រាវ​ច្បាប់​អន្តោប្រវេសន៍​ ដោយ​ចេញក្រិត្យ​ ដើម្បីការពារ​ប្រយោជន៍​គណបក្ស​ប្រជាធិបតេយ្យ និង​រូប​លោក​ផ្ទាល់​ឱ្យ​ជាប់​ឈ្មោះ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​អាមេរិក​ ក្នុង​សំណុំ​រឿ​ង​អន្តោប្រវេសន៍​។ ជាពិសេស​ លោក​អូបាម៉ា បាន​ជ្រើសរើស​ចេញ​ក្រិត្យ​​​នៅ​នាទី​ចុងក្រោយ​ មុន​ពេល​សភានិង​ព្រឹទ្ធ​សភា​​បិទ​វគ្គ ហៀប​នឹង​ចេញ​ទៅ​វិស្សមកាល ដើម្បី​ឱ្យ​ច្បាប់​នេះ​អាច​ចេញ​រួច​បាន​ដោយ​រលូន។

ម្យ៉ាង​វិញ​ទៀត គណបក្ស​សាធារណរដ្ឋ​ប្រហែលជា​ពិបាក​នឹង​​សំឡេង​ប្រឆាំង​ខ្លាំង​ ព្រោះ​គណបក្ស​ ​ធ្លាប់​បាន​មាន​បទ​ពិសោធ​ន៍​ម្តង ក្នុង​សំណុំ​រឿង​ជាប់​គាំង​ ច្បាប់​ថវិកា ឆ្នាំ​កន្លង​ទៅ។ កាលណោះ​ គណបក្ស​ប្រឆាំង​បាន​ខ្ទប់​ច្បាប់​មិន​ឱ្យ​ចេញ ធ្វើ​ឱ្យ​អាមេរិក​ជាប់​គាំង​រាប់​សិប​ថ្ងៃ ជា​លទ្ធផល​គណបក្ស​សាធារណរដ្ឋ​បាន​បាត់​បង់​ការ​គាំទ្រ​ និង​ទំនុក​ចិត្ត​។ នៅលើក​នេះ ប្រធានបទ​កាន់​តែ​ដ៏រសើប​ក្រៃ ព្រោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ (២០១៧)។ លោក​អូបាម៉ា ដែល​បាន​បង្ខំ​ចិត្ត​ប្រើ​អំណាច​ប្រធានាធិបតី​ដើម្បី​ចេញ​ក្រិត្យ​ជួយ​អន្តោប្រវេសន៍​(​ភាគ​ច្រើន​ជា​មាន​ដើម កំណើត​មក​ពី​​អាមេរិក​ឡាទីន ឬ​និយាយ​ភាសា​អេស្ប៉ាញ)​មែន តែ​​ពិត​ជា​​ទទួល​បាន​មក​វិញ​នូវ​ការ​គាំទ្រ​ច្រើន​ពី​សហគមន៍​នេះ។​ ដូច្នេះ​បើ​គណបក្ស​សាធារណរដ្ឋ​ ហ៊ាន​ចេញ​មុខ​ប្រឆាំង​ខ្លាំង​ពេក ឬ​បិទ​ខ្ទប់​មិន​ឱ្យ​ច្បាប់​ចេញ​រួច​ ដូច​សម័យ​ច្បាប់​ថវិកា នោះ​ផលវិបាក​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​​ ! ពលរដ្ឋ​សហគមន៍​នេះ អាច​ទាមទារ​សំណង​នៅ​ពេ​លបោះឆ្នោត​ប្រធានាធិបតី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ