ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/11 12h00 GMT

ការ​ស៊ើបអង្កេត​​រឿង​រុស្ស៊ី​​លូកដៃ​​ចូល​ការ​បោះឆ្នោត​​អាមេរិក​​ឈាន​ដល់​​ដំណាក់កាល​​ថ្មី​

ការ​ស៊ើបអង្កេត​​រឿង​រុស្ស៊ី​​លូកដៃ​​ចូល​ការ​បោះឆ្នោត​​អាមេរិក​​ឈាន​ដល់​​ដំណាក់កាល​​ថ្មី​
 
លោកRobert Mueller រដ្ឋអាជ្ញាពិសេស​អាមេរិក​ ទទួលបន្ទុក​ស៊ើបអង្កេត​សំណុំរឿង​រុស្ស៊ី​លូកដៃ​ចូលការ​បោះឆ្នោត​អាមេរិក Foto: Reuters

ការស៊ើបអង្កេតទាក់ទង​ការលូកដៃ​របស់​រុស្ស៊ី​ចូលក្នុង​ការ​បោះឆ្នោត​អាមេរិក ឆ្នាំ​២០១៦ បាន​​​ឈាន​ចូល​​ដំណាក់កាល​ថ្មី។ សារព័ត៌មាន​អាមេរិ​កបានចុះផ្សាយ​ថា លោក​ Robert Mueller ជា​រដ្ឋអាជ្ញាពិសេស​អាមេរិក ដែល​មានតួនាទី​​ស៊ើបអង្កេត​សំណុំរឿង​នេះ ​បាន​រៀបចំ​​បង្កើតក្រុម​​​​​អង្គជំនុំជម្រះ​មួយ នៅ​ប៉ុន្មាន​សប្តាហ៍ចុងក្រោយ​នេះ​ ​ជា​ក្រុមការងារ​​មាន​សមាសភាព​ចេញ​មកពី​ប្រជាជន​ស៊ីវិល។​ ​ប្រធានាធិបតី​​អាមេរិក​ដូណាល់​ ត្រាំ បាន​បញ្ចេញ​កំហឹង​ជាថ្មី​ជុំវិញ​សំណុំរឿង​ស៊ើបអង្កេត​នេះ ដោយ​បាន​ចោទ​ថា វា​ជារឿង​ប្រឌិត​ឡើង​ទាំងស្រុង។

សំណុំរឿង​ស៊ើបអង្កេត​​ពីការ​​លូកដៃរបស់​រុស្ស៊ី​​ចូល​ក្នុង​ការបោះឆ្នោត​​​អាមេរិក​ឆ្នាំ​២០១៦ ឈានចូលដំណាក់កាល​ថ្មី

សំណុំរឿង​ស៊ើបអង្កេតនេះ​​ប្រហែល​ជា​​កំពុង​​វិវត្តន៍​ទៅមុខ រឺ​មានតម្រុយ​អ្វីមួយ​ ​ទើប​មាន​ការចុះផ្សាយ​ថា រដ្ឋអាជ្ញាពិសេស​អាមេរិក បាន​​​​បង្កើត​​​ក្រុម​អង្គជំនុំជម្រះ សម្រាប់​សំណុំរឿង​នេះ​។ ក្រុមការងារ​អង្គជំនុំជម្រះ​នេះ កើតចេញ​ពី​​ប្រជាជន​ស៊ីវិល។ ក្រុមការងារ​​នេះ​​ត្រូវ​ជជជែកគ្នា វិភាគពិនិត្យ​​លើ​សំណុំ​ឯកសារ​​របស់​រដ្ឋអាជ្ញា ដើម្បី​សម្រេចថា តើ​ពិតជាអាច​អោយ​មាន​ការជាប់ពិរុទ្ធបានទេ​​​។ ការងារ​របស់​ក្រុម​អង្គជំនុំជម្រះ​​មួយនេះ គឺធ្វើក្នុង​បន្ទប់​បិទជិត ​មិនអនុញ្ញាត​អោយ​អ្នកកាសែត​ចូលទៅ​យកព័ត៌មាន​​ទេ។ ​កាសែតWall Street Journal, Washington Post និង​ ​New York Times បាន​នាំគ្នា​ចុះផ្សាយ​ថា រដ្ឋអាជ្ញាពិសេសអាមេរិក​ គឺលោក​ Robert Mueller ទើប​បាន​រៀបចំ​ក្រុមការងារ​នេះឡើង នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ។ រដ្ឋអាជ្ញាពិសេស​​​ Robert Mueller អាច​ពឹងពាក់​​ក្រុមអង្គជំនុំជម្រះ​នេះ ​ដើម្បី​ពង្រីក​ការស៊ើបអង្កេត​ រឺ​ក៏ចេញ​ដីកា​អោយ​ចូល​មកបំភ្លឺ​ជាដើម។

លោក​ Robert Muellerជាអតីត​នាយក​អេហ្វប៊ីអាយមួយរូប។ លោក​ត្រូវបាន​តែងតាំង​​ជា​រដ្ឋអាជ្ញា​ពិសេស​កាលពីខែ​ឧសភា អោយ​​​​ស៊ើប​អង្កេត​រឿង​រុស្ស៊ី​លូកដៃ​ចូលការ​បោះឆ្នោត​អាមេរិក និង​រឿងដែល​ក្រុមការងារ​របស់​លោក​ដូណាល់ ត្រាំ អាច​ជាប់ពាក់ព័ន្ធ​នឹងរុស្ស៊ី​នេះដែរ។ សំណុំរឿង​ទាំងនេះ​ជា​រឿងរសើប​​ លោកត្រាំ​​ច្បាស់ជា​​មិនពេញចិត្ត​​​ដែលឃើញ​​លោក​មូលឡឺ អតីត​នាយក​អេហ្វប៊ីអាយ ​ត្រូវ​មកធ្វើការ​ស៊ើបអង្កេត​រឿងនេះ​ទេ។ ការដែល​លោក​Robert Mueller អាច​រហូត​បង្កើត​សមាសភាព​អង្គជំនុំជម្រះ​ ចេញពី​សង្គមស៊ីវិល ជា​សញ្ញា​ថា ការស៊ើបអង្កេត​កំពុង​វិវត្តន៍​ទៅមុខ រឺក៏​អាច​មាន​តម្រុយ​ថា មានការបំពាន​ផ្លូវច្បាប់​​​​ណាមួយ។ ពេលនេះ ​​សមាជិក​រដ្ឋបាល​លោក​ត្រាំ រឺក៏​អតីត​សមាជិកណាមួយរបស់​លោកត្រាំ​ អាច​នឹង​ត្រូវ​កោះហៅ​អោយ​ទៅ​ធ្វើ​​សាក្សី រឺ​ផ្តល់​ឯកសារ​ណាមួយ​បាន។​

ត្បិតថា ​លោក​ដូណាល់ ត្រាំ បដិសេធ​ម្តងហើយ​ម្តងទៀត ថា​ក្រុមការងារ​លោក​មិនជាប់ពាក់ព័ន្ធ​នឹង​រុស្ស៊ី ​ក៏​គេពិបាកជឿ​​ដែរ។ ​មាន​ហេតុការណ៍ និង​រឿងរ៉ាវជាច្រើន​ដែល​បែកធ្លាយ​មក តាំងពី​លោក​ត្រាំ​ឡើងកាន់​អំណាច​ ធ្វើអោយ​គេ​កាន់តែ​​​សង្ស័យបក​ទៅ​​​​​លោកត្រាំវិញ។ ឧទាហរណ៍​ ​រឿង​កូនប្រុស​ច្បង​លោកត្រាំ ជួបស្ត្រី​​​មេធាវី​រុស្ស៊ី កាលពី​ឆ្នាំ​មុន​​អញ្ចឹង ជំនួប​នេះបានកើតឡើង​ក្នុងពេល​អាមេរិក​កំពុង​ធ្វើយុទ្ធនាការ​ឃោសនា​បោះឆ្នោត ហើយ​មានទាំង​វត្តមាន​​​កូនប្រសា​លោកត្រាំ និង​វត្តមាន​អ្នក​គ្រប់គ្រង​​​យុទ្ធនាការ​​ឃោសនា​បោះឆ្នោត​ដែរ។ កាសែត​​ ញូវយក ថែមស៍ ​ផ្សាយ​ថា ជំនួប​នេះ​គឺដើម្បី​ទទួលបាន​ព័ត៌មាន​​មិនល្អ​ទាក់ទង​​លោកស្រី​ហ៊ីលឡារី​ គ្លីនតុ​ន ដែល​ជាគូប្រជែង​កៅអី​ប្រធានាធីបតី​របស់​លោក​ត្រាំ។ អញ្ចឹងទៅ គេរឹតតែ​សង្ស័យ​ទៅទៀត​ថា ក្រុមការងារ​​លោកត្រាំ​ពិតជា​មានពាក់ព័ន្ធ​នឹង​រុស្ស៊ីមែនហើយ​ ហើយ​​រុស្ស៊ី​អាច​នឹង​ជួយ​ផ្តល់ព័ត៌មាន​​​ធ្វើបាបលោកស្រី​គ្លីនតុន ​ដើម្បី​​ជ្រោមជ្រែង​​លោកត្រាំអោយ​​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក។ ​​ឧទាហរណ៍​មួយទៀត កាលពី​ខែឧសភា លោកត្រាំ​​បានបណ្តេញ​លោក​ចេម ខមី ជានាយក​អេហ្វប៊ីអាយ ពីតំណែង​​ទៀតផង ទាំងដឺងថា លោកខមី​ស៊ើបអង្កេត​រឿងដែល​ថា ​​ក្រុមការងារ​លោកត្រាំ​អាច​ពាក់ព័ន្ធ​នឹងរុស្ស៊ីនេះ។

ព្រឹទ្ធសភា​អាមេរិក​ចង់ការពាររដ្ឋអាជ្ញាពិសេស ​Robert Mueller

សំណុំរឿង​រុស្ស៊ី​ជារឿង​ក្តៅគគុក ​សំណុំរឿង​ស៊ើបអង្កេត​នេះ​ ដាក់សម្ពាធ​លើលោក​Robert Mueller ជា​​រដ្ឋអាជ្ញា​ពិសេស។ ព្រឹទ្ធសភា​​ចង់​ការពារ​​តំណែង​​លោក​ Mueller។ ដើម្បី​ការពារ​កុំអោយ​ប្រធានាធិបតី​អាមេរិក បណ្តេញ​លោក​រដ្ឋអាជ្ញាពិសេស​នេះបាន​ ម្សិលមិញ​នេះ ​សមាជិកព្រឹទ្ធ​​សភា​២រូប​បាន​បង្ហាញ​គម្រោងច្បាប់​ការពារ​លោក។ ករណី​​លោកត្រាំ​បណ្តេញ​លោកចេញ​ពីតំណែង​ ​ឧទាហរណ៍​ក្រោមមូលហេតុ​ថា ដេញលោក​ដោយសារ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​​ចៅក្រម​៣រូប​អាច​សម្រេច​ថា អោយ​លោក​នៅតែ​បន្ត​មុខងារ​លោក​តទៅទៀតបាន។ ​

មួយរយៈ​ចុងក្រោយ​នេះ លោកដូណាល់ ត្រាំ​ តាមរករឿង​លោក ចេហ្វ សេសស្យុន Jeff Sessions ជា​រដ្ឋមន្ត្រី​យុត្តិធម៌មិនតិចទេ ដោយសារ​លោក​ចាត់ទុក​រដ្ឋមន្ត្រី​យុត្តិធម៌​ថា លែង​មាន​សមត្ថភាព​អាចការពារ​លោក​តទៅទៀត​បាន។ ​​​បើ​ការ​អង្កេត​ឯករាជ្យ​របស់​រដ្ឋអាជ្ញាពិសេស​ រក​ឃើញ​​​ថាមាន​ការ​ពាក់ព័ន្ធ​​​រវាង​លោក​ត្រាំ និង​រុស្ស៊ី ក្នុង​ពេល​ឃោសនា​​​បោះឆ្នោតមែន​ ហើយ​លោក​ត្រាំ ពិត​ជាបាន​​​ប្រើ​អំណាច​រារាំង​​​​​​​​​ការ​ស៊ើប​អង្កេត​របស់​FBI ​​អាមេរិក​ពិត​ជា​នឹង​អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ប្រធានាធិបតី​ ស្រប​តាម​​នីតិវិធី Impeachment នៃមាត្រា​២​របស់​រដ្ឋធម្មនុញ្ញ ដែល​នឹង​អាច​ឈាន​ដល់​ការដក​តំណែង​ប្រធានាធិបតី​បាន​ហើយ​។​

លោកដូណាល់ ត្រាំ​ ចោទ​ព្រឹទ្ធសភា​ថា ធ្វើអោយ​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ធ្លាក់​ក្នុង​ស្ថានការណ៍​គ្រោះថ្នាក់

ការ​​​​​សង្ស័យ​រុស្ស៊ី​លូកដៃ​ចូលការបោះឆ្នោត​អាមេរិក​ធ្វើអោយ​​​សភា​អាមេរិក​ទាំង២ បោះឆ្នោត​​​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្មប្រឆាំង​រុស្ស៊ី ដោយសម្លេង​លើសលុប។ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ជាទណ្ឌកម្ម​វាយប្រហារ​វិស័យ​ថាមពលរុស្ស៊ី​ ធ្វើអោយ​នាយករដ្ឋមន្ត្រីរុស្ស៊ី​ចាត់ទុកថា អាមេរិក​​​ប្រកាស​សង្គ្រាម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី។ លោក​ដូណាល់ ត្រាំ លើកឡើង​​ថាសំណុំរឿង​ទាក់ទង​រុស្ស៊ី​នេះ ជា​ការប្រឌិត​ទាំងស្រុង ហើយ​​​ការ​បោះឆ្នោត​អនុម័តទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​​ ធ្វើអោយ​​ទំនាក់ទំនង​អាមេរិក​ជាមួយ​រុស្ស៊ី ធ្លាក់​ក្នុង​ស្ថានការណ៍​​​គ្រោះថ្នាក់។ លោកត្រាំ​ថែមទាំង​ចោទថា សមាជិក​​ព្រឹទ្ធសភា​អាមេរិក​គ្មាន​សមត្ថភាព​ដោះស្រាយ​ច្បាប់​សុខភាព​ទៀតផង។ គឺ​លោកនៅ​ខឹង​មិនទាន់បាត់ទេ​ ដែល​ច្បាប់អូបាម៉ាឃែរ​ សូម្បីតែខ្លឹមសារច្បាប់​​មួយចំណែក​មិនត្រូវបាន​អនុញ្ញាត​អោយ​លុបចោល​នោះ។​​

សមាជិកព្រឹទ្ធសភា​មកពី​បក្ស​សាធារណរដ្ឋ​ដូចជា​លោក​ចន ម៉ាក់ឃែន បាន​វាយបក​ទៅ​លោកត្រាំវិញ ថា ទាំងនេះ​គឺមកពី​លោកពូទីន​វាយប្រហារ​លទ្ធិ​ប្រជាធិបតេយ្យ​អាមេរិក​ មកពី​ពូទីន​ឈ្លានពាន​ប្រទេសជិតខាង រឺ​ក៏គំរាម​ប្រទេស​ដៃគូ​អាមេរិក​នោះហើយ។ ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ពេលនេះ ដុនដាប​ខ្លាំង។ ​ខាងអង្គការ​អូតង់​វិញ ​លើកឡើង​​ដែរថា ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​កាន់តែ​ពិបាកជាងមុន។ អូតង់​បាន អំពាវនាវ​អោយ​ចៀសវាងកុំអោយ​​ស្ថានការណ៍​ធ្លាក់​រហូត​ដល់​ថ្នាក់​​ជា​​​សង្គ្រាម​ត្រជាក់។ អូតង់​ប្រាកដ​ជាបារម្ភ​ហើយ​​។ ​អាមេរិក​មិនត្រឹម​អនុម័ត​គម្រោង​ច្បាប់​បន្ថែមទណ្ឌកម្ម​​លើ​រុស្ស៊ី​ទេ តែ​ក៏ដាក់​បន្ថែម​ទៅលើ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ដែរ។ អ៊ីរ៉ង់​ព្រមាន​រួចហើយ​ថា ត្រៀម​ប្រតិកម្ម​​បកទៅវិញ ព្រោះ​​ទណ្ឌកម្ម​អាមេរិក​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​មហាអំណាច​​ច្រើន​​ប្រទេស​សម្រេច​បាន​ជាមួយ​អ៊ីរ៉ង់ កន្លងមក។ គិតទៅ ​បើ​ស្ថានការណ៍​ធ្លាក់​ដល់ថ្នាក់​ជា​សង្គ្រាម​​ត្រជាក់​​​ ខាង​ក្រុម​រុស្ស៊ី​ ច្បាស់ជា​មាន​អ៊ីរ៉ង់​ ហើយ​ក៏​អាច​មាន​ចិន រឺ​ក៏​តួកគី​ដែរក៏ថាបាន។

ដោយឡែក ចុងសប្តាហ៍​នេះ ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក រិច ធីលឡឺសុន ​​​ត្រូវជួប​​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្កី ឡាវ្រូវ នៅ​ហ្វីលីពីន។ អាមេរិ​កសង្ឃឹមថា អាច​នឹង​ប្រឹង​ធ្វើអោយ​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី បាន​ប្រសើរ​ឡើងវិញ​បន្តិច៕​​ ​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    អាមេរិក​តែងតាំង​រដ្ឋ​អាជ្ញា​ពិសេសដើម្បី​​អង្កេត​ទំនាក់ទំនង​​លោក​ត្រាំនិង​រុស្ស៊ី

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក

    កាសែត៖ លោកដូណាល់ ត្រាំ ជាប់សំណាញ់​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក

    អតីត​ប្រធាន​FBIចោទ​រដ្ឋបាល​លោក​ដូណាល់​ត្រាំ​បាន​កុហក​ និង​បង្ខូច​កេរ្តិ៍ឈ្មោះ

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តើ​​លោក​ដូណាល់ ត្រាំ​ អាច​​ខ្ទាត​ពី​​តំណែង​​ប្រធានាធិបតី​អាមេរិក​​ដែរ​​ទេ?​​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ