អានតួអត្ថបទ
អាមេរិក

អាមេរិក​និង​ស៊ូដង់ ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ ក្រោយផ្តាច់​ទូត​អស់​២៣ឆ្នាំ

សហរដ្ឋអាមេរិក​ នឹងតែងតាំង​​ឯកអគ្គរដ្ឋ​ទូត​ថ្មី ប្រចាំ​នៅ​ប្រទេស​ស៊ូដង់។ នាយករដ្ឋមន្ត្រី​ស៊ូដង់ ថ្លែងសាទរថា ទំនាក់​ទំនង​រវាងរដ្ឋ​ទាំងពីរបាន​​ជឿនលឿន​ឡើងវិញ ហើយ​ស៊ូដង់​សង្ឃឹមថា​ តាមរយៈ​ទំនាក់ទំនង​ដ៏ប្រសើរ​នេះ គឺ​អាច​ឈាន​ទៅ​ដក​ស៊ូដង់​ចេញពី​បញ្ជី​ខ្មៅ​របស់​អាមេរិក។ 

នាយករដ្ឋមន្ត្រីថ្មីស៊ូដង់ លោក Abdallah Hamdok និងលោក Eliot Engel សមាជិកសភាអាមេរិក កាលពីថ្ងៃទី​៤ធ្នូ
នាយករដ្ឋមន្ត្រីថ្មីស៊ូដង់ លោក Abdallah Hamdok និងលោក Eliot Engel សមាជិកសភាអាមេរិក កាលពីថ្ងៃទី​៤ធ្នូ JIM WATSON / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រីថ្មី​​ស៊ូដង់ លោក Abdallah Hamdok បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រមុខការ​ទូត​អាមេរិក នៅក្រុង​វ៉ា​ស៊ីនតោន។ ក្រោយ​ជំនួប​ដ៏​កម្រនិង​ជា​ប្រវត្តិ​សាស្ត្រ​​នេះ​ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo ប្រកាសថា​នឹង​​តែង​តាំងឯកអគ្គរដ្ឋ​ទូត​ថ្មី ប្រចាំ​នៅទីក្រុង​ ឃាទុំ​ Khartoum រដ្ឋធានី​របស់​ស៊ូដង់។ ដំណឹង​នេះ គឺ​បាន​ជួស​ជុលខ្សែ​​ចំណង​ទូត​របស់​ប្រទេស​ទាំងពីរ ដែល​បាន​ដាច់​ ចំនួន​ជាង​២​ទសវត្សរ៍​មកហើយ។

គួរ​រម្លឹក​ជូនថា ប្រទេស​ទាំង​ពីរ មាន​ភាពរកាំរកូសជាមួយ​គ្នា​ ចាប់​តាំងពី​ឆ្នាំ​១៩៨៥​​ និង​បាន​​ផ្តាច់​ទូត​ជាមួយ​គ្នានៅពេល​បន្ទាប់​មក​ គឺដោយ​សារ​តែ ​អាមេរិក​ យល់ឃើញថា ប្រទេស​ស៊ូដង់​​ កាល​ក្នុង​ជំនាន់​នោះ ក្រោម​​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិ​បតី​ Omar el-Bechir គឺ​ជា​​​ជង្រុក​​នៃ​ពួក​ភេរវ​ជន និងប្រទេស​នេះ​ជួយ​ផ្ចុងផ្តើម​លុយកាក់​ដល់​ពួក​ភេរវករ​អាល់កៃដាទៀត​ផង​​​។ ដូច្នេះហើយ ទើប​នៅ​ឆ្នាំ​១៩៩៣ អាមេរិក​ បាន​ដាក់ ​ស៊ូដង់ ​ក្នុង​បញ្ជី​ខ្មៅ​ និង​សំពង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើប្រទេសមួយ​​នេះ​ជាខ្លាំង។​ ព្រោះតែ​ ទណ្ឌកម្ម​របស់​អាមេរិក ធ្វើ​ឱ្យ​ស៊ូដង់​នាពេល​កន្លងមក មិន​អាច​ខ្ចី​ថវិកា​សម្រាប់​អភិវឌ្ឍ​ប្រទេស​ ពី​មូលនិធអន្តរជាតិ​ធំៗ ដូចជា​ធនាគារ​ពិភព​លោក ឬ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ បាន​នោះឡើយ។

នៅពេល​នេះ គឺក្រោយ​ការ​បះបោរ​ទម្លាក់​ប្រធានាធិ​បតី​ Omar el-Bechir ប្រទេស​ស៊ូដង់​ក្នុង​សម័យអន្តរកាល ត្រូវ​ដឹកនាំ​ដោយ ​នាយករដ្ឋមន្ត្រីថ្មី​​ស៊ូដង់ លោក Abdallah Hamdok ដែល​ជាអ្នក​ជំនាញ​សេដ្ឋកិច្ច​ផង។ នៅពេល​ដែល​បាន​ភ្ជាប់​ទំនាក់ទំនងទូត​ជាមួយ​អាមេរិកឡើងវិញដូច្នេះ​ លោកនាយករដ្ឋមន្ត្រីថ្មី​​ស៊ូដង់ ថ្លែង​ក្តី​សង្ឃឹមថា ស៊ូដង់អាច​នឹង​ត្រូវ​អាមេរិក​ដកទណ្ឌកម្ម​ចេញ ហើយ​ប្រទេស​ដែល​កំពុងតែ​ជាប់គាំង​វិបត្តិ​សេដ្ឋកិច្ច សង្គម និង​នយោបាយ មួយ​នេះ អាច​នឹង​ឃើញ​ពន្លឺ​នៃក្តី​សង្ឃឹមសម្រាប់​ប្រជា​ជាតិ​​ឡើងវិញ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ