អានតួអត្ថបទ
អាមេរិក

អង្គការ​សហប្រជាតិ​ សោកស្តាយ​ចំពោះសេចក្តី​សម្រេច​របស់​​តុលាការ​កំពូល​​អាមេរិក​

ថ្ងៃ​សុក្រ​ ទី​១៣កញ្ញា អង្គការ​សហប្រជាតិ​ បាន​សម្តែង​ក្តីសោកស្តាយ​ចំពោះសេចក្តី​សម្រេច​របស់​​តុលាការ​កំពូល​​អាមេរិក។ ប្រតិកម្ម​របស់​អង្គការ​សហប្រជាតិ​នេះ​ គឺធ្វើឡើង​ បន្ទាប់ពី​បាន​ឃើញ​សេចក្តី​សម្រេច​ របស់​សាលា​ជម្រះ​ក្តី​ថ្នាក់កំពូលអាមេរិក ​ដែល​បាន​សម្រេច​យល់​ព្រម​​ឯកភាព ជាមួយ​​នឹង​រដ្ឋបាល ​ដូណាល់ ត្រាំ ទៅលើ​នយោបាយ​អន្តោប្រវេសន៍​។​

ដៃរបស់​ជន​ភៀសខ្លួន​នៅ​អាមេរិក
ដៃរបស់​ជន​ភៀសខ្លួន​នៅ​អាមេរិក Reuters
ផ្សាយពាណិជ្ជកម្ម

«​អង្គការសហប្រជាតិ ខកចិត្តខ្លាំង ដ្បិត​ថា ផលវិបាក​នៃ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​កំពូល​អាមេរិក នឹង​ផ្តល់​ទុក្ខ​វេទនា​ដល់​ជន​ភៀសខ្លួន​ ជា​ច្រើន​ពាន់​នាក់ ពិសេសកុមារនិង​ស្ត្រី​ភេទ»។​ នេះគឺជាការ​លើកឡើង​របស់ អ្នកនាំពាក្យរបស់​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស ​ប្រចាំ​អង្គការសហប្រជាតិ លោកស្រី Andrej Mahecic ក្នុង​សន្និសីទ​កាសែត​មួយ ​នៅ​ក្រុង​ហ្សឺណែវ។

តាម​អ្នក​នាំពាក្យ​ដដែល, «បណ្តាញ​ជន​គ្រប់​រូប ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា និង​ទទួល​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញនៅ​ក្នុង​ប្រទេស​របស់ខ្លួន គឺគួរ​តែ​ទទួល​បាន​ការការពារ និង​ទទួល​បាន​សិទ្ធិ​ស្នើសុំ​សិទ្ធិជ្រកកោន»។ អ្នក​តំណាង​ឧត្តម​ស្នងការ​សិទ្ធិមនុស្សរបស់​​អង្គការសហប្រជាតិ ថែមទាំងបញ្ជាក់ថា «ជន​ភៀសខ្លួន​ដែលរត់​ទៅ​ដល់​ទឹក​ដី​អាមេរិកហើយ​នោះ គឺ​សុទ្ធសឹង​តែ​ចង់​បាន​ជម្រក​មួយ​សមស្រប ព្រោះថា ពួក​គេ​ត្រូវការ​ជា​បន្ទាន់​ចាំបាច់​ណាស់»។

គួរ​រម្លឹក​បញ្ជាក់ថា ក្នុង​សប្តាហ៍​នេះ តុលាការ​កំពូល​អាមេរិក បាន​សម្រេច​កាត់​ឱ្យ​រដ្ឋបាល​អាមេរិក​ឈ្នះ​ក្តី ជុំវិញចំណាត់​ការ​មិនទទួល​ពិនិត្យ​ពាក្យ​សុំ​សិទ្ធ​ជ្រក​កោន​របស់​ជន​ភៀសខ្លួន ដែល​មកពី​តំបន់​អាមេរិក​ក​ណ្តាល។ និយាយ​ជារួម តាម​រយៈ​វិនិច្ឆ័យ​របស់​តុលាការ គឺ ​អាជ្ញាធរ​អាមេរិក​អាច​មាន​សិទ្ធិ​ធ្វើ​មិន​យកភ្នែក​មើលសំណើ​ពាក្យ​សុំ​សិទ្ធ​ជ្រក​កោន។

បើ​តាម​នយោបាយ​គ្រប់​គ្រង​ជនភៀសខ្លួននៅ​​អាមេរិក​ រដ្ឋបាល​អាមេរិក ចង់​ឱ្យ​អ្ន​កចង់​ដាក់​ពាក្យសុំ​សិទ្ធ​ស្នាក់នៅទីនោះ​ ទៅ​សុំ​សិទ្ធិ​ជ្រកកោន​ពី​ប្រទេស​ណាមួយ​មុន​សិន មុន​ទៅ​សុំ​នៅ​អាមេរិក។​ ប្រសិន​បើ​មាន​ក្រដាស​ស្នាម​សុំ​សិទ្ធិ​នៅប្រទេស​ណាមួយ​ម្តងហើយ ហើយ​បាន​ចូល​មកដល់​ទឹកដី​អាមេរិក និងដាក់ពាក្យ​សុំ​សិទ្ធ​នៅទីនោះទៀត​ ទើប​រដ្ឋបាល​អាមេរិក នឹង​​ពិចារណា​ពិនិត្យ​មើល​ឯកសារ​នោះ។ បើ​មិន​ដូច្នោះទេ គឺពាក្យ​សុំ​នោះ ត្រូវ​ចាត់ទុក​ជា​អាសាឥតការ។ ត្រង់​នេះ​ គឺ​ខុស​ពី​ការអនុវត្តពីមុនៗមក​ ដែល​អាជ្ញាធរអាមេរិក​​មា​នភារកិច្ច​ពិនិត្យ​មើល​សំណើ​ពាក្យ​សុំ បើ​ទោះបី​ជា​ជន​ភៀស​ខ្លួន​នោះ ចូល​មក​ដល់​ទឹកដី​អាមេរិក តាម​ច្រកណា​ ឬ​តាម​មធ្យោបាយ​ផ្លូវណា​ក៏ដោយ។

​លោក ដូណាល់​ ត្រាំ ដែល​ប្រកាន់​ខ្ជាប់​នយោបាយ​ប្រឆាំង​អន្តោប្រទេសន៍ បាន​សាទរ​ជាខ្លាំង​ចំពោះ​សាលដីកា​របស់​តុលាការ​កំពូល ដែល​មាន​ចៅក្រមភាគច្រើនជាអ្នកអភិរក្សនិយម។ លោកប្រធានាធិបតី​អាមេរិក ចាត់ទុកថា នេះ​ជា​ជោគជ័យ​ធំ​មួយ​ចំពោះ​នយោបាយ​បិទ​ព្រំ​ដែន​របស់​លោក។ ថែមពីនេះ លោកប្រមុខ​អាមេរិក ​នឹង​នៅតែ​បន្ត​កាន់​យក​នយោបាយ​បែបនេះ សម្រាប់​ការ​ឃោសនា​បោះឆ្នោត​ នៅ​ឆ្នាំ​២០២២ ថែមទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ