អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិវ៉េណេស៊ុយអេឡា៖ អាមេរិក​ ចង់លើកយកសន្ធិសញ្ញាការពារជាតិរួមក្នុងតំបន់មកប្រើ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជុំវិញ​វិបត្តិសេដ្ឋកិច្ច​និង​នយោបាយ​នៅប្រទេស​វ៉េណេស៊ុយអេឡា, ទីបំផុតទៅ អាមេរិក សម្រេច​លើកយកសន្ធិសញ្ញាការពារជាតិរួមក្នុងតំបន់មកប្រើ ដើម្បីប្រឆាំង​នឹងរបប​ដឹកនាំ​របស់លោកប្រធានាធិបតី​ នីកូឡា ម៉ាឌុយរ៉ូ។ សន្ធិសញ្ញាការពារជាតិរួមនេះ គឺ​មាន​ចែង​​ស្តី​ពីលទ្ធភាព​នៃ​ការ​ប្រើប្រាស់​កម្លាំង​យោធា ដើម្បី​ឆ្លើយ​តប​នឹង​ការ​​វាយ​ប្រហារ​មួយ​ទៅលើ​​រដ្ឋ​សមាជិក ដើម្បី​ធានាបាន​នូវ​សន្តិភាព​និងស្ថិរភាព​ក្នុង​តំបន់។​ សេចក្តី​សម្រេច​លើកយកសន្ធិសញ្ញាការពារជាតិរួមក្នុងតំបន់មកប្រើ​នេះ គឺ​​​ប្រកាស​ដោយ​ប្រមុខ​ការទូត​អាមេរិក Mike Pompeoកាលពីថ្ងៃពុធ ទី​១១កញ្ញា​​​​។ ដូច្នេះ​តើ​ស្ថាន​ការណ៍​​នៅ​វេណេស៊ុយអេឡានឹងក្លាយ​ទៅ​ជាយ៉ាងណា ?

រូប​លោកប្រធានសភា​​វ៉េណេស៊ុយអេឡា គឺលោក Juan Guaido ប្រមុខ​បក្សប្រឆាំង និង លោកប្រធានាធិបតី​ នីកូឡា ម៉ាឌូរ៉ូ ប្រមុខ​បក្ស​កាន់អំណាច
រូប​លោកប្រធានសភា​​វ៉េណេស៊ុយអេឡា គឺលោក Juan Guaido ប្រមុខ​បក្សប្រឆាំង និង លោកប្រធានាធិបតី​ នីកូឡា ម៉ាឌូរ៉ូ ប្រមុខ​បក្ស​កាន់អំណាច Yuri CORTEZ / AFP
ផ្សាយពាណិជ្ជកម្ម

តើ​អ្វីទៅជា សន្ធិសញ្ញាការពារជាតិរួមក្នុងតំបន់ នេះ?

សន្ធិសញ្ញាការពារជាតិរួមក្នុងតំបន់ទ្វីប​អាមេរិក​នេះ ជាភាសា​បារាំង ថា​ Traité interaméricain d'assistance réciproque (TIAR)  ​បាន​ធ្វើ​ឡើង​នៅទីក្រុង​ Rio de Janeiro នៃប្រទេស​ប្រេស៊ីល កាលពីឆ្នាំ​១៩៤៧។ សន្ធិសញ្ញានេះ មាន​២៦មាត្រា ហើយវា​មាន​ទម្រង់ប្រហាក់ប្រហែលនឹងសន្ធិសញ្ញានៃបក្សសម្ព័ន្ធអូតង់ដែរ ក្នុង​នោះ​ ​មាត្រា​​៦ គឺមាន​ខចែងស្តីពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ដើម្បីទប់ទល់​ឆ្លើយតបនឹងការ​វាយ​ប្រហារ​មួយ ទៅលើរដ្ឋសមាជិក ដើម្បីធានាបាននូវសន្តិភាពនិងស្ថិរ​ភាព​ក្នុងតំបន់ទ្វីប​អាមេរិក​។

ពីថ្ងៃពុធ​ ទី​១១កញ្ញា គឺ​មាន​កិច្ច​ប្រជុំ​ធំ​មួយ ក្នុង​ចំណោម​រដ្ឋសមាជិក ហើយ​ចំពោះវ៉េណេស៊ុយអេឡា គឺ​មាន​តំណាង​ដោយ​ក្រុម​បក្សប្រឆាំង។ ក្នុង​ជំនួប​នេះ គឺ​ប្រទេស​សមាជិក ​បាន​អំពាវវនាវ​​ឱ្យ​ប្រទេស​ហត្ថលេខី​ ទាំង​​​​១៩​  ​សើរើមើល​សន្ធិសញ្ញា​នេះ ហើយ​យក​​លើកមក​ជជែក​នៅក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​ ដោយ​នឹង​ត្រូវ​ពិភាក្សា​ឧទ្ទិស​ទាំងស្រុង​ ស្តីពី​​វិបត្តិ​អស្ថិរ​ភាព​ ទាំង​សេដ្ឋកិច្ចនិង​នយោបាយ​ នៅ​វ៉េណេស៊ុយអេឡា។

ការ​លើក​យក​សន្ធិសញ្ញាការពារជាតិរួមក្នុងតំបន់ទ្វីប​អាមេរិក​នេះ មក​ជជែក​គ្នា​ជាថ្មី គឺ​មិនមែន​ជាការ​ចៃដន្យ​ទេ។ ក៏ប៉ុន្តែ វ៉េណេស៊ុយអេឡា បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រម​ព្រៀង​នេះ​រួច​មកហើយ?

វេណេស៊ុយអេឡា របស់លោក នីកូឡា ម៉ាឌុយរ៉ូ បានសម្រេចដកខ្លួនចេញកាលពី​ឆ្នាំ​២០១៣ ហើយ​តុលាការកំពូល​ក៏​បានលុប​ចោល​កិច្ចព្រមព្រៀងនេះរួចមកហើយ។ ក៏ប៉ុន្តែ ចំពោះ​បក្ស​ប្រឆាំង ដែល​ដឹកនាំដោយអតីត​​ប្រធាន​សភា លោក​ Juan Guaido គឺនៅតែ​ប្រកាន់ថា កិច្ចព្រមព្រៀងនេះ នៅ​មាន​សុពលភាពនៅឡើយ។​

លោក​ Juan Guaido ដែល​ប្រកាសខ្លួន​ជា​ប្រធានាធិបតី​ស្តីទីបណ្តោះអាសន្ន គឺ​នៅតែ​ចូលរួម​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​របស់​សន្ធិសញ្ញា​នេះ ដោយ​តាំងខ្លួន​ជា​អ្ន​កតំណាង​ប្រទេសវេណេស៊ុយអេឡា ក៏ដោយសារតែ​មា​នការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​អាមេរិក។  អាមេរិក​របស់​​លោក ដូណាល់ ត្រាំ និង​លោក​ Mike Pompeo បាន​មើលឃើញថា វ៉េណេស៊ុយអេឡា បាន​បង្កើន​ចលនា​ចល័ត​ទ័ព​ ទៅកៀក​នឹង​ព្រំដែន​កុំឡុំប៊ី ហាក់​ទំនង​ដូច​ចង់​ប្រកាស​សង្គ្រាម​យ៉ាង​ដូច្នោះ​ដែរ​។

អគ្គមេបញ្ជាការ​វ៉េណេស៊ុយអេឡា ប្រកាសនៅថ្ងៃអង្គារ​ ថា​បាន​បញ្ចូន​កងទ័ព​ ចំនួន​១៥ម៉ឺន​នាក់ ទៅ​ព្រំដែន​ ដើម្បីធ្វើ​សមុទ្ធយោធា។ បន្ថែមលើការ​ដាក់​ពង្រាយ​ទ័ព​នេះ ​លោកប្រធានាធិបតី​ នីកូឡា ម៉ាឌុយរ៉ូ ថែមទាំង​​ចោទកូឡុំប៊ី ថា​អាច​នាំមកនូវ​ជម្លោះ​ព្រំដែន។​ ត្រង់​ច្រកព្រំដែន​កូឡុំ​ប៊ី​នេះហើយ ដែល​លោក Juan Guaido កាលពីមុនមក ចង់​នាំអន្តរាគមន៍​យោធាអន្តរជាតិ​ ផ្នែក​មនុស្ស​ធម៌ ទៅ​ជួយ​ដល់​ពលរដ្ឋ​​វ៉េណេស៊ុយអេឡា។

​​កុំឡុំប៊ី និង​វ៉េណេស៊ុយអេឡា មាន​ព្រំដែនជាប់​គ្នា​ប្រវែង​ចម្ងាយ​ ​២ពាន់​២រយ គីឡូម៉ែត្រ។ ត្រង់​ព្រំដែន​នេះ គឺ​មាន​បណ្តុំ​ដោយ​ក្រុម​ឧទ្ទាមយោធាក្រៅច្បាប់​​និង​មាន​ក្រុម​ភេវរជន​ខ្លះ​ផង​។ នេះបើតាម​ការ​យល់ឃើញ​របស់​ប្រមុខការ​ទូត​អាមេរិក​។ Mike Pompeo  អះអាងថា ទង្វើ​របស់​ទ័ព​វេណេស៊ុយអេឡា មិន​ត្រឹមតែ​បង្កគ្រោះ​ភ័យ​ដល់​ប្រជាពលរដ្ឋ​រ​វ៉េណេស៊ុយអេឡាប៉ុណ្ណោះទេ តែ​ជា​សកម្មភាព​គំរាម​ដល់សន្តិភាព​និង​សន្តិសុខ​នៃ​ប្រទេស​ជាប់​ភូមិផង​របង​ជាមួយ​គ្នា។

ដូច្នេះ សេណារីយ៉ូដែល​អ្នក​សង្កេតការណ៍​កំពុងតែ​ព្រួយ​បារម្ភ​នោះ គឺថា ប្រសិន​បើ​អាមេរិកសំអាង​លើ​កិច្ច​ព្រមព្រៀង​ខាងលើនេះ គឺ​អាមេរិក​អាច​នឹង​យក​លេស​ ដើម្បី​វាយ​ប្រហារ​ដោយ​កម្លាំង​យោធា​លើ​វ៉េណេស៊ុយអេឡា។

តើ​ស្ថានការណ៍​នៅ ​ព្រំដែន​កូឡុំប៊ី​និង​វ៉េណេស៊ុយអេឡា ទៅជាយ៉ាងណា​វិញ?

ពីចំណែក​កូឡុំប៊ី ប្រធានាធិបតី Ivan Duque ​ អះអាង​ថា​មិនចុះ​ចាញ់នឹង​​ការ​បង្កហេតុ​ឡើយ ប៉ុន្តែ ដូច​ជា​មិន​ទាន់​តបតអ្វីខ្លាំងឡើយ ដោយ​​លោកបាន​ច្រាលចោល​សម្មតិកម្ម​ដែល​ថា​អាច​​អន្តរា​គមន៍​​យោធាណាមួយ ប្រឆាំង​នឹង​ប្រទេស​ជិតខាង​របស់ខ្លួន​។​ បើសិន​ជា ​ភាគី​​កូឡុំប៊ី មិន​តបត ទំនង​ជា​សភាព​ការ​ណ៍​អាច​ធូរបន្តិច ប៉ុន្តែប្រសិន​បើ​ភាគី​ទាំងពីរ មិន​ព្រម​សម្រួល​គ្នា​ទេ គឺ​សភាពការណ៍​​នឹង​រឹតតែ​កើនកម្តៅខ្លាំង។ ពីម្ខាង វ៉េណេស៊ុយអេឡា មាន​ចិន​ រុស្ស៊ី និង​គុយបា ជា​ខ្នង​បង្អែក ហើយ​​កូឡុំប៊ី​ វិញ គឺមាន​ប្រទេស​ជាសម្ព័ន្ធមិត្ត​ស្រាប់ ហើយ​និងមាន​អាមេរិក​ទៀត ជាបងធំ។ ការ​ខាំ​ធ្មេញ​ដាក់​គ្នា​រវាង​ប្រទេស​និង​ប្រទេស​ដូច្នេះ​ គឺ​រឹតតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ទាំង​សង​ខាង​រងទុក្ខកាន់តែ​ខ្លាំង។

មួយ​រយៈ​ចុងក្រោយនេះ ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​និងនយោបាយ គឺ​បា​នធ្វើ​ឱ្យសកម្មភាព​​សេដ្ឋកិច្ច​របស់​​វ៉េណេស៊ុយអេឡា ដាំក្បាល​ចុះ​៥០ភាគរយ។ អតិផរណា​ទំនិញ គឺ​តម្លៃ​ទំនិញ​ឡើង​ថ្លៃ​ខ្ពស់​កប់​ពពក។ រូបិយបណ្ណវេណេស៊ុយអេឡាធ្លាក់​ចុះ​ថោក​មែនទែន។​ ពោល​គឺ​លុយ​ គេឈប់​រាប់សម្រាប់​​ចាយ​ទៀតហើយ គេ​យក​លុយ​ដាក់​លើ​ជញ្ជីង​ថ្លឹង​យកតែម្តង។ ពលរដ្ឋ​វេណេស៊ុយអេឡា ជាច្រើន​ រងគ្រោះ​ខ្វះ​ស្បៀងអាហារ ខ្វះ​ថ្នាំព្យាបាល អត់​ការងារ​ធ្វើ និង​ត្រូវ​បង្ខំ​ចិត្ត ភៀសខ្លួន​​រត់​ចោល​ស្រុក​។

បើ​មាន​ការ​ប៉ះទង្គិច​យោធាគ្នា​នៅតាម​ព្រំដែនទៀតនោះ នោះ​​ជន​ចំណាក​ស្រុក នឹង​រឹតតែ​កើនឡើង​ដូច​ទឹក​បាក់​ទំនប់។ នៅពេល​នេះ បើ​តាមទិន្នន័យ​ពី​​អង្គការ​សហប្រជាជាតិ​ គឺមាន​ពលរដ្ឋ​​ វ៉េណេស៊ុយអេឡា ចំនួន​ជាង​ ៣លាន​៦សែន​នាក់ ដែល​បាន​រត់​ភៀសខ្លួន​ចាក​ចេញពី​ប្រទេស​ (ចាប់ពីឆ្នាំ​២០១៦មក)​។​​​​​​​​​​​​​​​​​​​

វ៉េណេស៊ុយអេឡា គឺជា​ប្រទេស​សម្បូរ​ធនធានធម្មជាតិ​​ និង​រស់​ដោយសារ​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញរ៉ែ​មាស និងប្រេង​។ ប៉ុន្តែ​ភោគ​ផល​ពី​ការ​លក់ធនធាន​ធម្មជាតិនេះ គ្មាន​បាន​​បែង​ចែក​ឱ្យ​បាន​ស្មើភាព​និង​សមធម៌ ទៅដល់ពលរដ្ឋ​​នោះឡើយ​។ ពោលគឺ​បាន​ផលកាក់កប​​មានបាន​តែ​ទៅលើ​ថ្នាក់​ដឹកនាំប្រទេស និង​ក្រុម​បក្សពួក​របស់​លោកប្រមុខ​រដ្ឋ នីកូឡា ម៉ាឌុយរ៉ូ តែប៉ុណ្ណោះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ