អានតួអត្ថបទ
សហរដ្ឋអាមេរិក-វៀតណាម

អាមេរិក-វៀតណាម៖ ពី​សត្រូវ​ក្លាយមក​ជា​មិត្ត

អតីត​គូសត្រូវ​ក្នុង​សង្រ្គាម​ត្រជាក់ គឺ​វៀតណាម និង​សហរដ្ឋ​អាមេរិក កំពុង​តែ​បង្ហាញ​អំពី​ភាពល្អូកល្អឺន ក្នុង​ទំនាក់ទំនង​យោធា​​ជាមួយ​គ្នា។ នាវាចម្បាំង​ទំនើបៗ​ចំនួន​ពីរគ្រឿង​របស់​អាមេរិក កំពុង​ស្ថិត​ក្នុង​ប្រទេស​វៀតណាម ដើម្បី​អបអរ​ខួប​ទី​១៥ នៃ​ការ​តភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា។ កងទ័ព​ទាំងពីរ​គ្រោង​បើក​ធ្វើ​សមយុទ្ធ​រួមគ្នា នៅ​ថ្ងៃ​ពុធ ទី១១ សីហា ២០១០​នេះ។ ភាព​ល្អូកល្អឺន​រវាង​អាមេរិក និង​វៀតណាម​នេះ បាន​ធ្វើ​ឲ្យ​ចិន​ខឹងសម្បា​មិន​តិច​នោះទេ។

USS George Washington, នាវាផ្ទុក​យន្តហោះ​ដ៏ទំនើប​របស់​អាមេរិក ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម
USS George Washington, នាវាផ្ទុក​យន្តហោះ​ដ៏ទំនើប​របស់​អាមេរិក ដែល​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម ©US NAVY
ផ្សាយពាណិជ្ជកម្ម

07:44

បទវិភាគ​របស់ សេង ឌីណា

នាវា​ផ្ទុក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ដ៏ធំ​និង​ទំនើប​បំផុត​របស់​អាមេរិក ឈ្មោះ USS Georges Washington បាន​ទៅ​ដល់​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​អាទិត្យ។ នាវា​ពិឃាដ​ដ៏ទំនើប​មួយ​ទៀត (USS John McCain) បាន​ទៅ​ដល់​​​កំពង់​ផែ​ដាណាង​ (Danang) កាល​ពី​ថ្ងៃ​អង្គារ។ កងទ័ព​អាមេរិក និង​កងទ័ពវៀតណាម​​​នឹង​បើក​ធ្វើ​សមយុទ្ធ​រួមគ្នា ក៏ប៉ុន្តែ សមយុទ្ធ​នេះ​ផ្តោត​តែ​ទៅលើ​​ប្រតិបត្តិការ​​ស្វែងរក និង​សង្រ្គោះ​ទាហាន​បាត់ខ្លួន​តែ​ប៉ុណ្ណោះ។

កន្លែង​ដែល​​កងទ័ព​អាមេរិក និង​កងទ័ព​វៀតណាម​​​ធ្លាប់​តែ​វាយប្រយុទ្ធគ្នា កាល​ពី​ជាង​៣០ឆ្នាំ​មុន ពេលនេះ ក្លាយ​ជា​កន្លែង ដែល​កងទ័ព​ទាំងពីរ​​ចាប់ដៃ​គ្នា ​និង​ហ្វឹកហាត់​ជាមួយ​គ្នា​ទៅវិញ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ទំនាក់ទំនងរវាង​អតីត​គូសត្រូវ​ទាំងពីរ​ មាន​ភាព​ល្អូកល្អឺន​គួរ​ឲ្យ​កត់សម្គាល់ ទាំង​ក្នុង​វិស័យ​នយោបាយ និង​យោធា។

ភាព​ល្អូកល្អឺន​​​នេះ កើត​មាន​ឡើង​ដោយ​ឈរ​លើ​ផលប្រយោជន៍​រួម​គ្នា​​រវាង​អាមេរិក និង​វៀតណាម។ ក្រៅ​ពី​​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច កត្តា​ដ៏​ចម្បង​បំផុត ដែល​នាំ​ឲ្យ​ប្រទេស​ទាំងពីរ​រឹត​ចំណង​ទាក់ទង​ជាមួយ​គ្នា គឺ​ផលប្រយោជន៍​ផ្នែក​យុទ្ធសាស្រ្ត។ អាមេរិក និង​វៀតណាម​មាន​គូប្រជែង​រួមមួយ គឺ​ចិន។ អាមេរិក​កំពុង​ស្វះស្វែង​រក​ចង​សម្ព័ន្ធមិត្ត ក្នុង​តំបន់​អាស៊ី ដើម្បី​​ទប់ស្កាត់​ឥទ្ធិពល​​របស់​ចិន។ វៀតណាម គឺ​ជា​ឱកាស​ល្អ​មួយ​ សម្រាប់​អាមេរិក ពីព្រោះ​វៀតណាម​ គឺ​ជា​សត្រូវ​របស់​ចិន។ វៀតណាម ក៏​ត្រូវ​ការ​អាមេរិក ដើម្បី​ជួយ​ទប់ទល់​នឹង​ចិន​ដែរ។

នៅពេលនេះ អាមេរិក និង​វៀតណាម​កំពុង​តែ​ចរចា​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នុយក្លេអ៊ែរ​ ស៊ីវិល។ កាល​ពី​ខែ​មុន នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​អាស៊ាន នៅ​វៀតណាម លោកស្រី​គ្លីនតុន រដ្ឋមន្រ្តី​ការបរទេសសហរដ្ឋ​អាមេរិក បាន​បង្ហាញ​ជំហរ​ស្រប​នឹង​វៀតណាម ក្នុង​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​រវាង​វៀតណាម និង​ចិន។ កាល​ពី​ថ្ងៃ​អាទិត្យ នាវា​ចម្បាំង​របស់​អាមេរិក​បាន​ទៅ​ចត នៅ​ក្នុង​តំបន់​ប្រជុំ​កោះ Paracel ដែល​ជា​តំបន់​​ប្រទាញ​ប្រទង់​រវាង​​ចិន និង​វៀតណាម។ ក្នុង​ពេល​ចូលចត​នោះ មន្រ្តី​យោធា​វៀតណាម​ថែម​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​លើ​ នាវាចម្បាំង​របស់​អាមេរិក​ទៀត​ផង។ ទាំងនេះ គឺ​ជា​សញ្ញា​មួយ​ថ្មី​ទៀត បង្ហាញ​ពី​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​វៀតណាម ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ចិន។

កាយវិការ​ទាំងនេះ គេច​មិន​ផុត​ពី​ការ​តាមដាន​មើល​ពី​សំណាក់​រដ្ឋាភិបាល​ចិន​នោះទេ។ យោង​តាម​បណ្តាញ​សារព័ត៌មាន​ចិន រដ្ឋាភិបាល​ចិន​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ចំពោះ​​វត្តមាន​នាវាចម្បាំង​ អាមេរិក ក្នុង​សមុទ្រ​ចិន​ប៉ែកខាង​ត្បូងនេះ ព្រោះ​វា​ជា​តំបន់​​​ដែល​ចិន​ចាត់ទុក​​ថា​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​ ខ្លួន។

បន្ទាប់​ពី​​ការ​លក់​អាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ និង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​កូរ៉េ​ខាង​ត្បូង វត្តមាន​របស់​នាវាចម្បាំង​អាមេរិក​នៅវៀតណាម ពេលនេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​អាមេរិក-ចិន​កាន់តែ​ប្រេះឆា​នឹង​គ្នា​ខ្លាំង​ឡើង​ ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ