អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​និង​សហភាព​អឺរ៉ុប​ ​ព្រមព្រៀងគ្នា​បន្ធូរបន្ថយ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ប្រធានគណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker  បានធ្វើ​ដំណើរ​ទស្សនកិច្ច​ ទៅ​សហរដ្ឋ​អាមេរិក ​ពីថ្ងៃ​ពុធ ទី​២៥កក្កដា។ ក្រោយ​ជំនួប​រវាង​លោក​ដូណាល់ត្រាំ និង​ប្រធានគណៈកម្មការ​អឺរ៉ុប ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀងគ្នា​បន្ធូរបន្ថយ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម។ ខាង​សហភាព​អឺរ៉ុប​ សន្យា​ជួយ​ទិញ​សណ្តែក​​និង​ឧស្ម័ន​ធម្មជាតិ​របស់​អាមេរិក។ ចំ​ណែក​អាមេរិក​របស់​លោកត្រាំវិញ  សន្យាថានឹង​មិន​ដំឡើង​ពន្ធ​គយ​អ្វី​ថ្មី​ទេ​​​ចំពោះ​សហភាព​អឺរ៉ុប។ ហើយ​ចំពោះ​ពន្ធគយ​​លើ​ដែក​និង​អាលុយ​មីញ៉ូមដែល​នាំចូល​ពី​អឺរ៉ុប​ទៅ​អា​មេរិក​ ​អាចនឹង​ត្រូវ​ព្យួរ​ទុក​សិន។ 

លោក Jean-Claude Juncker និងលោក ដូណាល់ ត្រាំ ជួប​គ្នា​នៅ​អាមេរិក ពីថ្ងៃពុធ ទី​២៥ កក្កដា។
លោក Jean-Claude Juncker និងលោក ដូណាល់ ត្រាំ ជួប​គ្នា​នៅ​អាមេរិក ពីថ្ងៃពុធ ទី​២៥ កក្កដា។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

តើ​លោកដូណាល់ ត្រាំ និងលោក Jean-Claude Juncker  បានសម្រេច​​ព្រម​ព្រៀង​គ្នា​អ្វីខ្លះ​?

ជា​ដំបូង គួរ​​​បញ្ជាក់ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អាមេរិក​និងសហភាព​​អឺរ៉ុប បាន​ជួប​ភាព​តានតឹង​គ្នា​ខ្លាំង​ ទៅលើ​ផ្នែក​ពាណិជ្ជកម្ម។ ប្រធានាធិបតីអាមេរិក​បាន​​​​គំរាម​ដំឡើង​ពន្ធ​ជា​បន្តបន្ទាប់លើទំនិញនាំចូល​ផ្សេងៗ ពិសេស​ការ​​នាំចូល​រថយន្តពី​សហភាព​អឺរ៉ុប​ គឺ​ត្រូវ​យក​ពន្ធ​២៥ភាគរយ​។ ហើយ​កាលពី​ដើម​ខែ​មិថុនា លោកត្រាំថែមទាំង​បាន​​ប្រកាស​យក​ពន្ធដែកថែប ២៥ភាគរយ ​និង​អាលុយ​មីញ៉ូម​ ១០ភាគរយ។ ចំណែកសហ​ភាព​អឺរ៉ុប​ក៏​បាន​ប្រកាសឡើង​ពន្ធ​វាយ​បក​​នឹង​ការ​ដំឡើង​ពន្ធរបស់​អាមេរិក​​នេះ​យ៉ាង​ចាស់​ដៃ​វិញ​ដែរ​។​ បរិយាកាស​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​ភាគី​ទាំងពីរ បាន​កើត​សន្ទុះ​ក្តៅ​ខ្លាំង។​

ក៏ប៉ុន្តែ​ក្នុង​ដំណើរ​ទស្សនកិច្ច​ របស់​ប្រធានគណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker  នៅ​អាមេរិក​ពីម្សិលមិញនេះ គឺបាន​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ខ្លាំងមែនទេ។ រហូត​ដល់​លោកត្រាំ សប្បាយ​ចិត្តខ្លាំង ហើយ​លោក​ចាត់ទុកថា​ថា នេះ​ដំណាក់​កាល​ថ្មី​មួយ ជា​ថ្ងៃ​ពិសេស​សម្រាប់​បំលាស់ប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី​និងស្មើភាព​គ្នា។ ជា​លទ្ធផល​នៃ​ជំនួប​របស់​លោក ត្រាំ និងលោក Jean-Claude Juncker  គឺប្រធានគណៈកម្មការ​អឺរ៉ុប បញ្ជាក់​ប្រាប់​លោកត្រាំថា «អាមេរិក​និង​សហភាព​អឺរ៉ុប​ គឺជា​សម្ព័ន្ធ​មិត្តដ៏​ល្អ​នឹង​គ្នា​ ជាដៃ​គូ​សហការ​គ្នា មិន​មែន​ជា​គូសត្រូវ​ឡើយ​»។ ហើយ​ទីបំផុត​ ​​ភាគី​​​ខាងសហភាពអឺរ៉ុប បាន​សន្យាបង្កើន​ការ​នាំចូល​សណ្តែក និងឧស្ម័នធម្មជាតិរបស់អាមេរិក។

រីឯភាគី​អាមេរិករបស់លោកត្រាំវិញ គឺត្រូវ​ប្រភព​ពី​សហភាព​អឺរ៉ូប​ទម្លាយ​ព័ត៌មាន​ថា​ អាមេរិកសន្យាថានឹងមិនដំឡើងពន្ធគយអ្វីថ្មីឡើយចំពោះទំនិញ​នាំចូល​ពី​សហភាពអឺរ៉ុប​។ ​លើកលែង​តែ​ពន្ធគយ​​លើ​ការ​នាំ​ចូល​រថយន្ត​ គឺ​នៅរក្សា​ទុក​ដដែល​សិន​។ ហើយចំណែក​ ពន្ធគយចំពោះ​ដែកនិងអាលុយមីញ៉ូមដែលនាំចូលពីអឺរ៉ុបទៅអាមេរិក ក៏ទំនង​ជា​​អាចនឹងត្រូវព្យួរទុកមួយរយៈ​សិន​ រង់ចាំ​ការ​សម្រេច​គ្នា​ជា​ថ្មី​​។ មិន​តែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក​ ក៏បាន​សម្រេច​ឲ្យ​បង្កើត​ក្រុម​ការងារពិសេស​​មួយ​ជជែក​ចរចា​គ្នា​ជាថ្មីជាមួយ​សហភាព​អឺរ៉ុប​។​​  កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​ អាច​នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវ​ការ នា​ប៉ុន្មាន​ខែ​ទៀត។

បើតាម​រយៈ​លទ្ធផលយ៉ាង​វិជ្ជមាន​​នៃ​ជំនួប​នេះ គឺ​មាន​ន័យថា រវាង​អាមេរិក​និង​សហភាព​អឺរ៉ុប​ គឺ​លែង​មាន​សង្គ្រាម​ពាណិជ្ជកម្មជាមួយ​គ្នា​ហើយ​ មែន​ទេ​?  

គេនឹង​​អាច​រង់ចាំ​មើល​កិច្ច​ព្រម​ព្រៀង​ថ្មី ដែល​​​ក្រុម​ការងារ​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក និង​គណៈកម្មការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​​របស់​សហភាព​អឺរ៉ុប ដែល​កំពុង​​ចរចាគ្នា ហើយ​នឹងអាច​​ប្រកាស​ឲ្យ​ដឹង​ នាពេល​ឆាប់ៗ​​។ ក៏ប៉ុន្តែ បើ​ពិនិត្យ​មើល​ពី​​លក្ខខណ្ឌ​នៃការ​ចរចាគ្នាវិញ​ គឺ​​ហាក់​ដូច​ជា​ មាន​ការ​ទាមទារ​ខ្ពស់​ពេក។ ពីព្រោះថា ​ភាគី​ខាង​សហភាព​អឺរ៉ុប​ គឺមាន​វត្ថុបំណង​ ចង់​ឲ្យ​អាមេរិក​លុប​ចោល​ពន្ធគយ​ទាំងអស់ ឲ្យ​មក​នៅ​សូន្យ​តែម្តង លើផ្នែក​ឧស្សាហកម្ម​។​ ​លើកលែង​​តែ​ការ​នាំចូលរថយន្ត ដែល​អាមេរិក​នៅតែ​រក្សា​ការ​ដាក់​ពន្ធ​គយ​ ២០ភាគរយ​។

យ៉ាងណា​ក៏ដោយ ការ​បន្ធូរបន្ថយ​ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជ​កម្ម​ នៅពេល​នេះ គឺ​ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​យ៉ាង​ខ្លាំង ពី​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ FMI។ នាយិកា​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ លោកស្រី Christine Lagarde បានលើកឡើង​ថា ​សេដ្ឋកិច្ច​ពិភពលោក បា​នទាញ​ផល​ចំណេញ​ច្រើន​ពី​កិច្ច​ជំនួប​របស់​អាមេរិក​និង​សហភាព​អឺរ៉ុប​នេះ។ ចំពោះFMI ​​ភាគី​ទាំង​ពីរ​បា​នយល់ព្រម​រក​ផ្លូវ​ដោះស្រាយ​យ៉ាង​ល្អ ចំពោះ​ការមិន​​ឯកភាព​គ្នា​លើទិដ្ឋភាព​ពាណិជ្ជកម្មនាពេល​កន្លង​ទៅ​​ ហើយ​និង​បាន​សម្រេច​ឈប់​មិន​ដាក់​ទណ្ឌកម្ម​បន្ថែម​ចំពោះ​គ្នា។

យ៉ាងណាក៏ដោយ ​នៅថ្ងៃទី​២៦កក្កដានេះ អាល្លឺម៉ង់ និង​បារាំង​ ដែល​ជា​ក្បាល​ម៉ាស៊ីន​ពីរ​ដ៏​សំខាន់​​របស់​សហភាព​អឺរ៉ុប​ បាន​ចេញ​មុខ​ប្រតិកម្ម​ខ្លាំងៗ​។ តើហេតុអ្វី?

ចំពោះ​បារាំង  រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច  លោក Bruno Le Maire បាន​ចេញ​មក​ប្រតិកម្ម​យ៉ាង​ខ្លាំងៗ​ថា គេ​ត្រូវ​តែ​ពិនិត្យ​ឲ្យ​លម្ពិត​ពីមូលដ្ឋាន​គ្រឹះ​នៃការ​ពិភាក្សា​ មុន​នឹង​សម្រេច ពិសេស​គឺ​រឿង​ទំនិញ​កសិកម្ម។ តាម​ជំហរ​របស់​បារាំង គេមិន​អាច​ចេះតែ​នាំ​​ចូល​ទំនិញ​កសិកម្ម​បាន​ឡើយ ព្រោះសហភាព​អឺរ៉ុប មាន​កម្រិត​ក្រឹត្យ​ក្រម​ត្រឹមត្រូវ​ពី​បែបបទគុណភាព​ សុវត្ថិភាព​ និង​ការ​ដាំដុះ​ដែល​គិត​គូរ​ដល់​បរិស្ថាន។

ត្រង់​ចំណុច​នេះ គឺ​បារាំង​ព្រួយ​ក្លាយ​គេនៃចូល​ផលិត​ទំនិញ​កសិកម្ម​ដែល​មាន​ប្រើប្រាស់​​ជាតិគីមី​ឬ​កែច្នៃ​ជ្រុល ដែល​ប៉ះពាល់​សុខភាព។ ហើយ​រដ្ឋ​មន្ត្រី​បារាំង​ បញ្ជាក់ថា ការ​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ល្អ​និង​ស្មើភាពគ្នា គឺទាល់តែ​ការ​ចរចា​នោះ វា​មិន​ស្ថិត​ក្រោម​សម្ពាធ។​

ចំណែក​​អាល្លឺម៉ង់វិញ​ ប្រទេសក្បាលម៉ាស៊ីន​សេដ្ឋកិច្ចសហភាព​អឺរ៉ុប​មួយ​​នេះ សប្បាយ​ចិត្ត​ និង​ចាត់ទុកកិច្ច​ជួប​សន្ទនា​​របស់​​លោក Jean-Claude Juncker និង​លោកត្រាំ ថា​ជាការ​ស្ថាបនា​ដ៏​វិជ្ជមាន។ អាល្លឺម៉ង់​សប្បាយ​ចិត្ត នៅ​ពេល​ដឹងថា អាមេរិក​មិន​ដំឡើង​ពន្ធ​ថ្មីបន្ថែម​ ពិសេស​ករណីពន្ធ​​នាំចូល​រថយន្ត។ ពីព្រោះថា នៅ​អាល្លឺម៉ង់ ការ​​ចាំ​ចេញ​រថយន្ត គឺ​​ជា​វិស័យ​ឧស្សាហកម្ម​ដ៏​សំខាន់ ហើយ​ដែល​មា​ន​មនុស្ស​ធ្វើការ​រហូត​ដល់​ជាង​៨០ម៉ឺន​នាក់។ មិនតែប៉ុណ្ណោះ ការ​មិន​ដំឡើង​ពន្ធ​រថយន្ត​នាំចូល​អាមេរិក គឺ​បាន​ជួយ​អ្នក​ធ្វើការ​ក្នុង​វិស័យ​រថយន្ត​នៅអឺរ៉ុប​ រាប់​ពាន់​នាក់។

ទោះបី​យ៉ាងណាក្តី អាល្លឺម៉ង់ តាម​អ្នក​នាំពាក្យ​របស់​អធិការបតី លោកស្រី Angela Merkel គឺ​អាមេរិកអនុវត្តជាសកម្មភាពជាក់ស្តែង សន្យាចោលៗ​នោះទេ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ