ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT

អាមេរិកនិងប៉ាគីស្ថាន៖ ទំនាក់ទំនងឈរលើភាព​មិន​ទុក​ចិត្តគ្នា

អាមេរិកនិងប៉ាគីស្ថាន៖ ទំនាក់ទំនងឈរលើភាព​មិន​ទុក​ចិត្តគ្នា
 
ទង់ជាតិអាមេរិក និង​ប៉ាគីស្ថាន @samaa tv

ទំនាក់ទំនង​អាមេរិកនិង​ប៉ាគីស្ថាន មាន​ភាព​តានតឹងខ្លាំង នារយៈពេល​ចុងក្រោយ​នេះ។ ភាគី​អាមេរិក ប្រកាស​ផ្តាច់​ជំនួយនៅ​ប៉ាគីស្ថាន ដោយ​យល់ថា ប៉ាគីស្ថាន មាន​ពុតត្បុត។ ចំណែក​ប៉ាគីស្ថាន ក៏​បាន​ហៅ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំទីក្រុង Islamabad ទៅសួរ​នាំ។ ការកោះហៅទៅសួរ​នេះ ត្រូវ​អាមេរិក​ចាត់ទុកថា ជាការ​មិន​អាច​ទទួល​យក​បាន។ ភាពល្អក់កករនៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ គឺ​​ឈរ​លើភាព​មិន​ទុក​ចិត្តគ្នា បាន​កើត​​មា​នតាំងជាយូរ​ឆ្នាំ​ណាស់មកហើយ។​

ជំងឺ​​មិន​ទុក​ចិត្ត​គ្នា​រវាង​អាមេរិក​និង​ប៉ាគីស្ថាន គឺ​បាន​ដចេញ​ជា​បូស ដែល​ប្រុង​នឹង​ធ្លាយ ក៏​ត្រូវ​លោក ដូណាល់ ត្រាំ ច្របាច់​ឲ្យ​ផ្ទុះ​តែម្តងនៅពេល​នេះ​។ ការ​មិន​ទុក​ចិត្ត​គ្នា គឺ​មាន​ជុំវិញ បញ្ហា​បង្ក្រាប​ភេរវជន​នៅក្នុង​តំបន់ ពិសេស​ក្រុម​ភេវរជន​ ដែល​ហូរ​​ពីព្រំដែន​​អាហ្វហ្គានីស្ថាន ចូល​ទៅ​ជ្រក​កោន​នៅ​ក្នុង​ទឹក​ដី​ប៉ាគីស្ថាន។ ចំពោះ​សហរដ្ឋ​អាមេរិក, អាមេរិក​យល់ថា ប៉ាគីស្ថាន បាន​ផ្តល់​ទីជម្រក​​ឲ្យ​ពួក​ភេរវ​និយម​ដែល​អាមេរិក​ខំប្រឹងតាម​​កម្ទេច​​។ ការ​យល់នេះ គឺ​បាន​ក្លាយ​ជា​ការ​ចោទ​ប្រកាន់​ស្ទើរតែរាល់​​លើកពី​ភាគីអាមេរិក តាំងពី​សម័យ​រដ្ឋការ​របស់​លោក អូប៉ាម៉ា រហូត​ដល់​សម័យ​កាន់កាប់​របស់​លោក ត្រាំ​ នេះទៀត។​ ក៏ប៉ុន្តែ ​ប៉ាគីស្ថាន បាន​​វាយ​បក​ទៅ​អាមេរិក​វិញ ថា​មិន​ដែល​ទុក​ចិត្ត​ខ្លួន​ម្តង​ណាឡើយ។

តើ​ការ​មិន​ទុក​ចិត្ត រវាង​ប្រទេស​ទាំងពីរ​​នេះ កើត​ឡើង​តាំងពីពេល​ណា​?

ជាក់ស្តែងទៅ ប្រទេស​ទាំងពីរ បាន​មា​នចំណង​ទាក់ទង​ជាមួយ​គ្នា ដោយ​ផ្អែក​លើក​ យុទ្ធសាស្ត្រនៃ​​ភូមិសាស្ត្រ​នយោបាយ និង​យោធា។ នៅក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ គឺ​ចាប់​តាំងពី​ជាង​៦០ឆ្នាំមុន​ អាមេរិក បាន​ទាក់​ទង​ជាមួយ​ប៉ាគីស្ថាន ដើម្បី​យក​ប្រទេស​នេះ ខ្ទប់​​ឥទ្ធិពល​កុម្មនីស្តរបស់​សហភាព​សូវៀត នៅតំបន់​​អាស៊ី។

បន្ទាប់មក នៅ​ក្រោយ​អំពើ​ភេវរកម្មខែ​កញ្ញាឆ្នាំ​២០០១ នៅ​ទីក្រុង​​ញូវយ៉ក, អាមេរិក​ បាន​ងាក​មក​ចាប់​ដៃពួត​ដៃ​ជាមួយ​ប៉ាគីស្ថាន​ជាថ្មី​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវនិយម នៅ​ក្នុង​ទឹក​ដី​អាហ្វហ្គានីស្ថាន​​។ អាមេរិក​ ត្រូវ​ការ​ប៉ាគីស្ថាន នៅ​លើសមរភូមិ​ជាក់​ស្តែង ពិសេស​សម្រាប់​ផ្តល់​ព័ត៌មាន ទិន្នន័យ និង​សម្រាប់​កំណត់​ទីតាំង​របស់​ភេរវជន។ ជាការ​ផ្លាស់ប្តូរ ប៉ាគីស្ថាន​បា​នទទួល​ជំនួយ​ ជាទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ។ បើ​គិតតែ​រយៈពេល​១៥ឆ្នាំចុងក្រោយ​នេះ​ អាមេរិក​បាន​ផ្តល់​ជំនួយឲ្យ​ប៉ាគីស្ថាន ជាង​៣៣ពាន់​លានដុល្លារ។

ក៏ប៉ុន្តែ នៅ​ឆ្នាំ​២០១១ កងទ័ព​ស៊ើប​ការ​សម្ងាត់​របស់​អាមេរិក​ ក្រោម​រដ្ឋបាល​របស់​លោក អូបាម៉ា បានវាយ​ប្រហារ​បាញ់​សម្លាប់ អូស្មា ប៊ិនឡាដិន ​នៅ​លើទឹក​ដីព្រំ​ដែនប៉ាគីស្ថាន ទាំងដែលអាជ្ញាធរ​​ប៉ាគីស្ថាន​ពុំ​បាន​ដឹង​ផង​។ ទង្វើ​នេះ ធ្វើ​ឲ្យ​ប៉ាគីស្ថាន​មិន​សប្បាយ​ចិត្ត និង​ថា​ អាមេរិក​មិន​ទុក​ចិត្តខ្លួន ព្រោះ​មិន​បាន​រាយការណ៍​ប្រាប់​ខ្លួនឲ្យ​ដឹង​​ជាមុន​។ ចំពោះ​អាមេរិក នេះគឺ​ជាផែន​ការ​សម្ងាត់ ហើយ​អាមេរិក ក៏​សង្ស័យ​ថា ប៉ាគីស្ថាន​ បានចូល​ដៃ​ឃុបឃិត​ជាមួយ​ក្រុមភេរវជនដែរ។​ ដ្បិតថា មេក្រុម​ភេរវជន​ ធំប៉ុនណាណី រស់​នៅ​ក្នុង​ទឹក​ដីខ្លួន តែ​ប៉ាគីស្ថាន​មិន​បាន​ផ្តល់​ដំណឹង​ទៅ​​ឲ្យ​អាមេរិកសោះ​។

កាលនោះ នៅក្នុង​អាណត្តិ​ការងារ​របស់​លោកប្រធានាធិបតី​ អូបាម៉ា, រដ្ឋាភិបាលអាមេរិក បាន​ស្នើ​សុំ​សភា​ព្យួរ​ជំនួយ​ចំពោះ​ប្រទេស​ប៉ាគីស្ថាន ហើយ​អ្នក​រដ្ឋការ​អាមេរិក ពិសេស​មន្ត្រី​ក្រសួង​ការ​បរទេស​ បាន​បង្ហាញ​ភាព​មិន​ទុក​ចិត្ត​ប៉ាគីស្ថាន​តែរហូត​មក។

អ្នក​ជំនាញខាង​ស្រាវជ្រាវពីប្រទេស​​ប៉ាគីស្ថាន បានលើកឡើងថា ប៉ាគីស្ថាន គឺ​មាន​ដៃពីរ។ នៅ​ម្ខាង​គឺ​ទទួល​ជំនួយ​អាមេរិកដើម្បី​ប្រឆាំងនឹង​ភេរវនិយម ហើយ​ដៃម្ខាង​​បិទភ្នែក​ឲ្យ​ពួក​ភេរវជន​ជ្រកកោន​ក្នុង​ទឹក​ដី​របស់ខ្លួន។ ហេតុ​នេះ អ្នក​ជំនាញ​ យល់ថា ការកាត់​ផ្តាច់ជំនួយ គឺជា​រឿង​ដែល​ជៀសមិន​ផុត នៅ​ពេល​កំណត់​ណាមួយ។​ ការ​គំរាម​ផ្តាច់​ជំនួយ​របស់​អាមេរិក​នេះ គឺគ្រាន់តែ​ជាការ​ព្រមានប៉ុណ្ណោះ ប៉ុន្តែ​​ក៏វា​​អាច​ឈាន​ទៅដល់​ការ​អនុវត្ត​តឹង​រឹងមែនទែន​​ដែរ ព្រោះថា សេ​ចក្តីប្រកាស​របស់​ប្រធានាធិបតី ត្រាំ គឺ​ភ្លាមភ្លែត​ខ្លាំងណាស់​។

ប៉ាគីស្ថាន ផ្អៀង​ទៅ​ចិន ?

តែ​យ៉ាងណា​ក៏ដោយ មាន​អ្នក​ជំ​នាញ​ខ្លះផ្សេងទៀត​ យល់ថា ប៉ាគីស្ថាន ហាក់​ចង់​រក​អ្នក​ពឹង​ពាក់​ថ្មី។ នោះគឺចិន។ នៅក្នុង​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​សូត្រថ្មី ចេញពី​ប្រទេស​ចិន ត្រូវ​កាត់​ឆ្លង​ប្រទេសជាច្រើន​នៅអាស៊ី ​ឆ្ពោះ​ទៅ​អឺរ៉ុប​ ក៏​ត្រូវ​​ឆ្លង​កាត់ប៉ាគីស្ថានដែរ។​ ​ចិន​បាន​សន្និដ្ឋាន​ផ្តល់​ជំនួយ​វិនិយោគ​ ចំនួន​៤៧ពាន់​លាន​អឺរ៉ូ ទៅឲ្យ​ប៉ាគីស្ថាន​។ មិន​តែប៉ុណ្ណោះ​ នៅក្នុង​ពេល​ដែល​អាមេរិក របស់​លោក ត្រាំ មា​ន​ភាព​រកាំរកូស​ជាមួយ​ប៉ាគីស្ថាន និង​បាន​ចោទ​ប៉ាគីស្ថាន ថា​មានភាព​មិន​ស្មោះត្រង់ក្នុង​ដំណើរ​ប្រឆាំង​នឹង​ពួក​ភេរជន, ​ ប្រទេស​ចិន​វិញ តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន បាន​ប្រកាស​គាំទ្រ​ប៉ាគីស្ថាន និង​បាន​បញ្ជាក់អះអាង​ការពារ​ថា ប៉ាគីស្ថាន​បាន​ខំប្រឹងនិង​លះបង់ច្រើន​​​សម្បើម​ណាស់​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវជន។

ម្យ៉ាងវិញទៀត​ សាធារណមតិ​នៅប៉ាគីស្ថាន ហាក់​មិនសូវ​​ពេញ​ចិត្តនឹង​​​អាមេរិក ដែល​បាញ់បោះ​ ទម្លាក់​គ្រាប់បែកសម្លាប់​ភេរវ​ជន​នៅតាម​ព្រំដែន​ ហើយ​​ក៏បានបណ្តាលឲ្យ​ប៉ះពាល់​​ស្លាប់​ដល់​ពលរដ្ឋ​ស្លូតត្រង់​មិន​តិច​ទេ។ អាស្រ័យ​ហេតុនេះ ការ​ស្តារទំនុក​ចិត្ត​នៃ​ទំនាក់ទំនាក់ អាមេរិក និង​ប៉ាគីស្ថាន ហាក់​ពុំ​មែន​ជាការ​ងាយ​ស្រួល​ប៉ុន្មាន​នោះឡើយ​៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប៉ាគីស្ថាន-អាមេរិក

    ប៉ាគីស្ថាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​ទៅ​សួរ​ពី​ការ​ព្រមាន​​របស់​លោក​ដូណាល់ ត្រាំ

    ស្វែងយល់បន្ថែម

  • អាមេរិក-ប៉ាគីស្ថាន

    ប្រធានាធិបតី ​អាមេរិក Donald Trump គំរាមផ្តាច់​ជំនួយ​ប៉ាគីស្ថាន​​តាម​សារ​ tweeter​

    ស្វែងយល់បន្ថែម

  • ប៉ាគីស្ថាន

    នៅ​ប៉ាគីស្ថាន ហេតុអ្វី​បាន​ជា​កងទ័ព​មិន​ចេញមុខ បង្រ្កាប​បាតុករអ៊ីស្លាម​?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ